តំណាងអយ្យការ ចោទ លោក សម រង្ស៊ី ប្រមាថព្រះមហាក្សត្រជាលើកទី៣
2020.12.28
តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ លោក សម រង្ស៊ី បទប្រមាថព្រះមហាក្សត្រ ជាលើកទី៣ នៅថ្ងៃទី២៨ ធ្នូ។ ស្របគ្នានេះ ចៅក្រមសាលាដំបូង នឹងបើកសវនាការ លើសំណុំរឿងមួយទៀតរបស់ លោក សម រង្ស៊ី និងមន្ត្រីបក្សប្រឆាំង សរុបចំនួន២០នាក់នៅថ្ងៃទី២៩ ធ្នូ ពីបទចូលរួមគំនិតក្បត់ ញុះញង់យោធិនមិនឱ្យស្ដាប់បញ្ជា និងញុះញង់ ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សង្គម។
តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ គឺព្រះរាជអាជ្ញារង លោក សេង ហៀង សម្រេចចោទប្រកាន់លោក សម រង្ស៊ី ពីបទប្រមាថព្រះមហាក្សត្រមួយករណីថ្មីទៀត តាមអធិបញ្ជារបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ។
កាលពីថ្ងៃទី២៥ ខែធ្នូ លោក កើត រិទ្ធ បានស្នើព្រះរាជអាជ្ញា អមតុលាការក្រុងភ្នំពេញ លោក ច្រឹង ខ្មៅ ឱ្យចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់ និងតឹងរ៉ឹងបំផុតលើលោក សម រង្ស៊ី ក្រោយពីមេបក្សប្រឆាំងរូបនេះ បង្ហោះសារថា លោក ហ៊ុន សែន បរាជ័យក្នុងការទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ហើយគាត់ត្រៀមសងលុយសប្បុរសជន ដែលចាញ់បោកគាត់ មានទាំងស្តេចទីងមោង ផងដែរ។
ទោះជាយ៉ាងណា លោក សម រង្ស៊ី បានបង្ហោះសារបកស្រាយ កាលពីព្រលប់ថ្ងៃទី២៥ ថា លោកមានសិទ្ធិសម្ដែងមតិរបស់លោក ។ លោកបន្តថា លោក ហ៊ុន សែន យកព្រះមហាក្សត្រ ដើម្បីធ្វើជាខែល សម្រាប់ការពាររបបក្បត់ជាតិសព្វថ្ងៃ ហើយដើម្បីផ្តល់ភាពស្របច្បាប់ឱ្យរបបនេះ ដែលប្រជារាស្ត្រខ្មែរ ស្អប់ខ្ពើមជាទីបំផុត។
មេធាវីកាន់ក្ដីឱ្យថ្នាក់ដឹកនាំ និងសកម្មជនបក្សប្រឆាំង លោក សំ សុគង់ ឱ្យដឹងថា លោក សម រង្ស៊ី មិនទាន់ទាក់ទងសុំការពឹងពាក់លោក ឱ្យជួយការពារក្ដីថ្មី គឺសំណុំរឿងចោទ ប្រកាន់ពីបទប្រមាថព្រះមហាក្សត្រនេះ នៅឡើយទេ។ ប៉ុន្តែ សម្រាប់សំណុំរឿង ក្ដីពាក់ព័ន្ធនឹងមេដឹកនាំ និងសកម្មជនបក្សប្រឆាំង ចំនួន២០នាក់ នៅថ្ងៃទី២៩ ធ្នូ វិញ ខាងសហមេធាវី បានទទួលការពឹងពាក់រួចរាល់ហើយ។
លោកមេធាវី សំ សុគង់ យល់ថា សវនាការអង្គសេចក្ដី លើមនុស្សទាំង២០នាក់នេះ គួរតែបំបែកសំណុំរឿង ដាច់ដោយឡែកពីគ្នា ឬ ប្រើពេលសវនាការសួរដេញដោលយូរ ដោយសារ ជនត្រូវចោទមានច្រើននាក់។ លោកមេធាវី ព្រួយបារម្ភថា បើសវនាការ ប្រើពេលខ្លីពេក នឹងមិនផ្ដល់យុត្តិធម៌ ដល់កូនក្ដី របស់លោកឡើយ។ តែយ៉ាងណា មេធាវីរូបនេះ នៅតែយល់ថា សំណុំរឿងទាំងនេះ ជាប់ពាក់ព័ន្ធ នឹងរឿងនយោបាយ ជាជាងផ្លូវច្បាប់។ ដូច្នេះ លោកជំរុញឱ្យដោះស្រាយតាមយន្តការនយោបាយ ទើបជាការប្រសើរ៖ «ឥឡូវនេះ សំណុំរឿង គេបញ្ជូនមកជម្រះ បានន័យថា គេស៊ើបអង្កេតចប់សព្វគ្រប់ហើយ បានគេយកមកជម្រះ។ អ៊ីចឹង ការដោះស្រាយ គឺខ្ញុំគិតថា រឿងនេះ វាមានលក្ខណៈនយោបាយ ច្រើនជាងរឿងផ្លូវច្បាប់ ហើយបើសិនជាអាចដោះស្រាយតាមបែបនយោបាយ ឱ្យពួកគាត់បានរួចខ្លួន ឬក៏ដោះ ឱ្យពួកគាត់មានសេរីភាពឡើងវិញទៅ វាប្រសើរជាងយកផ្លូវច្បាប់មកដោះស្រាយ។ អានេះ ខ្ញុំយល់ឃើញអ៊ីចឹងណា»។
មេដឹកនាំបក្សប្រឆាំង និងសកម្មជន ទាំង២០នាក់ ដែលនឹងត្រូវឡើងសវនាការ ថ្ងៃទី២៩ ធ្នូ គឺ ក្រុមមេដឹកនាំបក្សប្រឆាំង នៅក្រៅប្រទេស ចំនួន៧នាក់ មាន លោក សម រង្ស៊ី លោក អេង ឆៃអ៊ាង អ្នកស្រី មូរ សុខហ៊ួរ អ្នកស្រី ជូឡុង សូម៉ូរ៉ា លោក តុ វ៉ាន់ចាន់ លោក ហ៊ូ វ៉ាន់ លោក អ៊ូ ចាន់ឫទ្ធិ រួមទាំងសមាជិកបក្សប្រឆាំងជាង១០នាក់ទៀត ដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃស។
សាច់ញាតិរបស់អ្នកជាប់ឃុំខ្លះ អះអាងថា ពួកគេនឹងនាំគ្នា ទៅលើកទឹកចិត្ត អ្នកឡើងសវនាការទាំងអស់ និងតវ៉ានៅមុខតុលាការ ទាមទារឱ្យដោះលែង ប្ដី និងឪពុក របស់ពួកគេ។ ប្រពន្ធ របស់ សមាជិកប្រតិបត្តិគណបក្សសង្គ្រោះជាតិខេត្តកំពង់ធំ កំពុងជាប់ឃុំ លោក ស៊ុន ធន់ គឺ លោកស្រី សេង ចាន់ថន ឱ្យដឹងថា ក្រុមស្ត្រីតវ៉ារាល់ថ្ងៃសុក្រ នឹងនាំគ្នា ទៅតវ៉ា ដោយមិនខ្លាចការបង្ក្រាប ព្រោះចង់បង្ហាញការមិនពេញចិត្ត ចំពោះការចាប់ប្ដីរបស់ពួកគេឃុំខ្លួន ដោយអយុត្តិធម៌៖ «ទៅលើកទឹកចិត្តគាត់។ ទៅគាំទ្រគាត់។ ឱ្យគាត់ឃើញ ថា ភរិយារបស់គាត់។ ស្ត្រីៗ ដែលជាភរិយាទាំងអស់ហ្នឹង ទៅលើកទឹកចិត្តគាត់។ អ៊ីចឹង គាត់សង្ឃឹមថា បានប្រពន្ធមកមើលខ្លួន ដែលមិនមានកំហុស ដែលតុលាការចាប់ទៅអ៊ីចឹង។ ពិសេស គឺយកបានទឹកអ្វី ទៅជូនគាត់អ៊ីចឹងណា»។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី យល់ថា ការបើកសវនាការ លើអ្នកនយោបាយ ក៏អាចនិយាយថា ជាជាដំណោះស្រាយនយោបាយល្អម្យ៉ាងដែរ ដើម្បីបើកផ្លូវឱ្យរដ្ឋាភិបាល អាចស្នើថ្វាយព្រះមហាក្សត្រ លើកលែងទោសឱ្យទណ្ឌិត ក្រោយការកាត់ទោស។ ប៉ុន្តែ យ៉ាងណា លោកបណ្ឌិត ជំរុញឱ្យដោះស្រាយជម្លោះនេះ តាមផ្លូវនយោបាយវិញ ទើបជាជម្រើសប្រសើរ៖ «វាមិនមែនជារឿងចរចា។ ប៉ុន្តែវាអាចត្រូវតែមានការសម្របសម្រួលនយោបាយតាមបែបណា ច្រកណាមួយទៅណា ដើម្បីអាចរកច្រកចេញឃើញ។ ក៏ប៉ុន្តែបើយើងនៅតែទាមទារចង់ឱ្យមានការឈ្នះ ការចាញ់គ្នា អ៊ីចឹង គឺអ្នកនយោបាយ អត់ចេះចាញ់គ្នាទេ។ អ្នកណាខ្លាំង អ្នកនោះ ឈ្នះ។ តែអ្នកដែលចាញ់គឺជាតិ គឺប្រទេសខ្មែរ ដែលចាញ់គេ»។
គិតចាប់តាំងពីដើមឆ្នាំ២០២០មក តុលាការ បានឃុំខ្លួន សកម្មជនបក្សប្រឆាំង សកម្មជនសង្គម អ្នកសារព័ត៌មាន អ្នកឃ្លាំមើលព្រំដែន អ្នកចម្រៀងរិះគន់សង្គម ជិត ៥០នាក់ ដាក់ពន្ធនាគារ ដោយចោទប្រកាន់ពីបទជេរប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល បទរួមគំនិតក្បត់ និងបទញុះញង់។
ចំណែកក្រុមថ្នាក់ដឹកនាំ និងក្រុមសកម្មជន ដែលរត់ភៀសខ្លួននៅក្រៅប្រទេស ក៏ត្រូវបានតុលាការចោទប្រកាន់ជាច្រើនករណី ហើយបានចេញដីកាកោះហៅឱ្យចូលសវនាការជាបន្តបន្ទាប់ ប៉ុន្តែតុលាការ មិនបានបង្គាប់ឱ្យរដ្ឋាភិបាល បញ្ឈប់ការរាំងខ្ទប់ដំណើរវិលចូលស្រុក របស់ថ្នាក់ដឹកនាំនិងសកម្មជនគណបក្សសង្គ្រោះជាតិឡើយ។
ទោះជាយ៉ាងណា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដឹកនាំដោយអ្នកស្រី មូរ សុខហួរ បានប្រកាសប្តេជ្ញាចិត្តជាថ្មីម្តងទៀតថា នឹងវិលចូលកម្ពុជានៅថ្ងៃទី៤ ខែមករា សប្ដាហ៍ក្រោយនេះឱ្យខាងតែបានដើម្បីតតាំងក្តីនៅក្នុងតុលាការតាមដីកាកោះហៅ។
ក្រុមសង្គមស៊ីវិលជាតិ និងអន្តរជាតិ បានថ្លែងការណ៍ជាបន្តបន្ទាប់ ស្នើឱ្យមានការដោះលែងអ្នកជាប់ឃុំ និងទម្លាក់ចោលការចោទប្រកាន់ទាំងនោះវិញ ព្រោះក្ដីក្ដាំ ប្រឆាំងនឹងពួកគេ ធ្វើឡើងក្រោមហេតុផលនយោបាយ មិនមែនជាការអនុវត្តច្បាប់ ដោយត្រឹមត្រូវនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។