រាជ​បណ្ឌិត្យ​សភា​កម្ពុជា អះអាង​ពី​ការ​រក្សា​បាន​បូរណភាព​ទឹកដី និង​ផលប្រយោជន៍ ពី​តំបន់​អភិវឌ្ឍ​ត្រីកោណ​ពិសេស ខណៈ​ពលរដ្ឋ​ថា កម្ពុជា​នៅតែ​ចាញ់ប្រៀប​វៀតណាម

ដោយ យ៉ង ចាន់តារា
2024.08.02
រាជ​បណ្ឌិត្យ​សភា​កម្ពុជា អះអាង​ពី​ការ​រក្សា​បាន​បូរណភាព​ទឹកដី និង​ផលប្រយោជន៍ ពី​តំបន់​អភិវឌ្ឍ​ត្រីកោណ​ពិសេស ខណៈ​ពលរដ្ឋ​ថា កម្ពុជា​នៅតែ​ចាញ់ប្រៀប​វៀតណាម លោក សុខ ទូច ប្រធាន​រាជ​បណ្ឌិត្យ​សភា​កម្ពុជា ថ្លែង​ក្នុង​កិច្ច​ពិភាក្សា​តុ​មូល​ ស្ដីពី តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV) នៅ​ថ្ងៃ​ទី២ ខែ​សីហា ឆ្នាំ២០២៤។
រូប៖ ហ្វេសប៊ុករាជបណ្ឌិត្យសភាកម្ពុជា

រាជ​បណ្ឌិត្យ​សភា​កម្ពុជា បាន​ចេញ​មុខ​បកស្រាយការពារ​រដ្ឋាភិបាល ជុំវិញ​ការ​អភិវឌ្ឍ​នៅ​ក្នុង​តំបន់​ត្រីកោណ CLV ដោយ​អះអាង​កម្ពុជា​នឹង​ទទួល​បាន​ប្រយោជន៍​ច្រើន​ពី​គម្រោង​នេះ ហើយ​នឹង​មិន​បាត់បង់​ដី​ទៅ​ឲ្យ​ប្រទេស​ជិត​ខាង។ ទោះបី​យ៉ាង​ណា​ក្ដី ពលរដ្ឋ​មួយ​ចំនួន​នៅតែ​បារម្ភ​ថា កម្ពុជា​អាច​នៅ​តែ​ចាញ់ប្រៀប​វៀតណាម និង​ទាញ​យក​ប្រយោជន៍ បាន​តិច​ជាង​ការ​ខាតបង់។

ប្រធាន​រាជ​បណ្ឌិត្យ​សភា​កម្ពុជា លោក សុខ ទូច បាន​និយាយ​ការពារ​អតីត​នាយក​រដ្ឋមន្ត្រី​កម្ពុជា​និង​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ថា លោក​មិន​បាន​កាត់​ទឹកដី​ខេត្ត​ទាំង៤ ឱ្យ​ទៅ​វៀតណាម​នោះ​ទេ។ លោក សុខ ទូច ដែល​ធ្លាប់​ជា​សកម្មជន​សង្គម​ម្នាក់​ដែរ​នោះ បាន​ចាក់​វីដេអូ បង្ហាញ​ពី​ដំណើរ​ចុះ​ស្រាវជ្រាវ​របស់​លោក នៅ​តាម​បន្ទាត់​ព្រំដែន​រវាង​កម្ពុជា-វៀតណាម។

លោក សុខ ទូច៖ «បើសិនជា​រដ្ឋាភិបាល​ពេល​ហ្នឹង​មាន​បំណង​កាត់​ដី​ឱ្យ​វៀតណាម មិន​ឱ្យ​រាជ​បណ្ឌិត្យ​សភា​ទៅ​ធ្វើ​អ៊ីចឹង​ទេ។ អ៊ីចឹង​សូម​ឱ្យ​អ្នក​វិភាគ​បបូរ​មាត់ យក​ខួរក្បាល​មក​គិត យក​ឯកសារ​មក​យោង កុំ​យក​អារម្មណ៍​មក​យោង។ ពី​ដើម​យើង​យក​ផ្លូវ​វៀតណាម​ដើម្បី​ស្រាវជ្រាវ។ ឥឡូវ​ផ្លូវ​ខ្មែរ​យើង​មាន​ហើយ។ ខ្មែរ​យើង​បើ​មាន​ផ្លូវ​ហើយ ត្រូវ​ធ្វើ​ដំណើរ​ទៅ​មើល មុន​នឹង​ថា មុន​នឹង​និយាយ មុន​នឹង​បង្កើត​បញ្ហា។ កុំ​បង្ក​ជម្លោះ​ឱ្យ​ខ្មែរ​ខ្សោយ ដើម្បី​ឱ្យ​ឱកាស​ដល់​ពួក​ជិតខាង​ធ្វើការ»

ការ​លើកឡើង​របស់​លោក សុខ ទូច ធ្វើឡើង​ក្នុង​កិច្ច​ពិភាក្សា​តុ​មូល​មួយ​ជជែក​អំពី តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV) នៅ​ថ្ងៃ​ទី២ ខែ​សីហា បន្ទាប់​ពី​រយៈ​ពេល​កន្លះ​ខែ​មក​នេះ ប្រជាពលរដ្ឋ​ខ្មែរ ក្នុង​និង​ក្រៅ​ប្រទេស សម្ដែង​ការ​មិន​ពេញ​ចិត្ត ក្រោយ​ផ្ទុះ​ដំណឹង​ថា​រដ្ឋាភិបាល​បាន​ដាក់​ខេត្ត​ចំនួន៤ ចូល​ក្នុង​តំបន់​អភិវឌ្ឍ​ត្រីកោណ CLV ជាមួយ​ប្រទេស​ឡាវ និង​វៀតណាម។ ពួក​គាត់​ព្រួយ​បារម្ភ​ចំពោះ​វាសនា​ព្រៃឈើ សម្បត្តិ​ធម្មជាតិ និង​ទឹកដី នៅ​ខេត្ត​មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង និង​ខេត្ត​ក្រចេះ ថា​នឹង​អាច​ត្រូវ​វៀតណាម​គ្រប់គ្រង និង​លេប​ត្របាក់​យក​ដូច​ប្រវត្តិសាស្ត្រ​ទឹកដី​កម្ពុជា​ក្រោម។

ឆ្លើយតប​ក្ដី​បារម្ភ​នេះ អគ្គលេខាធិការ​នៃ​រាជ​បណ្ឌិត្យសភា​កម្ពុជា លោក យង់ ពៅ លើកឡើង​ថា ការ​ប្រឆាំង​របស់​ពលរដ្ឋ ទាក់ទង​នឹង​ដាក់​ដាក់​បញ្ចូល​តំបន់ CLV នេះ គឺ​ដោយសារ​ការ​ទទួល​ព័ត៌មាន​មិនបាន​គ្រប់​ជ្រុងជ្រោយ ឬ​ស្ដាប់​តាម​ការ​លើកឡើង​របស់​អ្នក​នយោបាយ ខណៈ​ពលរដ្ឋ​គ្មាន​ចំណេះដឹង​ផ្នែក​ច្បាប់ និង​ចេះ​វិភាគ​បែប​វិទ្យាសាស្ត្រ​នយោបាយ ដូច​ក្រុម​អ្នក​ស្រាវជ្រាវ​របស់​លោក​នោះ​ទេ។

លោក យង់ ពៅ៖ «អ៊ីចឹង​ហើយ​បាន​ជា​ខ្ញុំ​តែង​និយាយ​ថា ទស្សនៈ​ខ្មែរ​យើង​វាយតម្លៃ​ថា រៀន​នយោបាយ​អញ្ចេះ​អញ្ចុះ។ ខ្ញុំ​ថា អ្នក​ឯង​អត់​រៀន​ហ្នឹង​ហើយ បាន​អ្នក​នយោបាយ​បញ្ចើច​បញ្ចើ​បាន។ រៀន​ឱ្យ​ចេះ​ទៅ​មើល អាណា​បញ្ចើច​បញ្ចើ​យើង​ទៀត។ អ៊ីចឹង​នៅ​ក្នុង​នយោបាយ ប្រសិន​បើ​អ្នក​ទាំងអស់​គ្នា​ចេះ​វិទ្យាសាស្ត្រ​នយោបាយ ឬ​ចេះ​ខ្លះ មិនមែន​ចេះ​ទាំងអស់​ពេក​ទេ ចេះ​គណនា​នយោបាយ កន្លែង​ណា​គួរ​ជឿ កន្លែង​ណា​មិន​គួរ​ជឿ កន្លែង​ណា​ត្រូវ​ងាក​ទៅ​ផ្ទៀងផ្ទាត់​ព័ត៌មាន ប្រភព​ទិន្នន័យ​ឡើងវិញ​ជាដើម»

ទោះជា​បែប​នេះ​ក្ដី ពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​អភិវឌ្ឍ​ត្រីកោណ​ពិសេស លើកឡើង​ថា ការ​បកស្រាយ​របស់​ក្រុម​បណ្ឌិត​រយៈពេល​ជិត ៣ម៉ោង​នេះ មិន​ចំ​គោលដៅ និង​ចំណុច​រសើប​ឡើយ។

ពលរដ្ឋ​នៅ​ខេត្ត​មណ្ឌលគិរី​ម្នាក់ ថ្លែង​ក្នុង​លក្ខខ័ណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ដោយ​បារម្ភ​ពី​សុវត្ថិភាព ប្រាប់​វិទ្យុ​អាស៊ី​សេរី ថា ពលរដ្ឋ​បារម្ភ​ពី​លំហូរ​នៃ​ពលរដ្ឋ​វៀតណាម ចូល​កម្ពុជា និង​ទាញ​យក​ផលប្រយោជន៍​ពី​កម្ពុជា។

ពលរដ្ឋ​លាក់​ឈ្មោះ​នៅ​ខេត្ត​មណ្ឌលគិរី៖ «ឥឡូវ​គិត​ទៅ​មើល ផ្ទះ​សំណាក់​ក៏​គេ(វៀតណាម)បើក​ដែរ។ ដី​មួយ​ចំនួន គេ​ចាប់ផ្ដើម​រកស៊ី ឃ្វាលគោ ឃ្វាល​ក្របី​ហ្នឹង​ក៏​គេ​ធ្វើ​ដែរ។ ដល់​តែ​យើង អស្ចារ្យ​អី​យើង។ គេ​មើល​ក្រដាស​ស្នាម​អី​ត្រឹមត្រូវ របស់​គេ​នោះ។ គេ​មិន​ដូច​យើង​ទេ ឱ្យ​ចូល​តាម​អំពើ​ចិត្ត។ យើង​ចូល​ទៅ​គេ យើង​មិន​អាច​ធ្វើ​តាម​អំពើ​ចិត្ត​បាន​ទេ។ សូម្បី​តាម​ព្រំដែន​ហ្នឹង យើង​ដាក់​សន្ទូច​ដាក់​អី​ក៏​មិន​បាន​ដែរ។ គេ​មើល គេ​តាមដាន​យើង ខ្លាច​យើង​ចូល​កន្លែង​គេ»

ជុំវិញ​រឿង​នេះ អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក លោក សេង វណ្ណលី យល់ឃើញ​ថា មូលហេតុ​ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​មិន​ទុកចិត្ត​រដ្ឋាភិបាល ក្នុង​ការ​ដាក់​បញ្ចូល​ខេត្ត​ទាំង​បួន ទៅ​ក្នុង​តំបន់​ត្រីកោណ គឺ​ដោយសារ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​កន្លង​មក កម្ពុជា តែងតែ​ចាញ់ប្រៀប​វៀតណាម ទាំង​វិស័យ​ការទូត នយោបាយ និង​សេដ្ឋកិច្ច ជាពិសេស​គឺ​ដាន​ប្រវត្តិសាស្ត្រ ដែល​កម្ពុជា តែងតែ​ទទួល​រង​ការ​ឈ្លានពាន​ពី​វៀតណាម។

លោក សេង វណ្ណលី៖ «ខ្ញុំ​គិត​ថា​បើ​មិន​យល់ស្រប​នឹង​ការ​លើកឡើង​ទេ រដ្ឋាភិបាល​គួរតែ​ពន្យល់ បង្ហាញ បកស្រាយ និង​បំភ្លឺ​ដល់​ពលរដ្ឋ​បន្ថែម​ទៀត ដូចជា​ករណី​ដែល​លោក​អតីត​នាយក​រដ្ឋមន្ត្រី​កំពុង​តែ​លើកឡើង​អ៊ីចឹង។ ក៏​ប៉ុន្តែ​ខ្ញុំ​គិត​ថា រដ្ឋាភិបាល​មិន​គួរ​ប្រើប្រាស់​អំណាច ឬ​ក៏​ប្រព័ន្ធ​យុត្តិធម៌​ជា​ចំណាត់​ការ​សំដៅ​ទប់ស្កាត់​ការ​រិះគន់ និង​បំបិទ​មាត់​ពលរដ្ឋ​ជុំវិញ​បញ្ហា​តំបន់​ត្រីកោណ​ហ្នឹង​ទេ»

រដ្ឋាភិបាល​ប្រទេស​កម្ពុជា វៀតណាម និង ឡាវ បាន​ព្រមព្រៀង​គ្នា​បង្កើត​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​ពិសេស (CLV) កាល​ពី​ឆ្នាំ១៩៩៩ ដោយ​មាន​ខេត្ត​ចំនួន១៣ ជា​ចំណុះ។ ប្រទេស​កម្ពុជា​មាន ៤ខេត្ត គឺ​ខេត្តក្រចេះ ស្ទឹងត្រែង រតនគីរី និង​មណ្ឌលគីរី ដែល​មាន​ពលរដ្ឋ​សរុប​តែ​ជាង ៥០ម៉ឺន​នាក់។ ប្រទេស​ឡាវ មាន ៤ខេត្ត ដែល​មាន​ប្រជាជន​សរុប​ជាង ៧០ម៉ឺន​នាក់។ រីឯ​ប្រទេស​វៀតណាម មាន ៥ខេត្ត ដែល​មាន​ប្រជាជន​រហូត​ដល់​ជាង ៧លាន​នាក់។

នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​តំបន់​ត្រីកោណ​អភិវឌ្ឍ​កម្ពុជា-ឡាវ-វៀតណាម (CLV) លើក​ទី៩ នៅ​ខេត្ត​សៀមរាប កាល​ពី​ឆ្នាំ២០១៦ ភាគី​វៀតណាម បាន​បង្ហាញ​ពី​គោលដៅ​រួម ក្នុង​ការ​បើក​ឱ្យ​ប្រជាពលរដ្ឋ​ប្រទេស​ទាំង​បី អាច​ឆ្លងដែន​ចេញចូល​ទៅ​វិញ​ទៅ​មក​បាន​ដោយ​សេរី។ កាន់​តែ​ធំ​សម្បើម​ទៅ​ទៀត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នោះ នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​តំបន់​ត្រីកោណ (CLV) លើក​ទី៩ នៅ កាល​ពី​ឆ្នាំ២០១៨ នៅ​ទីក្រុង​ហាណូយ មេ​ដឹកនាំ​វៀតណាម បាន​បង្ហាញ​ពី​គោលបំណង​ថ្មី​មួយ​ទៀត ដោយ​ដាក់​បញ្ចូល​ខេត្ត​ទាំង​អស់ នៃ​ប្រទេស​ទាំង​បី ទៅ​ក្នុង​តំបន់​អភិវឌ្ឍ​ត្រីកោណ​នេះ​ទៀត​ផង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទពេញនិយម
RFA
មេធាវី​គ្រោង​ដាក់​សេចក្តី​សន្និដ្ឋាន​ទៅ​សាលាឧទ្ធរណ៍​ភ្នំពេញ​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​លោក កឹម សុខា
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។