អ្នកការពារសិទ្ធិមនុស្សស្នើសុំឱ្យតុលាការផ្ដល់ព័ត៌មានបន្ថែមទាក់ទងនឹងសំណុំរឿងឃាតកម្មបណ្ឌិត កែម ឡី
2019.02.10

មន្ត្រីសិទ្ធិមនុស្សស្នើសុំឱ្យតុលាការក្រុងភ្នំពេញបង្ហាញលទ្ធផលនៃការស៊ើបអង្កេតបន្ថែមជុំវិញសំណុំរឿងឃាតកម្មលើបណ្ឌិត កែម ឡី ព្រោះប្រជាពលរដ្ឋខ្មែរនៅតែចង់ដឹងចង់លឺអំពីដើមហេតុនៃអំពើឃាតកម្មនេះ។ គិតត្រឹមថ្ងៃទី១០ កុម្ភៈ អ្នកស្រាវជ្រាវខាងការអភិវឌ្ឍសង្គម បណ្ឌិត កែម ឡី បានបែកកាយរំលាយខន្ធទៅ អស់រយៈពេលជាង ២ឆ្នាំមកហើយ ប៉ុន្តែអ្វីដែលមិនទាន់កើតមាននោះ គឺយុត្តិធម៌ពិតប្រាកដសម្រាប់រូបលោក និងក្រុមគ្រួសារ។
ព្រឹត្តិការណ៍សង្គម និងនយោបាយ បានកើតឡើងជាបន្តបន្ទាប់ ធ្វើឱ្យសំណុំរឿងឃាតកម្មបណ្ឌិត កែម ឡី ហាក់ឃ្លាតឆ្ងាយបន្តិចម្តងៗ ពីចំណាប់អារម្មណ៍របស់ប្រជាពលរដ្ឋខ្មែរ ខុសពីពេលដែលលោកទើបតែត្រូវបានឃាតកបាញ់សម្លាប់ភា្លមៗ។ គិតត្រឹមខែកុម្ភៈនេះ អំពើឃាតកម្មនេះបានកើតឡើងអស់រយៈពេល ២ឆ្នាំ ៧ ខែហើយ ហើយដំណើរការរកយុត្តិធម៌វិញ ក៏គ្មានអ្វីវិវឌ្ឍន៍គួរឱ្យកត់សម្គាល់ដែរ។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់សមាគម អាដហុក (ADHOC) លោក ស៊ឹង សែនករុណា កត់សម្គាល់ថា តុលាការហាក់ដូចជាគ្មានចំណាត់ការអ្វីទាល់តែសោះលើសំណុំរឿងបណ្ឌិត កែម ឡី ក្រោយពេលកាត់ទោសបុគ្គល អឿត អាង ហៅ ជួប សម្លាប់ នោះ។ លោកថ្លែងបែបនេះ ដោយសារតុលាការខកខានមិនបានបង្ហាញព័ត៌មានអ្វីបន្តិចសោះទាក់ទងនឹងសំណុំរឿងនេះ ក្រៅតែពីការលើកឡើងដដែលៗថា ខ្លួនកំពុងស៊ើបអង្កេតបន្តនោះ។ លោកថា មិនមែនគ្រប់ព័ត៌មានទាំងអស់សុទ្ធតែសម្ងាត់ ដែលតុលាការមិនអាចបញ្ចេញបាននោះទេ ព្រោះករណីឃាតកម្មបណ្ឌិត កែម ឡី នេះ ជាសំណុំរឿងសំខាន់ដែលពលរដ្ឋទូទៅចង់ដឹង៖ «មិនមែនថា ត្រឹមតែរឿងរបស់លោកបណ្ឌិត កែម ឡី នេះទេ យើងឃើញរឿងផ្សេងៗដែលពាក់ព័ន្ធទៅនឹងសកម្មជនមនសិការ កាលណាមានរឿងនេះកើតឡើង តែងតែផ្អឹបទុក ហើយមិនមានការធ្វើអ្វីដែលបង្ហាញឱ្យសាធារណជនហ្នឹងបានដឹង បានមានទំនុកចិត្តជាមួយនឹងចំណាត់ការហ្នឹងទេ។ ដូច្នេះហើយ យើងស្នើឱ្យខាងតុលាការកុំឱ្យមានភាពស្ងប់ស្ងាត់អ៊ីចឹង ព្រោះករណីនេះជាករណីឃាតកម្មទៅលើជនដែលសង្គមគេបានឱ្យតម្លៃទៅលើវីរភាពរបស់លោក»។
អ្នកស្រាវជ្រាវខាងការអភិវឌ្ឍសង្គម បណ្ឌិត កែម ឡី ត្រូវបានឃាតកបាញ់សម្លាប់ទាំងកណ្ដាលថ្ងៃ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ កក្កដា ឆ្នាំ ២០១៦ កន្លងទៅ។ ក្នុងសំណុំរឿងដ៏រសើបមួយនេះ មានមនុស្សតែម្នាក់គត់ដែលត្រូវបានសមត្ថកិច្ច និងតុលាការនាំខ្លួនមកកាត់ទោស គឺបុគ្គល ជួប សម្លាប់ ដែលមានឈ្មោះពិតថា អឿត អាង។ ក្រោយការកាត់ទោសជននេះ កាលពីចុងខែមីនា ឆ្នាំ ២០១៧ កន្លងទៅ តុលាការបានប្រកាសបំបែកសំណុំរឿងនេះជាពីរ ដើម្បីស៊ើបអង្កេតរកអ្នកពាក់ព័ន្ធផ្សេងទៀតយកមកកាត់ទោស ដូចជា អ្នកលក់កាំភ្លើងឱ្យ ជួប សម្លាប់ អ្នកទទួលឱ្យ ជួប សម្លាប់ ស្នាក់នៅក្នុងក្រុងភ្នំពេញ ឬអ្នកនៅពីក្រោយខ្នង ជួប សម្លាប់។
ទោះជាយ៉ាងណា រហូតមកទល់នឹងពេលនេះ តុលាការមិនបានផ្ដល់ព័ត៌មានបន្ថែមអ្វីបន្តិចសោះឡើយទាក់ទងនឹងសំណុំរឿងដែលត្រូវបំបែកនេះ ដែលធ្វើឱ្យអង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស និងអ្នក កែម ឡី និយម គិតថា តុលាការគ្មានឆន្ទៈ និងរងឥទ្ធិពលនយោបាយក្នុងការរកយុត្តិធម៌ជូនជនរងគ្រោះ។
អ្នកនាំពាក្យតុលាការក្រុងភ្នំពេញលោក លី សុផាណា ប្រាប់អាស៊ីសេរីដោយខ្លីថា ចៅក្រមស៊ើបសួរកំពុងបន្តចំណាត់ការរឿងនេះ ហើយវិធានការស្រាវជ្រាវរបស់ចៅក្រមត្រូវគោរពការសម្ងាត់នៃការស៊ើបសួរ។ លោកមិនឆ្លើយនឹងសំណួរផ្សេងទៀតទាក់ទងនឹងសំណុំរឿងនេះឡើយ។
ប្រធានគ្រប់គ្រងការិយាល័យឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការ លីកាដូ (LICADHO) លោក អំ សំអាត ទទួលស្គាល់ថា នីតិវិធីរបស់ចៅក្រមស៊ើបសួរ គឺជាការសម្ងាត់ ក៏ប៉ុន្តែលោកថា តុលាការមិនអាចយោងលើហេតុផលនេះ ហើយបន្តអូសបន្លាយសំណុំរឿងដោយមិនចាត់ការនោះទេ។ លោកយល់ថា សំណុំរឿងឃាតកម្មបណ្ឌិត កែម ឡី នេះ ក៏ដូចជា សំណុំរឿងឃាតកម្មលើសកម្មជនសង្គម និងអ្នករិះគន់រដ្ឋាភិបាលជាច្រើននាក់ផ្សេងទៀតដែរ ទំនងជាមិនអាចមានយុត្តិធម៌ពេញលេញឡើយ ដោយសារតែតុលាការមិនបានបង្ហាញឆន្ទៈពិតប្រាកដក្នុងការរកយុត្តិធម៌ជូនជនរងគ្រោះ៖ «ខ្ញុំគិតថា ទាំងតុលាការ ទាំងអាជ្ញាធរគួរតែបង្ហាញដំណើរការវិវឌ្ឍខ្លះ ដើម្បីឱ្យក្រុមគ្រួសារលោកបណ្ឌិត កែម ឡី ក៏ដូចជាសាធារណជនបានដឹងថា អាជ្ញាធរ និងតុលាការកំពុងធ្វើការមែន។ ទោះបីជាយើងគិតថា នៅក្នុងដៃចៅក្រមជាការងារសំងាត់ ប៉ុន្តែគ្រាន់ថាមានមួយផ្នែកណានឹងអាចបង្ហាញនូវការវិវឌ្ឍបានដែរ។ បើយើងយកលេសថា នៅកំពុងស៊ើបអង្កេតៗ វាដូចតែរឿងមុនៗ អ៊ីចឹង វាអត់មានពន្លឺអ្វីសម្រាប់ស្វែងរកយុត្តិធម៌ពិតប្រាកដសម្រាប់បណ្ឌិត កែម ឡី បាននោះទេ។”
បណ្ឌិត កែម ឡី គឺជាសកម្មជនសង្គមដ៏លេចធ្លោមួយរូប ក្នុងចំណោមសកម្មជនសង្គម និងសកម្មជននយោបាយ ជាង ១០០ នាក់ផ្សេងទៀត ដែលត្រូវបានគេធ្វើឃាត ចាប់ពីឆ្នាំ ១៩៩៣ មកទល់នឹងសព្វថ្ងៃនេះ។ សំណុំរឿងទាំងអស់នេះ គ្មានសំណុំរឿងណាមួយដែលជនរងគ្រោះទទួលបានយុត្តិធម៌ឡើយ ព្រោះឃាតកពិតមិនត្រូវបាននាំខ្លួនមកកាត់ទោស។
ក្នុងសំណុំរឿងបណ្ឌិត កែម ឡី នេះ តុលាការក្រុងភ្នំពេញបានកាត់ទោស អឿត អាង ហៅ ជួប សម្លាប់ ឱ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទឃាតកម្មគិតទុកជាមុន និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ក៏ប៉ុន្តែសាលក្រមរបស់តុលាការនេះ មិនបានធ្វើឱ្យសហគមន៍ជាតិ និងអន្តរជាតិស្ងប់ចិត្តនោះឡើយ។ មិនស្ងប់ចិត្តនៅត្រង់ថា តុលាការសម្រេចក្ដីនេះដោយផ្អែកតែទៅលើចម្លើយសារភាពរបស់ជនសង្ស័យ ចំណែកឯភាពមន្ទិល និងភាពមិនស៊ីសង្វាក់គ្នាមានជាច្រើនចំណុច ប៉ុន្តែបែរជាតុលាការមើលរំលងទៅវិញ។
យុវជន កែម ឡី និយម អះអាងថា ការសម្រេចរបស់តុលាការក្រុងភ្នំពេញនេះ មិនទាន់ផ្ដល់យុត្តិធម៌ពេញលេញដល់បណ្ឌិត កែម ឡី នៅឡើយទេ។ ពួកគេយល់ថា សាលក្រមផ្ដន្ទាទោសនេះ ធ្វើឡើងដើម្បីគ្រាន់តែជាការបំភ័ន្តភ្នែកមហាជន និងសហគមន៍អន្តរជាតិប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។