គ្រួសារ​ស្នើ​រដ្ឋាភិបាល​បញ្ឈប់​យក​គុក​ដាក់​សម្ពាធ​លើ​សកម្មជន​បក្ស​ប្រឆាំង​ឱ្យ​ចុះ​ចូលបក្ស​កាន់​អំណាច

0:00 / 0:00

គ្រួសារ​ស្នើ​ដល់​រដ្ឋាភិបាល​ឱ្យ​បញ្ឈប់​ការ​យក​គុក​ច្រវាក់​ដើម្បី​ដាក់​សម្ពាធ​លើ​សកម្មជន​បក្ស​ប្រឆាំង​ឱ្យ​ប្តូរ​ជំហរ​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​តទៅ​ទៀត។ ពួកគេ​ទាមទារ​ឱ្យ​ផ្តល់​ភាព​ស្អាតស្អំ និង​ដោះលែង​សមាជិកគ្រួសារ​ឱ្យ​មាន​សេរីភាព​ដោយ​គ្មាន​ការគាបសង្កត់​ដាក់​សម្ពាធ​ណាមួយ​។ មន្ត្រី​សិទ្ធិមនុស្ស​ជំរុញ​ទៅ​រដ្ឋាភិបាល​ឱ្យ​ដោះស្រាយ​វិវាទ​នយោបាយ​ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ និង​កែ​លំអ​ប្រព័ន្ធ​យុត្តិធម៌​ឡើងវិញ។

ប្រពន្ធ និង​កូន​របស់​សកម្មជន​គណបក្ស​ភ្លើងទៀន​លើក​ឡើង​ថា ការ​ចាប់​គ្រួសារ និង​សកម្មជន​ផ្សេងទៀត​ដែល​ជា​អ្នកនយោបាយ​ដាក់គុក​ដោយ​អយុត្តិធម៌ និង​តាម​អំពើ​ចិត្ត រួចហើយ​បង្ខំ​ឲ្យ​សរសេរ​លិខិត​សុំទោស ឬ​បង្ខំ​ឱ្យ​ចុះចូល​ជាមួយ​គណបក្សកាន់អំណាច​ដើម្បី​បាន​នៅ​ក្រៅ​ឃុំ​នោះ​បង្ហាញ​កាន់តែ​ច្បាស់​ថា ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា​មិន​ឯករាជ្យ រីឯ​ការ​ឃុំ​ខ្លួន​អ្នកទោស​មនសិការ​កន្លង​ទៅ​ជា​ការ​ធ្វើទុក្ខបុកម្នេញ​ផ្នែក​នយោបាយ។

កូនស្រី​មន្ត្រី​គណបក្ស​ភ្លើងទៀន​ប្រចាំ​ក្រុង​ប៉ោយប៉ែត​លោក ចៅ វាសនា គឺ​អ្នកស្រី ចៅ រតនៈ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ដើមហេតុ​ដែល​នាំ​ឱ្យ​ឪពុក​របស់​អ្នកស្រី​ជាប់​ពន្ធនាគារ​ដោយ​អយុត្តិធម៌​មក​ដល់​ពេល​នេះ ដោយសារ​មិន​ព្រម​ចុះចូល​ជាមួយ​បក្ស​កាន់អំណាច​។ អ្នកស្រី​ឱ្យ​ដឹង​ថា ឪពុក​អ្នកស្រី​កំពុង​ធ្លាក់ខ្លួន​ឈឺ​ដោយ​គ្មាន​ឆ្មាំ​ពន្ធនាគារ​យកចិត្តទុកដាក់​ផ្តល់​សេវា​ព្យាបាល​ឱ្យ​ត្រឹមត្រូវ​នោះ​ទេ ប៉ុន្តែ​លោក ចៅ វាសនា នៅតែ​រក្សា​ជំហរ​រឹងមាំ​ក្នុង​ការ​តស៊ូ​រហូត​ដល់​ជីវិត​ចុង​ក្រោយ ដើម្បី​បុព្វហេតុ​ជាតិ និង​លទ្ធិប្រជាធិបតេយ្យ​។ អ្នកស្រី​បញ្ជាក់​ថា បើ​ទោះ​បី​កាន់អំណាច​យក​ប្រព័ន្ធ​តុលាការ​មក​គាប​សង្កត់​ឱ្យ​លោក ចៅ វាសនា ប្តូរ​ជំហរ​នយោបាយ និង​ប្រើ​មនុស្ស​តាម​អូសទាញ​ឱ្យ​ចុះចូល​ជាមួយ​បក្ស​កាន់អំណាច​ជា​ថ្នូរ​បាន​រួច​ពី​ការ​ជាប់​ពន្ធនាគារ​យ៉ាង​ណាក៏ដោយ ក៏​លោក​នៅតែ​ប្រកាន់​ជំហរ​រឹងមាំ​ដោយ​មិន​ចុះចូល​ដដែល។

អ្នកស្រី ចៅ រតនៈ៖ «តើ​ប្រព័ន្ធ​តុលាការ​អនុវត្ត​បែប​មិច តើ​កន្លែង​ណា​បង្ហាញ​ថា យុត្តិធម៌​សម្រាប់​ឪពុក​របស់ខ្ញុំ​ជា​អ្នក​នយោបាយ ហើយ​ពួក​ខ្ញុំ​ឈរ​ជា​គណបក្ស​ប្រឆាំង​បើ​មិន​ចុះចូល​ទេ មិន​សុំទោស​ទេ ពួក​ខ្ញុំ​អត់​ដោះដូរ​ឱ្យ​បាន​សេរីភាព​ទេ បង្ហាញ​ថា ប្រព័ន្ធ​តុលាការ​អត់​បាន​បែងចែក​អំពើ​ខុស ឬ​ត្រូវ​ទេ រូបភាព​បែបនេះ​ពលរដ្ឋ​មើល​ឃើញ​ថា ជា​រូបភាព​នយោបាយ​១០០​ភាគរយ»។

ស្រដៀង​គ្នា​នេះ​ដែរ ប្រពន្ធ​មន្ត្រី​គណបក្ស​ភ្លើងទៀន​ប្រចាំ​ខេត្ត​កំពង់ចាម លោក តូច ថឹង គឺ​លោកស្រី សុ វណ្ណា បង្ហើប​ឱ្យ​ដឹង​ថា មន្ត្រី​ពន្ធនាគារ​តែង​ប្រាប់​ឱ្យ​ប្តី​លោកស្រី​ប្រកាស​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទើប​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ ប៉ុន្តែ​បើសិន​ប្តី​លោកស្រី​គ្រាន់តែ​សេរ​សេ​លិខិត​សុំទោស​នោះ​ពួកគេ​នឹង​មិន​ទទួលយក​ទៅ​ពិនិត្យ​នោះ​ឡើយ​។ យ៉ាងណា​ប្ដី​លោកស្រី​នៅតែ​រក្សា​ជំហរ​មិន​ចុះចូល​ដើម្បី​បាន​ទទួល​បាន​សេរីភាព​ឡើយ ព្រោះ​ប្ដី​លោកស្រី​បញ្ជាក់​ថា ការ​ចុះ​ញ៉ម​ចំពោះ​អ្នក​រំលោភ​ច្បាប់ និង​ចាប់​មនុស្ស​អត់​មាន​កំហុស​ដាក់គុក​តាម​តែ​អំពើ​ចិត្តនឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​នឹង​នៅតែ​រង​អំពើ​អយុត្តិធម៌។

លោកស្រី សុ វណ្ណា៖ «គេ​ឱ្យ​គាត់​ចុះចូល​បាន​គេ​ដោះលែង​គាត់ គាត់​ថា បើ​គាត់​ចង់​ចុះចូល​មិន​បាច់​ចាំ​ជាប់​ដល់​រាល់ថ្ងៃ​ហ្នឹង​ទេ គាត់​ធ្វើ​ដើម្បី​ជាតិ តស៊ូ​តាំងពី​នៅ​កម្ពុជា​ក្រោម​មក​មិនអាច​ចុះចូល​បាន​ទេ រាល់ថ្ងៃ​ខ្ញុំ​អាណិត​ប្តី​ណាស់​មិន​ដឹង​ធ្វើ​ម៉េច​ទេ គាត់​អត់​បាន​ប្រព្រឹត្ត​កំហុស​គ្រាន់តែ​រឿង​នយោបាយ​ចាប់​មនុស្ស​ស្លូតត្រង់​ខ្ញុំ​តូចចិត្ត​ណាស់»។

ប្រតិកម្ម​របស់​គ្រួសារ​សកម្មជន​បក្ស​ភ្លើងទៀន​ដូច្នេះ បន្ទាប់ពី​មួយរយៈ​ចុង​ក្រោយ​នេះ តុលាការ​បាន​ដោះលែង​សកម្មជន​បក្ស​ប្រឆាំង​ជា​ហូរហែ ក្រោយ​ពេល​ពួកគេ​សរសេរ​លិខិត​វាយប្រហារ​លើ​ថ្នាក់ ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​នៅ​ក្រៅ​ប្រទេស ជាពិសេស​ប្រកាស​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដើម្បី​ជា​ថ្នូរ​ទទួល​បាន​សេរីភាព​ឡើងវិញ។

ក្រុម​អ្នក​តាមដាន​ស្ថានការណ៍​សង្គម និង​អ្នកនយោបាយ មើល​ឃើញ​ថា ក្រៅពី​ការ​លួងលោម ទិញ​ទឹកចិត្ត ផ្តល់​តួនាទី មុខតំណែង ឋានៈ និង​បុណ្យ​សក្តិ​នោះ រដ្ឋាភិបាល​កំពុង​ប្រើប្រាស់​គុក​ច្រវាក់ និង​ការ​លើកលែង​ទោស​ធ្វើជា​មធ្យោបាយ ដើម្បី​បង្ខំ និង​កែប្រែ​ផ្នត់គំនិត​មនុស្ស​ដែល​មាន​ទំនោរ​ប្រឆាំង​ឱ្យ​ងាក​មក​គាំទ្រ​គណបក្ស​ប្រកាន់​អំណាច​វិញ​។ ប៉ុន្តែ​ពួកគេ​ថា ការណ៍​ដែល​សកម្មជន​បក្ស​ប្រឆាំង​សុំទោស ឬ​ចុះចូល ដោយសារតែ​ពួកគេ​រង​សម្ពាធ ឬ​ការ​គំរាម​កំហែង​ដែល​ពួកគេ​ត្រូវ​បង្ខំចិត្ត​ទទួលកំហុស​ទាំង​ខ្លួន​មិនបាន​ប្រព្រឹត្ត​ជា​ថ្នូរ​នឹង​សេរីភាព និង​សុវត្ថិភាព​គ្រួសារ​តែប៉ុណ្ណោះ​។ ចំណែក​អ្នកច្បាប់ និង​មន្ត្រី​សង្គម​ស៊ីវិល​រិះគន់​ថា ការ​ចាប់ខ្លួន​និង​ដោះលែង​អ្នក​ទោស​នយោបាយ​កន្លង​មក គឺ​ធ្វើ​ឡើង​ក្រោម​រូបភាព​នយោបាយ ដែល​បង្ហាញថា​ប្រព័ន្ធ​យុត្តិធម៌​ស្ថិត​នៅ​ក្រោម​ខ្សែ​ញាក់​របស់​អ្នកនយោបាយ​កាន់អំណាច។

វិទ្យុ​អាស៊ីសេរី​មិនអាច​ទាក់ទង​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក កើត រិទ្ធ និង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ប៉ែន បូណា ដើម្បី​ឆ្លើយតប​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃទី​២៩ ខែ​តុលា។

នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការសិទ្ធិមនុស្ស​លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា សកម្មភាព​របស់​សកម្មជន​នយោបាយ សិទ្ធិមនុស្ស បរិស្ថាន​កន្លង​មក​គឺជា​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ និង​បទដ្ឋាន​អន្តរជាតិ​។ លោក​បន្ត​ថា ការ​យក​ប្រព័ន្ធ​តុលាការ​ដើម្បី​ចោទប្រកាន់​ចាប់​ខ្លួន​អ្នក​ដែល​អនុវត្ត​សិទ្ធិ​សេរីភាព​ដាក់​ក្នុង​ពន្ធនាគារ​មិនមែន​ជា​ការអនុវត្ត​ច្បាប់​នោះ​ទេ ។ មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ​បញ្ជាក់​ថា ប្រព័ន្ធ​យុត្តិធម៌​គឺ​ធានា​សិទ្ធិ​ស្មើគ្នា​នៅ​ចំពោះមុខ​ច្បាប់ ប៉ុន្តែ​តុលាការ​ដោះលែង​អ្នក​ជាប់ឃុំ​ជា​អ្នកនយោបាយ​បក្ស​ប្រឆាំង​មួយ​ក្រុម​ដែល​ប្រកាស​ចុះចូល ហើយ​បន្ត​ឃុំខ្លួន​អ្នក​មិន​ព្រម​ចុះចូល​គឺជា​ការអនុវត្ត​ច្បាប់​មិន​ត្រឹមត្រូវ។

លោក អំ សំអាត៖ «ការ​បង្ខិតបង្ខំ​ឱ្យ​ចូល​គណបក្ស​នយោបាយ​នេះ ឬ​បង្ខំ​ឱ្យ​ឈប់​ពី​គណបក្ស​នយោបាយ​នោះ​ឱ្យ​បម្រើ​គណបក្ស​នយោបាយ​នេះ​ដោយ​មាន​លក្ខខណ្ឌ អាហ្នឹង​វា​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ ហើយ​រំលោភបំពាន​លើ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ទៅវិញ​ទេ យើង​ជា​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ផ្នែក​សិទ្ធិមនុស្ស​នៅតែ​ទទូច​សូម​ឱ្យ​រដ្ឋាភិបាល​ថ្មី និង​តុលាការ​ពិនិត្យ​និង​ពិចារណា​ក្នុង​ការ​ដោះលែង​សកម្មជន​ដែល​គ្រាន់តែ​បំពេញ​នូវ​សិទ្ធិ​សេរីភាព​របស់​ខ្លួន»។

គិត​ត្រឹម​ខែតុលា មាន​សកម្មជន​នយោបាយ សកម្មជន​សិទ្ធិមនុស្ស សហជីព និង​ដីធ្លី ប្រមាណ​៤០​នាក់​កំពុង​ជាប់ឃុំ​។ តុលាការ​បាន​ចោទប្រកាន់​ពួកគេ​ដូចៗ​គ្នា​ពី​បទ​រួមគំនិត​ក្បត់ និង​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ជាដើម ដែល​សហគមន៍​ជាតិ និង​អន្តរជាតិ​ផ្នែក​សិទ្ធិមនុស្ស​ចោទ​ថា ជា​ឃុំខ្លួន​មិន​ត្រឹមត្រូវ ហើយ​តែង​ទទូច​ឲ្យ​មានការ​ដោះលែង​ពួកគេ។

អ្នកជំនាញ​សិទ្ធិមនុស្ស និង​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ​តែងតែ​ជំរុញ​ដល់​រដ្ឋាភិបាល​ថ្មី​របស់​លោក ហ៊ុន ម៉ាណែត ដោះលែង​អ្នក​ជាប់ឃុំ​ក្រោម​ហេតុផល​នយោបាយ ដើម្បី​បង្ហាញ​ពី​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​ស្តារ​ប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​ឡើងវិញ​។ ប៉ុន្តែ​មក​ទល់​ពេល​នេះ លោក ហ៊ុន ម៉ាណែត នៅ​មិនទាន់​បង្ហាញ​ជំហរ​ដោះស្រាយ​បញ្ហា​សំខាន់ៗ ដូចជា វិបត្តិ​នយោបាយ បញ្ហា​ប្រព័ន្ធ​យុត្តិធម៌​នៅឡើយ​ទេ​។ មិន​តែ​ប៉ុណ្ណោះ កម្ពុជា​ក្រោម​ការដឹកនាំ​របស់​លោក​ជិត ៣​ខែ​មក​នេះ មាន​សកម្មជន​នយោបាយ​យ៉ាង​ហោច​១០​នាក់​ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ ហើយ​អ្នកខ្លះ​ត្រូវ​បង្ខំ​រត់​គេច​ខ្លួន​ពី​ការ​ធ្វើទុក្ខបុកម្នេញ​ទៅ​ជ្រកកោន​នៅ​ប្រទេស​ជិតខាង ។ បញ្ហា​នេះ​ធ្វើ​ឱ្យ​សាធារណជន​ចាប់ផ្ដើម​រិះគន់​ថា រដ្ឋាភិបាល​ថ្មី​ដែល​ដឹកនាំ​ដោយ លោក ហ៊ុន ម៉ាណែត មិន​ខុសពី​ឪពុក​របស់​លោក​គឺ លោក ហ៊ុន សែន ប៉ុន្មាន​ដែរ ពោល​គឺ​យក​ប្រព័ន្ធ​តុលាការ​ធ្វើជា​អាវុធ​ដើម្បី​គំរាមកំហែង និង​បង្ក្រាប​លើ​សំឡេង​ប្រឆាំង​។ ទោះជា​យ៉ាងណា ក្រុម​អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​ថា វា​មិន​ទាន់​យឺត​ពេល​នៅឡើយ​ទេ សម្រាប់ លោក ហ៊ុន ម៉ាណែត ចាប់​ប្រើប្រាស់​តំណែង និង​អំណាច​របស់​លោក​ឱ្យ​បាន​ត្រឹមត្រូវ​ប្រកប​ដោយ​ទសពិធរាជធម៌​ដើម្បី​ប្រជា​ជាតិខ្មែរ​ទាំងអស់គ្នា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។