សាច់ញាតិអ្នកជាប់ឃុំប្រារឰពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះទាំងសោកសៅ។ ខណៈអ្នកជាប់ឃុំដែលជាសកម្មជនដីធ្លី សកម្មជនបរិស្ថាន និងសកម្មជនបក្សប្រឆាំងកំពុងបាត់បង់សេរីភាពព្រោះការងារបំពេញការងាររបស់ខ្លួន។ អ្នកនាំពាក្យបក្សកាន់អំណាចថា ក្រុមសកម្មជនទាំងនោះជាប់ពន្ធនាគារព្រោះប្រព្រឹត្តល្មើសច្បាប់ និងស៊កសៀតពាក្យសម្ដីថា ពួកអ្នកជាប់ឃុំទាំងនោះ អន់ជាងប្រេតរដូវភ្ជុំនេះទៅទៀត ព្រោះមិនបានជួបសាច់ញាតិក្នុងរដូវបុណ្យទាននេះ។
ខុសពីពលរដ្ឋទូទៅដែលកំពុងជួបជុំគ្រួសារសប្បាយរីករាយនឹងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ សាច់ញាតិអ្នកធ្វើការងារសង្គម និងសកម្មជនបក្សប្រឆាំងបែរជាកើតទុក្ខក្រៀមក្រោះព្រោះប្ដី និងកូនរបស់ពួកគេកំពុងជាប់ពន្ធនាគារ។ ម្ដាយព្រះតេជព្រះគុណ កើត សារ៉ាយ លោកស្រី ចាន់ យ៉ែម រៀបរាប់ទាំងអួលអាក់ថា ពេលឃើញគេជួបជុំសាច់ញាតិ រីឯគ្រួសារលោកស្រីមិនជួបជុំកូនចៅបែបនេះ ធ្វើឲ្យលោកស្រីប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌទាំងទឹកភ្នែក។ ស្ត្រីវ័យ៧៥ឆ្នាំរូបនេះ ថា ទោះកូនប្រុសមិនអាចមកជួបជុំសាច់ញាតិនៅស្រុកកំណើតក៏ដោយ ក៏លោកស្រីបានយកនំអន្សម និងថវិកាខ្លះផ្ញើឲ្យកូននៅពន្ធនាគារ៖ «អត់មានរីករាយសប្បាយចិត្តទេ ព្រោះណាមួយអត់បានជួបកូនណាមួយអត់សូវមានលុយកាក់ធ្វើបុណ្យផង ហើយណាមួយកូនអត់បានជួបជុំគ្នាក្នុងចិត្តយាយអត់សប្បាយទេ»។ អាជ្ញាធរនៃរដ្ឋាភិបាលលោក ហ៊ុន សែន បានចាប់ខ្លួនព្រះតេជព្រះគុណ កើត សារ៉ាយ និងយុវជន៦នាក់ទៀតដាក់ពន្ធនាគារជាបន្តបន្ទាប់កាលពីអំឡុងខែសីហា និងខែកញ្ញា ឆ្នាំ២០២០ ដោយចោទប្រកាន់ពី«ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ ដើមហេតុនៃការចាប់ខ្លួននេះគឺដោយសារពួកគាត់តវ៉ាដោយសន្តិវិធីទាមទារឱ្យដោះលែងមេដឹកនាំសហជីពលោក រ៉ុង ឈុន និងមានគម្រោងប្រមូលផ្តុំធ្វើបាតុកម្មទាមទារយុត្តិធម៌សង្គមនៅទីលានប្រជាធិបតេយ្យ។
ស្រដៀងគ្នានេះដែរ ប្រពន្ធសកម្មជនបក្សប្រឆាំងលោក គង់ ម៉ាស់ លោកស្រី កុល សាត ប្រាប់ថា រដូវបុណ្យទានលោកស្រីជួបរឿងអាក្រក់ផ្ទួនៗក្រោយប្ដីជាប់ពន្ធនាគារ ដោយម្ដាយក្មេកទើបទទួលមរណភាព ហើយលោកស្រីទើបជួបគ្រោះថ្នាក់ចរាចរណ៍កាលពីពេលថ្មីៗ។ លោកស្រីថា គ្រួសារលោកស្រីឆ្នាំនេះមិនបានរៀបចំធ្វើពិធីបុណ្យភ្ជុំបិណ្ឌដូចក្រុមគ្រួសារខ្មែរផ្សេងឡើយ៖ «គេជួបជុំយាយតាបងប្អូនទៅស្ងាត់ស្រុកអស់ហើយ នៅតែខ្ញុំពីរនាក់ម៉ែកូននៅម៉ង់ៗ»។
ទាក់ទងនឹងការធ្វើទុក្ខបុកម្នេញលើសកម្មជននយោបាយ និងអ្នកធ្វើការងារសង្គមបែបនេះ សកម្មជនគណបក្សសង្គ្រោះជាតិ លោកស្រី ឡេង សុទ្ធារី កំពុងភៀសខ្លួននៅប្រទេសថៃនិងមានជំនាញច្រៀងពីបញ្ហាសង្គមបានច្រៀងចម្រៀងមួយបទរៀបរាប់ពីទុក្ខសោករបស់សកម្មជននយោបាយដែលត្រូវរដ្ឋាភិបាលលោក ហ៊ុន សែន ធ្វើទុក្ខបុកម្នេញ។
លោកស្រី ឡេង សុទ្ធារី ប្រាប់វិទ្យុអាស៊ីសេរីថា មូលហេតុដែលលោកស្រីច្រៀងចម្រៀងបទនេះព្រោះមើលឃើញក្ដីឈឺចាប់របស់សកម្មជននយោបាយ និងអ្នកធ្វើការងារសង្គមដែលកំពុងជាប់ពន្ធនាគារ។ លោកស្រី ឡេង សុទ្ធារី ដែលព្រាត់ប្រាសគ្រួសារព្រោះការធ្វើទុក្ខបុកម្នេញពីរដ្ឋាភិបាលលោក ហ៊ុន សែន ដែរនោះ ថា រដូវបុណ្យភ្ជុំនេះលោកស្រីស្ទើរស្រក់ទឹកភ្នែកព្រោះអ្នកធ្វើការសម្រាប់សង្គមជាតិបែរជាមិនអាចជួបជុំគ្រួសារបាន៖ «ពេលដែលខ្ញុំឃើញផុស (Post) អំពីទៅវត្តបុណ្យភ្ជុំមួយពីរបីបួន អីចឹងទៅខ្ញុំមានអារម្មណ៍សោកសង្រេង ព្រោះអីខ្ញុំនិរទេសខ្លួនមកនៅប្រទេសផ្សេងឆ្ងាយពីបងប្អូនម៉ែឪ ហើយអ្នកដែលនៅក្នុងប្រទេសហើយហ្នឹងក៏ត្រូវបានគេពង្រាត់ឲ្យជាប់គុកច្រវាក់»។ ជុំវិញបញ្ហានេះ វិទ្យុអាស៊ីសេរីមិនអាចសុំបំភ្លឺពីអ្នកនាំពាក្យពន្ធនាគារលោក នុត សវនា បានទេកាលពីថ្ងៃទី០៥ ខែតុលា។ ទោះយ៉ាងណា អគ្គនាយកដ្ឋានពន្ធនាគារឲ្យដឹងថា អគ្គនាយកដ្ឋានពន្ធនាគារបានអនុញ្ញាតឲ្យមានរៀបចំពិធីសាសនាក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី ខេត្ត ដោយត្រូវអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល។ សេចក្ដីជូនដំណឹងនៃអគ្គនាយកដ្ឋានពន្ធនាគារចុះកាលពីថ្ងៃទី២ ខែតុលា ឲ្យដឹងទៀតថា មានការអនុញ្ញាតឲ្យសាច់ញាតិអាចមកសួរសុខទុក្ខអ្នកជាប់ឃុំ អាចផ្ដល់អាហារនិងសម្ភារៈសម្រាប់មណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានីខេត្ត ដែលស្ថិតក្នុងតំបន់ហានិភ័យនៃការឆ្លងជំងឺរីករាលដាលជំងឺកូវីដ១៩។ ដោយឡែកពន្ធនាគារដែលមានហានិភ័យខ្ពស់មិនអនុញ្ញាតឲ្យមានការសួរសុខទុក្ខទេ តែអាចផ្ញើអាហារនិងសម្ភារៈតាមមន្ត្រីពន្ធនាគារបាន។ ដោយឡែក អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន និយាយថា អ្នកជាប់ឃុំទាំងនោះមិនអាចជួបជុំសាច់ញាតិនារដូវភ្ជុំបិណ្ឌ ព្រោះពួកគេប្រព្រឹត្តល្មើសច្បាប់។ លោកថែមទាំងនិយាយចំអកឡកឡឺយថា អ្នកជាប់ឃុំទាំងនោះថា អន់ជាងប្រេតទៅទៀត ត្បិតអ្នកទាំងនោះមិនអាចជួបជុំសាច់ញាតិរបស់ខ្លួនបានក្នុងឱកាសបុណ្យទាននេះ៖ «វាអន់ជាងប្រេតទៅទៀតណានិយាយរួម ប្រេតថ្ងៃភ្ជុំបិណ្ឌគេដោះលែងឲ្យមកយកចំណីចំណុកអាហារអីផ្សេងៗនៅតាមវត្តអារា ហើយដល់យើងទណ្ឌិតគេអត់ដោះលែងឲ្យចេញមក»។
ឆ្លើយតបទៅនឹងសម្ដីរបស់អ្នកនាំពាក្យបក្សកាន់អំណាចនេះ ប្រពន្ធសកម្មជនបក្សប្រឆាំងលោក គង់ ម៉ាស់ លោកស្រី កុល សាត និយាយថា លោកស្រីហួសចិត្តនៅពេលឃើញអ្នកចេះដឹងនិងមានតួនាទីខ្ពស់របស់គណបក្សប្រជាជនកម្ពុជាប្រើសម្ដីដូច្នេះ៖ «លោក ( សុខ ឥសាន ) អត់ដឹងពីបញ្ហាក្រុមគ្រួសាររបស់គេ គេឈឺចាប់ប៉ុន្មាន ? គេឈឺចាប់ប៉ុន្មាន ? ទឹកភ្នែកគេប៉ុន្មាន ? គេឈឺចាប់ណាស់លឺពាក្យអ៊ីចឹងដែលគ្នាមានទុក្ខហើយមកនិយាយអ៊ីចឹង ខ្ញុំអត់យល់ថា លោកយកអ្វីគិតទេ ?»។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីការអភិវឌ្ឍនៅកម្ពុជា លោក យង់ គិមអេង និយាយថា តាមទំនៀមលាប់ខ្មែរពេលបុណ្យភ្ជុំបិណ្ឌ ឬភ្ជុំធំពលរដ្ឋខ្មែរតែងស្កាត់មកជួបជុំសាច់ញាតិនៅស្រុកកំណើត។ លោកថា ទោះសព្វថ្ងៃកំពុងមានវិបត្តិជំងឺកូវីដ១៩ក្ដី ក៏ពលរដ្ឋទាំងឡាយនៅឆ្លៀតជួបគ្នាតាមមធ្យោបាយរៀងៗខ្លួន។ មន្ត្រីសង្គមស៊ីវិលរូបនេះយល់ថា រដ្ឋាភិបាលគួរបើកចិត្តទូលាយបន្ធូរបន្ថយទោស ឬអនុញ្ញាតឲ្យអ្នកជាប់ឃុំ ជាពិសេសសកម្មជននិងធ្វើការងារសង្គមអាចរួចទោស ឬនៅក្រៅពន្ធនាគារបណ្ដោះអាសន្ន៖ «ខ្ញុំមានការសោកស្ដាយដែលថា សកម្មជននយោបាយ សកម្មជនសិទ្ធិមនុស្ស សកម្មជនបរិស្ថាន មិនអាចមានឱកាសបានចេញបាននិយាយគ្នាក្នុងឱកាសបុណ្យភ្ជុំណា»។
រដ្ឋាភិបាល លោក ហ៊ុន សែន ដែលកំពុងរងការថ្កោលទោសថា រំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ បង្កើនការចាប់ខ្លួន និងចោទប្រកាន់សកម្មជននយោបាយសិទ្ធិមនុស្ស បរិស្ថាន និងសកម្មជនសង្គម ដាក់ពន្ធនាគារដែលរហូតមកដល់ពេលនេះមានចំនួនជិត ៩០នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។