លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្រ្គោះជាតិ គ្រោងដឹកនាំក្រុមមន្រ្តីគណបក្សនេះទៅជួបមន្រ្តីពាក់ព័ន្ធរបស់សហរដ្ឋអាមរិក ដើម្បីជំរុញការអនុម័តសេចក្តីស្នើច្បាប់ដាក់ទណ្ឌកម្មរបបលោក ហ៊ុន សែន។
អនុប្រធានគណបក្សសង្រ្គោះជាតិលោក អេង ឆៃអ៊ាង ប្រាប់វិទ្យុអាស៊ីសេរីថា លោក សម រង្ស៊ី បានចេញដំណើរពីប្រទេសបារាំងទៅកាន់សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៨ ខែសីហា ម្សិលម៉ិញ ដើម្បីបំពេញបេសកកម្មរយៈពេលមួយខែ។ លោក អេង ឆៃអ៊ាង បន្តថា លោក សម រង្ស៊ី គ្រោងជួបជាមួយមន្រ្តីក្រសួងការបរទេសអាមេរិក តំណាងរាស្ត្រ សមាជិកព្រឹទ្ធសភា និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត ដើម្បីពិភាក្សាពីស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា។ លោកថា ក្នុងនោះ លោក សម រង្ស៊ី ក៏នឹងលើកឡើងពីការធ្វើទុក្ខបុកម្នេញ ការលួចវាយដំ និងការចាប់ឃុំខ្លួនសម្មជនគណបក្សប្រឆាំងដាក់ពន្ធនាគារ ជាបន្តបន្ទាប់។ លោកថា ចំណុចសំខាន់មួយក្នុងចំណោមនោះ គឺការជំរុញ ការអនុម័តសេចក្តីស្នើច្បាប់ដាក់ទណ្ឌកម្ម របប លោក ហ៊ុន សែន៖ «សំខាន់នៅកម្ពុជាយើង ពួកជនផ្ដាច់ការចេះតែងងើល មិនគិតគូពីអ្វី ដែលជាសំណើជាសំណូមពររបស់បណ្ដាប្រទេសជាមិត្ត ដែលប្រកាន់ប្រជាធិបតេយ្យទេ។ អ៊ីញ្ចឹងហ្នឹងសុទ្ធសឹងជាប្រធានបទ ដែលយើងនឹងពិភ្សា ដើម្បីសុំឱ្យសហរដ្ឋអាមេរិកហ្នឹងគិតគូ»។
បើទោះជាយ៉ាងណាលោក អេង ឆៃអ៊ាង នៅមិនទាន់អាចបញ្ជាក់បានពីពេលវេលាជាក់លាក់ ដែលលោក សម រង្ស៊ី នឹងដឹកនាំក្រុមមន្រ្តីទៅជួបមន្រ្តីអាមេរិកនេះនៅឡើយទេ។
គណៈកម្មាធិការកិច្ចការបរទេសរដ្ឋសភាអាមេរិកកាលពីខែកក្កដា បានអនុម័តសេចក្តីស្នើ «ច្បាប់ស្តីពីប្រជាធិបតេយ្យកម្ពុជា ឆ្នាំ២០២១» ឬ H.R.4686 ដើម្បីដាក់ទណ្ឌកម្មក្រុមមេដឹកនាំនៅកម្ពុជា ដោយសារតែបានរម្លាយប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ រីឯសមាជិកព្រឹទ្ធសភាអាមេរិកដ៏មានឥទ្ធិពល៣រូបផ្សេងទៀត ក៏កំពុងដាក់សេចក្តី ស្នើច្បាប់ដាក់ទណ្ឌកម្មស្រដៀងគ្នាមួយទៀតគឺ (សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យកម្ពុជា) ទៅឱ្យព្រឹទ្ធសភាអាមេរិកពិនិត្យ ដើម្បីដាក់ទណ្ឌកម្មក្រុមមេដឹកនាំនៅកម្ពុជាដែរ។
ខ្លឹមសារនៃសេចក្ដីព្រាងច្បាប់នោះ គឺការបង្កកទ្រព្យសម្បត្តិ និងការរឹតត្បិតទិដ្ឋាការចូលទឹកដីអាមេរិក។ របបឯកបក្ស និងមន្រ្តីនៃរបបនេះអាចនឹងរួចផុតពីទណ្ឌកម្មនេះបានល្គឹកណា ពួកគេរៀបចំស្ដារប្រជាធិបតេយ្យ បញ្ឈប់សកម្មភាពរំលោភសិទ្ធិមនុស្ស និងត្រូវឈរលើគោលការណ៍អព្យាក្រិត្យ ចំពោះនយោបាយការបរទេសរបស់ខ្លួន ដោយមិនត្រូវងាកទៅរកចិនជាខ្នងបង្អែកទាំងស្រុងនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។