មន្ត្រីបក្សកាន់អំណាចថា គ្មានបរទេសណាអាចជួយលោក កឹម សុខា បានទេដោយលោកលើកឡើងដដែលៗថា សំណុំរឿងនេះស្ថិតក្នុងដៃតុលាការ។ ទោះយ៉ាងណា មន្ត្រីបក្សប្រឆាំងថាការយកតុលាការមកពាំងមុខគ្រាន់តែជាលេសរបស់បក្សកាន់អំណាចព្រោះការចាប់ខ្លួនលោក កឹម សុខា និងការរំលាយគណបក្សសង្គ្រោះជាតិគឺធ្វើឡើងដោយខុសច្បាប់។
មន្ត្រីបក្សកាន់អំណាចនៅតែអះអាងដដែលថា គណបក្សកាន់អំណាចគ្មានការព្រមព្រៀងនយោបាយណាមួយជាមួយប្រធានបក្សប្រឆាំង លោក កឹម សុខា ដែលកំពុងរងការចោទប្រកាន់របស់តុលាការនោះទេ។ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ឱ្យអាស៊ីសេរីដឹងថា ការដែលលោក កឹម សុខា ជួបប្រមុខទូតប្រទេសសេរីនិងមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកនាពេលថ្មីៗនេះគឺជាសិទ្ធិសេរីភាពរបស់លោក កឹម សុខា ដែលតុលាការបានផ្ដល់ឱ្យ។ លោកយល់ថា ជំនួបនោះគ្រាន់តែជាមនោសញ្ចេតនារវាងបុគ្គល និងបុគ្គល៖ «បរទេសគាត់ឋានៈជាបរទេសគាត់មិនមែនចៅហ្វាយនាយកម្ពុជាឯណាលើកសំណូមពរជាការលើកសំណូមពរកន្លងទៅមានសំណូមពរហូរហែហើយ ប៉ុន្តែសួរថាបានលទ្ធផលទេគឺអត់ទេព្រោះនេះស្ថិតក្នុងអធិបតេយ្យភាពរបស់កម្ពុជា ជាពិសេសស្ថិតយុត្តាធិការរបស់តុលាការ»។
ទោះមានការលើកឡើងបែបនេះរបស់លោក សុខ ឥសានក្ដី ប៉ុន្តែកន្លងមកប្រមុខទូតរួមមាន៖ សហរដ្ឋអាមេរិក និងប្រទេសលោកសេរីតែងទាមទារឱ្យមានការទម្លាក់បទចោទលើលោក កឹម សុខា និងត្រូវផ្ដល់នីតិសម្បទាឱ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញក្នុងការចូលរួមការបោះឆ្នោតនាពេលខាងមុខ។
ប្រតិកម្មរបស់មន្ត្រីបក្សកាន់អំណាចបែបនេះ ស្របពេលលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិបានជួបជាមួយតំណាងទូតប្រទេសលោកសេរីជាបន្តបន្ទាប់ ក្នុងនោះលោក កឹម សុខា បានជួបជាមួយឯកអគ្គរដ្ឋទូតប្រទេសខាងលិចកាលពីពេលថ្មីៗនេះ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សួន សូរីដា ដែលកំពុងនិទ្ទេសខ្លួននៅប្រទេសអូស្ត្រាលីឱ្យដឹងថា ប្រមុខទូតប្រទេសសេរីជួបលោក កឹម សុខា គឺជាជំនួបផ្លូវការមិនមែនជាជំនួបឯកជន ឬត្រឹមជាការសួរសុខទុក្ខធម្មតានោះទេ ព្រោះអ្នកទាំងនោះពេលជួបលោក កឹម សុខា តែងនិយាយក្នុងនាមពួកគេជាប្រមុខការទូត។ មន្ត្រីបក្សប្រឆាំងដែលស្និទ្ធនឹងលោក កឹម សុខា រូបនេះនៅតែចាត់ទុកថា តុលាការស្ថិតក្នុងការបង្គាប់បញ្ជារបស់លោក ហ៊ុន សែន ដដែល។ លោកថា ករណីចោទប្រកាន់លោក កឹម សុខា គឺជារឿងនយោបាយ។ លោករម្លឹកថា ការចាប់ខ្លួន ការចោទប្រកាន់ លោក កឹម សុខា និងការរំលាយគណបក្សសង្គ្រោះជាតិកាលពីចុងឆ្នាំ២០១៧ ធ្វើឡើងដោយរំលោភច្បាប់ ហើយមកដល់ពេលនេះតុលាការក៏មិនទាន់រកបានភស្តុតាងថា លោក កឹម សុខា ក្បត់ជាតិនៅឡើយដែរ៖ «ចាប់មនុស្សទាំងយប់ពាក់កណ្ដាលអាធ្រាត្រ គឺខុសច្បាប់ចាប់លោក កឹម សុខានៅក្នុងពេលមានអភ័យឯកសិទ្ធិតំណាងរាស្ត្រចាប់ខុសច្បាប់បាត់ហើយហ្នឹងការរំលាយគណបក្សមួយដែលមានប្រជាពលរដ្ឋគាំទ្របោះឆ្នោតគឺត្រូវពឹងផ្អែកភស្តុតាងស្អី ? ដើម្បីរំលាយគណបក្សហ្នឹងតែក្ដីលោក កឹម សុខា មិនទាន់កាត់ផងហើយមកដល់ពេលនេះលោក កឹម សុខា នៅមិនទាន់មានទោសនៅឡើយត្រឹមជាជនជាប់ចោទ»។
របបលោក ហ៊ុន សែន បានចោទប្រកាន់លោក កឹម សុខា ពីបទក្បត់ជាតិ ប៉ុន្តែជិត ៤ឆ្នាំមកនេះអាជ្ញាធរមិនបានបង្ហាញភស្តុតាងរឹងមាំណាមួយដែលបញ្ជាក់ពីទោសកំហុសរបស់លោក កឹម សុខា នៅឡើយ។ ផ្ទុយទៅវិញសំណុំរឿងនេះត្រូវបានផ្អឹបទុកទៅតាមការចង់បានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ទោះយ៉ាងណា តុលាការបានអនុញ្ញាតឱ្យ លោក កឹម សុខា អាចធ្វើដំណើរក្នុងប្រទេស ឬជួបអង្គទូតនានា លើកលែងតែការចេញក្រៅប្រទេស និងសិទ្ធិធ្វើនយោបាយ។ ក្រុមមេធាវីរបស់លោក កឹម សុខា គ្រោងដាក់លិខិតស្នើទៅតុលាការឱ្យទម្លាក់បទចោទលើលោក កឹម សុខា។ មេធាវីការពារឱ្យលោក កឹម សុខា គឺនឹងជួបកូនក្ដីជាមុនសិន មុននឹងសម្រេចដាក់សំណើទៅតុលាការស្នើឱ្យទម្លាក់ចោលបទចោទ។
អាស៊ីសេរីមិនទាន់អាចសុំការបំភ្លឺពីលោកមេធាវី ផែង ហេង ស្ដីពីគម្រោងសុំតុលាការទម្លាក់ចោលបទចោទបាននៅឡើយទេនៅថ្ងៃទី១២ ខែមិថុនា។ រីឯប្រធានសាលាដំបូងរាជធានី ភ្នំពេញ លោក តាំង ស៊ុន ឡាយ ក៏អាស៊ីសេរីមិនអាចសុំការអត្ថាធិប្បាយបានដែរ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។
ពាក់ព័ន្ធនឹងជំនួបរវាងលោក កឹម សុខា និងមន្ត្រីការទូតជាន់ខ្ពស់នេះ អ្នកវិភាគនយោបាយ លោក គឹម សុខ ថា ការដែលប្រមុខទូតបរទេស ជួបលោក កឹម សុខា ថ្មីៗនេះ ដើម្បីបញ្ជូនសារគាំទ្រ ពីបំណងប្រាថ្នារបស់ប្រជាពលរដ្ឋខ្មែរដែលចង់បានលទ្ធិប្រជាធិបតេយ្យ។ អ្នកវិភាគរូបនេះថា សកម្មភាពរបស់មន្ត្រីការទូតទាំងនោះ ទំនងធ្វើឱ្យលោក ហ៊ុន សែន ខ្មាសអៀនចំពោះទង្វើរបស់លោក ដែលព្យាយាមយកតុលាការដើម្បីកម្ចាត់លោក កឹម សុខា ពីឆាកនយោបាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។