ក្រុមអ្នកឃ្លាំមើលសង្គម ស្នើឲ្យរបបក្រុងភ្នំពេញ រកវិធីសាស្ត្រជួយឧបត្ថម្ភ ឬដកហូតដីសម្បទានសេដ្ឋកិច្ច តាមព្រំដែន ទើបអាចបញ្ចៀស មិនអាចឲ្យពលរដ្ឋទាំងនោះ បន្តការជួលដីឲ្យជនជាតិវៀតណាម ធ្វើកសិកម្មលើដីខ្មែរបន្ដទៀត។ ក្រុមកសិករ និងអ្នកនយោបាយ រកឃើញថា សារាចរណ៍ហាមជួលដីឲ្យជនជាតិវៀតណាមតាមបណ្ដោយព្រំដែន របស់របបក្រុងភ្នំពេញ ប្រកាសតាំងពីឆ្នាំ២០១៥ មកដល់ពេលនេះ គ្មានប្រសិទ្ធភាពទេ។
កសិករស្រុករមាសហែក ខេត្តស្វាយរៀងម្នាក់ អ្នកស្រី ខៀវ សារ៉ុន ឲ្យដឹងថា ក្រោយពេលមេឃុំ ដើរប្រាប់ពលរដ្ឋខ្មែរមិនឲ្យជួលដីតាមព្រំដែនឲ្យវៀតណាម តាមសារាចរណ៍របស់របបក្រុងភ្នំពេញ ឈ្មួញជនជាតិវៀតណាមបានប្ដូរវិធីសាស្ត្រជួលដីស្រែវិញ ប៉ុន្តែពួកគេប្រើយុទ្ធសាស្ត្រថ្មីធ្វើរូបភាពថៅកែខ្មែរ ជួលកម្មករវៀតណាម មកធ្វើស្រែឲ្យខ្លួនវិញ។
អ្នកស្រី ខៀវ សារ៉ុន បន្ដថា យ៉ាងហោចណាស់ ដីកំពុងមានជម្លោះ២កន្លែង ជាប់ព្រំដែន គឺនៅឃុំអំពិល និងឃុំគគីរ នៃស្រុករមាសហែក កំពុងត្រូវបានក្រុមហ៊ុនទទួលបានដីសម្បទាន ជួលឲ្យវៀតណាម ដាំដំឡូងមី។ ក្រៅពីនេះ ក៏មានពលរដ្ឋខ្មែរខ្លះ មានដីជាប់ព្រំដែន ក៏បានជួលដីឲ្យវៀតណាមដោយប្រើប្រាស់យុទ្ធសាស្ត្រថ្មីនេះដែរ។ អ្នកស្រីបន្តថា មូលហេតុ ដែលពលរដ្ឋខ្មែរ មិនព្រមដាំដំណាំដោយសារ ឈ្មួញទិញកសិផលពីកសិករជាប់ព្រំដែន សុទ្ធតែជនជាតិវៀតណាម ហើយ នៅពេលខ្មែរដាំដំណាំ ឬធ្វើស្រូវព្រមគ្នា ឈ្មួញនឹងទម្លាក់តម្លៃកសិផល ធ្វើឲ្យពួកគេខាតបង់ច្រើន៖ «បានជាយើងជួលដីឲ្យវៀតណាមបើយើងឆ្លៀត ធ្វើផលិតផលកសិកម្មឧទាហរណ៍ដូចជាយកដីធ្វើកសិកម្មដាំដំឡូងមីអីយើងត្រូវយកទៅលក់ឲ្យវៀតណាមដដែល ហើយដល់ពេលយើងលក់ឲ្យវៀតណាមបានទាំងអស់គ្នា អ៊ីចឹងបាន តម្លៃធ្លាក់ទៅលើវៀតណាមទីផ្សារនៅលើវៀតណាមគេដាក់តម្លៃឲ្យ។ ដល់ពេលខ្មែរ ខ្មែរយើងគាត់មិនមានដើមទុនធ្វើ ដើមទេ គាត់ចេញទៅខ្ចីធនាគារទៅដាំ នៅពេលប្រមូលផលគាត់សងធនាគារវិញមិនគ្រប់នោះទេ ដល់ពេលអញ្ចឹងទៅគាត់សុខចិត្តជួលដីទៅឲ្យវៀតណាមធ្វើទៅ គាត់ស្រួលចិត្តមិនបាច់ខ្វាយខ្វល់ អីនោះទេ»។
មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន កាលពីឆ្នាំ២០១៥ បានចេញសារាចរណែនាំឲ្យអភិបាលខេត្តនៅជាប់ព្រំដែនប្រទេសវៀតណាម ថៃ និងឡាវ បញ្ឈប់សកម្មភាពជួលដីនៅតាមព្រំដែនទៅឲ្យប្រជាពលរដ្ឋ នៃប្រទេសទាំងនេះ ព្រោះអាចបង្កឲ្យមានផលលំបាកក្នុងការគ្រប់គ្រង និងអាចបង្កឲ្យមានភាពស្មុគស្មាញផ្សេងៗ និងដើម្បីបញ្ចៀសបញ្ហាផ្សេងៗដូចជា ដីខ្មែរ ស្រែវៀតណាម ដីខ្មែរស្រែថៃ ឬ ដីខ្មែរ ស្រែឡាវ ជាដើម។
ក្រោយចេញសារាចរណ៍ណែនាំរួច លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង មេដឹកនាំកំពូលនៃរបប គឺ លោក ហ៊ុន សែន ក៏បានក្រើនរំលឹកអភិបាលខេត្តជាប់ព្រំដែន ជាញឹកញាប់ និងបានអះអាងថា បានធ្វើលិខិតជូនដំណឹងទៅរដ្ឋាភិបាលប្រទេសទាំងនោះ កុំឲ្យពលរដ្ឋពួកគេ មកជួលដីខ្មែរ ជាប់ព្រំដែនបន្តទៀត។
ទោះបីជាយ៉ាងណាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ២០១៦អះអាងថា ពលរដ្ឋខ្មែរនៅតែជួលដីតាមព្រំដែនឲ្យជនជាតិវៀតណាម នៅស្រុកចន្ទ្រា ខេត្តស្វាយរៀងរាប់រយហិកតារ។
ប្រធានគណបក្សឆន្ទៈខ្មែរ លោក គង់ មូនីកា អះអាងថា ក្រុមប្រតិភូគណបក្សមួយនេះ បានចុះទៅស្រាវជ្រាវដីខ្មែរ តាមបណ្ដោយព្រំដែនខ្មែរ វៀតណាម ចំនួន ២ទីតាំង នៅម្ដុំវត្តបាក់ណាម ឃុំព្រៃកជ្រៃ ស្រុកកោះធំ ខេត្តកណ្ដាល និងស្រុកចន្ទ្រា ខេត្តស្វាយរៀង រកឃើញថា នៅតែមានការជួលដីខ្មែរ ឲ្យជនជាតិវៀតណាម។
លោក គង់ មូនីកា ថា គ្រាន់តែជនជាតិវៀតណាមម្នាក់ បានជួលដីខ្មែរ ប្រហែល ៤២ហិកតារ ដើម្បីធ្វើស្រែ ដោយពេលថ្ងៃ ជនជាតិវៀតណាមទាំងនោះចូលមកធ្វើស្រែ ហើយម៉ោង៤កន្លះល្ងាច ត្រលប់ទៅផ្ទះ នៅជាប់ព្រំដែនក្នុងដីវៀតណាមវិញ៖ «ឃើញជាក់ស្ដែងដំណាំទាំងអស់នឹងគេឃើញជនជាតិ វៀតណាមមកធ្វើស្រែនៅលើដីកម្ពុជាយើងមែនហើយគាត់បានប្រាប់ថា ម៉ោង៤កន្លះរសៀល គាត់ត្រលប់ទៅប្រទេសគាត់ ហើយមានកូនគាត់២នាក់ មកដេកយាមស្រូវ យាមស្រែក្នុងប្រទេសកម្ពុជាយើង។ ដូច្នេះជារឿងដដែលៗទេ ហើយគាត់ប្រាប់ថា មានដីស្រែដែលត្រូវធ្វើ៤២ហិកតារ។ ហ្នឹងខ្ញុំជួបតែមនុស្សម្នាក់ ឬពីរនាក់ទេ។ ដូច្នេះវាអាចនៅមានច្រើនទៀត ហើយពលរដ្ឋខ្មែរយើង គាត់ថាមាន ករណីជួលដី ដោយសារថា ពួកគាត់មិនអាចបង្កបង្កើនផលដោយខ្លួនឯងចំណេញទេ ដូច្នេះហើយ ជួលដីតំបន់ហ្នឹងខ្លះឲ្យវៀតណាម។ នេះជាការអង្កេតរបស់យើង ជាបឋម»។
រដ្ឋបាលខេត្តស្វាយរៀង អះអាងតាមទំព័រហ្វេសប៊ុកថា ក្រោយការស្រាវជ្រាវ ក្រុមការងារស្រុកចន្ទ្រា រកឃើញថា គ្មានជនជាតិវៀតណាម មកជួលដីធ្វើស្រែលើទឹកដីខ្មែរទេ។ ប៉ុន្តែចំពោះប្រជាពលរដ្ឋវៀតណាម ដែលចូលមកដីខ្មែរ គឺមកបង្ហាត់បង្ហាញបច្ចេកទេស ដល់កសិករខ្មែរ និងជួយដល់ម្ចាស់ស្រែក្នុងការបំបែកគុម្ពស្រូវ បាញ់ថ្នាំបំផ្លាញសត្វល្អិត ក្រោយពេលលក់ស្រូវពូជឲ្យកសិករខ្មែរ និងពេលល្ងាចត្រឡប់ទៅប្រទេសវៀតណាមវិញ។ រដ្ឋបាលស្រុកចន្ទ្រា សុំស្នើប្រធានគណបក្សឆន្ទៈខ្មែរ លោក គង់ មូនីកា កែតម្រូវ និងសុំទោសសាធារណមតិ នូវការផ្សព្វផ្សាយព័ត៌មានមិនពិត ជៀសវាងការភាន់ច្រឡំពីសាធារណជន។
លោក គង់ មូនីកា បដិសេធកែតម្រូវ និងហៅការឆ្លើយបដិសេធថា ជាលេសគ្មានទំនួលខុសត្រូវ របស់អាជ្ញាធរមូលដ្ឋាន។
អាស៊ីសេរីមិនអាចសុំការបញ្ជាក់ពី អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានទេ នៅថ្ងៃទី១ ធ្នូ ដោយសារ មិនលើកទូរស័ព្ទ។ ប៉ុន្តែ លោក ខៀវ សុភ័គ បានប្រាប់វិទ្យុក្នុងស្រុកថា ក្រសួងមហាផ្ទៃ មិនទាន់បដិសេធយ៉ាងណាទេ ទាមទារនូវភស្តុតាងច្បាស់លាស់ ដើម្បីបង្ហាញជាសាធារណៈ។ លោក ខៀវ សុភ័គ បញ្ជាក់ថា ប្រសិនបើរកឃើញថា មានការជួលដីខ្មែរតាមព្រំដែនមែន ម្ចាស់ដីជាពលរដ្ឋ ជាអ្នកទទួលខុសត្រូវមុខច្បាប់ ព្រោះគ្មានអាជ្ញាធរណា ហ៊ានចុះហត្ថលេខាទទួលស្គាល់ការជួលដីទេ៖ «អត់មានអាជ្ញាធរណាស៊ីញ៉េ ( ចុះហត្ថលេខា ) ឲ្យជួលទេ នរណាធ្វើត្រូវទទួលខុសត្រូវ។ និយាយរួមត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ប្រទេសកម្ពុជាតែម្ដង»។
ប្រធានសម្ព័ន្ធសមាគមកសិករកម្ពុជា លោក ថេង សាវឿន យល់ថា សារាចរណ៍របស់របបក្រុងភ្នំពេញ មិនអាចចាប់បង្ខំឲ្យកសិករតាមព្រំដែនអនុវត្តបានទាំងស្រុងទេ ប្រសិនរបបនេះ មិនជួយដោះស្រាយកង្វល់កសិករ។ សង្គមស៊ីវិលរូបនេះ ផ្ដល់យោបល់ថា របបក្រុងភ្នំពេញ ពិសេសក្រសួងកសិកម្ម ត្រូវស្ដារប្រព័ន្ធធារាសាស្ត្រ តាមព្រំដែនឲ្យបានល្អ ត្រូវផ្ដល់ហិរញ្ញប្បទាន កម្ចីទាបឲ្យកសិករតាមព្រំដែន ត្រូវអភិវឌ្ឍន៍ព្រំដែនឲ្យក្លាយជាតំបន់បៃតង ហើយទទួលយកកសិផលទាំងនោះ មកផ្គត់ផ្គង់នៅទីប្រជុំជន ឬក្នុងទីក្រុង ជំនួសឲ្យការនាំចេញទៅប្រទេសជិតខាង និងជំនួសទីផ្សារបន្លែ ត្រី សាច់ ដែលកំពុងនាំចូលពីប្រទេសជិតខាង៖ «ផលវិបាកនៅថ្ងៃមុខ រដ្ឋាភិបាលលំបាកដែរ ក្នុងការកំណត់ថា តើគួរតែធ្វើការនៅពេលដែលចប់វិនិយោគនៅតាមបណ្ដោយព្រំដែន លើវិស័យកសិកម្ម មានផលលំបាក ព្រោះថា កសិករមួយចំនួន គាត់បានធ្វើកុងត្រា ឬក៏ចុះកិច្ចសន្យារយៈពេលវែងជួលទៅឲ្យជនបរទេស។ ទី២ គឺធ្វើឲ្យប្រជាពលរដ្ឋនៅតាមបណ្ដោយព្រំដែនហ្នឹង គាត់ធ្វើការចំណាកស្រុកចេញពីព្រំដែន ព្រោះថា ប្រជាពលរដ្ឋក៏ជារបងមួយ ដើម្បីការពារព្រំដែនផងដែរ។ អ៊ីចឹងក៏អាចប៉ះពាល់ដល់បូរណភាពទឹកដីខ្លះៗផងដែរ រយៈពេលវែង។ ទី៣ ផលិតផលលើវិស័យកសិកម្ម ក្នុងការទ្រទ្រង់ជីវភាពរបស់ពលរដ្ឋខ្មែរ ក្នុងការលក់ហ្នឹង ក៏វាអាចប៉ះពាល់ដល់ជីវភាពផងដែរ»។
លោកបន្តថា របបក្រុងភ្នំពេញ ត្រូវបញ្ចប់កុងត្រា និងដកហូតដីសម្បទានទាំងអស់ តាមបណ្ដោយព្រំដែន មកធ្វើជាដីសម្បទានសង្គមកិច្ច ឬជួលឲ្យកសិករខ្មែរ ធ្វើស្រែចម្ការវិញ ដើម្បីជីវភាពកសិករខ្មែរ និងបូរណភាពទឹកដីកម្ពុជាផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។