មន្ត្រី​បក្ស​កាន់អំណាច​ថា គ្មាន​បរទេស​ណា​អាច​ជួយ​លោក កឹម សុខា បាន​ទេ

ដោយ យន់ សាមៀន
2021-06-12
Share
មន្ត្រី​បក្ស​កាន់អំណាច​ថា គ្មាន​បរទេស​ណា​អាច​ជួយ​លោក កឹម សុខា បាន​ទេ ប្រធានគណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា (ស្ដាំ) ក្នុង​ជំនួប​ជាឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា។
រូប​ពី​ហ្វេសប៊ុក​លោក កឹម សុខា

មន្ត្រី​បក្ស​កាន់អំណាច​ថា គ្មាន​បរទេស​ណា​អាច​ជួយ​លោក កឹម សុខា បាន​ទេ​ដោយ​លោក​លើកឡើង​ដដែលៗ​ថា សំណុំ​រឿង​នេះ​ស្ថិត​ក្នុង​ដៃ​តុលាការ។ ទោះ​យ៉ាងណា មន្ត្រី​បក្ស​ប្រឆាំង​ថា​ការ​យក​តុលាការ​មក​ពាំងមុខ​គ្រាន់តែ​ជា​លេស​របស់​បក្ស​កាន់អំណាច​ព្រោះ​ការ​ចាប់ខ្លួន​លោក កឹម សុខា និង​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​គឺ​ធ្វើ​ឡើង​ដោយ​ខុសច្បាប់។

មន្ត្រី​បក្ស​កាន់អំណាច​នៅតែ​អះអាង​ដដែល​ថា គណបក្ស​កាន់​អំណាច​គ្មាន​ការ​ព្រមព្រៀង​នយោបាយ​ណាមួយ​ជាមួយ​ប្រធាន​បក្ស​ប្រឆាំង លោក កឹម សុខា ដែល​កំពុង​រង​ការចោទប្រកាន់​របស់​តុលាការ​នោះ​ទេ។ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ឱ្យ​អាស៊ីសេរី​ដឹង​ថា ការ​ដែល​លោក កឹម សុខា ជួប​ប្រមុខ​ទូត​ប្រទេស​សេរី​និង​មន្ត្រីជាន់ខ្ពស់​សហរដ្ឋអាមេរិក​នា​ពេល​ថ្មីៗ​នេះ​គឺជា​សិទ្ធិ​សេរីភាព​របស់​លោក កឹម សុខា ដែល​តុលាការ​បាន​ផ្ដល់​ឱ្យ។ លោក​យល់​ថា ជំនួប​នោះ​គ្រាន់តែ​ជា​មនោសញ្ចេតនា​រវាង​បុគ្គល និង​បុគ្គល៖ «បរទេស​គាត់​ឋានៈ​ជា​បរទេស​គាត់​មិនមែន​ចៅហ្វាយនាយ​កម្ពុជា​ឯណា​លើក​សំណូមពរ​ជា​ការ​លើក​សំណូមពរ​កន្លងទៅ​មាន​សំណូមពរ​ហូរហែ​ហើយ ប៉ុន្តែ​សួរ​ថា​បាន​លទ្ធផល​ទេ​គឺ​អត់​ទេ​ព្រោះ​នេះ​ស្ថិត​ក្នុង​អធិបតេយ្យភាព​របស់​កម្ពុជា ជាពិសេស​ស្ថិត​យុត្តាធិការ​របស់​តុលាការ»

ទោះ​មានការ​លើកឡើង​បែបនេះ​របស់​លោក សុខ ឥសាន​ក្ដី ប៉ុន្តែ​កន្លងមក​ប្រមុខ​ទូត​រួមមាន​៖ សហរដ្ឋអាមេរិក និង​ប្រទេស​លោក​សេរី​តែង​ទាមទារ​ឱ្យ​មាន​ការ​ទម្លាក់​បទ​ចោទ​លើ​លោក កឹម សុខា និង​ត្រូវ​ផ្ដល់​នីតិសម្បទា​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដំណើរការ​ឡើងវិញ​ក្នុង​ការ​ចូលរួម​ការ​បោះ​ឆ្នោត​នា​ពេល​ខាងមុខ។

ប្រតិកម្ម​របស់​មន្ត្រី​បក្ស​កាន់អំណាច​បែបនេះ ស្រប​ពេល​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ជួប​ជាមួយ​តំណាង​ទូត​ប្រទេស​លោក​សេរី​ជា​បន្តបន្ទាប់ ក្នុង​នោះ​លោក កឹម សុខា បាន​ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​ប្រទេស​ខាងលិច​កាល​ពី​ពេល​ថ្មីៗ​នេះ។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សួន សូរីដា ដែល​កំពុង​និទ្ទេស​ខ្លួន​នៅ​ប្រទេស​អូស្ត្រាលី​ឱ្យ​ដឹង​ថា ប្រមុខ​ទូត​ប្រទេស​សេរីជួប​លោក កឹម សុខា គឺជា​ជំនួប​ផ្លូវការ​មិនមែន​ជា​ជំនួប​ឯកជន ឬ​ត្រឹម​ជា​ការ​សួរសុខទុក្ខ​ធម្មតា​នោះ​ទេ ព្រោះ​អ្នក​ទាំងនោះ​ពេល​ជួប​លោក កឹម សុខា តែង​និយាយ​ក្នុងនាម​ពួកគេ​ជា​ប្រមុខ​ការទូត​។ មន្ត្រី​បក្ស​ប្រឆាំង​ដែល​ស្និទ្ធ​នឹង​លោក កឹម សុខា រូប​នេះ​នៅតែ​ចាត់ទុកថា តុលាការ​ស្ថិត​ក្នុង​ការ​បង្គាប់​បញ្ជា​របស់​លោក ហ៊ុន សែន ដដែល​។ លោក​ថា ករណី​​ចោទ​ប្រកាន់​​លោក កឹម សុខា គឺជា​រឿង​នយោបាយ​។ លោក​រម្លឹក​ថា ការ​ចាប់ខ្លួន ការ​ចោទប្រកាន់ លោក កឹម សុខា និង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ចុងឆ្នាំ​២០១៧ ធ្វើ​ឡើង​ដោយ​រំលោភ​ច្បាប់ ហើយ​មកដល់ពេលនេះ​តុលាការ​ក៏​មិនទាន់​រកបាន​ភស្តុតាង​ថា លោក កឹម សុខា ក្បត់ជាតិ​នៅ​ឡើយ​ដែរ៖ «ចាប់​មនុស្ស​​ទាំងយប់​ពាក់កណ្ដាល​អាធ្រាត្រ គឺ​ខុសច្បាប់​ចាប់​លោក កឹម សុខា​នៅ​ក្នុង​ពេល​មាន​អភ័យឯកសិទ្ធិ​តំណាងរាស្ត្រ​ចាប់​ខុសច្បាប់​បាត់​ហើយ​ហ្នឹង​ការ​រំលាយ​គណបក្ស​មួយ​ដែល​មាន​ប្រជាពលរដ្ឋ​គាំទ្រ​បោះឆ្នោត​គឺ​ត្រូវ​ពឹងផ្អែក​ភស្តុតាង​ស្អី? ដើម្បី​រំលាយ​គណបក្ស​ហ្នឹង​តែ​ក្ដី​លោក កឹម សុខា មិន​ទាន់​កាត់​ផង​ហើយ​មក​ដល់​ពេល​នេះ​លោក កឹម សុខា នៅ​មិន​ទាន់​មាន​ទោស​នៅ​ឡើយ​ត្រឹម​ជា​ជន​ជាប់ចោទ»

របប​លោក ហ៊ុន សែន បាន​ចោទប្រកាន់​លោក កឹម សុខា ពី​បទ​ក្បត់ជាតិ ប៉ុន្តែ​ជិត ៤​ឆ្នាំ​មក​នេះ​អាជ្ញាធរ​មិន​បាន​បង្ហាញ​ភស្តុតាង​រឹងមាំ​ណាមួយ​ដែល​បញ្ជាក់​ពី​ទោសកំហុស​របស់​លោក កឹម សុខា នៅ​ឡើយ​។ ផ្ទុយទៅវិញ​សំណុំ​រឿង​នេះ​ត្រូវ​បាន​ផ្អឹប​ទុក​ទៅតាម​ការ​ចង់​បាន​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ ទោះ​យ៉ាង​ណា តុលាការ​បាន​អនុញ្ញាត​ឱ្យ លោក កឹម សុខា អាច​ធ្វើ​ដំណើរ​ក្នុង​ប្រទេស ឬ​ជួប​អង្គទូត​នានា លើកលែងតែ​ការ​ចេញ​ក្រៅប្រទេស និង​សិទ្ធិ​ធ្វើ​នយោបាយ។​ ក្រុម​មេធាវី​របស់​លោក កឹម សុខា គ្រោង​ដាក់​លិខិតស្នើ​ទៅ​តុលាការ​ឱ្យ​ទម្លាក់​បទ​ចោទ​លើ​លោក កឹម សុខា​។​ មេធាវី​ការពារ​ឱ្យ​លោក កឹម សុខា គឺ​នឹង​ជួប​កូនក្ដី​ជាមុន​សិន មុននឹង​សម្រេច​ដាក់​សំណើ​ទៅ​តុលាការ​ស្នើ​ឱ្យ​ទម្លាក់​ចោល​បទចោទ។

អាស៊ីសេរី​មិនទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​លោក​មេធាវី ផែង ហេង ស្ដីពី​គម្រោង​សុំ​តុលាការ​ទម្លាក់​ចោល​បទ​ចោទ​បាន​នៅឡើយ​ទេ​នៅ​ថ្ងៃទី​១២ ខែមិថុនា​។ រីឯ​ប្រធាន​សាលាដំបូង​រាជធានី ភ្នំពេញ លោក តាំង ស៊ុន ឡាយ ក៏​អាស៊ីសេរី​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​បាន​ដែរ ដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នកទទួល។

ពាក់ព័ន្ធ​នឹង​ជំនួប​រវាង​លោក កឹម សុខា និង​មន្ត្រី​ការទូត​ជាន់ខ្ពស់​នេះ អ្នកវិភាគ​នយោបាយ លោក គឹម សុខ ថា ការដែល​ប្រមុខ​ទូត​បរទេស ជួប​លោក កឹម សុខា ថ្មីៗ​នេះ ដើម្បី​បញ្ជូន​សារ​គាំទ្រ ពី​បំណង​ប្រាថ្នា​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ចង់បាន​លទ្ធិប្រជាធិបតេយ្យ​។ អ្នកវិភាគ​រូប​នេះ​ថា សកម្មភាព​របស់​មន្ត្រី​ការទូត​ទាំងនោះ ទំនង​ធ្វើ​ឱ្យ​លោក ហ៊ុន សែន ខ្មាសអៀន​ចំពោះ​ទង្វើ​របស់​លោក ដែល​ព្យាយាម​យក​តុលាការ​ដើម្បី​កម្ចាត់​លោក កឹម សុខា ពី​ឆាកនយោបាយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល