សាច់​ញត្តិ​ជន​រងគ្រោះ​ក្នុង​ព្រឹត្តិការណ៍​គប់​គ្រាប់បែក​គ្មាន​ជំនឿ​ទទួល​បាន​យុត្តិធម៌

ដោយ ថន ថារ៉ូ
2019.03.30
បោក​គ្រាប់​បែក ៩៧ ៦២២ ថ្នាក់​ដឹកនាំ​គណបក្ស​ភ្លើង​ទៀន ជា​អតីត​គណបក្ស​ សម រង្ស៊ី និង​សាច់​ញត្តិ​ជន​រងគ្រោះ ក្នុង​​ព្រឹត្តិការណ៍​គប់​គ្រាប់​បែក​ដៃ លើ​ក្រុម​បាតុករ​ កាល​ពី​ឆ្នាំ​១៩៩៧ ប្រមាណ ១០០​នាក់ នាំ​គ្នា​រៀប​ចំ​ពិធី​បែប​សាសនា នៅ​ព្រឹក​ថ្ងៃ​ទី​៣០ មីនា​ ឆ្នាំ​២០១៩។
រូប​ពី​ហ្វេសប៊ុក ម៉ា ចិត្រា
1

ថ្នាក់​ដឹកនាំ​គណបក្ស​ភ្លើង​ទៀន ជា​អតីត​គណបក្ស​ សម រង្ស៊ី និង​សាច់​ញត្តិ​ជន​រងគ្រោះ ក្នុង​​ព្រឹត្តិការណ៍​គប់​គ្រាប់​បែក​ដៃ លើ​ក្រុម​បាតុករ​ កាល​ពី​ឆ្នាំ​១៩៩៧ ប្រមាណ ១០០​នាក់ នាំ​គ្នា​រៀប​ចំ​ពិធី​បែប​សាសនា នៅ​ព្រឹក​ថ្ងៃ​ទី​៣០ មីនា​ ឆ្នាំ​២០១៩។ រូប​ពី​ហ្វេសប៊ុក ម៉ា ចិត្រា

រ៉ុង ឈុន ៦២២

លោក រ៉ុង ឈុន អតីត​សមាជិក​គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត ចូលរួម​គោរព​វិញ្ញាណក្ខន្ធ អ្នក​ស្លាប់​ក្នុង​​​ព្រឹត្តិការណ៍​គប់​គ្រាប់​បែក​ដៃ លើ​ក្រុម​បាតុករ​ កាល​ពី​ឆ្នាំ​១៩៩៧ ម្ដុំ​រដ្ឋសភា​ចាស់ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ មីនា​ ឆ្នាំ​២០១៩។ រូប​ពី​ហ្វេសប៊ុក ម៉ា ចិត្រា

ជា មុន្នី ៦២២

លោក ជា មុន្នី ប្រធាន​សហជីព​សេរី​កម្មករនៃ​ព្រះរាជាណាចក្រ​កម្ពុជា ចូលរួម​គោរព​វិញ្ញាណក្ខន្ធ អ្នក​ស្លាប់​ក្នុង​​​ព្រឹត្តិការណ៍​គប់​គ្រាប់​បែក​ដៃ លើ​ក្រុម​បាតុករ​ កាល​ពី​ឆ្នាំ​១៩៩៧ ម្ដុំ​រដ្ឋសភា​ចាស់ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ មីនា​ ឆ្នាំ​២០១៩។ រូប​ពី​ហ្វេសប៊ុក ម៉ា ចិត្រា

បោក​គ្រាប់​បែក ៦២២

ពិធី​​គោរព​វិញ្ញាណក្ខន្ធ អ្នក​ស្លាប់​ក្នុង​​​ព្រឹត្តិការណ៍​គប់​គ្រាប់​បែក​ដៃ លើ​ក្រុម​បាតុករ​ កាល​ពី​ឆ្នាំ​១៩៩៧ ម្ដុំ​រដ្ឋសភា​ចាស់ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ មីនា​ ឆ្នាំ​២០១៩។ រូប​ពី​ហ្វេសប៊ុក ម៉ា ចិត្រា

បោក​គ្រាប់​បែក ៦២២

ពិធី​​គោរព​វិញ្ញាណក្ខន្ធ អ្នក​ស្លាប់​ក្នុង​​​ព្រឹត្តិការណ៍​គប់​គ្រាប់​បែក​ដៃ លើ​ក្រុម​បាតុករ​ កាល​ពី​ឆ្នាំ​១៩៩៧ ម្ដុំ​រដ្ឋសភា​ចាស់ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ មីនា​ ឆ្នាំ​២០១៩។ រូប​ពី​ហ្វេសប៊ុក ម៉ា ចិត្រា

បោក​គ្រាប់​បែក ៦២២

ពិធី​​គោរព​វិញ្ញាណក្ខន្ធ អ្នក​ស្លាប់​ក្នុង​​​ព្រឹត្តិការណ៍​គប់​គ្រាប់​បែក​ដៃ លើ​ក្រុម​បាតុករ​ កាល​ពី​ឆ្នាំ​១៩៩៧ ម្ដុំ​រដ្ឋសភា​ចាស់ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ មីនា​ ឆ្នាំ​២០១៩។ រូប​ពី​ហ្វេសប៊ុក ម៉ា ចិត្រា

បោក​គ្រាប់​បែក ៦២២

ពិធី​​គោរព​វិញ្ញាណក្ខន្ធ អ្នក​ស្លាប់​ក្នុង​​​ព្រឹត្តិការណ៍​គប់​គ្រាប់​បែក​ដៃ លើ​ក្រុម​បាតុករ​ កាល​ពី​ឆ្នាំ​១៩៩៧ ម្ដុំ​រដ្ឋសភា​ចាស់ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ មីនា​ ឆ្នាំ​២០១៩។ រូប​ពី​ហ្វេសប៊ុក ម៉ា ចិត្រា

ថ្នាក់ដឹកនាំ​គណបក្ស​ភ្លើងទៀន ជា​អតីត​គណបក្ស សម រង្ស៊ី និង​សាច់​ញត្តិ​ជនរងគ្រោះ ក្នុង​ព្រឹត្តិការណ៍​គប់​គ្រាប់បែកដៃ លើ​ក្រុម​បាតុករ កាលពី​ឆ្នាំ​១៩៩៧ នាំគ្នា​រៀបចំ​ពិធី​បែប​សាសនា នៅ​ព្រឹក​ថ្ងៃ​ទី​៣០ មីនា​នេះ នៅ​ទីតាំង​ចេតិយ​ជនរងគ្រោះ ទល់មុខ​អតីត​មន្ទីរ​រដ្ឋសភា​ ដើម្បី​ឧទ្ទិស​កុសល​ជូន​ជនរងគ្រោះ ដែល​បាន​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​ពេល​នោះ។ សាច់​ញត្តិ​ថា ពួកគេ​មិន​រំពឹង​ទទួល​បាន​យុត្តិធម៌ ព្រោះ​របប​ក្រុងភ្នំពេញ គ្មាន​ឆន្ទៈ​រក​យុត្តិធម៌​ទេ។

អគ្គលេខាធិការ​គណបក្ស​ភ្លើងទៀន លោក យូ ស៊ាងហេង ប្រាប់​ថា អាជ្ញាធរ​មិន​ហាមឃាត់ រារាំង ឬ​ធ្វើ​ទុក្ខបុកម្នេញ ក្នុង​កម្មវិធី​សាសនា ឧទ្ទិស​កុសល​ជូន​ជនរងគ្រោះ​ទេ ដោយសារ​សាលា​រាជធានី​ភ្នំពេញ បាន​យល់ព្រម​ឱ្យ​គណបក្ស​ភ្លើង​ទៀន ប្រារព្ធ​ពិធី​តាម​បែប​សាសនា។ តែ​អាជ្ញាធរ​បាន​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​ខាងក្រៅ​ពិធី។

លោក​បន្ត​ថា ក្នុង​កម្មវិធី​បុណ្យ​នៅ​ព្រឹក​ថ្ងៃ​ទី៣០ មីនា មាន​អ្នកចូលរួម​ជាង​១០០​នាក់ ជា​ថ្នាក់ដឹកនាំ​គណបក្ស​ភ្លើងទៀន សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ និង​សាច់ញាតិ​ជនរងគ្រោះ ហើយ​កម្មវិធី​ប្រារព្ធ​ឡើង តាម​បែប​សាសនា​សុទ្ធសាធ គ្មាន​លាយឡំ ឬ​បង្ហាញ​សារ​នយោបាយ​ទេ ដោយសារ​អាជ្ញាធរ​ហាម​មិន​ឱ្យ​ថ្លែង​សារ​នយោបាយ​។ ចំណែក សាច់ញាតិ​ជនរងគ្រោះ ដែល​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​នោះ មានតែ​ម្ដាយ​របស់​ជនរងគ្រោះ ឈ្មោះ ជេត ដួងតារាវុធ គឺ​អ្នកស្រី លី នារី ម្នាក់​គត់ បាន​ថ្លែង​សារ ទទូច​សុំ​រក​យុត្តិធម៌ សម្រាប់​កូនប្រុស៖ «គាត់​(​អាជ្ញាធរ​)​មាន​វិធី​ការពារ​ខាងក្រៅ។ ឯ​ពួក​ខាង​ខ្ញុំ ការពារ​ខាងក្នុង​។ សន្តិសុខ​របស់ខ្ញុំ សន្តិសុខ​ផ្ទៃក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​។ ជា​រឿង​ធម្មតា​ដូច​សព្វដង​ដែរ អត់​មាន​អ្វី​ផង​។ គណបក្ស​ភ្លើងទៀន បាន​សំណូមពរ​ឱ្យ​ស្វែងរក​ជន​ដៃដល់ និង​ស្វែងរក​យុត្តិធម៌ ជូន​ជនរងគ្រោះ​។ បាទ​!​ស្នើ​ទៅដល់​រដ្ឋាភិបាល​ណា គឺ​ប្រធាន​គណបក្ស​(​លោក ទាវ វណ្ណុល) ក៏បាន​ថ្លែង​អ៊ីចឹង​ដែរ​។ បាទ​! ក្នុង​១១៨​នាក់ (​អ្នកនយោបាយ​ត្រូវ​តុលាការ​កំពូល ហាម​សិទ្ធិ​ធ្វើ​នយោបាយ​) ឃើញ​ម្នាក់ ពីរ​នាក់​ដែរ តែ​ខ្ញុំ​មិនបាន​ចាំ​ឈ្មោះ​គាត់​។ យើង​ធ្វើ​កម្មវិធី​ហ្នឹង តាម​បែប​សាសនា មិន​ពាក់ព័ន្ធ​រឿង​នយោបាយ​ទេ បាទ!»

ម្ដាយ​របស់​ជនរងគ្រោះ​ឈ្មោះ ជេត ដួងតារាវុធ ដែល​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​គប់​គ្រាប់បែក​នៅ​ឆ្នាំ​១៩៩៧ គឺ អ្នកស្រី លី នារី ជា​សមាជិក​ព្រឹទ្ធសភា អាណត្តិ​ទី​៤ រៀបរាប់​ថា ២២​ឆ្នាំ​មកនេះ ក្នុងនាម​ជា​ម្ដាយ នៅ​តែ​មាន​អារម្មណ៍​ក្ដុកក្ដួល និង​ដង្ហោយ​រក​យុត្តិធម៌​ជានិច្ច​។ អ្នកស្រី​និយាយ​ថា ២២​ឆ្នាំ​មកនេះ អារម្មណ៍​គ្រួសារ​ជនរងគ្រោះ មិនដែល​ស្ងប់​ទេ ពេលខ្លះ គិត​ថា កូន​មិនទាន់​ស្លាប់ និង​ពេលខ្លះ គិត​ថា ទើបតែ​ស្លាប់​ថ្មីថ្មោង​។ អ្នកស្រី តែង​ចូលរួម​ធ្វើ​បុណ្យឧទ្ទិសកុសល​ឱ្យ​កូន នៅ​ទីតាំង​ស្លាប់ រាល់​ឆ្នាំ មិនដែល​ខាន​ទេ ហើយ​អ្នកស្រី ក៏​អុជ​ធូប​មុខ​រូបថត​កូន នៅផ្ទះ រាល់ថ្ងៃ ដើម្បី​បែរ​បន់​សុំ​យុត្តិធម៌៖ «ចា! ខ្ញុំ​ជម្រាប​ត្រង់ ស្ទើរតែ​រាល់ថ្ងៃ​។ ចាស នៅផ្ទះ អូជ​ធូប​ស្ទើរតែ​រាល់ថ្ងៃ គឺ​បែរបន់ ឧទ្ទិស​កុសល​វិញ្ញាណក្ខន្ធ​កូន (​ជនរងគ្រោះ​) ទាំងអស់​ហ្នឹង ធ្វើ​យ៉ាង​ម្ដេច​ជួយ​រក​យុត្តិធម៌ ធ្វើ​យ៉ាង​ម្ដេច​ជួយ​ប្រទេសជាតិ បាន​រុងរឿង​។ កុំ​ឱ្យ​មាន​អ៊ីចឹង (​ភាព​អយុត្តិធម៌​) ដូច​ប្រទេស​គេ ឱ្យ​មាន​ច្បាប់​ត្រឹមត្រូវ​ទៅ ដូច​ប្រទេស​សេរី អ្វី​អ៊ីចឹង​ទៅ​។ បួងសួង ពេល​ចូលឆ្នាំ ពេល​ខ្ញុំ​ទៅ​វត្ត​អ្វី​ហ្នឹង មិន​ថា អ្នកណា​ទេ គឺ​ជនរងគ្រោះ មានការ​សោកស្ដាយ​ជានិច្ច»

កាលពី​ថ្ងៃ​ទី​៣០ មីនា ឆ្នាំ​១៩៩៧ ពលរដ្ឋ​ខ្មែរ​យ៉ាងហោចណាស់​១៦​នាក់ ស្លាប់ នៅ​នឹង​កន្លែង និង​ជិត​២០០​នាក់​រង​របួស​ធ្ងន់​ស្រាល ដោយសារ​ជន​មិន​ស្គាល់​មុខ បាន​គប់​គ្រាប់បែកដៃ​ចំនួន​៤​គ្រាប់ ចូល​ក្នុង​ក្រុម​បាតុករ ដែល​កំពុង​តវ៉ា ទាមទារ​រក​យុត្តិធម៌​សង្គម និង​ទាមទារ​ឱ្យ​កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌។ បាតុកម្ម​កាលណោះ ដឹកនាំ​ដោយ លោក សម រង្ស៊ី ជា​អតីត​ប្រធាន​គណបក្ស​ជាតិខ្មែរ ធ្វើឡើង​នៅ​ខាងត្បូង​ព្រះបរមរាជវាំង មុខ​មន្ទីរ​រដ្ឋសភា​ចាស់ បច្ចុប្បន្ន​ជា​តុលាការ​កំពូល។

២២​ឆ្នាំ មកនេះ ឱ្យ​តែ​ដល់​ថ្ងៃ​ខួប ៣០ មីនា ក្រុម​គ្រួសារ​ជនរងគ្រោះ និង​គណបក្សប្រឆាំង តែង​ស្រែក​ទាមទារ ទទូច​សុំ​យុត្តិធម៌ ដើម្បី​ឱ្យ​គ្រួសារ​ជនរងគ្រោះ​ស្ងប់ចិត្ត។ ប៉ុន្តែ​មន្ត្រី​ទទួល​ស៊ើប​ក្ដី តែង​ឆ្លើយ​ថា សំណុំរឿង​កំពុង​បន្ត​នីតិវិធី មិន​ដឹង​ពេលវេលា​ជាក់លាក់ ក្នុង​ការ​បញ្ចប់​នីតិវិធី​ស៊ើប​ទេ។អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន បញ្ជាក់​ប្រាប់ អាស៊ីសេរី កាលពី​ថ្ងៃ​ទី​២៨ មីនា ថា សំណុំរឿង​បោក​គ្រាប់បែក កាលពី​២២​ឆ្នាំមុន តុលាការ​មិនទាន់​បិទ​ការស៊ើបអង្កេត​ទេ។ លោក​បញ្ជាក់​មូលហេតុ ដែល​ការស៊ើបអង្កេត​អូស​បន្លាយ​ពេល​យូរ គឺ​មកពី​សំណុំ​រឿង​នេះ មាន​លក្ខណៈ​ស្មុគស្មាញ​។ ទន្ទឹម​គ្នា​នេះ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ជំរុញ​ឱ្យ អ្នក​ជាប់​ពាក់ព័ន្ធ​ទាំងអស់ ប្រសិនបើ​មាន​ភស្តុតាង​អំពី​ការ​បោកគ្រាប់បែក​នោះ គួរ​សហការ ជាមួយ​សមត្ថកិច្ច និង​តុលាការ​។

ចំណែក​ស្ថាប័ន​កងកម្លាំង គឺ​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ្គ ក៏​តែង​ប្រកាស​បែបនេះ រាល់​ឆ្នាំ​ដែរ។ អាស៊ីសេរី បាន​ព្យាយាម​ទូរស័ព្ទ ទៅ​សុំ​ការ​បំភ្លឺ ពី​លទ្ធផល នៃ​ការស៊ើបអង្កេត​រយៈពេល​២២​ឆ្នាំ​មកនេះ ពី​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ្គ ២​ថ្ងៃ​មក​ហើយ គឺ​នៅ​ថ្ងៃទី ២៩ និង​៣០​មីនា ប៉ុន្តែ​មិន​មាន​អ្នកទទួល​ទូរស័ព្ទ។

ម្ដាយ​របស់​ជនរងគ្រោះ គឺ អ្នកស្រី លី នារី ថា នៅ​ពេល​លឺ​បែបនេះ អ្នកស្រី គ្មាន​សង្ឃឹមថា កូនប្រុស និង​ក្រុម​គ្រួសារ​បាន​ទទួល​យុត្តិធម៌​ទេ។ អ្នកស្រី​ថា បើ​អាជ្ញា​ធរមាន​សមត្ថកិច្ច​មិន​អាច​បំបែក​សំណុំរឿង គ្មាន​ភស្តុតាង មិន​អាច​រក​ឃើញ​ជន​សង្ស័យ តើ​ពលរដ្ឋ​សាមញ្ញ ដូច​គ្រួសារ​អ្នកស្រី និង​គ្រួសារ​ជនរងគ្រោះ​ផ្សេងទៀត មាន​សមត្ថភាព​ឯណា រក​បាន​ភស្តុតាង​នោះ៖ «លោក​រដ្ឋាភិបាល លោក​ចង់​រក គឺ​រក​ឃើញ​ហើយ​។ តែ​ហាក់​ដូច​លោក​ពន្យារ​ៗ​ទៅ​។ ចាស​! ដូច​លោក (​រដ្ឋាភិបាល​)​មានប្រសាសន៍​អ៊ីចឹង ថា​រឿង​នេះ វា​ស្មុគស្មាញ វា​ធំ អ្វី​អ៊ីចឹង​។ អ៊ីចឹង​ឱ្យ​ជនរងគ្រោះ ឬ​ជន​ណា​ក៏​ដោយ ឱ្យ​ឃើញ​រឿង​មានការ​សង្ស័យ ឱ្យ​ផ្ដល់​ព័ត៌មាន។ សួរថា​យើង (​ពលរដ្ឋ​) មិន​អាចៗ គ្មាន​អ្វី​ជា​ភស្តុតាង​ជាក់ស្ដែង ដើម្បី​ផ្ដល់​ព័ត៌មាន​គឺ​គ្មាន​ទេ​។ មានតែ​អស់លោក អ្នកធំ​ហើយ ដើម្បី​ផ្ដល់​យុត្តិធម៌​។ ពួក​ខ្ញុំ អ្នក​តូចតាច មិន​អាច​ទេ ចា!»

ជុំវិញ​ករណី​អូស​បន្លាយ​លទ្ធផល​ស៊ើបអង្កេត លើ​សំណុំរឿង​ទាមទារ​យុត្តិធម៌​របស់​គ្រួសារ​ជនរងគ្រោះ និង​មន្ត្រី​បក្ស​ប្រឆាំង​បែបនេះ ត្រូវ​បាន​អ្នកឃ្លាំមើល​សិទ្ធិមនុស្ស សង្កេត​ឃើញ​ថា ការ​អនុវត្ត​ច្បាប់ ក្នុង​របប​ក្រុងភ្នំពេញ មាន​និយាម ឬ ស្តង់ដារ​ពីរ​ផ្សេងគ្នា ព្រោះ​ការវាយប្រហារ​គ្រាប់បែក​២២​ឆ្នាំមុន ឬ​ភាព​អយុត្តិធម៌​លើ​មន្ត្រី​បក្សប្រឆាំង មិន​ត្រូវ​បាន​តុលាការ ឬ​សមត្ថកិច្ច​នៃ​របប​ឯក​បក្ស ចាប់​បាន​ជនដៃ​ដល់ និង​បក្សពួក​យក​ផ្ដន្ទាទោស បង្ហាញ​ពី​តម្លាភាព​ទេ ទោះបីជា​មានការ​ថ្កោលទោស​ពី​សហគមន៍​អន្តរជាតិ​ក៏ដោយ​។ ប៉ុន្តែ​បើ​សំណុំរឿង ទាក់ទង​របប​ឯក​បក្ស​ចោទប្រកាន់​បក្ស​ប្រឆាំង​វិញ តុលាការ ឬ​សមត្ថកិច្ច បើក​ប្រតិបត្តិការ ចាប់ខ្លួន​សកម្មជន ឬ មេ​បក្ស​ប្រឆាំង ហើយ​បញ្ជូន​ទៅ​ពន្ធនាគារ ទាំង​កណ្ដាលយប់​អាធ្រាត្រ ក៏​មិន​រុញ​រា​ដែរ។

គណបក្ស​សង្គ្រោះ​ជាតិ ចេញ​សេចក្ដីថ្លែងការណ៍ ថា ២២​ឆ្នាំ មក​នេះ របប លោក ហ៊ុន សែន មិនបាន​ស្វែងរក​ជន​ដៃដល់ និង​អ្នកបញ្ជា​ពីក្រោយ ដើម្បី​យក​មក​ផ្ដន្ទាទោស​ទេ។ គណបក្ស អះអាង​ថា តាម​របាយការណ៍​របស់​ទីភ្នាក់ងារ​ស៊ើបអង្កេត​សហរដ្ឋអាមេរិក​(FBI ) បាន​បង្ហាញ​ថា លោក ហ៊ីង ប៊ុនហៀង និង​លោក ហ៊ុយ ពិសិដ្ឋ ដែល​ជា​ប្រធាន និង​អនុប្រធាន​កង​អង្គរក្ស​ផ្ទាល់​លោក ហ៊ុន សែន ជា​អ្នក​រៀបចំ និង​បញ្ជា​ផ្ទាល់​លើ​ការវាយប្រហារ​ដ៏​អមនុស្សធម៌​នោះ។

កាលពី​ឆ្នាំ​២០១៨ លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ ក៏​ធ្លាប់​ចោទប្រកាន់ លោក ហ៊ីង ប៊ុនហៀ​ង ជា​អ្នកបញ្ជា នៅ​ពីក្រោយ​ព្រឹត្តិការណ៍​គប់​គ្រាប់បែក​ឆ្នាំ​១៩៩៧​ដែរ។ តែ​យ៉ាងណា លោក ហ៊ីង ប៊ុនហៀង ធ្លាប់​បដិសេធ​ការចោទប្រកាន់​នេះ​រួច​ហើយ។

លោក សម រង្ស៊ី ក៏​ធ្លាប់​បាន​ដាក់ពាក្យ​ប្ដឹង ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដែរ ក៏ប៉ុន្តែ​ដោយសារ​កត្តា​នយោបាយ នៃ​ចរចា​គ្នា នៅ​គ្រានោះ លោក សម រង្ស៊ី បាន​ដក​ពាក្យបណ្ដឹង​វិញ ជា​ថ្នូរ​នឹង​ការ​បាន​វិល​ចូល​ស្រុក​វិញ ដោយ​គ្មាន​ទោស​របស់​លោក ខណៈ​ពេល​នោះ លោក​កំពុង​និទ្ទេស​ខ្លួន នៅ​ក្រៅ​ប្រទេស។

ចំណែក អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ធ្លាប់​ចេញ​សេចក្ដីថ្លែងការណ៍ ចាត់​ទុក​ការវាយប្រហារ ដោយ​គ្រាប់បែកដៃ​កាលណោះ ថា​ជា​ចេតនា​របស់ របប​ឯក​បក្ស លោក ហ៊ុន សែន ដើម្បី​កម្ទេច​អ្នកនយោបាយ​បក្ស​ប្រឆាំង​នៅ​កម្ពុជា​។ អង្គការ​មួយ​នេះ ក៏​រក​ឃើញ​ថា ការវាយប្រហារ​នេះ មានការ​ពាក់ព័ន្ធ​នឹង​កង​អង្គរក្ស របស់ លោក ហ៊ុន សែន គឺ លោក ហ៊ីង ប៊ុនហៀង​ដែរ។

ប្រធាន​គ្រប់គ្រង​ការិយាល័យ​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត យល់​ថា រដ្ឋាភិបាល​គួរ​បង្ហាញ​របាយការណ៍​ស៊ើបអង្កេត​រយៈពេល ២២​ឆ្នាំ​មកនេះ ដើម្បី​បង្ហាញ​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល ក្នុង​សំណុំ​រឿង​នេះ និង​ជា​ការ​ផ្ដល់​ក្ដី​សង្ឃឹម​សម្រាប់​គ្រួសារ​ជនរងគ្រោះ ដែល​កំពុង​រង់ចាំ​យុត្តិធម៌ ដោយ​អន្ទះអន្ទែង៖ «អ៊ីចឹង បើ​យើង​មើល​ទៅ​មុខ​ទៅ ហាក់ដូចជា​យុត្តិធម៌ ហ្នឹង មិន​មាន​ជំនឿ​ទេ សម្រាប់​អ្នក​ដែល​រងគ្រោះ​ហ្នឹង ហាក់​ដូចជា​នៅ​ឆ្ងាយ​។ ខ្ញុំ​ថា រឿង​ទាំងអស់​នេះ វា​អាស្រ័យ​ទៅ​លើ​ឆន្ទៈ​ពិតប្រាកដ នៅ​ក្នុង​ការស្វែងរក​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ​ទាំងអស់​នោះ​ណា។ អ៊ីចឹង យើង​ដឹង​ហើយ ថា នៅ​ឆ្នាំ​១៩៩៧ ព្រឹត្តិការណ៍​គប់​គ្រាប់បែក​ហ្នឹង វា​ហាក់បីដូច​ជា​មាន​អាថ៌កំបាំង​នៅ​ពីក្រោយ​ខ្នង​នៅ​ក្នុង​គប់​គ្រាប់បែក​។ អ៊ីចឹង​ហើយ បានជា​ដំណើរការ​នីតិវិធី​នៃ​ការស៊ើបអង្កេត​អូស​បន្លាយ​មិន​ទាន់​មាន​ពន្លឺ​រហូត​មក​ដល់​ពេល​នេះ»

អគ្គលេខាធិការ​គណបក្ស​ភ្លើងទៀន លោក យូ ស៊ាងហេង ថា សម្រាប់​គណបក្ស​មួយ​នេះ នៅតែ​ទទូច​ទាមទារ​រក​យុត្តិធម៌​ឱ្យ​ជនរងគ្រោះ​។ តែ​សាច់ញាតិ​របស់​ជនរងគ្រោះ អ្នកស្រី លី នារី ថា ក្រុម​គ្រួសារ​អ្នកស្រី និង​គ្រួសារ​ជនរងគ្រោះ​ដទៃ​ទៀត​អស់សង្ឃឹម​ហើយ យុត្តិធម៌​ហាក់​ឆ្ងាយ​ដូច​ជើងមេឃ សម្រាប់​គ្រួសារ​ជនរងគ្រោះ​។ ក្រុម​គ្រួសារ​ជនរងគ្រោះ អះអាង​ថា ពួកគេ នឹង​មិន​ដាក់​ញត្តិ​ស្នើសុំ ឬ ទាមទារ​យុត្តិធម៌​ទៀត​ទេ តែ​ស្នើសុំ​ឱ្យ​រដ្ឋាភិបាល បញ្ឈប់​សកម្មភាព​រំលោភ​សិទ្ធិមនុស្ស និង​ទប់ស្កាត់ កុំ​ឱ្យ​មាន​ព្រឹត្តិការណ៍​សោកនាដកម្ម​បែបនេះ​ទៀត ដើម្បី​កុំ​ឱ្យ​ម្ដាយ​គ្រប់រូប អោប​វិបត្តិ​ផ្លូវចិត្ត ដល់​ថ្ងៃ​ស្លាប់​ដូច​អ្នកស្រី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។