គណបក្សកាន់អំណាច និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប ច្រានចោលការលើកឡើងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិដែលថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រក្នុងពេលខាងមុខនេះ ធ្វើឡើងដោយមិនមានសេរី មិនពហុបក្ស និងប៉ះពាល់ដល់សិទ្ធិប្រជាធិបតេយ្យរបស់ប្រជាពលរដ្ឋ ដោយសារតែគ្មានការចូលរួមពីគណបក្សភ្លើងទៀន។ ចំណែក គណបក្សភ្លើងទៀនខ្លួនឯងក៏យល់ឃើញថា ដើម្បីធានាឱ្យការបោះឆ្នោតប្រកបដោយភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌ គណបក្សនេះត្រូវតែបានការអនុញ្ញាតឱ្យចូលរួមប្រកួតប្រជែងការបោះឆ្នោតក្នុងខែកក្កដា ខាងមុខនេះដែរ។
គណបក្សកាន់អំណាច និងគ.ជ.ប ចាត់ទុកថាការលើកឡើងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គោទែរ៉េស (Antonio Guterres) ដែលថា ការមិនអនុញ្ញាតឱ្យគណបក្សភ្លើងទៀនចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រក្នុងខែកក្កដា ខាងមុខ ធ្វើឱ្យប៉ះពាល់ដល់សិទ្ធិប្រជាធិបតេយ្យរបស់ប្រជាពលរដ្ឋនោះ គឺមិនឆ្លុះបញ្ចាំងពីការពិតនោះទេ។
អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន អះអាងនៅថ្ងៃទី២ ខែមិថុនា ថា ការលើកឡើងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គោទែរ៉េស (Antonio Guterres) មិនបានផ្សាភ្ជាប់អំពីមូលហេតុពិតប្រាកដ ដែលធ្វើឱ្យគណបក្សភ្លើងទៀនមិនអាចចូលរួមការបោះឆ្នោតនោះឡើយ។
លោក សុខ ឥសាន៖ «យើងចាត់ទុកថា ជាការយល់ឃើញរបស់គាត់ ហើយចាត់ទុកថា ជាសិទ្ធិបញ្ចេញមតិរបស់គាត់ ក៏ប៉ុន្តែសិទ្ធិបញ្ចេញមតិរបស់គាត់ហ្នឹងមិនបានផ្សាភ្ជាប់ទៅការពិតជាក់ស្ដែង ដោយរកមូលហេតុថា មូលហេតុដើមថា ហេតុអីបានជាគណបក្សភ្លើងទៀនមិនបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត»។
រីឯអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប លោក ហង្ស ពុទ្ធា លើកឡើងថា អវត្តមានគណបក្សភ្លើងទៀននៅក្នុងការបោះឆ្នោត មិនមានផលប៉ះពាល់ដល់ភាពត្រឹមត្រូវ និងសេរីពហុបក្ស ក្នុងការបោះឆ្នោតនោះឡើយ។ លោកនៅតែបន្តអះអាងថា ការមិនអនុញ្ញាតឱ្យគណបក្សភ្លើងទៀនចូលរួមការបោះឆ្នោត គឺជាការអនុវត្តច្បាប់បោះឆ្នោត។
លោក ហង្ស ពុទ្ធា៖ «ជានីតិរដ្ឋបានន័យថា គោរពច្បាប់ ហើយប្រសិនបើមានគណបក្សមួយនោះលោកអត់មានឯកសារត្រឹមត្រូវសម្រាប់ការចុះបញ្ជីគណបក្ស នោះ គ.ជ.ប ក៏មិនអាចទទួលយកបានដែរ អ៊ីចឹងជានីតិវិធីត្រូវធ្វើការបដិសេធយ៉ាងនេះហើយ ហើយនេះគឺជាយុត្តិធម៌ សម្រាប់គណបក្សនយោបាយ១៨ទៀត ដែលលោកបានដាក់ឯកសារត្រឹមត្រូវ»។
ប្រតិកម្មឆ្លើយតបទាំងនេះ ធ្វើឡើងបន្ទាប់ពីអ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក ស្ទេហ្វាន ឌូហ្សារីគ (Stéphane Dujarric) បានបញ្ជាក់ទៅកាសែត នៅក្នុងពេលសង្ខេបព័ត៌មាននៅថ្ងៃទី៣១ ខែឧសភាថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គោទែរ៉េស បានលើកឡើងជាថ្មីម្ដងទៀតថា ភាពពហុបក្ស និងប្រការដែលអ្នកបោះឆ្នោតមានសិទ្ធិអាចជ្រើសរើសគណបក្សដែលខ្លួនពេញចិត្ត គឺមានសារៈសំខាន់ណាស់ក្នុងការធ្វើឱ្យដំណើរការបោះឆ្នោតអាចទុកចិត្តបាន និងសិទ្ធិរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យត្រូវបានធានា។ លោក ស្ទេហ្វាន ឌូហ្សារីគ ក៏បានរម្លឹកសម្ដីរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលបានមកធ្វើទស្សនកិច្ចនៅកម្ពុជាកាលពីឆ្នាំ២០២២ ដែលគាត់បានលើកឡើងអំពីសារៈសំខាន់ក្នុងការបើកលំហសេរីភាពពលរដ្ឋ ការការពារអ្នកការពារសិទ្ធិមនុស្ស និងសេរីភាពអង្គការសង្គមស៊ីវិល ដើម្បីឱ្យកម្ពុជាទទួលបានការអភិវឌ្ឍដោយនិរន្តរភាព ការផ្សះផ្សា និងសន្តិភាពពិតប្រាកដ។
ជុំវិញរឿងនេះ អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គីមសួរ ភីរិទ្ធិ យល់ឃើញថា ការលើកឡើងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គោទែរ៉េស គឺជាការបង្ហាញក្ដីបារម្ភអំពីការរំលោភសិទ្ធិរបស់ប្រជាពលរដ្ឋ ដែលគាំទ្រគណបក្សភ្លើងទៀនជិត ២លាននាក់ កាលពីការបោះឆ្នោតឃុំ សង្កាត់ កាលពីឆ្នាំ២០២២។ ជាមួយគ្នានេះ លោកបន្ថែមថា រដ្ឋាភិបាលក៏គួរពិចារណាអនុញ្ញាតឱ្យគណបក្សភ្លើងទៀនចូលរួមការបោះឆ្នោតឡើងវិញ ដើម្បីជៀសវាងការថ្កោលទោសពីស្ថាប័នអន្តរជាតិ និងបណ្ដាលប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ។
លោក គីមសួរ ភីរិទ្ធិ៖ «ទី១ វាសបញ្ជាក់ថា គណបក្សដទៃទៀតមិនខ្លាចរអាវត្តមានចូលរួមរបស់គណបក្សភ្លើងទៀនទេ ហើយគណបក្សភ្លើងទៀនហ្នឹងក៏សប្បាយចិត្តដែរ យើងមិនគិតថាការបោះឆ្នោតហ្នឹងយើងមិនសុទ្ធតែឈ្នះទាំងអស់ទេ វាអាចមានចាញ់មានឈ្នះ ប៉ុន្តែយ៉ាងណាក៏ដោយ យើងមានឱកាសចូលរួមប្រកួតប្រជែងក្នុងនាមយើងគណបក្សនយោបាយមួយស្របច្បាប់ ហើយជាពិសេសគឺមានសំឡេងគាំទ្រការបោះឆ្នោតឃុំសង្កាត់កន្លងទៅ។ យើងនៅតែទទូចសុំអាជ្ញាធរពាក់ព័ន្ធផ្សេងៗ រួមទាំង គ.ជ.ប ក៏ដូចជាក្រុមប្រឹក្សាធម្មនុញ្ញហ្នឹងពិចារណាឡើងវិញពីការផ្ដល់ឱ្យគណបក្សភ្លើងទៀន អាចចុះបញ្ជីប្រកួតប្រជែងក្នុងការបោះឆ្នោតនាពេលខាងមុខ។
របបរបស់លោក ហ៊ុន សែន ដែលមានកេរ្តិ៍ឈ្មោះអាក្រក់ខាងមិនគោរពសិទ្ធិមនុស្ស និងការកម្ទេចគណបក្សប្រឆាំងជាបន្តបន្ទាប់នោះ ត្រូវបានគេមើលឃើញថា បានប្រើប្រាស់ស្ថាប័នរៀបចំការបោះឆ្នោត គ.ជ.ប ស្ថិតក្រោមឥទ្ធិពលរបស់ខ្លួន យកលេសបញ្ហាបច្ចេកទេស ដើម្បីរារាំងគណបក្សភ្លើងទៀនដែលជាបក្សប្រឆាំងតែមួយគត់ ដែលអាចមានលទ្ធភាពប្រកួតប្រជែងជាមួយបក្សកាន់អំណាចនោះ មិនឲ្យចូលរួមការបោះឆ្នោតនៅខែកក្កដាខាងមុខ។
ទាក់ទងនឹងបញ្ហានេះ មន្ត្រីផ្នែកច្បាប់នៃអង្គការសង់ត្រាល់ (CENTRAL) លោក វន ចាន់ឡូត យល់ឃើញថា ការលើកឡើងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គោទែរ៉េស បញ្ជាក់អំពីស្ថានភាពអន់ថយនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលសិទ្ធិនយោបាយ និងសេរីភាពការងាររបស់អង្គការសង្គមស៊ីវិល ហើយនិងសកម្មជនសិទ្ធិមនុស្សត្រូវបានរឹតត្បិត និងរងការរំលោភបំពានធ្ងន់ធ្ងរផងដែរ។
លោក វន ចាន់ឡូត៖ «ក៏ជាការបញ្ជាក់ថា ការបោះឆ្នោតក្នុងពេលខាងមុខជាការបោះឆ្នោតមួយដែលមិនមាននូវយុត្តិធម៌ ត្រឹមត្រូវ ដោយសារតែអវត្តមាននៃបក្សប្រឆាំងដែលសហគមន៍អន្តរជាតិ ក៏ដូចជាប្រជាពលរដ្ឋខ្មែរមើលឃើញថា សក្ដិសមនឹងប្រកួតប្រជែងជាមួយហ្នឹងបក្សប្រជាជនកម្ពុជា គឺគណបក្សដែលកំពុងតែកាន់អំណាចហ្នឹង»។
ការរារាំងគណបក្សភ្លើងទៀននេះ សហរដ្ឋអាមេរិក (USA) ស្ថានទូតបារាំង (France) អូស្ត្រាលី (Australia) និងសហភាពអឺរ៉ុប(EU) ក៏បានបញ្ចេញប្រតិកម្មជាបន្តបន្ទាប់ និងទាមទារឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន បើកឲ្យគណបក្សភ្លើងទៀន ចូលរួមការបោះឆ្នោតឡើងវិញ និងបញ្ជាក់ថា គណបក្សមួយដែលមិនអាចចុះបញ្ជីចូលរួមការបោះឆ្នោតបាន នោះមិនមែនជាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានោះទេ។ កន្លងទៅ សហភាពអឺរ៉ុបក៏បានព្រមានដកប្រព័ន្ធអនុគ្រោះពន្ធ EBA បន្ថែមទៀត ប្រសិនបើរដ្ឋាភិបាល ហ៊ុន សែន មិនស្ដារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ព្រមទាំងបន្តបិទសិទ្ធិគណបក្សប្រឆាំងមិនឲ្យចូលរួមការបោះឆ្នោត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។