គណបក្ស​កាន់អំណាច​ឃោសនា​រក​សំឡេងឆ្នោត​ដោយ​គ្មាន​ដៃគូ​ប្រកួត

0:00 / 0:00

គណបក្ស​ប្រជាជន​កម្ពុជា បើក​យុទ្ធនាការ​រក​សំឡេងឆ្នោត​ពី​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​ដោយ​គ្មាន​គណបក្ស​ប្រឆាំង​ចូលរួម​ក្នុង​ថ្ងៃ​ដំបូង​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត។ យុទ្ធនាការ​របស់​គណបក្ស​កាន់អំណាច​នេះ ធ្វើ​ឡើង​ស្រប​ពេល​គណបក្ស​ប្រឆាំង​កំពុង​ធ្វើ​យុទ្ធនាការ​ឱ្យ​ពលរដ្ឋ​ទៅ​គូស​ខ្វែង​លើ​សន្លឹកឆ្នោត​ចោល ដើម្បី​ប្រឆាំង​នឹង​ការ​បោះឆ្នោត​ថ្ងៃទី​២៣ ខែកក្កដា ដែល​ពួកគេ​ចាត់ទុកថា ជា​ការ​បោះឆ្នោត​ក្លែងក្លាយ។

លោក ហ៊ុន សែន ប្រកាស​បើក​យុទ្ធនា​ការឃោសនា ក្នុងថ្ងៃនេះ​ដំបូង នៅ​រាជធានី​ភ្នំពេញ​។ លោក ហ៊ុន សែន ដែល​ក្តោប​ក្តាប់​យោធា និង​តុលាការ​ពេញដៃ​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​លោក​អះអាង​ថា ដើម្បី​សុខ​សន្តិភាព និង​ការ​រីក​ចម្រើន។ លោក ហ៊ុន សែន ក៏​យក​ពេល ឃោសនា​នេះ​ទៅ​វាយប្រហារ​គណបក្សប្រឆាំង​ដោយ ប្ដេជ្ញាចិត្ត​កម្ទេច​ក្រុម​បក្ស​ប្រឆាំង​ណា​ដែល​លោក​ចោទ​ថា បាន​បំផ្លាញ​សន្តិភាព និង​ញុះញង់​ឱ្យ​វឹកវរ​សង្គម​ជាដើម។

លោក ហ៊ុន សែន៖ «គណបក្ស​ប្រជាជន​កម្ពុជា​សូម​ប្រកាស និង​សុំ​ការ​គាំទ្រ​ពី​បងប្អូន​ពី​ជនរួមជាតិ​នូវ​កម្មវិធី​នយោបាយ​សម្រាប់​កសាង និង​ការពារ​មាតុភូមិ​នៅ​ឆ្នាំ​២០២៣ ដល់​ឆ្នាំ​២០២៨​ដើម្បី​ធានា​ការពារ​សន្តិភាព និង​និរន្តរភាព​លើ​មាគ៌ា​នៃ​ការ​អភិវឌ្ឍ ការ​លើក​ស្ទួយ​ជីវភាព​របស់​ប្រជាជន​ឆ្ពោះ​ទៅ​រក​ចក្ខុវិស័យ កម្ពុជា​ឆ្នាំ​២០៣០ ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ និង​ឈាន​ទៅជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០»។

គណបក្សកាន់អំណាច​ក្រៅ​អំពី​ឃោសនា​ទ្រង់ទ្រាយ​ធំ នៅ​រាជធានី​ភ្នំពេញ​ហើយ នៅ​តាម​ខេត្ត​ទូទាំង​ប្រទេស​ក៏​មាន​ការ​ជួប​និង​ហែ​ក្បូន​តាម​ដងផ្លូវ ដូចជា​នៅ​ខេត្ត​កំពង់ចាម ស្វាយរៀង បាត់ដំបង បន្ទាយមានជ័យ សៀមរាប និង​កំពង់ធំ​ជាដើម។

ចំណែក​គណបក្ស​ផ្សេងៗ​វិញ​ដូចជា​គណបក្ស​ខ្មែរ​រួម​ជាតិ គណបក្ស​ហ៊្វុនស៊ិនប៉ិច គណបក្ស​ឯកភាព​ជាតិខ្មែរ និង​គណបក្ស​ខ្មែរ​ឈប់​ក្រ​ជាដើម ក៏​បើក​យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត​នៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ខេត្ត​មួយចំនួន​ទៀត​ដែរ។

អ្នកនាំពាក្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​លោក ញឿន រ៉ាដែន ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា នៅ​ថ្ងៃទី​១​នៃ​ការ​ឃោសនាបោះឆ្នោត​នេះ សមាជិក​គណបក្ស​របស់លោក​ចាក់​មេក្រូ និង​ដើរ​ចែក​ខិត្តប័ណ្ណ​ដើម្បី​បញ្ជូន​សារ​នយោបាយ​ជូន​ពលរដ្ឋ​នៅ​តាម​ភូមិ​ឃុំ​ទូទាំង​ប្រទេស​។ លោក​ឱ្យដឹង​ថា នៅ​ថ្ងៃ​ទី​២ នៃ​យុទ្ធនាការឃោសនា គឺ​ប្រធាន​គណបក្ស ព្រះអង្គម្ចាស់ នរោត្ដម ចក្រាវុធ នឹង​ដឹកនាំ​សមាជិក និង​អ្នកគាំទ្រ​ប្រមាណ ៥​ពាក់​នាក់​ចេញ​ហែ​ក្បូន​ឃោសនា​ទ្រង់ទ្រាយ​ធំ​នៅ​តាម​ផ្លូវ​សំខាន់ៗ​នៅ​ក្នុង​រាជធានី​ភ្នំពេញ។

លោក ញឿន រ៉ាដែន៖ «សូម​គាំទ្រ​គណបក្ស​រាជានិយម​ហ៊្វុនស៊ិនប៉ិច​ដើម្បី​បន្ត​ឱ្យ​ព្រះអង្គម្ចាស់ នរោត្ដម ចក្រាវុធ មានឱកាស​ដឹកនាំ​ប្រទេសជាតិ ដើម្បី​ឱ្យ​របប​រាជា​និយម​នៅ​កម្ពុជា​មាន​ភាពរឹងមាំ ជាពិសេស​ព្រះអង្គម្ចាស់ នរោត្ដម ចក្រាវុធ ទ្រង់​ធានា​ថា នឹង​ដោះស្រាយ​បញ្ហា​ជាតិ​សំខាន់ៗ​ដែល​ប្រជារាស្ត្រ​កំពុង​ជួប​ទុក្ខ​លំបាក»។

ដោយឡែក​គណបក្សប្រឆាំង​នៅ​ក្រៅ​ប្រទេស​កំពុង​ប្រកាស​ធ្វើ​យុទ្ធនាការ​គូស​សន្លឹកឆ្នោត​ចោល​នៅពេល​ទៅ​បោះឆ្នោត រួម​ទាំង​ប្រមូល​ផ្តុំ​ធ្វើ​បាតុកម្ម​នៅ​តាម​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ​ជា​បន្តបន្ទាប់ ដើម្បី​ប្រឆាំង​នឹង​ការ​បោះឆ្នោត ដែល​គណបក្ស​នេះ​ចាត់ទុកជា​ការបោះឆ្នោត​ក្លែងក្លាយ។

យុទ្ធនាការ​របស់​គណបក្ស​ប្រឆាំង​នេះ​ធ្វើឡើង​បន្ទាប់ពី​របប​ដឹកនាំ​របស់​លោក ហ៊ុន សែន បាន​ផាត់​គណបក្ស​ប្រឆាំង​ចេញ​ពី​ការ​ប្រកួត ហើយ​លោក ហ៊ុន សែន កែ​ច្បាប់បោះឆ្នោត​យ៉ាង​តក់ក្រហល់​ដើម្បី​ដាក់​បំបិទ​លើ​សិទ្ធិ​ពលរដ្ឋ​ថែមទៀត។ ចំណែក​សកម្មជន​បក្ស​ភ្លើងទៀន​ក្នុង​ស្រុក​ខ្លះ បាន​ដាក់​រូបភាព​ឃោសនា​បោះឆ្នោត​ឃុំ​សង្កាត់ តាម​ហ្វេសប៊ុក​ដើម្បី​ឌឺដង​នឹង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មិន​ហ៊ាន​ប្រកួត​ការបោះឆ្នោត​ដោយ​យុត្តិធម៌។

មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ​លោក ម៉ែន សុថាវរិន្ទ្រ ចាត់ទុក​ដំណើរ​ការ​បោះឆ្នោត​នេះ​ថា ជា​ឆាកល្ខោន​សម្ដែង​បំភ័ន្ត​ភ្នែក​ពលរដ្ឋ និង​អន្តរជាតិ​ដែល​រៀបចំ​ដឹកនាំ​ដោយ​លោក ហ៊ុន សែន នេះ​ដើម្បី​ការពារ​អំណាច​បែប​ផ្ដាច់ការ​តពូជ​របស់​លោក​។ លោក​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ប្រើប្រាស់​សិទ្ធិ​សេរីភាព​ក្នុង​ការ​បោះឆ្នោត ប៉ុន្តែ​ករណី​ពលរដ្ឋ​រង​ការ​បង្ខិតបង្ខំ​ឱ្យទៅ​បោះឆ្នោត​នោះ​លោក​ស្នើ​ដល់​ពលរដ្ឋ​ទៅ​គូស​សន្លឹកឆ្នោត​ចោល។

លោក ម៉ែន សុថាវរិន្ទ្រ៖ «អ្នក​នៅ​ក្រៅ​ប្រទេស​គឺ​ធ្វើ​យុទ្ធនាការ​គ្រប់​តំបន់​ទូទាំង​សកលលោក គឺ​គេ​ធ្វើតាម​ប្រព័ន្ធ​ហ្វេសប៊ុក​អនឡាញ។ ចាំ​មើល​ទៅ​សន្លឹកឆ្នោត​មានតែ​ពីរ​ទេ ទីមួយ​បោះឆ្នោត​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា ទី​ពីរ​បោះឆ្នោត​ឱ្យ​អ្នក​ប្រជាធិបតេយ្យ គឺ​គូស​ខ្វែង​នៅ​លើ​សន្លឹកឆ្នោត​។ យុទ្ធនាការ​គូស​ខ្វែង​ជា​ការ​មិន​ទទួល​ស្គាល់​ការបោះឆ្នោត​ក្លែងក្លាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និយាយ​ជា​រួម​ទៅ ចាប់ពី​ថ្ងៃនេះ​ទៅ​លោក ហ៊ុន សែន ធ្វើ​អ្វី​ស្រេច​តែ​ចិត្ត គឺជា​ជន​ផ្ដាច់ការ​ពិតប្រាកដ​ហើយ»។

អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប លោក ហង្ស ពុទ្ធា ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា​គិត​ត្រឹម​រសៀល​ថ្ងៃទី​១ ខែ​កក្កដា​នេះ យុទ្ធនាការ​ឃោសនា​ថ្ងៃ​ដំបូង​បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ដែល​មាន​សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​ល្អ។ លោក ហង្ស ពុទ្ធា បញ្ជាក់​ថា នៅ​ពេល​ពលរដ្ឋ​ចូល​ទៅ​បោះឆ្នោត​ជា​ការ​បោះឆ្នោត​សម្ងាត់។

លោក ហង្ស ពុទ្ធា៖ «គឺ​ប្រព្រឹត្ត​ជា​ប្រក្រតី ប្រកបដោយ​សុវត្ថិភាព មាន​សណ្ដាប់ធ្នាប់​ជាទូទៅ​ល្អ ហើយ​ការ​ដង្ហែ​ក្បួន​នេះ​ទៀត​ត្រូវ​បាន​មហាជន​អម​តាម​សងខាង​ផ្លូវ​តាម​សម្លឹង​មើល​ហាក់ដូចជា​យកចិត្តទុកដាក់​ទទួល​ស្គាល់​ថា ព្រឹត្តិការណ៍​ខាងមុខ​ថ្ងៃទី​២៣ ខែ​កក្កដា ជា​ថ្ងៃ​បោះឆ្នោត​ដែល​ទាំងអស់គ្នា​ត្រៀមខ្លួន​សម្រេចចិត្ត​ជ្រើស​រើស​យក​គណបក្ស​នយោបាយ​ណាមួយ​ដែល​ខ្លួន​ស្រឡាញ់​ពេញ​ចិត្ត»។

យុទ្ធនាការ​ឃោសនា​បោះឆ្នោត​មាន​រយៈពេល​២១​ថ្ងៃ គឺ​ចាប់ផ្ដើម​នៅ​ថ្ងៃទី​១ ដល់​ថ្ងៃទី​២១ ខែ​កក្កដា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។