មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ២រូបទៀត បានតួនាទីខ្ពស់ក្នុងក្រសួងបរិស្ថាន ភ្លាមៗក្រោយចាកចេញទៅចុះចូលជាមួយបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
មន្ត្រីជាន់ខ្ពស់ទាំង២រូបនោះគឺប្រធានគណៈកម្មាធិការនាយក លោក សាម អ៊ីន និងអគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក សែម ហាក់។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីយប់ថ្ងៃទី២ ខែមេសា សម្រេចផ្ដល់តួនាទីជាមន្ត្រីថ្នាក់ខ្ពស់នៃក្រសួងបរិស្ថានដល់អ្នកទាំង២ ដោយ លោក សាម អ៊ីន បានតួនាទីជារដ្ឋលេខាធិការ រីឯលោក សែម ហាក់ បានជាអនុរដ្ឋលេខាធិការ។
លោក សាម អ៊ីន បានសរសេរនៅលើហ្វេសប៊ុករបស់លោក ដោយថ្លែងអំណរគុណលោក ហ៊ុន សែន ដែលលោកចាត់ទុកថា មានទឹកចិត្តដូចមហាសមុទ្រ។
ករណីនេះ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ឬហៅកាត់ថា គ.ប.ម លោក យ៉េង វីរៈ សរសេរនៅលើហ្វេសប៊ុករបស់លោកថា គណបក្សលោកគោរពសិទ្ធិមនុស្ស សិទ្ធិបុគ្គលក្នុងការធ្វើនយោបាយ ហើយលោកក៏ចូលរួមជាមួយអ្នកគាំទ្រគ.ប.ម ដែលខកចិត្ត និងសោកស្ដាយការបាត់បង់សមាជិកបន្ថែមទៀតនៅពេលនេះ។
កាលពីចុងឆ្នាំ២០២២ មន្ត្រីគណបក្ស គ.ប.ម មួយក្រុមក៏បានចាកចេញទៅចុះចូលជាមួយបក្សកាន់អំណាចដែរ ក្នុងនោះមានអតីតប្រធានគណៈកម្មាធិការនាយក និងជាអ្នកជំនាញកសិកម្ម លោក យ៉ង សាំងកុមារ និងអ្នកនាំពាក្យគណបក្ស លោក ឡឹក សុធារ។ អ្នកទាំង ២បានតួនាទីជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការនៅក្រសួងកសិកម្ម។
ក្រុមមន្ត្រីដែលទៅចុះចូលជាមួយគណបក្សប្រជាជននេះសុទ្ធតែអះអាងថា ដើម្បីចូលរួមអភិវឌ្ឍន៍ជាតិ។
ប៉ុន្តែទោះជាយ៉ាងណាអ្នកតាមដានស្ថានការណ៍នយោបាយមើលឃើញថា ហេតុផលចម្បងអាចជារឿងផ្ទាល់ខ្លួន និងរឿងនយោបាយជាជាងការទៅបញ្ចេញស្នាដៃជួយអភិវឌ្ឍន៍ជាតិ ព្រោះពួកគេមើលឃើញថា មន្ត្រីនៅក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ពិបាកនឹងបំពេញការងារទៅតាមចំណេះជំនាញរបស់ខ្លួនបានណាស់ នៅពេលដែលលោក ហ៊ុន សែន តម្រូវឱ្យមន្ត្រីដើរតាមតែបញ្ជារបស់លោកច្រើនជាងការអនុវត្តតួនាទីតាមច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។