គណបក្សចំនួន៣ ចូលរួមប្រកួតដណ្ដើមកៅអីក្រុមប្រឹក្សាស្រុកក្រុងទើបបំបែកថ្មី
2023.01.24

គណបក្សប្រជាជនកម្ពុជា និងគណបក្សភ្លើងទៀន នឹងប៉ះគ្នាជាថ្មីទៀត ក្នុងការប្រកួតប្រជែងនៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាស្រុក ក្រុង ចំនួន៥ ដែលទើប បង្កើតថ្មី។ មន្ត្រីសង្គមស៊ីវិល លើកឡើងថា បោះឆ្នោតនេះជាការផ្ដល់សារសំខាន់ក្នុងការធ្វើឱ្យមានបែងចែកអំណាច នៅថ្នាក់ក្រោមជាតិក្នុងស្រុក ក្រុងទាំងនោះ។
គណបក្សប្រជាជនកម្ពុជា និងគណបក្សភ្លើងទៀន ប្រជែងគ្នាដណ្ដើមអាសនៈក្រុមប្រឹក្សាស្រុកក្រុងនាខែមេសាខាងមុខនេះ ជាការបោះឆ្នោតអសកល ដែលអង្គបោះឆ្នោត ឬអ្នកបោះឆ្នោត ជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ដែលបានជាប់ឆ្នោតកាលពីអាណត្តិទី៥ថ្មីៗនេះ។ ក្រៅពីគណបក្សធំពីរនេះ ក៏មានគណបក្សហ្វុនស៊ិនប៉ិច ចូលរួមការប្រកួតប្រជែងដណ្ដើមកៅអីស្រុកក្រុងនេះដែរ។
ស្រុក ក្រុងថ្មីទាំង៥នេះ នោះរួមមាន៖ ក្រុងអរិយក្សត្រ ក្រុងសំពៅពូន នៅក្នុងខេត្តកណ្តាល។ ក្រុងឧដុង្គម៉ែជ័យ និងស្រុកសាមគ្គីមុនីជ័យ នៅក្នុងខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យ នៅក្នុងខេត្តក្រចេះ។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា ឱ្យវិទ្យុអាស៊ីសេរីដឹងថា ការរៀបចំការបោះឆ្នោតនេះ ព្រោះស្រុក ក្រុងទាំង៥ដែលទើបបង្កើតថ្មីនេះ មិនទាន់មានអាសនៈក្រុមប្រឹក្សាស្រុកក្រុងនៅឡើយ។ លោកថា ចំពោះក្រុមក្រុមប្រឹក្សាឃុំសង្កាត់ គឺមានស្រាប់ ដែលជាការកាត់ចេញពីឃុំ សង្កាត់ ដែលបានកាត់ចេញ ដើម្បីបង្កើតស្រុកក្រុងថ្មី។ លោកបន្តទៀតថា ការបោះឆ្នោតអសកលនេះ ក៏មានអង្គការសង្គមស៊ីវិលស្នើសុំចូលរួមសង្កេតការណ៍ដែរ។ លោក ហង្ស ពុទ្ធា មិនទាន់ឱ្យដឹងថា គ.ជ.ប គ្រោងចំណាយថវិកាប៉ុន្មាន សម្រាប់រៀបចំកាបោះឆ្នោតនេះនៅឡើយទេ។ លោកស្នើទៅសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ក្នុងស្រុកក្រុងទាំង៥ ត្រៀមឯកសារសម្រាប់ការចុះឈ្មោះបោះឆ្នោត។
លោក ហង្ស ពុទ្ធា៖ «ការបោះឆ្នោតនេះមិនមានភាពគគ្រឹកគគ្រេងទូទាំងប្រទេសនោះទេ ផ្ទុយទៅវិញមានសកម្មភាពផ្ដោតទៅលើក្រុងស្រុក ដែលទើបបង្កើតថ្មី អ៊ីចឹងសុំឱ្យអង្គបោះឆ្នោតហ្នឹងរួសរាន់ក្នុងការចុះឈ្មោះបោះឆ្នោតតាមកាលបិរច្ឆេទដែលបានគ្រោងចំពោះការដាក់បេក្ខជនឈរឈ្មោះនោះគ.ជ.ប ក៏បានទទួលរួចហើយដែរ នូវសមាសភាព ហើយចំនួនដែលខាងគណបក្សលោកបានដាក់មកហើយ»។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់(គ.ជ.ប) ឱ្យដឹងថា មាន គណបក្សនយោបាយចំនួនបី ស្នើចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតឡើងវិញនេះ ក្នុងនោះ គណបក្សប្រជាជនកម្ពុជា បានដាក់បេក្ខជនឈរឈ្មោះចំនួន ១៧៨នាក់។ គណបក្សភ្លើងទៀន ដាក់បេក្ខជនចំនួន ១៨៥នាក់ និងគណបក្សហ្វុនស៊ិនប៉ិច ដាក់បេក្ខជនចំនួន៤៩៨នាក់។ សេចក្ដីប្រកាសព័ត៌មាន គ.ជ.ប ចុះថ្ងៃទី២៤ ខែមករា ឱ្យដឹងថា គណៈកម្មការរៀបចំការបោះឆ្នោតខេត្តទាំង៣ ដែលរៀបចំការបោះឆ្នោត មានរយៈពេល៥ថ្ងៃ ដើម្បីត្រួតពិនិត្យពាក្យស្នើសុំរបស់គណបក្សនយោបាយ ហើយក្នុងករណីគណបក្សនយោបាយណា បំពេញពាក្យមិនបានត្រឹមត្រូវ គណបក្សនោះមានរយៈពេល ៥ថ្ងៃ បន្ទាប់ពីទទួលបានលិខិតជូនដំណឹងរបស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្ត ដើម្បីបំពេញបន្ថែម ឬកែតម្រូវនូវពាក្យស្នើសុំនោះ។ ការបោះឆ្នោតនេះ នឹងរៀបចំ នាថ្ងៃទី៩ ខែមេសា ខាងមុខ។
អ្នកនាំពាក្យគណបក្សគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ឱ្យដឹងថា ពេលនេះគណបក្សរបស់លោក បានណែនាំទៅអង្គបោះឆ្នោតដើម្បីត្រៀមខ្លួន និងរៀបចំ ឯកសារ សម្រាប់ការបោះឆ្នោតនេះ។ លោក សុខ ឥសាន រំពឹងថា គណបក្សកាន់អំណាច នឹងទទួលបានសំឡេងគាំទ្រភាគច្រើន ត្បិតអីគណបក្សនេះមានអង្គបោះឆ្នោតក្នុងស្រុកក្រុងទាំង៥នេះ ជាង៨០ភាគរយ។
លោក សុខ ឥសាន៖ «សាងគុណសម្បត្តិនិងការខិតខំប្រឹងប្រែងរបស់ខ្លួនគណបក្សប្រជាជនតែងតែមានសុទិដ្ឋិនិយម និងមានក្ដីសង្ឃឹមក្នុងការទទួលបានសំឡេងគាំទ្រ ពីអង្គបោះឆ្នោតបាទ»។
ទាក់ទងរឿងនេះដែរ វិទ្យុអាស៊ីសេរីមិនអាចសុំការអត្ថាធិប្បាយពីអនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ និងតំណាងគណបក្សហ៊្វុនស៊ិនប៉ិច ញឿន រ៉ាដែន បានទេនៅថ្ងៃទី២៤ ខែមករា។
នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជាហៅកាត់ថា និកហ្វិច (Nicfec) លោក សំ គន្ធាមី ឱ្យដឹងថា អង្គការរបស់លោកមិនបានស្នើដាក់បញ្ជីឈ្មោះបេក្ខជនសង្កេតការណ៍ក្នុងការបោះឆ្នោតនេះទេ។ លោកបញ្ជាក់មូលហេតុថា ព្រោះការបោះឆ្នោតនេះ ជាការបោះឆ្នោតអសកល ហើយអង្គបោះឆ្នោតមានស្រាប់រួចទៅហើយ។ លោក សំ គន្ធាមី យល់ថា ការបោះឆ្នោតនេះ ទំនងគ្មានការទិញលក់សន្លឹកឆ្នោតឡើយ ព្រោះអ្នកបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សនយោបាយនីមួយៗ ដែលចូលរួមប្រកួតប្រជែង។ អ្នកធ្វើការងារទាក់ទងកិច្ចការបោះឆ្នោតរូបនេះ ចង់ឃើញគ.ជ.ប បំពេញការងារនេះ ឱ្យល្អ ដើម្បីកុំមានការរិះគន់ក្រោយការបោះឆ្នោត ដូចការបោះឆ្នោតមុនៗ។
លោក សំ គន្ធាមី៖ «រំពឹងទុកដ៏ដូចសំណូមពរដែរ សូមឱ្យ គ.ជ.ប ហ្នឹងរៀបចំការបោះឆ្នោតអសកលហ្នឹងប្រកបដោយរលូនតាមបទបញ្ជានីតិវិធីបោះឆ្នោតទៅ ហើយសូមឱ្យអង្គបោះឆ្នោតដែលជាក្រុមប្រឹក្សាឃុំសង្កាត់លោក អញ្ជើញដើម្បីទទួលអាសនៈនៅក្នុងក្រុមប្រឹក្សាក្រុងស្រុកអីហ្នឹងបាទឱ្យមានអាសនៈចម្រុះបាទ»។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ឃុំអាណត្តិទី៥កន្លងទៅ គណបក្សប្រជាជនកម្ពុជា គ្រប់គ្រងចំនួនអាសនៈទូទាំងប្រទេសជិត៨០ភាគរយ ចំណែកគណបក្សភ្លើងទៀន ទទួលបានកៅអីក្រុមប្រឹក្សាឃុំសង្កាត់ជាង ២០ភាគរយ ដោយគណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានអាសនៈតិចតួច។ សមាជិកក្រុមប្រឹក្សាទាំងនោះ ជាអ្នកមានសិទ្ធិបោះឆ្នោតជ្រើសរើសសមាជិកប្រឹក្សា ស្រុក ក្រុង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។