ពលរដ្ឋ​នៅ​ខេត្ត​បាត់ដំបង​ចោទ​អាជ្ញាធរ​មូលដ្ឋាន​ថា រើសអើង​ក្នុង​ការ​ផ្ដល់​ប័ណ្ណ​ក្រីក្រ

ពលរដ្ឋ​នៅ​ខេត្ត​បាត់ដំបង ចោទ​អាជ្ញាធរ​មូលដ្ឋាន​ថា ផ្ដល់​ប័ណ្ណ​ក្រីក្រ (ប័ណ្ណ​សមធម៌) និង​មិន​អាច​បើក​ប្រាក់​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​ជូន​ពួកគាត់​រយៈ​ពេល ៥ខែ​មក​ហើយ។ មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​គួរ​ពិនិត្យ និង​ស្រាវជ្រាវ​ ហើយ​ដោះ​ស្រាយ​បញ្ហា​នេះ ជូន​ពលរដ្ឋ​ដោយ​តម្លាភាព និង​ផ្ដន្ទាទោស​លើ​មន្ត្រី​ទាំង​ឡាយ​ដែល​កេងប្រវ័ញ្ច​ពលរដ្ឋ​ក្រីក្រ។

ប្រជាពលរដ្ឋ​រស់​នៅ​ស្រុក​កោះ​ក្រឡ ខេត្ត​បាត់ដំបង សោក​ស្ដាយ​ចំពោះ​អាជ្ញាធរ​មូលដ្ឋាន ដែល​មិន​បើក​ប្រាក់​សម​ធម៌​ជូន​ដល់​ពួកគាត់។ ពួកគាត់​ថា ក្រោយ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ពួក​គាត់​តែង​ទៅ​សាលាឃុំ​រាល់​ខែ ដើម្បី​សួរ​នាំ​ទាក់ទង​ពី​ការ ដែល​មិន​អាច​ដក​ប្រាក់​ពី​បញ្ជី​ពលរដ្ឋ​ក្រីក្រ ប៉ុន្តែ​មន្ត្រី​ឃុំ ជំរុញ​ឱ្យ​ទៅ​សួរ​ថ្នាក់​លើ ហើយ​ថ្នាក់​លើ​បាន​ឱ្យ​ពលរដ្ឋ​មក​សួរ​ឃុំ​ទៅ​វិញ។

ពលរដ្ឋ​ក្រីក្រ​រស់​នៅ​ឃុំ​ដូនបា ស្រុក​ក្រឡ លោកស្រី វ៉ៃ មុំ ប្រាប់​វិទ្យុ​អាស៊ី​សេរី​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី៧ វិច្ឆិកា ថា លោក​ស្រី​មិន​បាន​បើក​ប្រាក់​សមធម៌ (ប័ណ្ណ​ក្រីក្រ) របស់​រដ្ឋាភិបាល​ផ្ដល់​ឱ្យ​រយៈពេល​ជិត ៦ខែ​ហើយ។ លោក​ស្រី​ថា ក្រោយ​ពី​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ លោកស្រី​តែង​ត្រូវ​បាន​រើសអើង​ពី​អាជ្ញាធរ​ដោយសារ​តែ​លោកស្រី មិន​ចូល​ជា​សមាជិក​គណបក្សប្រជាជន​កម្ពុជា។ លោក​ស្រី​បន្ត​ថា​ ក្រោយ​ពី​រង​ចាំ​អាជ្ញាធរ​ឃុំ​គ្មាន​ដំណោះស្រាយ លោកស្រី​ក៏​សម្រេច​ចិត្ត​ទាក់ទង​សួរ​នាំ​ទៅ​ ខាង​សាលាខេត្ត​បាត់ដំបង​ ប៉ុន្តែ​ខាង​មន្ត្រី​ខេត្ត​ក៏​អោយ​លោកស្រី​ត្រឡប់​ទៅ​សួរ​ខាង​ឃុំ​វិញ​។ លោកស្រី វ៉ៃ មុំ បន្ថែម​ថា​ ទោះ​មានការ​បញ្ជាក់​ពី​ខេត្ត​ក្ដី ក៏​រដ្ឋបាល​ឃុំ​ដូនបា​ នៅ​តែ​មិន​ព្រម​ធ្វើ​ប័ណ្ណ​ក្រីក្រ​ឱ្យ​អ្នកស្រី​នោះ​ទេ ហើយ​អាជ្ញាធរ​ថែម​ទាំង បាន​ស្ដីបន្ទោស​អ្នកស្រី​ថា គ្រាន់​តែ​រឿង​ប៉ុន​ហ្នឹង​ចាំ​ដល់​ថ្នាក់​ខេត្ត​ដែរ។ អ្នកស្រី វ៉ៃ មុំ ចាត់​ទុក​ទង្វើ​របស់​អាជ្ញាធរ​ថា ជា​ការ​រើសអើង​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​គ្រប់គ្រង​ និង​ធ្វើការ​គ្មាន​ការ​ទំនួល​ខុសត្រូវ។ លោកស្រី​សំណូមពរ​ដល់​រដ្ឋាភិបាល​អោយ​មានការ​ត្រួតពិនិត្យ​ពី​ភាព​មិន​ប្រក្រតី​នៅ​ក្នុង​ឃុំ​ដូនបា​ពាក់ព័ន្ធ​ប័ណ្ណ​សមធម៌​ ឬ​ប័ណ្ណ​ក្រីក្រ៖

«គាត់​ថា ប័ណ្ណ​ហ្នឹង បើ​គាត់​ធ្វើ​ឱ្យ​ខ្ញុំ ហើយ​ខ្ញុំ​បាត់​រយៈ​ពេល ៥ខែ​មក​ហើយ អា ៥ខែ​ហ្នឹង បើក​អត់​បាន​ទេ បើ​បាន បាន​តែ​អា​ថ្មី។ ខ្ញុំ​អត់​យក​ទេ​ ព្រោះ​អី​ខ្ញុំ​បាត់ ៥ខែ​ហើយ ព្រោះ​អី​លុយ​ហ្នឹង​ក៏​វា​ច្រើន​ដែរ បាត់ ៥ខែ ខ្ញុំ​ត្រូវការ​យក​អា​ប័ណ្ណ​ចាស់ ដល់​ពេល​គេ​ថា​អត់​បាន​ទេ បើ​ធ្វើៗ បាន​តែ​អា​ប័ណ្ណ​ថ្មី។ ខ្ញុំ​ថា ចុះ​ហេតុអ្វី​បើក​ឥឡូវ​នេះ​បាន ហេតុ​អ្វី ៥ខែ​កន្លង​មក ហេតុ​អ្វី​បើក​មិន​បាន​ ដល់​ហើយ​គាត់​ថា អត់​បាន​ទេ​ ហើយ​ក៏​បន្ទោស​ខ្ញុំ ហេតុអ្វី​ចាំបាច់​សួរ​ដល់​ហ្នឹង​ធ្វើ​អ្វី?អ៊ីចឹង​ដល់​ពេល​ខ្ញុំ​និយាយ​ថា ហេតុអ្វី​បាន​បាត់​របស់​ខ្ញុំ បើ​អ្នក​ឯង​ធ្វើការ​នឹង​ដៃ​ឆ្លើយ​ថា​មិន​ដឹង​នោះ ហើយ​គេ​នោះ​ គេ​ខាង​លើ​ក៏​គេ​ឆ្លើយ​ថា​អត់​ដឹង​ដែរ»។

ស្រដៀង​គ្នា​នេះ​ដែរ ពលរដ្ឋ​ក្រីក្រ​រស់​នៅ​ឃុំ​ដូនបា ស្រុក​កោះ​ក្រឡ លោក ផុន ម៉ៅ លើក​ឡើង​ថា កាល​ពី​មុន​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់ អាជ្ញាធរ​មូលដ្ឋាន​ប្រាប់​លោក​ថា បោះ​ឆ្នោត​ជូន​គណបក្ស​កាន់​អំណាច​ទៅ​ អាជ្ញាធរ​នឹង​ធ្វើ​ប័ណ្ណ​ក្រីក្រ​ជូន​លោក។ លោក​ថា ក្រោយ​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​លោក​មិន​អាច​ដក​ប្រាក់​សមធម៌​បាន​ឡើយ ហើយ​លោក​បាន​ទាក់ទង​ទៅ​អាជ្ញាធរ​ឃុំ​ដែរ​ ប៉ុន្តែ​គ្មាន​ដំណោះ​ស្រាយ​អ្វី​ឡើយ៖

«មុន​បោះ​ឆ្នោត គេ​គំរាម​ខ្ញុំ​ថា បើ​បោះ បោះ​ឱ្យ​គេ​ទៅ កុំ​ឱ្យ​បោះ​ឱ្យ​អ្នកណា បើ​មិន​បោះ​អោយ​គេ​ តែ​គេ​ឈ្នះ​គេ​ដក​ប័ណ្ណ​ក្រីក្រ​ ហើយ​នឹង​គេ​ដក​ដី ដល់​ពេល​បោះឆ្នោត​រួច គេ​កាត់​ខ្ញុំ​មែន​។​ អ៊ីចឹង​ដល់​កាត់​រួច​ខ្ញុំ​ខែ​ទី១ ខ្ញុំ​នៅ​ទៅ​សួរ ទៅ​សួរ​គេ​ថា​អត់​ដឹង​ទេ ខ្ញុំ​អត់​ដឹង​ដែរ។ ដល់​ខ្ញុំ​ឡើង​ទៅ​គ្រប់​៥ខែ គេ​ថា គួរ​តែ​ដឹង​ខ្លួន​ហើយ យើង​ម៉េច​បាន​គេ​កាត់?អ៊ីចឹង​បាន​ន័យ​ថា គេ​រើសអើង​ខ្ញុំ​ហើយ គេ​ថា ដល់​សួរ​គេ​ទៅ​គេ​ថា​អត់​ដឹង​ទេ មេ​លើ​កាត់ ដល់​ខ្ញុំ​ទៅ​ដល់​ខេត្ត​ថា​អត់​ដឹង​ផង ឱ្យ​ឃុំ​បើក​លុយ​អោយ​គេ​វិញ អ៊ីចឹង​ពន្យារ​ពេល​មក ២ខែ​ទៀត ហើយ​អត់​បើក​ឱ្យ​ខ្ញុំ»។

កន្លងមក ប្រជាពលរដ្ឋ​ក្រីក្រ​ស្ទើរតែ​ទូទាំង​ប្រទេស តែងតែ​លើក​ឡើង​ថា អាជ្ញាធរ​ធ្វើ​ប័ណ្ណ​ក្រីក្រ​ជូន​ពលរដ្ឋ គ្មាន​តម្លាភាព និង​និយម​បក្សពួក​។ ពលរដ្ឋ​មើល​ឃើញ​ ថា​អាជ្ញាធរ​នៅ​តាម​ឃុំ​សង្កាត់​មួយ​ចំនួន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ក្នុង​ការ​ធ្វើ​ប័ណ្ណ​ក្រីក្រ (សមធម៌)។ ពួកគាត់​ស្នើ​ដល់​រដ្ឋាភិបាល​ និង​ស្ថាប័ន​ពាក់ព័ន្ធ​គួរ​ពិនិត្យ និង​រក​យន្តការ​ដោះ​ស្រាយ​បញ្ហា​នេះ​ប្រកប​ដោយ​តម្លាភាព ដើម្បី​អោយ​ពលរដ្ឋ​ក្រីក្រ​ពិត​ប្រាកដ​ទទួល​បាន​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​យក​មក​ដោះ​ស្រាយ​ជីវភាព។

ទាក់ទង​រឿង​នេះ​ មេឃុំ​ដូនបា លោក ចិន សំអន ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា លោក​កំពុង​ដោះស្រាយ​ជូន​ពលរដ្ឋ​ ហើយ​លោក​ថា​បញ្ហា​នេះ​ មិនមែន​កើត​ឡើង​តែ​ភូមិ​ឆក​រកា​ឡើយ។ លោក​បន្ត​ថា ការ​ដោះស្រាយ​បញ្ហា​នេះ​អាច​ប្រើ​រយៈ​ពេល ១ឆ្នាំ ទើប​អាច​បើក​ប្រាក់​វិញ​បាន។

«យើង​មិន​ដឹង​ថា​យ៉ាងម៉េច​ទេ ប៉ុន្តែ​យើង​កំពុង​តែ​ធ្វើការ​ដោះស្រាយ​ជូន​គាត់ មិនមែន​មាន​តែ​គាត់​ទេ​ ការ​បាត់​លេខ​កូដ​ ការ​បាត់​លុយ​បាត់​កាក់​ហ្នឹង​ច្រើន​ណាស់​ តវ៉ា​បាន​បន្តៗ ហើយ អ្នក​ខ្លះ​ដល់ ១ឆ្នាំ​ អ្នកខ្លះ​ដល់ ៣ខែ​អ៊ីចឹង​ទៅ​ណា។ អា​ហ្នឹង​ផែនការ​ហិរញ្ញ​វត្ថុ​ ឬ​ក៏​ក្រសួង​ពាក់ព័ន្ធ​ក្នុង​រឿង​ហ្នឹង​ ធ្វើ​យ៉ាង​ម៉េច​យ៉ាង​ម៉ា​អា​ហ្នឹង​ខ្ញុំ​អត់​ដឹង​ក្នុង​រឿង​ហ្នឹង​ទេ។ ការ​បាត់​ការ​បង់​អា​ហ្នឹង ខ្ញុំ​អត់មាន​ទទួល​ដឹង​ជា​អ្វី​ទេ​ ប៉ុន្តែ​យើង​នឹង​ធ្វើការ​ដោះស្រាយ​ជូន​គាត់​ត្រូវ​តែ​បាន»។

ជុំវិញ​រឿង​នេះ​មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ខេត្ត​បាត់ដំបង លោក យិន ម៉េងលី លើកឡើង​ថា​ប័ណ្ណ​សមធម៌​ជា​គោលការណ៍​របស់​រដ្ឋាភិបាល​ ជា​ថវិកា​របស់​រដ្ឋ​ មិន​ជា​របស់​គណបក្ស​នយោបាយ​ឡើយ។ លោក​បន្ត​ថា ប្រសិន​ជា​របស់​គណបក្ស​នយោបាយ គឺ​គេ​បែងចែក​ទៅ​តាម​សាខា​គណបក្ស​ មិនមែន​បែងចែក​ទៅ​តាម​រដ្ឋបាល​ឃុំ​សង្កាត់​ឡើយ។ លោក​ថា អាជ្ញាធរ​ថ្នាក់​ខេត្ត​បាន​ដឹង​បញ្ហា​នេះ​ហើយ គួរតែ​ពិនិត្យ និង​រក​មូលហេតុ​អោយ​ច្បាស់​ថា ប្រាក់ ៥ខែ ដែល​បាត់​បង់​នោះ នៅ​ត្រឹម​ណា និង​ទៅ​អ្នកណា។ លោក យិន ម៉េងលី បញ្ជាក់​ថា បើ​គ្មាន​វិធានការ​ផ្លូវ​ច្បាប់ ចំពោះ​អ្នក​ប្រព្រឹត្ត​ខុស នោះ​បញ្ហា​ដដែល​នឹង​កើត​ឡើង​ជា​បន្ត​បន្ទាប់​ទៀត៖

«ប្រសិន​បើ​រឿង​ហ្នឹង​វា​ជា​ការ​ពិត​អ៊ីចឹង វា​មាន​ចូល​រឿង​មួយ​ទៀត គឺ​អំពើ​ពុករលួយ​នៅ​ក្នុង​ហ្នឹង។ ទី១ វា​ជា​ការ​រើសអើង​និន្នាការ​នយោបាយ ដោយ​សារ​តែ​គាត់​មាន​និន្នាការ​គណបក្ស​ផ្សេង​។ ទី២ ការ​បាត់ ៥ខែ ដែល​គាត់​កំពុង​តែ​ទាមទារ​ឱ្យ​បាន​មក​វិញ​ហ្នឹង​ វា​ជា​អំពើ​ពុករលួយ​ យើង​ត្រូវ​តែ​ចំណាត់​ការ​តាម​ផ្លូវ​ច្បាប់ អាជ្ញាធរ​ថ្នាក់​ខេត្ត​លោក​ត្រូវ​តែ​មាន​វិធានការ។ ប្រសិន​បើ​យើង​គ្រាន់​តែ​ថា​ អោយ​បើក​ប័ណ្ណ​សមធម៌​ដំណើរការ​ឡើង​វិញ ហើយ​យើង​មិន​មាន​ចំណាត់​ការ​អ្វី ដោយសារ​តែ​អ្នកនោះ​ជា​គ្នីគ្នា​យើង​ ជា​បក្សពួក​យើង បញ្ហា​នេះ វា​នឹង​កើត​ឡើង​ទៀត នៅ​តាម​បណ្ដា​ឃុំ​ស្រុក​ផ្សេង​ទៀត»។

កន្លងមក​អគ្គនាយក​ផែនការ​កាល​ពី​ខែ​តុលា អោយ​ដឹង​ថា​ គ្រួសារ​ក្រីក្រ​ ដែល​មាន​ប័ណ្ណ​សមធម៌ ឬ​ប័ណ្ណ​ក្រីក្រ​ត្រូវ​បាន​វាយ​តម្លៃ​ដោយ​អាជ្ញាធរ​មូលដ្ឋាន​រៀងរាល់​បី​ខែ​ម្ដង​ ដើម្បី​មើល​ថា តើ​ពួក​គេ​នៅ​មាន​សិទ្ធិ​ទទួល​បាន​កម្ម​វិធី​ផ្ដល់​ប័ណ្ណ​សមធម៌​ឬ​ទេ។ ប៉ុន្តែ​ចំនួន​គ្រួសារ​ដែល​សមស្រប​តាម​លក្ខខណ្ឌ​តម្រូវ​កំពុង​កើន​ឡើង​ចំនួន​ជាង ៧០ម៉ឺន​គ្រួសារ (៧១០.០០០) ស្មើ​នឹង​ជិត ៣លាន​នាក់ (២,៨លាន) នៅ​ទូទាំង​ប្រទេស ខណៈ​ដែល​រដ្ឋាភិបាល​បាន​ផ្ដល់​សុខុមាលភាព​សង្គម​ចំនួន​ជាង ៨រយ​លាន​ដុល្លារ​(៨០០.០០០.០០០$) ចាប់​តាំង​ពី​ថ្ងៃ​ទី២៤ ខែ​មិថុនា​ឆ្នាំ២០២០។

ប្រជាពលរដ្ឋ និង​សង្គម​ស៊ីវិល​ទទូច​ដល់​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​គួរ​ពិចារណា​ឡើង​វិញ​ ត្រួតពិនិត្យ​ទៅ​លើ​ភាព​មិន​ប្រក្រតី​ក្នុង​ការ​ផ្ដល់​ប័ណ្ណ​​ក្រីក្រ នៅ​តាម​មូលដ្ឋាន​ ដើម្បី​អោយ​ពលរដ្ឋ​ក្រីក្រ​ពិត​ប្រាកដ​ទទួល​បាន​ការ​ជួយ​សង្គ្រោះ​ពី​រដ្ឋាភិបាល​ និង​ចាត់​វិធានការ​ដល់​មន្ត្រី​ខិលខូច​នៅ​តាម​មូលដ្ឋាន​ឱ្យ​បាន​ធ្ងន់ធ្ងរ​ទៅ​ច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។