មន្ត្រី​រដ្ឋាភិបាល​ថា ខ្លួន​បាន​គិត​គូរ​ក​សាង​ផ្លូវ​ក្រវាត់​ព្រំដែន ជាមួយ​ថៃ ឡាវ និង​វៀតណាម

0:00 / 0:00

មន្ត្រី​ជាន់ខ្ពស់​ក្រុងភ្នំពេញ​អះអាង​ថា រដ្ឋាភិបាល​កំពុង​គិតគូរ​ស្ថាបនា​ផ្លូវ​ក្រវាត់​ព្រំដែន នៅ​ខេត្ត​ដែល​ជាប់​ព្រំដែន​ជាមួយ​វៀតណាម ថៃ និង​ឡាវ ហើយ​បច្ចុប្បន្ន​កងកម្លាំង​វិស្វកម្ម​កំពុង​សាងសង់ នៅ​ចន្លោះ​ព្រំដែន​ដែល​បាន​ឯកភាព​គ្នា​បោះ​បង្គោល​រួចរាល់​។ ចំណែក​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្ដែង​មោទនភាព លើ​ជំនួយ​របស់​ចិន ជួយ​កសាង​ផ្លូវជាតិ​លេខ​៥៨ ជា​ផ្លូវ​ក្រវាត់​ព្រំដែន​កម្ពុជា​-​ថៃ មាន​ប្រវែង​ជាង​១៧៤​គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ទៅដល់​ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ។

ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី២៦ កុម្ភៈ ថា កម្ពុជា​កំពុង​យកចិត្តទុកដាក់ ស្ថាបនា​ផ្លូវ​ក្រវាត់​ព្រំដែន ជាមួយ​ថៃ ឡាវ និង​វៀតណាម ទៅតាម​មធ្យោបាយ និង​ធនធាន​ថវិកាជាតិ​។ ក៏ប៉ុន្តែ​លោក​មិន​បញ្ជាក់​លម្អិត​ថា កម្ពុជា​បាន​ស្ថាបនា​ផ្លូវ​ក្រវាត់​ព្រំដែន​ជាមួយ ថៃ និង​វៀតណាម បាន​ប៉ុន្មាន​គីឡូម៉ែត្រ​នោះ​ទេ ព្រោះ​បញ្ហា​នេះ​ជា​កិច្ចការ​ផ្ទៃក្នុង​របស់​ជាតិ​។ ចំណែក​ឧបសគ្គ និង​ការ​ប្រឈម​ទាក់ទិន​ការ​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន ក៏​លោក​បដិសេធ​មិន​អធិប្បាយ​ដែរ​។ រីឯ ផ្លូវ​ក្រវាត់​ព្រំដែន កម្ពុជា​-​វៀតណាម មាន​ប្រវែង​ជាង ១២០០​គីឡូម៉ែត្រ (១២៤៥) កងកម្លាំង​វិស្វកម្ម​កំពុង​ស្ថាបនា។ លោក​បញ្ជាក់​ថា ខេត្ត​ដែល​កម្លាំង​វិស្វកម្ម​កំពុង​ស្ថាបនា​ផ្លូវ​ក្រវាត់​ព្រំដែន​រួមមាន​ខេត្ត រតនគិរី មណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ ព្រៃវែង កំពត ស្វាយរៀង និង​ខេត្ត​តាកែវ​៖ «យើង​មិន​អាច​ប្រាប់​បាន​ថា ស្ថាបនា​បាន​ប៉ុន្មាន​ទេ​ ? ជា​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល ការពារ​បូរណភាព​ទឹកដី ការពារ​ផ្លូវ​តាម​បណ្ដោយ​ព្រំដែន​តែ​ប៉ុណ្ណឹង​។ មិនទាន់​ហ៊ាន​ប្រាប់​ថា នៅ​មាន​ចំណុច​ត្រូវ​ធ្វើ តែ​រឿង​ពិបាក​យើង​តែង​ឧបសគ្គ​បច្ចេកទេស និង​ឧបសគ្គ​ភូមិសាស្ត្រ​ហ្នឹង​មាន​គ្រប់សព្វ តែ​មិន​ចាំ​បាច់​យក​ទៅ​ផ្សព្វផ្សាយ​ទេ ធម្មតា​ទេ»។

ចំណែក លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ផ្លូវ​ក្រវាត់​ព្រំដែន កម្ពុជា​-​ថៃ នៅ​ព្រឹក​ថ្ងៃ​ទី ២៦ កុម្ភៈ អះអាង​ថា បើ​គ្មាន​ចិន តើ​កម្ពុជា​មាន​វត្តមាន​ផ្លូវជាតិ​លេខ ៥៨ ជា​ផ្លូវ​ក្រវាត់​ព្រំដែន​កម្ពុជា​-​ថៃ មាន​ប្រវែង​ជាង ១៧៤​គីឡូម៉ែត្រ ផ្លូវជាតិ​លេខ ៥៧ និង​ផ្លូវជាតិ​លេខ ៥៧B ត​ភ្ជាប់​ពី​ស្រុក​ថ្មគោល ទៅ​ព្រំដែន​កម្ពុជា​-​ថៃ ក្នុង​ខេត្ត​បាត់ដំបង​ឬទេ​? លោក ហ៊ុន សែន បញ្ជាក់​ថា ឆ្នាំ ២០២០ ជា​ខួប​លើក​ទី​១០ នៃ​ទំនាក់ទំនង​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ រវាង​កម្ពុជា និង​ចិន៖ «បើ​ចិន​មិន​ជួយ​កម្ពុជា​ទេ តើ​មាន​វត្តមាន​ផ្លូវជាតិ​លេខ ៥៨ មាន​ប្រវែង ១៧៤ គីឡូម៉ែត្រ នៅថ្ងៃ​នេះ​ទេ​ ? បើ​គ្មាន​ជំនួយ​ពី​ចិន តើ​យើង​មាន​វត្តមាន​ផ្លូវជាតិ​លេខ ៥៩ ត​ភ្ជាប់​ពី​បន្ទាយមានជ័យ​ទៅកាន់ បាត់ដំបង និង​ទៅកាន់​ប៉ៃលិន​ទេ​ ? បើ​គ្មាន​ជំនួយ​ពី​ចិន តើ​យើង​មាន​វត្តមាន​ផ្លូវជាតិ​លេខ ៥៧ ត​ភ្ជាប់​ពី​បាត់ដំបង ទៅ​ប៉ៃលិន និង​ផ្លូវជាតិ​លេខ ៥៧ B ដែល​ត​ភ្ជាប់​ពី​រវាង​ថ្មគោល ជាមួយ​នឹង​ព្រំដែន​កម្ពុជា​ -​ ថៃ នៅ​ក្នុង​ខេត្ត​បាត់ដំបង​ទេ។ នេះ​គ្រាន់តែ​បញ្ជាក់​មនុស្ស​មួយ​ចំនួន ដែល​អគតិ​ចំពោះ​ចិន​តែប៉ុណ្ណោះ»។

ប្រធាន​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ យល់ថា កាលៈទេសៈ​នេះ កម្ពុជា​ត្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ​ក្រវាត់​ព្រំដែន ជា​រឿង​ចាំបាច់ ដែល​រដ្ឋាភិបាល​ចៀស​មិន​រួច អរគុណ​ដល់​មហាមិត្ត​ចិន​នោះ​ទេ​។ ក៏ប៉ុន្តែ​លោក​បារម្ភ​ថា ឥទ្ធិពល​របស់​ចិន​កាន់តែ​ខ្លាំង​ឡើងៗ មក​លើ​កម្ពុជា កំពុង​ចោទ​ជាមួយ​បញ្ហា​ចម្បង​មួយ គឺ​អាច​ប៉ះពាល់​ប្រយោជន៍​កម្ពុជា ក្នុងនាម​ជា​រដ្ឋ​អធិបតេយ្យ​។ លោក​បញ្ជាក់​ថា ដើម្បី​រក្សា​ព្រំដែន​រឹងមាំ រដ្ឋាភិបាល​ត្រូវ​អភិវឌ្ឍន៍​តាម​បណ្ដោយ​ព្រំដែន ដូចជា បង្កើត​ទីផ្សារ សាលារៀន មន្ទីរពេទ្យ អគ្គិសនី និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ជាដើម ក្នុង​បំណង​កៀរគរ​មនុស្ស​ឱ្យ​ទៅ​រស់នៅ​ទីនោះ ដើម្បី​ជា​របង​ការពារ​ព្រំដែន៖ «ផ្លូវ​ក្រវាត់​ព្រំដែន​នេះ ជា​ប្រយោជន៍​ដល់​ការ​ធ្វើ​ដំណើរ​ដើរ​មើល​តាម​ព្រំដែន វា​ក៏​ជា​មធ្យោបាយ​មួយ ដើម្បី​ជា​ប្រយោជន៍​ការពារ​ដល់​ព្រំដែន​ដែរ​។ ប៉ុន្តែ​សម្រាប់​ការ​អភិវឌ្ឍ ឬក៏​តម្រូវការ​របស់​ពលរដ្ឋ​ដើម្បី​រក្សា​ខ្សែ​បន្ទាត់​ព្រំដែន ឱ្យ​រឹងមាំ ការអភិវឌ្ឍន៍​តាម​បណ្ដោយ​ព្រំដែន ដើម្បី​ឱ្យ​មាន​មនុស្ស​ទៅ​រស់នៅ​ទីនោះ ដើម្បី​ចាំ​ព្រំដែន»។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​អះអាង​ថា ការ​អភិវឌ្ឍ​តាម​ព្រំដែន​ជា​យុទ្ធសាស្ត្រ​មួយ ក្នុង​ការ​រក្សា​អធិបតីភាព បូរណភាព​ទឹកដី​កម្ពុ​ជាំ មិន​ឱ្យ​បរទេស​រំកិល​ព្រំដែន​។ លោក​សង្កត់ធ្ងន់​ថា យុទ្ធសាស្ត្រ​សាងសង់​កាស៊ីណូ តាម​បន្ទាត់​ព្រំដែន​ជាប់​ជាមួយ​ប្រទេសជិតខាង ក៏​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ទប់ស្កាត់​ការ​លួច​រំកិល​ព្រំដែន​ពី​ប្រទេសជិតខាង ចូល​ទឹកដី​កម្ពុជា​ដែរ​។

ចំណែក ពលរដ្ឋ​រស់នៅ​តាម​ព្រំដែន និង​ក្រុម​យុវជន ១០០​រាត្រី ធ្លាប់​ស្នើ​ឱ្យ​រដ្ឋាភិបាល អភិវឌ្ឍ​តាម​ព្រំដែន ឱ្យ​បាន​ច្រើន ដូច​អភិវឌ្ឍន៍​នៅ​ក្នុង​ទីក្រុង​ដែរ ព្រោះថា សព្វថ្ងៃ​នេះ រដ្ឋាភិបាល​មិនទាន់​អភិវឌ្ឍន៍​តំបន់​ព្រំដែន​បាន​ច្រើន​នៅឡើយ​ទេ​។ ពួកគេ​អះអាង​ថា ប្រទេស​ថៃ និង​វៀតណាម ព្រំដែន​របស់​គេ​ដល់​ត្រឹមណា គេ​អភិវឌ្ឍ​ឱ្យ​មាន​គ្រប់​ហេដ្ឋារចនាសម្ព័ន្ធ មាន​ប្រព័ន្ធ​ទឹក​ភ្លើង សាលារៀន និង​មន្ទីរពេទ្យ ជាពិសេស​ផ្លូវថ្នល់​ដល់​ត្រឹមនោះ​។ ជាង​នេះ​ទៀត ថៃ និង​វៀតណាម​បាន​លើកទឹកចិត្ត​ពលរដ្ឋ​ខ្លួន ឱ្យ​ទៅ​សង់​លំនៅឋាន​តាម​ព្រំដែន​ច្រើន​កុះករ និង​មាន​សកម្មភាព​សេដ្ឋកិច្ច ខុសគ្នា​ស្រឡះ​នឹង​រដ្ឋាភិបាល​កម្ពុជា អនុវត្ត​មិន​ទាន់​បាន​នៅឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។