សាច់​ញាតិ ​ស្នើសុំឲ្យ​តុលាការ​ដោះលែង​លោកស្រី​ សំ សុខា ​ដែល​គប់​ស្បែង​ជើង​លើ​​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា

0:00 / 0:00

សាច់ញាតិ​របស់​លោកស្រី សំ សុខា ​អំពាវនាវ​ឲ្យ​តុលាការ​ខេត្តំពង់ស្ពឺ ដោះលែង​លោក​ស្រី ​ឲ្យមាន​សេរី​ភាពវិញ ​ដោយសារ​គាត់​មាន​សុខភាព​ទន់ខ្សោយ​ និង​បារម្ភខ្លាច​​ឆ្លង​​ជំងឺ​កូវីដ-១៩​ ខណៈ​ដែលលោកស្រី ​ក៏បាន​អនុវត្តទោស​នៅក្នុង​ពន្ធ​នាគារ​ជិត​គ្រប់​ចំនួន​នៃ​ទោស​សរុប​ ៤ ឆ្នាំ​ទៅហើយ។

ប្អូនស្រី​របស់​លោកស្រី ​សំ សុខា​ គឺ​លោកស្រី ​សំ រចនា​ ប្រាប់វិទ្យុ​អាស៊ីសេរី​នៅថ្ងៃ​ទី២៤ ខែសីហាថា​ ការដាក់​ទោស​បងស្រី​របស់ខ្លួន​ឲ្យជាប់​ពន្ធនាគារ​រហូត​ដល់​៤ឆ្នាំ​ ​ដោយ​សារការរិះគន់​រដ្ឋាភិបាល​លើ​បណ្តញ​សង្គម ​និង​ការគប់​ស្បែង​ជើង​លើ​ស្លាក​គណបក្ស​ប្រជា​ជន​កម្ពុជានោះ ​​គឺ​វា​ធ្ងន់ធ្ងរ​ហួស​ប្រមាណ មិនអាច​ទទួល​យក​បាន​ទេ។ ប្អូនស្រី​ជនជាប់​ឃុំរូបនេះ ​ទាមទារឲ្យ​តុលាការ​ដោះលែង​លោកស្រី​ សំ ​សុខា ​ឲ្យមាន​សេរី​ភាព​ឡើងវិញ ​ព្រោះ​គាត់​បាន​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ​ជាង​៣​​ឆ្នាំ​​ ៧ខែ ​​ហើយ​ក្នុង​ចំណោម​ទោស​សរុប​៤ឆ្នាំ៖ «សម្រាប់​ក្នុងចិត្ត​ក្រុមគ្រួសារ​ទាំងមូល ​មិនមែន​តែខ្ញុំទេ​យល់ថា ​វាអយុត្តិធម៌​ខ្លាំងណាស់​ កំហុស​ប៉ុណ្ណឹង​ ឃុំឃាំង​បងស្រីខ្ញុំ ​រយៈពេល​៤ឆ្នាំ ដែល​ធ្វើឲ្យ​កូនព្រាត់​ពីម្តាយ ​បងព្រាត់​ពី​បងប្អូន​ និងម្តាយ​ព្រាត់ពីកូន។​ សម្រាប់ខ្ញុំ​ យល់ថា​ សល់​រយៈពេល​ខ្លី ​គួរតែ​ដោះលែង​បងខ្ញុំ​ឲ្យគាត់​មាន​សេរីភាព ​ព្រោះគាត់ ​មិនធ្លាប់មាន​កំហុស​ពីមុន​មក​សោះ​ បែរជា​មានកំហុស​តែបន្តិច ​ជាប់ឃុំ​ឃាំង​ដល់៤ឆ្នាំ»។

លោកស្រី​ សំ ​សុខា ​គឺជា​កម្មករិនី​រោង​ចក្រ​កាត់ដេរ ​និង​ជាស្ត្រី​មេម៉ាយ​មាន​កូនពីរ​នាក់​នៅ​ក្នុង​បន្ទុក ​ក្នុងនោះ​កូនស្រី​អាយុ ១២ឆ្នាំ ​និង​កូនប្រុស​អាយុ ១៧ឆ្នាំ ​​ដែល​​កំពុង​សិក្សា​នៅឡើយ​។ គ្រួសារ​របស់​លោកស្រី ​រស់​នៅ​ក្នុងភូមិ​ត្រស់​សាលា ​សង្កាត់​ស្វាយក្រវ៉ាន់​ ក្រុង​ច្បារមន​ ខេត្ត​កំពង់ស្ពឺ។

ដំបូងឡើយលោកស្រី ​សំ សុខា ​ត្រូវ​បាន​តុលាការ​ខេត្ត​កំពង់ស្ពឺ ​កាត់ទោស​កំបាំងមុខ​​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល២​ឆ្នាំ ​និង​ពិន័យ​ជា​ប្រាក់ ​៥​លាន​រៀលពី​បទ ​''ជេរប្រមាថ​'' និង ''​ញុះ​ញង់​ឱ្យ​មាន​ការ​រើសអើង'' ​ពាក់ព័ន្ធ​នឹង​រូបភាព​វីដេអូ​មួយ​ដែល​បង្ហោះ​នៅលើ​បណ្តាញ​សង្គមហ្វេសប៊ុក(Facebook) ​កាល​ពី​ខែ​មេសា​ ឆ្នាំ​២០១៧ ​ដែល​បង្ហាញថា ​លោកស្រី​បាន​យក​ស្បែក​ជើង​គប់​ទៅលើ​ស្លាក​គណបក្ស​ប្រជា​ជន​កម្ពុជាដែល​មាន​រូប​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​និង​លោក ហេង សំរិន។លោក​ស្រី ​បាន​ភៀសខ្លួន​ទៅ​ប្រទេស​ថៃ ​តាំង​ពី​ពេល​នោះ ​និង​ទទួល​បាន​សិទ្ធិ​ជាជនភៀស​ខ្លួន​ពីឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុកជន​ភៀស​ខ្លួន (UNHCR)​​ ប្រចាំ​នៅ​ទីក្រុង​បាងកក។ ​ក្រោយ​មក​ អាជ្ញាធរ​ថៃ ​បាន​ចាប់​ខ្លួន​លោកស្រីនិង​​បញ្ជូន​មក​ឲ្យអាជ្ញាធរ​កម្ពុជាវិញ ​កាល​ពីថ្ងៃទី​៨ ខែ​កុម្ភៈ ឆ្នាំ២០១៨ ​ហើយ​បានបញ្ចូន​ទៅឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ​នៅថ្ងៃទី៩ ​ខែកុម្ភៈ​។ បន្ទាប់មក ​តុលា​ការ​ខេត្តកំពុងស្ពឺ ​បានកាត់​ទោស​លោកស្រី​ឲ្យ​ជាប់​ពន្ធនាគារ​២ឆ្នាំ​បន្ថែមទៀត​ក្នុង​បទ​ចោទ​ដដែល​ពាក់ព័ន្ធ​នឹង​ការ​រិះគន់​រដ្ឋាភិបាលលើ​បណ្តាញ​សង្គម​​ក្នុងពេល​ភៀស​ខ្លួន​នៅ​ឯប្រទេសថៃ​។ សំណុំរឿង​ទាំង​ពីរនេះ​ លោកស្រី សំ សុខា ​ត្រូវ​ជាប់​ពន្ធ​នា​គារ​ចំនួន ៤ឆ្នាំ។

អាស៊ីសេរី ​មិនអាច​សុំការ​ឆ្លើយតប​ពីអ្នកនាំពាក្យ​សាលាដំបូង​ខេត្តកំពង់ស្ពឺលោក អ៊ូ ផាត ​និង​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌លោក​ ជិន ម៉ាលីន​ បានទេ នៅថ្ងៃទី២៤ ​ខែសីហា ដោយ​ទូរស័ព្ទ​ចូល តែ​ពុំមាន​អ្នកទទួល​។

ជុំវិញរឿងនេះ ​នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកា​ដូ ​(LICADHO) លោក​ អំ សំអាត ​មានប្រសាសន៍ថា ​ការដាក់ទោស​ទណ្ឌលើ​លោកស្រី សំ សុខា ​នេះ ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ ​ដូច​សំណុំ​រឿង​នយោបាយ​ផ្សេង​ទៀតដែរ។ លោកយល់ថា ​រដ្ឋាភិបាល​ និង​តុលាការ​ គួរតែ​ពិចារណា​ដោះលែង​ទណ្ឌិតរូបនេះ ​ឲ្យមាន​​សេរីភាព​ឡើងវិញ ​ព្រោះគាត់ ​បាន​អនុវត្តទោស​លើស​ពី ២​ភាគ៣ ​នៃ​ទៅ​ទោស​សរុប ​៤ ឆ្នាំហើយ​៖ ​​«យើងជា​អង្គការ​សង្គមស៊ីវិល ​យើង​ឃើញថា ​ទី១ ដោយសារ​តែ​​គាត់​​ជាស្ត្រី ​ដែល​មានកូន​ដែល​ត្រូវការ​ម្តាយ។ ទី២ ​យើង​ឃើញថា​ ថ្មីៗនេះ​ ក្រសួង​យុត្តិធម៌ ​បានចេញ​សេចក្តី​សម្រេចទាក់ទង​នឹងការ​ដោះលែង​ជនជាប់ឃុំ​​ដែល​ជិតផុត​ទោស​ឲ្យ ​នៅក្រៅឃុំ​ដោយ​ភ្ជាប់​នឹង​លក្ខខណ្ឌ ​ហើយ​វាល្មម​ដល់ពេល​អនុវត្ត​ហើយ​លើ​សេចក្តី​សម្រេចនេះ​ ហើយ​នឹង​ពិនិត្យ​ទៅលើ​លទ្ធភាព​ផ្សេងៗ​ទៀត ​ដោះលែង​អ្នកជាប់​ឃុំ​ ដើម្បី​បន្ថយ​ភាព​ចង្អៀតណែន​តាម​ពន្ធនាគារ ​ដើម្បី​កាត់បន្ថយ​ហានីភ័យ​នៃការ​ឆ្លង រីករាល​ដាល​ជំងឺកូវីដ- ១៩»។

កាលពី​ពាក់កណ្តាល ​ខែមិថុនា ​កន្លងទៅ ​មេធាវី​ការពារក្តីឲ្យ​លោកស្រី ​សំ សុខា ​ពីររូប គឺ​លោក ​សំ សុគង់ ​និង​លោក ឡោ ជុនធី​ ក៏បាន​ដាក់​លិខិត​ស្នើសុំ​ឲ្យ​តុលាការ​ខេត្តពង់​ស្ពឺ ​ដោះ​លែង​កូនក្តីរបស់ខ្លួនដែរ ​ដោយសារ​កូនក្តី ​មានជំងឺក្រពះ​ធ្ងន់ធ្ងរ​សម្រាក​មិន​បាន ​ស្គមស្គាំង ​និងភ័យខ្លាចឆ្លងជំងឺកូវីដនៅក្នុងពន្ធនាគារ។ ម្យ៉ាងវិញទៀត ​មេធាវី​ការពារ​ក្តីទាំងពីររូប​យល់ថា ​កូនក្តី​របស់ខ្លួន បាន​អនុវត្ត​ទោស​ទោស​លើសពី២ភាគ៣ នៃ​ទោស​សរុប៤ឆ្នាំហើយ ​ព្រមទាំង​បានគោរព​​បទបញ្ជា​និង​វិន័យ​ទាំង​អស់​ក្នុង​ពន្ធនាគារបាន​យ៉ាងល្អ។ ទោះជាយ៉ាងណា មកទល់ពេលនេះ ​ក្រុមមេធាវី ​មិនទាន់​ទទួល​បានការ​ឆ្លើយតប​ពីខាង​តុលា​​ការខេត្ត​កំពង់ស្ពឺ​នៅឡើយទេ​​។

ប្អូនស្រី​របស់​លោកស្រី ​សំ សុ​ខា​ រំពឹងថា ​តុលាការខេត្ត​កំពង់ស្ពឺ ​នឹង​ប្រគល់​សេរី​ភាព​ជូន​បងស្រី​របស់​ខ្លួន​ឡើងវិញ​ក្នុងពេល​ឆាប់ៗនេះ​ ដើម្បី​ឲ្យគាត់​មាន​ឱកាស​ថែទាំ​សុខភាព ​និង​មើល​ថែ​ ​ចិញ្ចឹម​កូន​របស់​គាត់​ផងដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។