សាច់ញាតិ​អ្នក​ជាប់​ឃុំ​ប្រារឰ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ទាំង​សោកសៅ

ដោយ សេក បណ្ឌិត
2021-10-07
Share
សាច់ញាតិ​អ្នក​ជាប់​ឃុំ​ប្រារឰ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ទាំង​សោកសៅ ក្រុមគ្រួសារ​កាន់រូបថត​អ្នក​ការពារ​បរិស្ថាន ដែល​រងការ​ឃុំឃាំង​នៅ ពន្ធនាគារ​ព្រៃស។
Photo courtesy

សាច់ញាតិ​អ្នក​ជាប់ឃុំ​ប្រារឰ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ​ទាំង​សោកសៅ។ ខណៈ​អ្នក​ជាប់ឃុំ​ដែល​ជា​សកម្មជន​ដីធ្លី សកម្មជន​បរិស្ថាន និង​សកម្មជន​បក្ស​ប្រឆាំង​កំពុង​បាត់បង់​សេរីភាព​ព្រោះ​ការងារ​បំពេញ​ការងារ​របស់​ខ្លួន។ អ្នកនាំពាក្យ​បក្ស​កាន់អំណាច​ថា ក្រុម​សកម្មជន​ទាំងនោះ​ជាប់ពន្ធនាគារ​ព្រោះ​ប្រព្រឹត្ត​ល្មើសច្បាប់ និង​ស៊កសៀត​ពាក្យ​សម្ដី​ថា ពួក​អ្នក​ជាប់ឃុំ​ទាំងនោះ អន់​ជាង​ប្រេត​រដូវ​ភ្ជុំ​នេះ​ទៅទៀត ព្រោះ​មិន​បាន​ជួប​សាច់ញាតិ​ក្នុង​រដូវ​បុណ្យទាន​នេះ។

ខុសពី​ពលរដ្ឋ​ទូទៅ​ដែល​កំពុង​ជួបជុំ​គ្រួសារ​សប្បាយរីករាយ​នឹង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ សាច់ញាតិ​អ្នក​ធ្វើ​ការងារ​សង្គម និង​សកម្មជន​បក្ស​ប្រឆាំង​បែរជា​កើតទុក្ខ​ក្រៀមក្រោះ​ព្រោះ​ប្ដី និង​កូន​របស់​ពួកគេ​កំពុង​ជាប់ពន្ធនាគារ​។ ម្ដាយ​ព្រះតេជព្រះគុណ កើត សារ៉ាយ លោកស្រី ចាន់ យ៉ែម រៀបរាប់​ទាំង​អួលអាក់​ថា ពេល​ឃើញ​គេ​ជួបជុំ​សាច់ញាតិ រីឯ​គ្រួសារ​លោកស្រី​មិន​ជួបជុំ​កូនចៅ​បែបនេះ ធ្វើ​ឲ្យ​លោកស្រី​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ទាំង​ទឹកភ្នែក​។ ស្ត្រី​វ័យ​៧៥​ឆ្នាំ​រូប​នេះ ថា ទោះ​កូនប្រុស​មិន​អាច​មក​ជួបជុំ​សាច់ញាតិ​នៅ​ស្រុកកំណើត​ក៏ដោយ ក៏​លោកស្រី​បាន​យកនំ​អន្សម និង​ថវិកា​ខ្លះ​ផ្ញើ​ឲ្យ​កូន​នៅ​ពន្ធនាគារ៖ «អត់​មាន​រីករាយ​សប្បាយចិត្ត​ទេ ព្រោះ​ណាមួយ​អត់​បាន​ជួប​កូន​ណាមួយ​អត់​សូវ​មាន​លុយកាក់​ធ្វើបុណ្យ​ផង ហើយ​ណាមួយ​កូន​អត់​បាន​ជួបជុំគ្នា​ក្នុង​ចិត្ត​យាយ​អត់​សប្បាយ​ទេ»។ អាជ្ញាធរ​នៃ​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ចាប់ខ្លួន​ព្រះតេជព្រះគុណ កើត សារ៉ាយ និង​យុវជន​៦​នាក់​ទៀត​ដាក់​ពន្ធនាគារ​ជា​បន្តបន្ទាប់​កាលពី​អំឡុង​ខែ​សីហា និង​ខែ​កញ្ញា ឆ្នាំ​២០២០ ដោយ​ចោទប្រកាន់​ពី​«​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ឬ​ញុះញង់​បង្ក​ឱ្យ​មាន​ភាពវឹ​កវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។ ដើមហេតុ​នៃ​ការ​ចាប់ខ្លួន​នេះ​គឺ​ដោយសារ​ពួកគាត់​តវ៉ា​ដោយ​សន្តិវិធី​ទាមទារ​ឱ្យ​ដោះលែង​មេដឹកនាំ​សហជីព​លោក រ៉ុង ឈុន និង​មាន​គម្រោង​ប្រមូល​ផ្តុំ​ធ្វើបាតុកម្ម​ទាមទារ​យុត្តិធម៌​សង្គម​នៅ​ទីលាន​ប្រជាធិបតេយ្យ។

ស្រដៀង​គ្នា​នេះ​ដែរ ប្រពន្ធ​សកម្មជន​បក្ស​ប្រឆាំង​លោក គង់ ម៉ាស់ លោកស្រី កុល សាត ប្រាប់​ថា រដូវ​បុណ្យទាន​លោកស្រី​ជួប​រឿង​អាក្រក់​ផ្ទួនៗ​ក្រោយ​ប្ដី​ជាប់​ពន្ធនាគារ ដោយ​ម្ដាយក្មេក​ទើប​ទទួល​មរណភាព ហើយ​លោកស្រី​ទើប​ជួប​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ពេល​ថ្មីៗ​។ លោកស្រី​ថា គ្រួសារ​លោកស្រី​ឆ្នាំនេះ​មិន​បាន​រៀបចំ​ធ្វើ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ដូច​ក្រុម​គ្រួសារ​ខ្មែរ​ផ្សេង​ឡើយ​៖ «គេ​ជួបជុំ​យាយ​តា​បងប្អូន​ទៅ​ស្ងាត់​ស្រុក​អស់ហើយ នៅតែ​ខ្ញុំ​ពីរ​នាក់​ម៉ែកូន​នៅ​ម៉ង់ៗ »

ទាក់ទង​នឹង​ការ​ធ្វើទុក្ខបុកម្នេញ​លើ​សកម្មជន​នយោបាយ និង​អ្នក​ធ្វើការងារ​សង្គម​បែបនេះ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោកស្រី ឡេង សុទ្ធារី កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ថៃ​និង​មាន​ជំនាញ​ច្រៀង​ពី​បញ្ហា​សង្គម​បាន​ច្រៀង​ចម្រៀង​មួយ​បទ​រៀបរាប់​ពី​ទុក្ខសោក​របស់​សកម្មជន​នយោបាយ​ដែល​ត្រូវ​រដ្ឋាភិបាល​លោក ហ៊ុន សែន ធ្វើ​ទុក្ខបុកម្នេញ។

លោកស្រី ឡេង សុទ្ធារី ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា មូលហេតុ​ដែល​លោកស្រី​ច្រៀង​ចម្រៀង​បទ​នេះ​ព្រោះ​មើល​ឃើញ​ក្ដី​ឈឺចាប់​របស់​សកម្មជន​នយោបាយ និង​អ្នក​ធ្វើ​ការងារ​សង្គម​ដែល​កំពុង​ជាប់​ពន្ធនាគារ។ លោកស្រី ឡេង សុទ្ធារី ដែល​ព្រាត់ប្រាស​គ្រួសារ​ព្រោះ​ការ​ធ្វើទុក្ខបុកម្នេញ​ពី​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែរ​នោះ ថា រដូវ​បុណ្យ​ភ្ជុំ​នេះ​លោកស្រី​ស្ទើរ​ស្រក់​ទឹកភ្នែក​ព្រោះ​អ្នក​ធ្វើការ​សម្រាប់​សង្គម​ជាតិ​បែរ​ជា​មិនអាច​ជួបជុំ​គ្រួ​សារបាន៖ «ពេល​ដែល​ខ្ញុំ​ឃើញ​ផុស​(Post)​អំពី​ទៅ​វត្ត​បុណ្យ​ភ្ជុំ​មួយ​ពីរ​បី​បួន អីចឹង​ទៅ​ខ្ញុំ​មាន​អារម្មណ៍​សោកសង្រេង ព្រោះ​អី​ខ្ញុំ​និរទេស​ខ្លួន​មក​នៅ​ប្រទេស​ផ្សេង​ឆ្ងាយ​ពី​បងប្អូន​ម៉ែឪ ហើយ​អ្នក​ដែល​នៅក្នុង​ប្រទេស​ហើយ​ហ្នឹង​ក៏​ត្រូវ​បាន​គេ​ពង្រាត់​ឲ្យ​ជាប់គុក​ច្រវាក់»។ ជុំវិញ​បញ្ហា​នេះ វិទ្យុ​អាស៊ីសេរី​មិនអាច​សុំ​បំភ្លឺ​ពី​អ្នកនាំពាក្យ​ពន្ធនាគារ​លោក នុត សវនា បានទេ​កាលពី​ថ្ងៃទី​០៥ ខែតុលា​។ ទោះយ៉ាងណា អគ្គនាយកដ្ឋាន​ពន្ធនាគារ​ឲ្យ​ដឹង​ថា អគ្គនាយកដ្ឋាន​ពន្ធនាគារ​បាន​អនុញ្ញាត​ឲ្យ​មាន​រៀបចំ​ពិធី​សាសនា​ក្នុង​ឱកាស​បុណ្យ​កាន់​បិណ្ឌ និង​ភ្ជុំបិណ្ឌ​នៅ​តាម​មណ្ឌល​អប់រំ​កែប្រែ និង​ពន្ធនាគារ​រាជធានី ខេត្ត ដោយ​ត្រូវ​អនុវត្ត​តាម​វិធានការ​របស់​ក្រសួង​សុខាភិបាល​។ សេចក្ដីជូនដំណឹង​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ចុះ​កាល​ពី​ថ្ងៃ​ទី២ ខែ​តុលា ឲ្យ​ដឹង​ទៀត​ថា មាន​ការ​អនុញ្ញាត​ឲ្យ​សាច់ញាតិ​អាច​មក​សួរសុខទុក្ខ​អ្នក​ជាប់ឃុំ អាច​ផ្ដល់​អាហារ​និង​សម្ភារៈ​សម្រាប់​មណ្ឌល​អប់រំ​កែប្រែ និង​ពន្ធនាគារ​រាជធានី​ខេត្ត ដែល​ស្ថិត​ក្នុង​តំបន់​ហានិភ័យ​នៃ​ការ​ឆ្លង​ជំងឺ​រីក​រាលដាល​ជំងឺ​កូវីដ​១៩។ ដោយឡែក​ពន្ធនាគារ​ដែល​មាន​ហានិភ័យ​ខ្ពស់​មិន​អនុញ្ញាត​ឲ្យ​មានការ​សួរសុខទុក្ខ​ទេ តែ​អាច​ផ្ញើ​អាហារ​និង​សម្ភារៈ​តាម​មន្ត្រី​ពន្ធនាគារ​បាន។ ដោយឡែក អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន និយាយ​ថា អ្នក​ជាប់ឃុំ​ទាំងនោះ​មិន​អាច​ជួបជុំ​សាច់ញាតិ​នា​រដូវ​ភ្ជុំបិណ្ឌ ព្រោះ​ពួកគេ​ប្រព្រឹត្ត​ល្មើសច្បាប់​។ លោក​ថែមទាំង​និយាយ​ចំអកឡកឡឺយ​ថា អ្នក​ជាប់ឃុំ​ទាំងនោះ​ថា អន់​ជាង​ប្រេត​ទៅ​ទៀត ត្បិត​អ្នក​ទាំងនោះ​មិនអាច​ជួបជុំ​សាច់ញាតិ​របស់​ខ្លួន​បាន​ក្នុង​ឱកាស​បុណ្យទាន​នេះ៖ «វា​អន់​ជាង​ប្រេត​ទៅទៀត​ណា​និយាយ​រួម ប្រេត​ថ្ងៃ​ភ្ជុំបិណ្ឌ​គេ​ដោះលែង​ឲ្យ​មក​យក​ចំណីចំណុក​អាហារ​អី​ផ្សេងៗ​នៅ​តាម​វត្ត​អារា ​ហើយ​ដល់​យើង​ទណ្ឌិត​គេ​អត់​ដោះលែង​ឲ្យ​ចេញ​មក»

ឆ្លើយតប​ទៅ​នឹង​សម្ដី​របស់​អ្នកនាំពាក្យ​បក្ស​កាន់អំណាច​នេះ ប្រពន្ធ​សកម្មជន​បក្ស​ប្រឆាំង​លោក គង់ ម៉ាស់ លោកស្រី កុល សាត និយាយ​ថា លោកស្រី​ហួសចិត្ត​នៅ​ពេល​ឃើញ​អ្នកចេះដឹង​និង​មាន​តួនាទី​ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ប្រើ​សម្ដី​ដូច្នេះ៖ «លោក (សុខ ឥសាន​) អត់​ដឹង​ពី​បញ្ហា​ក្រុម​គ្រួសារ​របស់​គេ គេ​ឈឺចាប់​ប៉ុន្មាន​? គេ​ឈឺចាប់​ប៉ុន្មាន​? ទឹកភ្នែក​គេ​ប៉ុន្មាន​?​គេ​ឈឺចាប់​ណាស់​លឺ​ពាក្យ​អ៊ីចឹង​ដែល​គ្នា​មានទុក្ខ​ហើយ​មក​និយាយ​អ៊ីចឹង ខ្ញុំ​អត់​យល់​ថា លោក​យក​អ្វី​គិត​ទេ?»

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​ការ​អភិវឌ្ឍ​នៅ​កម្ពុជា លោក យង់ គិមអេង និយាយ​ថា តាម​ទំនៀម​លាប់​ខ្មែរ​ពេល​បុណ្យ​ភ្ជុំបិណ្ឌ ឬ​ភ្ជុំ​ធំ​ពលរដ្ឋ​ខ្មែរ​តែង​ស្កាត់​មក​ជួបជុំ​សាច់ញាតិ​នៅ​ស្រុក​កំណើត​។ លោក​ថា ទោះ​សព្វថ្ងៃ​កំពុង​មាន​វិបត្តិ​ជំងឺ​កូវីដ​១៩​ក្ដី ក៏​ពលរដ្ឋ​ទាំងឡាយ​នៅ​ឆ្លៀត​ជួបគ្នា​តាម​មធ្យោបាយ​រៀងៗ​ខ្លួន​។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​យល់​ថា រដ្ឋាភិបាល​គួរ​បើក​ចិត្ត​ទូលាយ​បន្ធូរ​បន្ថយ​ទោស ឬ​អនុញ្ញាត​ឲ្យ​អ្នក​ជាប់ឃុំ ជាពិសេស​សកម្មជន​និង​ធ្វើ​ការងារ​សង្គម​អាច​រួច​ទោស ឬ​នៅ​ក្រៅ​ពន្ធនាគារ​បណ្ដោះអាសន្ន​៖ «ខ្ញុំ​មានការ​សោកស្ដាយ​ដែល​ថា សកម្មជន​នយោបាយ សកម្មជន​សិទ្ធិមនុស្ស សកម្មជន​បរិស្ថាន មិន​អាច​មាន​ឱកាស​បាន​ចេញ​បាន​និយាយ​គ្នា​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​ណា»

រដ្ឋាភិបាល លោក ហ៊ុន សែន ដែល​កំពុង​រង​ការ​ថ្កោលទោស​ថា រំលោភសិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ បង្កើន​ការ​ចាប់​ខ្លួន និង​ចោទប្រកាន់​សកម្មជន​នយោបាយ​សិទ្ធិមនុស្ស បរិស្ថាន និង​សកម្មជន​សង្គម ដាក់​ពន្ធនាគារ​ដែល​រហូត​មកដល់ពេលនេះ​មាន​ចំនួន​ជិត ៩០នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល