ព្រឹត្តិការណ៍​នៃ​ជម្លោះ​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​នៅ​ឆ្នាំ​២០១៥

ដោយ សូត សុខប្រាថ្នា
2015.12.31
ព្រំដែន​ស្វាយរៀង ៦២០ ពលរដ្ឋ​វៀតណាម នៅ​ចំណុច​ភូមិ​ធ្លក ឃុំ​ត្នោត ស្រុក​កំពង់រោទិ៍ ក្នុង​ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៥។
Photo Provided

បញ្ហា​ព្រំដែន​ប្រទេស​កម្ពុជា ជាមួយ​ប្រទេស​ជិត​ខាង ជាពិសេស​ជាមួយ​ប្រទេស​វៀតណាម នៅ​ក្នុង​ឆ្នាំ​២០១៥ គឺ​ជា​សញ្ញា​មួយ​វិវឌ្ឍន៍​គួរ​ឲ្យ​កត់​សម្គាល់។ ការ​វិវឌ្ឍ​ទាំង​នោះ មាន​ទាំង​ការ​ចុះ​ពិនិត្យ​មើល​ព្រំដែន​នៅ​តំបន់​ដី​ជម្លោះ​ពី​សំណាក់​ព្រះសង្ឃ ក្រុម​យុវជន ប្រជាពលរដ្ឋ​ខ្មែរ និង​ចាម អ្នក​តំណាង​រាស្ត្រ នៅ​ចំណុច​ដី​ជម្លោះ​មួយ​ចំនួន ដូចជា​នៅ​ខេត្ត​ត្បូងឃ្មុំ ខេត្ត​ស្វាយរៀង ខេត្ត​រតនគិរី ខេត្ត​កណ្ដាល ជាដើម។

បញ្ហា​ទាំង​នេះ ឈាន​រហូត​ដល់​មាន​ការ​ផ្ទៀងផ្ទាត់​ផែនទី​របស់​រាជ​រដ្ឋាភិបាល​កំពុង​ប្រើប្រាស់​បច្ចុប្បន្ន ជាមួយ​ផែនទី​ដែល​តម្កល់​នៅ​បណ្ដា​ប្រទេស​មួយ​ចំនួន ព្រម​ទាំង​បង្កើត​ឲ្យ​មាន​ក្រុម​ស្រាវជ្រាវ​បញ្ហា​ព្រំដែន​ទៀត​ផង។

វិបត្តិ​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម ប្រែ​ជា​ស្ងប់ស្ងាត់​បន្តិច​នៅ​ចុង​ឆ្នាំ​២០១៥ ក្រោយ​ពេល​មាន​សកម្មភាព​ចាប់​ខ្លួន​មន្ត្រី​គណបក្ស​ប្រឆាំង​ដាក់​ពន្ធនាគារ ហើយ​មាន​មន្ត្រី​ខ្លះ ត្រូវ​និរទេស​ទៅ​ក្រៅ​ស្រុក​ពាក់ព័ន្ធ​រឿង​ព្រំដែន និង​រឿង​សន្ធិសញ្ញា​ព្រំដែន​នេះ ដូចជា​ករណី​សមាជិក​ព្រឹទ្ធសភា​ពី​គណបក្ស​ប្រឆាំង លោក ហុង សុខហួរ ដែល​ត្រូវ​តុលាការ​ក្រុង​ភ្នំពេញ សម្រេច​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស ដោយ​ចោទ​ប្រកាន់​ថា បាន​ក្លែង​ឯកសារ និង​ញុះញង់​ជុំវិញ​ការ​បង្ហោះ​ឯកសារ​ពាក់ព័ន្ធ​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា-វៀតណាម កាល​ពី​ឆ្នាំ​១៩៧៩។

ស្ថានភាព​ព្រំដែន​រវាង​ប្រទេស​កម្ពុជា-វៀតណាម គឺ​ជា​បញ្ហា​ក្តៅ ឬ​បញ្ហា​រសើប​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា និង​ជា​ការ​ចាប់​អារម្មណ៍​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ឆ្នាំ​២០១៥។ បញ្ហា​ទាំងឡាយ​កាន់​តែ​ឡើង​កម្ដៅ​ខ្លាំង ក្រោយ​ពេល​មាន​ក្រុម​អាជ្ញាធរ ឬ​កង​កម្លាំង​វៀតណាម បាន​ចូល​បាញ់​ថ្នាំ​ពុល​បំផ្លាញ​ដំណាំ​កសិករ​ខ្មែរ​នៅ​ភូមិ​ជើង ឃុំ​ជាំ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ កាល​ពី​ខែ​មេសា កន្លង​ទៅ។

គេ​នៅ​ចាំ​ថា កាល​ពី​ថ្ងៃ​ទី​១៩ មេសា កង​កម្លាំង​អាជ្ញាធរ​វៀតណាម ជិត ១០​នាក់ ប្រដាប់​ដោយ​អាវុធ​ផង មក​បាញ់​ថ្នាំ​គីមី​ពុល​លើ​ដំណាំ​ដំឡូង ពោត ស្រូវ​របស់​កសិករ​នៅ​ភូមិ​ជើង ត្រង់​ចំណុច​ជាំប្រាំល្វែង បណ្ដាល​ឲ្យ​ខូចខាត​ដំណាំ​ជាច្រើន​ហិកតារ។ ហេតុការណ៍​នេះ អាជ្ញាធរ​មូលដ្ឋាន​ក៏​បាន​បញ្ជូន​លិខិត​មក​អាជ្ញាធរ​ស្រុក និង​អ្នក​តំណាង​រាស្ត្រ ដើម្បី​ស្នើ​ឲ្យ​ជួយ​អន្តរាគមន៍​ចំពោះ​សកម្មភាព​ទាំង​នោះ។ ក្រោយ​មក តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​ផ្ញើ​លិខិត​មួយ​ទៅ​ប្រធាន​រដ្ឋសភា ដើម្បី​ស្នើសុំ​ឲ្យ​ប្រធាន​គណៈកម្មការ​កិច្ចការ​ព្រំដែន​កម្ពុជា បំភ្លឺ​ជុំវិញ​ករណី​នេះ។

ព័ត៌មាន​នៃ​ការ​បំផ្លាញ​ដំណាំ​ពលរដ្ឋ​នៅ​ភូមិ​ជើង ឃុំ​ជាំ ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ពលរដ្ឋ​ខ្មែរ​ស្ទើរ​ទូទាំង​នគរ​ភ្ញាក់​ផ្អើល ពិសេស​ក្រោយ​ពេល​ប្រមុខ​ការទូត​នៃ​ប្រទេស​កម្ពុជា គឺ​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​ចេញ​លិខិត​មួយ​កាល​ពី​ថ្ងៃ​ទី​៤ ខែ​ឧសភា ឆ្នាំ​២០១៥ ដោយ​បញ្ជាក់​ថា ចំណុច​ដី​ជាង ១៦​ហិកតារ​ដែល​អាជ្ញាធរ​វៀតណាម បាញ់​ថ្នាំ​ពុល​នោះ គឺ​ជា​ដី​របស់​គេ ហើយ​ពលរដ្ឋ​ខ្មែរ​បាន​ដាំ​ដំណាំ​នៅ​លើ​ដី​របស់​វៀតណាម។

ចម្ងល់​ទាំង​នេះ ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ជាតិ រួម​មាន ក្រុម​តំណាង​រាស្ត្រ អ្នក​សារព័ត៌មាន សង្គម​ស៊ីវិល យុវជន ពលរដ្ឋ​ខ្មែរ និង​ចាម ផង បាន​ចុះ​ពិនិត្យ​មើល​តំបន់​ជម្លោះ​ជា​បន្តបន្ទាប់។ ការ​ចុះ​ពិនិត្យ​មើល​តំបន់​ជម្លោះ​នៅ​តាម​ព្រំដែន​កម្ពុជា-វៀតណាម កាន់​តែ​ផុសផុល​ឡើង រួម​មាន សកម្មភាព​នៅ​ភូមិ​ជើង ឃុំ​ជាំ កាល​ពី​ខែ​មេសា និង​ខែ​ឧសភា។ សកម្មភាព​ចុះ​មើល​ព្រំដែន​នៅ​ចំណុច​ភូមិ​លំ ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី កាល​ពី​ដើម​ខែ​មិថុនា ក្រោយ​ពេល​មាន​ដំណឹង​ថា អាជ្ញាធរ​វៀតណាម បាន​ជីក​ស្រះ​ចំនួន​៨ នៅ​តំបន់​ហាម​ឃាត់។

បន្ទាប់​មក​នៅ​ថ្ងៃ​ទី​២០ មិថុនា ក្រុម​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន លោក រៀល ខេមរិន្ទ្រ និង​លោក អ៊ុំ សំអាន ព្រម​ទាំង​ប្រជាពលរដ្ឋ ព្រះសង្ឃ ក្រុម​យុវជន ចុះ​ពិនិត្យ​មើល​ស្ថានភាព​ព្រំដែន​នៅ​តំបន់​ព្រែក​ស្បូវ ឃុំ​សំពៅពូន ស្រុក​កោះធំ ខេត្ត​កណ្តាល បន្ទាប់​ពី​មាន​ដំណឹង​ថា អាជ្ញាធរ​វៀតណាម បាន​ចូល​មក​ធ្វើ​ប៉ុស្តិ៍​យាម​នៅ​ក្នុង​តំបន់​ស ឬ​តំបន់​ហាម​ឃាត់។ ក្រោយ​គ្នា​បន្តិច ក្រុម​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ដដែល ក៏​បាន​ដឹក​នាំ​ប្រជាពលរដ្ឋ​ចុះ​ទៅ​ពិនិត្យ​មើល​ស្ថានភាព​ព្រំដែន​នៅ​ខេត្ត​ស្វាយរៀង ម្តង។

រាល់​សកម្មភាព​ចុះ​ទៅ​ពិនិត្យ​មើល​ស្ថានភាព​តំបន់​ជម្លោះ​តាម​បណ្តោយ​ព្រំដែន​ប្រទេស​ទាំង​ពីរ​កន្លង​មក គឺ​មាន​ពេល​ខ្លះ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ដោយ​មាន​អាជ្ញាធរ​ខ្មែរ​ជួយ​សម្រួល​ផង ប៉ុន្តែ​ពេល​ខ្លះ គឺ​ត្រូវ​ប៉ះ​ទង្គិច​ជាមួយ​អាជ្ញាធរ​វៀតណាម ឬ​មាន​ការ​រារាំង​ពី​សំណាក់​អាជ្ញាធរ​ខ្មែរ​ក៏​មាន។

ជាក់ស្តែង កាល​ពី​ថ្ងៃ​ទី​២៨ មិថុនា យ៉ាង​ហោច​ណាស់​មាន​ពលរដ្ឋ​ខ្មែរ​ជាង ១០​នាក់​រង​របួស​ធ្ងន់ និង​ស្រាល ក្នុង​នោះ​មាន​ទាំង​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ម្នាក់ គឺ​លោក រៀល ខេមរិន្ទ្រ ត្រូវ​បាន​រង​របួស​ធ្ងន់ធ្ងរ​ក្នុង​ព្រឹត្តិការណ៍​ហិង្សា​ជាមួយ​ពលរដ្ឋ និង​អាជ្ញាធរ​វៀតណាម ខណៈ​ពួក​គេ​រារាំង​មិន​ឲ្យ​ពលរដ្ឋ​ខ្មែរ អាច​ទៅ​មើល​ស្ថានភាព​ព្រំដែន​នៅ​ចំណុច​មាន​ជម្លោះ​ក្បែរ​បង្គោល​លេខ​២០៣ ក្នុង​ភូមិ​ធ្លក ឃុំ​ត្នោត ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង។

ហេតុការណ៍​នេះ រាជ​រដ្ឋាភិបាល​ខ្មែរ​បាន​ត្រឹម​សោកស្ដាយ និង​ថ្កោលទោស​ចំពោះ​អំពើ​ហិង្សា​នោះ ប៉ុន្តែ​មិន​មាន​វិធានការ​ផ្លូវ​ច្បាប់​ណា​មួយ​ដាក់​ទោស​ទណ្ឌ​អ្នក​បង្ក​ហិង្សា​ពេល​នោះ​ទេ។ រីឯ​ភាគី​វៀតណាម ក៏​បាន​ថ្កោលទោស​គណបក្ស​សង្គ្រោះ​ជាតិ ត្រឡប់​វិញ ដែល​បាន​ដឹក​នាំ​ប្រជាពលរដ្ឋ ព្រះសង្ឃ យុវជន​មើល​ព្រំដែន​រហូត​មាន​អំពើ​ហិង្សា​ឡើង។

ជាមួយ​គ្នា​នេះ សមាជិក​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង បាន​ដាក់​លិខិត​ស្នើសុំ​ឲ្យ​រាជ​រដ្ឋាភិបាល យក​ផែនទី​ដើម ឬ​ផែនទី​បោន​ខ្នាត ១/១០០.០០០ ដែល​តម្កល់​ទុក​នៅ​អង្គការ​សហប្រជាជាតិ មក​ផ្ទៀងផ្ទាត់​ជាមួយ​ផែនទី​ប្រើប្រាស់​បច្ចុប្បន្ន ពីព្រោះ​តំណាង​រាស្ត្រ​ទាំង​នោះ​យល់​ថា ជា​ផែនទី​ដែល​ធ្វើ​ឲ្យ​ទឹក​ដី​កម្ពុជា ត្រូវ​បាត់បង់។

ឆ្លើយ​តប​តាម​ការ​ស្នើសុំ​របស់​មន្ត្រី​គណបក្ស​ប្រឆាំង រាជ​រដ្ឋាភិបាល​ខ្មែរ​បាន​ស្នើសុំ​ខ្ចី​ផែនទី​ពី​បណ្ដា​ប្រទេស​មួយ​ចំនួន រួម​មាន ប្រទេស​បារាំង សហរដ្ឋ​អាមេរិក អង់គ្លេស និង​អង្គការ​សហប្រជាជាតិ (UN) ផង។

កាល​ពី​ចុង​ខែ​កក្កដា អង្គការ​សហប្រជាជាតិ បាន​ឆ្លើយ​តប​ទៅ​នឹង​សំណើ​របស់​រដ្ឋាភិបាល​កម្ពុជា ដោយ​បញ្ជាក់​ថា ពួក​គេ​មិន​អាច​រក​ឃើញ​ផែនទី​ខ្នាត ១/១០០.០០០ ផលិត​នៅ​ចន្លោះ​ឆ្នាំ​១៩៣៣ និង​ឆ្នាំ​១៩៥៣ ដែល​បោះពុម្ព​ដោយ​ក្រុម​ភូមិសាស្ត្រ​ឥណ្ឌូចិន បាន​ទេ ប៉ុន្តែ យូ.អិន (UN) រក​ឃើញ​ផែនទី យូ.ធី.អឹម (UTM) ចំនួន ១៨​ផ្ទាំង​ស្ដីពី​អាមេរិក​ទម្លាក់​គ្រាប់​បែក​នៅ​កម្ពុជា។

ជា​លទ្ធផល រាជ​រដ្ឋាភិបាល​បាន​ប្រគល់​ការងារ​ផ្ទៀងផ្ទាត់​ផែនទី និង​ស្រាវជ្រាវ​បញ្ហា​ព្រំដែន​ទៅ​ឲ្យ​រាជបណ្ឌិត្យសភា​កម្ពុជា ដោយ​មាន លោក សុខ ទូច ជា​ប្រធាន។ ការ​ផ្ទៀងផ្ទាត់​ផែនទី​ផ្សេងៗ​ជាមួយ​ផែនទី​រដ្ឋាភិបាល​ប្រើប្រាស់ គឺ​មាន​ចំណុច​ដូច​គ្នា​ច្រើន រាជបណ្ឌិត្យសភា ក៏​សម្រេច​យក​ផែនទី​របស់​រដ្ឋាភិបាល​ទៅ​ប្រើប្រាស់​ក្នុង​ការ​ស្រាវជ្រាវ​របស់​ខ្លួន។

ទាក់ទង​បញ្ហា​នេះ ប្រធាន​ក្រុម​ស្រាវជ្រាវ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា ដំណើរ​ការ​ស្រាវជ្រាវ គឺ​មិន​ទាន់​មាន​លទ្ធផល​នៅ​ឡើយ ពីព្រោះ​ការ​ស្រាវជ្រាវ​នៅ​មិន​ទាន់​បាន​បញ្ចប់។ លោក​បន្ត​ថា ក្រុម​របស់​លោក​ត្រូវ​ដើរ​នៅ​លើ​ផ្ទៃដី​ជាង ១​ពាន់​គីឡូម៉ែត្រ តាម​បណ្ដោយ​ព្រំដែន​កម្ពុជា-វៀតណាម។ ការងារ​នេះ ក្រុម​អ្នក​ស្រាវជ្រាវ​ចាប់​ផ្តើម​អនុវត្ត​លើ​ផ្ទៃដី​កាល​ពី​ខែ​កក្កដា ហើយ​ពួក​គាត់​ដើរ​បាន​ចម្ងាយ ៤០០​គីឡូម៉ែត្រ​មក​ទល់​ដំណាច់​ឆ្នាំ​២០១៥ ដោយ​រក​ឃើញ​បង្គោល​បារាំង បន្សល់​ទុក​ជាង ៩០​បង្គោល។ លោក​ឲ្យ​ដឹង​ទៀត​ថា ការ​ចុះ​សិក្សា​នៅ​លើ​ផ្ទៃដី​នឹង​អាច​បញ្ចប់​ឆ្នាំ​២០១៦ ហើយ​ឆ្នាំ​២០១៧ នឹង​ឈាន​ទៅ​ផ្ទៀងផ្ទាត់​អ្វី​ដែល​បាន​រក​ឃើញ​នៅ​លើ​ផ្ទៃដី​ជាមួយ​ផែនទី​ដែល​បាន​ប្រើប្រាស់៖ «ខាង​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​ថា ពួក​គេ​បាន​យល់ព្រម​ចប់​អស់​ហើយ ហើយ​យើង​សិក្សា​ទៅ​បាន​ផ្តល់​ឲ្យ​បណ្ដើរៗ បើ​មាន​ចេញ​ចូល​ត្រង់​ណា​យើង​នឹង​ប្រាប់»

ជាមួយ​គ្នា​នេះ កាល​ពី​ថ្ងៃ​ទី​២៦ ធ្នូ ប្រមុខ​រាជ​រដ្ឋាភិបាល​ព្រះរាជាណាចក្រ​កម្ពុជា លោក ហ៊ុន សែន និង​ប្រមុខ​រដ្ឋាភិបាល​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម លោក ង្វៀង តាន់យុង (Nguyen Tan Dung) ជំរុញ​ឲ្យ​បន្ត​បោះ​បង្គោល​ព្រំដែន​គោក​នៃ​ប្រទេស​ទាំង​ពីរ​ឲ្យ​បាន​ចប់​សព្វគ្រប់​នៅ​ពេល​ខាង​មុខ ដើម្បី​បន្ត​បោះ​បង្គោល​ព្រំដែន​ទឹក​នៃ​ប្រទេស​ទាំង​ពីរ​បន្ត​ទៀត។

ព្រំដែន​ដី​គោក​ប្រទេស​កម្ពុជា ជាប់​នឹង​ប្រទេស​វៀតណាម មាន​ប្រវែង ១.២៧០​គីឡូម៉ែត្រ។ ចាប់​ពី​ឆ្នាំ​២០០៥ រហូត​បច្ចុប្បន្ន ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​បោះ​បង្គោល​ព្រំដែន​សម្រេច​បាន ៨៣​ភាគរយ ពោល​គឺ​បាន​ឯកភាព​គ្នា​បោះ​បង្គោល​ព្រំដែន​បាន​ជាង ៣១១​បង្គោល។ ដោយឡែក​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ថៃ នៅ​ក្នុង​ឆ្នាំ​២០១៥ ហាក់​មាន​ភាព​ស្ងប់ស្ងាត់ បើ​ទោះ​បី​ជា​តំបន់​ខ្លះ អាជ្ញាធរ​ថៃ មាន​ជម្លោះ​ជាមួយ​ពលរដ្ឋ​ខ្មែរ​ក៏ដោយ។ ជាង​នេះ​ទៀត នៅ​តំបន់​ជម្លោះ​ជុំវិញ​ប្រាសាទ​ព្រះវិហារ ទាហាន​ថៃ នៅ​តែ​មិន​ព្រម​ដក​កម្លាំង​ចេញ​តាម​អំណាច​សាល​ដីកា​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ ហៅ​កាត់​ថា អាយ.ស៊ី.ជេ (ICJ) នៅ​ឡើយ។

ស្រប​គ្នា​នេះ កាល​ពី​ថ្ងៃ​ទី​១៧ ធ្នូ ព្រឹត្តិការណ៍​ទាហាន និង​ពលរដ្ឋ​ថៃ ជិត ២០​នាក់ នាំ​គ្នា​មក​កាត់​សោ​ដែក​ទ្វារ​របង​ច្រក​ចេញ​ចូល​ប្រាសាទ​ព្រះវិហារ។ បញ្ហា​នេះ ក៏​បាន​ស្ងប់ស្ងាត់​ទៅ​វិញ បន្ទាប់​ពី​ពួក​គេ​នាំ​គ្នា​ដក​ថយ​ចូល​ទឹក​ដី​របស់​ពួក​គេ។

បញ្ហា​ព្រំដែន​រវាង​ប្រទេស​កម្ពុជា ជាមួយ​ប្រទេស​ជិត​ខាង ពិសេស​ជាមួយ​ប្រទេស​វៀតណាម ក្នុង​ឆ្នាំ​២០១៥ ត្រូវ​បាន​អ្នក​ស្រាវជ្រាវ​បញ្ហា​សង្គម លោក​បណ្ឌិត កែម ឡី មើល​ឃើញ​ថា រាជ​រដ្ឋាភិបាល​ខ្មែរ​នៅ​មិន​ទាន់​មាន​សេចក្តី​ក្លាហាន ដើម្បី​ដោះស្រាយ​បញ្ហា​ទាំង​នោះ​ទេ។ លោក​ថា យន្តការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម កន្លង​មក នៅ​តែ​ធ្វើ​ឲ្យ​កម្ពុជា ខាត​បង់ ប៉ុន្តែ​វា​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចំណេញ​តាម​រយៈ​ទទួល​បាន​ព័ត៌មាន​កាន់​តែ​ច្រើន​អំពី​បញ្ហា​ទាំង​នោះ៖ «មេ​ដឹក​នាំ​បច្ចុប្បន្ន​គ្មាន​សេចក្តី​ក្លាហាន​គ្រប់គ្រាន់ ដើម្បី​យក​ផែនទី​ផ្លូវ​ការ​ដាក់​នៅ​អង្គការ​សហប្រជាជាតិ និង​គ្មាន​សេចក្តី​ក្លាហាន​ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ»

លោក​ថា ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង​ឲ្យ​មាន​ប្រសិទ្ធភាព គឺ​មាន​យន្តការ​ពីរ​ដែល​អាច​ជួយ​ឲ្យ​កម្ពុជា រួច​ផុត​ពី​ការ​រំលោភ​បំពាន​បាន ព្រម​ទាំង​ធ្វើ​ឲ្យ​កម្ពុជា ចំណេញ។ ទី​មួយ គឺ​ត្រូវ​យក​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស មក​ប្រើ និង​ចុង​ក្រោយ ត្រូវ​ស្វែងរក​កិច្ច​អន្តរាគមន៍​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​តែ​ម្តង ពីព្រោះ​យន្តការ​ផ្សេងៗ លោក​ថា​នឹង​មិន​អាច​ទៅ​រួច​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សមាជិក​សភា​ម៉ាឡេស៊ី​ជំរុញ​ឱ្យ​មាន​សវនាការ​ពិសេស ពាក់ព័ន្ធ​ការ​និរទេស​ពលករ​ខ្មែរ​ពី​ម៉ាឡេស៊ី​ទៅ​កម្ពុជា​ទាំង​បង្ខំ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។