ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី អំពាវនាវដល់កសិករខ្មែរទាំងអស់ ឲ្យងើបឈរឡើង ដូរមេដឹកនាំរបបក្រុងភ្នំពេញចេញពីអំណាច ដើម្បីរំដោះខ្លួនចេញពីការជំពាក់បំណុលធនាគារ ឬមីក្រូហិរញ្ញវត្ថុ ដោយសារតែរបបនេះ មិនអាចជួយជីវភាពកសិករឲ្យល្អប្រសើរនោះឡើយ។ អ្នកវិភាគថា គាំទ្រការអំពាវនាវនេះ នឹងមានការចូលរួមពីពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន ប្រសិនបើក្រុមមេដឹកនាំបក្សប្រឆាំងចេញមុខជាគំរូដឹកនាំការតវ៉ាទាមទារដោយសន្តិវិធី និងបែបបទប្រជាធិបតេយ្យ ក្នុងប្រទេសកម្ពុជានោះ។
លោក សម រង្ស៊ី លើកឡើងថា ប្រជារាស្ត្រខ្មែរភាគច្រើនជាកសិករ ជំពាក់បំណុលច្រើនមិនអាចដោះខ្លួនរួច គឺដោយសារមេដឹកនាំរបបក្រុងភ្នំពេញ លោ ហ៊ុន សែន គ្មានសមត្ថភាពរកទីផ្សារឲ្យកសិករ និងមិនអាចគ្រប់គ្រងតម្លៃទំនិញនៅលើទីផ្សារបាន។ លោក សម រង្ស៊ី ហៅ លោក ហ៊ុន សែន ថា ជាមេដឹកនាំសម្លាប់មុខរបរកសិកម្មរបស់ពលរដ្ឋខ្មែរ ដោយបើកដៃឲ្យឈ្មួញមកពីប្រទេសជិតខាង កំណត់តម្លៃ ស្រូវ អង្ករ សណ្ដែក និងដំឡូង តាមតែអំពើចិត្ត។
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិរូបនេះ យល់ថា លោក ហ៊ុន សែន គួរយកប្រាក់ដែលរបបក្រុងភ្នំពេញ ខ្ចីពីប្រទេសចិន រាប់ពាន់លានដុល្លារ មកសងបំណុលជំនួសពលរដ្ឋខ្មែរ ជាពិសេសកសិករក្រីក្រ ដែលកំពុងជួបបញ្ហា។ លោក អំពាវនាវកសិករទាំងអស់ ឲ្យងើបឈរឡើង ដើម្បីដូររបបគ្រប់គ្រងប្រទេសសព្វថ្ងៃនេះចេញ៖ «បងប្អូនដូចប្រជារាស្ត្រក្នុងប្រវត្តិសាស្ត្រ បើបបួលឲ្យធ្វើអ្វីមួយឲ្យបះបោរ ខ្លះគិតសិន ប៉ុន្តែបើប៉ះពាល់ អាយុជីវិតខ្លួនដឹងតែទៅហើយ។ បានការងារធ្វើ រក្សាការងារធ្វើ បានប្រាក់ខែបានដីធ្លីមកវិញ បានទីផ្សារលក់ផលដំណាំបានតម្លៃខ្ពស់ ហើយបំណុលដែលគេបង្ខំឲ្យយើងទៅខ្ចីលុយពីគេឆាចោលបំណុល។ រួចខ្លួនពេលហ្នឹង ងើបឡើងបងប្អូនឆារបបហ៊ុន សែន ដើម្បីឆាបំណុលរបស់យើងចោល»។
ការលើកឡើងរបស់លោក សម រង្ស៊ី នេះ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងកសិកម្ម បានអំពាវនាវឲ្យប្រទេសជិតខាងជួយទិញកសិផលរបស់កម្ពុជា ពិសេសប្រទេសវៀតណាម ដែលការអំពាវនាវនេះ ក្រោយពីសហភាពអឺរ៉ុប បានយកពន្ធអង្កររបស់កម្ពុជា នាំចេញទៅលក់នៅទីផ្សារអឺរ៉ុប។ កាលពីថ្ងៃទី១៧ មករា ក្រសួងពាណិជ្ជកម្ម បានចាត់ទុកការយកពន្ធអង្កររបស់អឺរ៉ុបថា មិនបានឆ្លុះបញ្ចាំងទាំងស្រុងលើទិដ្ឋភាពច្បាប់ពាណិជ្ជកម្មអន្តរជាតិ បទដ្ឋានបច្ចេកទេស និងសច្ចភាពនោះទេ។ លើសពីនេះទៀត វិធានការនេះមានឥទ្ធិពលដកហូតចំណូលកសិករក្រីក្រកម្ពុជា និងជាអាវុធធ្វើឃាតជីវភាពកសិករ ដែលកំពុងជាប់បំណុលជាមួយស្ថាប័នឥណទាន ផ្ដល់ប្រាក់កម្ចី។ ទន្ទឹមនឹងនេះ ក្រសួងពាណិជ្ជកម្មអះអាងថា ក្រសួងកំពុងផ្ទៀងផ្ទាត់សេចក្ដីសម្រេចនេះ ដោយផ្អែកទៅលើទិដ្ឋភាពច្បាប់ និងវិធានពាណិជ្ជកម្មអន្តរជាតិ ដើម្បីបន្តការតវ៉ា ចំពោះសេចក្ដីសម្រេចនេះ ដែលក្រសួងចាត់ទុកថា គ្មានសុក្រឹតភាព។
ទាក់ទងនឹងបញ្ហានេះ លោក ហ៊ុន សែន បានទម្លាក់កំហុសទៅលើបក្សប្រឆាំងទៅវិញ ហើយលោកកន្លងមកបានព្រមានថា បើសិនជាសហភាពអឺរ៉ុបដាក់ទណ្ឌកម្មសេដ្ឋកិច្ចកម្ពុជាមែននោះ លោកនឹងកម្ទេចបក្សប្រឆាំង និងមិនអត់ឱនឲ្យឡើយ។ ការព្រមានរបស់លោក ហ៊ុន សែន នេះ នៅស្របពេលសហភាពអឺរ៉ុបកំពុងតែដំណើរនីតិវិធីលើការដកប្រព័ន្ធអនុគ្រោះពន្ធEBAចេញពីកម្ពុជាបន្ថែមទៀត។
សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប គឺជាទីផ្សារពាណិជ្ជកម្មដ៏ធំមួយរបស់កម្ពុជា សម្រាប់ការនាំចេញផលិតផលក្នុងស្រុករបស់កម្ពុជា ក្នុងនោះមានដូចជា សំលៀកបំពាក់ ស្បែកជើង ផលិតផលធ្វើពីស្បែក ប្លាស្ទិក ម្ហូបអាហារ និងផលិតផលកសិកម្មជាដើម។
សហរដ្ឋអាមេរិក ផ្ដល់ការអនុគ្រោះពន្ធដល់កម្ពុជា តាមរយៈប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) តាំងពីឆ្នាំ១៩៩៧។ កម្ពុជាទទួលបានការមិនយកពន្ធសរុបតម្លៃ ៤០០លានដុល្លារ ពីសហរដ្ឋអាមេរិក តាមរយៈការអនុគ្រោះពន្ធនេះ។ ចំណែកឯសហភាពអឺរ៉ុប ក៏ផ្ដល់ការអនុគ្រោះពន្ធ តាមរយៈកម្មវិធីអ្វីៗ ទាំងអស់ លើកលែងតែអាវុធ (Everything But Arms, EBA) តាំងពីឆ្នាំ២០១២។ ក្នុងមួយឆ្នាំៗ កម្ពុជាទទួលបានការមិនយកពន្ធ សរុបតម្លៃជិត ៧០០លានដុល្លារ ពីសហភាពអឺរ៉ុប។
អ្នកវិភាគបញ្ហាសង្គម និងនយោបាយ លោក គឹម សុខ យល់ថាការលើកឡើងរបស់លោក សម រង្ស៊ី គឺជារឿងពិតដែលកំពុងមានឡើងក្នុងសង្គមខ្មែរ។ អ្នកវិភាគរូបនេះយល់ថា បើជាលោក សម រង្ស៊ី វិលចូលស្រុកមែននោះ គឺធ្វើជាក្ដីសង្ឃឹមរបស់ពលរដ្ឋខ្មែរដែលចង់ឲ្យមានការផ្លាស់ប្ដូរ។ លោក គឹម សុខ សង្កេតឃើញថា រាល់បាតុកម្មដឹកនាំដោយលោក សម រង្ស៊ី កន្លងមក មិនថានៅឆ្នាំ១៩៩៨ ឬក៏ឆ្នាំ២០១៣នោះទេ តែងតែមានកម្លាំងមហាជនច្រើនកុះករទាំងអ្នកនៅទីក្រុង និងមកពីតាមបណ្ដាខេត្ត ចូលរួមជានិច្ច៖ « ស្ថានការណ៍ដែលលោក ហ៊ុន កំពុងរងសម្ពាធពីអន្តរជាតិ ហើយការដែលលោកហ៊ុន រកច្រកមិនឃើញក្នុងការដោះស្រាយអំណាចរបស់ខ្លួន ទាំងស្ថានការណ៍ជាក់ស្ដែងដែលពលរដ្ឋកំពុងពុះកញ្ជ្រោលឲ្យមានការផ្លាស់ប្ដូរហ្នឹង។ ដូច្នេះ ក្រុមលោក សម រង្ស៊ី ត្រូវវែកយុទ្ធសាស្ត្រ ដើម្បីបើកផ្លូវយ៉ាងណា ដឹកនាំចលនារបៀបនៃការតវ៉ាបែបប្រជាធិបតេយ្យរបស់ពលរដ្ឋឲ្យមានការផ្លាស់ប្ដូរហ្នឹង ងើបឡើងបានទើបជាការជោគជ័យ មិនមែនការអំពាវនាវទេ។ ហើយរឿងនេះ ត្រូវធ្វើឲ្យឆាប់និងត្រូវកាលៈទេសៈបំផុត » ។
អ្នកវិភាគថា នៅក្នុងសង្គមណាក៏ដោយ ដែលមានការញាំញីពីអំណាចផ្ដាច់ការ គឺមានតែការងើបឡើងពីប្រជាពលរដ្ឋក្នុងសង្គមនោះ ទើបអាចផ្លាស់ប្ដូររបបគ្រប់គ្រងប្រទេសនោះបាន។ ចំពោះប្រទេសកម្ពុជា អ្នកវិភាគថា អ្វីដែលអន្តរជាតិអាចជួយបាន គឺដាក់សម្ពាធផ្នែកពាណិជ្ជកម្ម ឬសេដ្ឋកិច្ចទៅលើរបបលោក ហ៊ុន សែន ប៉ុន្តែអ្វីដែលសំខាន់ជាងនេះ គឺការងើបឡើងរបស់ពលរដ្ឋខ្មែរដែលជាម្ចាស់ប្រទេស ត្រូវតែដើរជួរមុខ ដោយមានក្បាលម៉ាស៊ីនដឹកនាំចលនានេះឲ្យបានច្បាស់លាស់ តាមបែបបទលទ្ធិប្រជាធិបតេយ្យ។
គិតត្រឹមចុងឆ្នាំ២០១៨ កម្ពុជាជំពាក់បំណុលចិនជាង ៤ពាន់លានដុល្លារ ក្នុងចំណោមបំណុលបរទេសសរុបជាង ៩ពាន់លានដុល្លារ។ ស្ថាប័នអន្តរជាតិ និងអ្នកតាមដានសង្គមធ្លាប់បានអះអាងថា កម្ពុជានឹងធ្លាក់ក្នុងអន្ទាក់បំណុលរបស់ចិន តាមរយៈជំនួយ និងកម្ចីដ៏ច្រើនសន្ធឹកសន្ធាប់ពីរបបក្រុងប៉េកាំង ហើយនិន្នាការបែបនេះនឹងមិនអាចធ្វើឱ្យកម្ពុជាមានឯករាជភាពលើវិស័យសេដ្ឋកិច្ច និងនយោបាយបានដោយខ្លួនឯងឡើយ។ ក៏ប៉ុន្តែការងាកទាំងស្រុងរបស់របបលោក ហ៊ុន សែន ទៅចិននេះ គឺរបបនេះ កំពុងតែអនុវត្តខុសរដ្ឋធម្មនុញ្ញទាំងស្រុង ដែលចែងថា កម្ពុជាអនុវត្តរបបលទ្ធិប្រជាធិបតេយ្យ និងជារដ្ឋឯករាជ្យមិនអាចបំបែកបាន និងឈរលើនយោបាយអព្យាក្រឹត្យនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។