លោក សម រង្ស៊ី សោកស្ដាយ​ចំពោះ​លោក ហ៊ុន សែន ប្រើ​អារម្មណ៍​ផ្ទាល់ខ្លួន​បញ្ចប់​វប្បធម៌​សន្ទនា

0:00 / 0:00

ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល ចង់​ឲ្យ​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះជាតិ ងាក​មក​រក​តុ​ចរចា​វិញ ព្រោះថា ជំហរ​របស់​ជប៉ុន​ដែល​គាំទ្រ​ដំណើរការ​នៃ​ការបោះឆ្នោត អាច​នឹង​ប្រែប្រួល​ប្រសិនបើ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​មិន​វិវត្ត​ទៅ​រក​ភាព​ល្អ​ប្រសើរ ពោល​គឺ ជប៉ុន​អាច​នឹង​មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​ឡើយ បើសិនជា​គ្មាន​វត្តមាន​បក្ស​ប្រឆាំង។

ទន្ទឹម​នឹង​នេះ លោក សម រង្ស៊ី ក៏​អំពាវនាវ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន យក​អារម្មណ៍​បុគ្គល ឬ​កំហឹង​ផ្ទាល់ខ្លួន​ដាក់​មួយ​ឡែក​សិន ហើយ ត្រូវ​មក​រក​ការចរចា​វិញ ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ​នា​ពេល​បច្ចុប្បន្ន។

លោក សម រង្ស៊ី ប្រធាន​ចលនា​សង្គ្រោះជាតិ សំដែង​ការ​សោកស្ដាយ​ចំពោះ នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន ដែល​យក​អារម្មណ៍​ផ្ទាល់ខ្លួន​ដាក់​ពី​មុខ អាច​ជា​លេស ដើម្បី​បញ្ឈប់​ការសន្ទនា​រវាង​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ ដែល​អាច​ឈាន​ទៅ​រក​ការសម្រុះសម្រួល​មួយ បើកផ្លូវ​ឲ្យ​មានការ​ផ្លាស់ប្ដូរ​តាម​បែប​ប្រជាធិបតេយ្យ​នោះ។

លោក សម រង្ស៊ី សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក នៅ​ថ្ងៃ​ទី​២៦ មីនា ថា លក្ខណៈសម្បត្តិ​ជា​អ្នកដឹកនាំ​ប្រទេស តម្រូវ​ឲ្យ​អ្នកនយោបាយ​ដាក់​អារម្មណ៍​ផ្ទាល់ខ្លួន ដូចជា​ការ​ខឹង​សម្បារ​មួយអន្លើ ហើយ​ផ្ដោត​យកចិត្តទុកដាក់​ទៅលើ​ផលប្រយោជន៍​ជាតិ​ជាធំ​វិញ​។ ទោះបីជា​យ៉ាង​នេះ​ក្ដី លោក សម រង្ស៊ី នៅ​តែ​មាន​ជំនឿ​លើ​វប្បធម៌​សន្ទនា ដើម្បី​បញ្ចប់​ជម្លោះ​នយោបាយ​នា​ពេល​បច្ចុប្បន្ន បើសិនជា​ភាគី​ទាំងពីរ ពោល​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះជាតិ​មាន​ភាព​ស្មោះត្រង់ ជាពិសេស មិន​មាន​ការ​សម្លុត ឬ​គំរាមកំហែង ពី​ខាង​ណាមួយ។ លោក ស រង្ស៊ី បន្ថែម​ថា ថ្ងៃ​ណាមួយ ភាគី​ទាំងអស់​នឹង​យល់ថា ខ្លួន​មិន​អាច​គេច​ផុត ពី​ការ​សន្ទនា​បាន​ទេ ពីព្រោះ​ការសន្ទនា​នេះ ជា​មូលដ្ឋាន​នៃ​សន្តិភាព​សង្គម និង​លទ្ធិប្រជាធិបតេយ្យ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ចោទ​លោក សម រង្ស៊ី ថា ជ្រួលជ្រើម​ទាំង​មាន​ក្ដី​សង្ឃឹម ចង់​ចរចា​ឬ​ប្រើ​វប្បធម៌​សន្ទនា​ជាមួយ​របប​ក្រុងភ្នំពេញ ក្រោយ​ពី​ឃើញ​ទីប្រឹក្សា​ជាន់ខ្ពស់​ទីប្រឹក្សា​នាយករដ្ឋមន្ត្រី​ជប៉ុន បាន​ជួប​លោក ហ៊ុន សែន កាល​ពី​ពេល​ថ្មីៗ​នេះ។ លោក សុខ ឥសាន បញ្ជាក់​ថា ជប៉ុន​មិន​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ទេ។ លើស​ពី​នេះ លោក សុខ ឥសាន ចោទ​លោក សម រង្ស៊ី ថា ហ៊ាន​ធ្វើ​អ្វីៗ​ទាំងអស់ ដើម្បី​ចង់​បាន​អំណាច ដូចជា ហ៊ាន​ដាក់​ខ្លួន​ធ្វើ​ជា​អាយ៉ង​បរទេស ប៉ុនប៉ង​ផ្ដួល​របប​លោក ហ៊ុន សែន និង​រំលោភ​ប្រជាធិបតេយ្យ​ជាដើម។ «»

ទោះបីជា​យ៉ាង​នេះ​ក្ដី ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល ឲ្យ​អាស៊ីសេរី​ដឹង​ថ្ងៃ​ទី​២៦ ខែ​មីនា ថា កាល​ពី​ពេល​ថ្មីៗ​នេះ លោក​បាន​ជួប​មន្ត្រី​នយោបាយ​នៃ​ស្ថានទូត​ជប៉ុន ប៉ុន្តែ​លោក​សុំ​មិន​បង្ហាញ​ឈ្មោះ​ទេ ដោយ​មន្ត្រី​រូប​នេះ​ប្រាប់​លោក​ថា គោលជំហរ​របស់​រដ្ឋាភិបាល​ជប៉ុន មិន​ប្រាកដ​ថា នៅ​តែ​គាំទ្រ​ដំណើរការ​នៃ​ការបោះឆ្នោត​រហូត​ទេ គឺ​អាច​នឹង​ប្រែប្រួល​ប្រសិនបើ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​មិន​វិវត្ត​ទៅ​រក​ភាព​ល្អ​ប្រសើរ​គិត​ចាប់​ពេលនេះ​រហូត ដល់​ថ្ងៃ​បោះឆ្នោត។ «»

ក្នុង​ជំនួប​ជាមួយ​លោក ហ៊ុន សែន និង​តំណាង​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន គឺ​លោក កេនតារ៉ូ សូនូរ៉ា (Kentaro Sonoura) បាន​លើក​យក​លទ្ធភាព នៃ​ដំណោះស្រាយ​រួម​មួយ​តាម​វិធី​ចរចា​គ្នា វាង​របប​លោក ហ៊ុន សែន ជាមួយ​នឹង​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ​នៅ​កម្ពុជា។ ក៏ប៉ុន្តែ​លោក ហ៊ុន សែន បាន​បដិសេធ​សំណើ​របស់​ជប៉ុន​នេះ ដោយ​លោក​អះអាង​ថា ការប្រើប្រាស់​វប្បធម៌​សន្ទនា គឺ​ហួសពេល​ហើយ។

នេះ​គឺ​លើកទីមួយ​ហើយ ដែល​ប្រទេស​ជប៉ុន មហាអំណាច​ដ៏​មាន​ឥទ្ធិពល​នៅ​អាស៊ី ឈឺឆ្អាល​កាន់តែ​ខ្លាំង និង​ចេញមុខ​ជួយ​រក​ដំណោះស្រាយ​វិបត្តិ​នយោបាយ​ខ្មែរ ដែល​អូស​បន្លាយពេល​រាប់​ខែ តាំងពី​ក្រោយ​ការ​រម្លាយ​គណបក្ស​សង្គ្រោះជាតិ។ រដ្ឋាភិបាល​ជប៉ុន បាន​ប្រកាន់​ជំហរ ចង់​ឲ្យ​មាន​ដំណោះស្រាយ រវាង​ខ្មែរ និង​ខ្មែរ ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ​បច្ចុប្បន្ន នៅមុន​បោះឆ្នោត​ជាតិ ព្រោះ​ជប៉ុន​ចង់​ឃើញ​ការ​បោះឆ្នោត​ជាតិ​មួយ ដែល​មាន​លក្ខណៈ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដោយមាន​ការ​ចូលរួម ពី​គ្រប់​ភាគី​ពាក់ព័ន្ធ។

ជប៉ុន គឺ​ម្ចាស់​ជំនួយ​ដ៏​ធំ​មួយ​របស់​កម្ពុជា ក្រៅពី​ចិន។ ហើយ​ជប៉ុន​ក៏​ជា​ប្រទេស​ហត្ថលេខី​មួយ​ដែរ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​កន្លងមក បាន​រក្សា​ជំហរ​ទន់ភ្លន់ ក្នុង​ស្ថានភាព​ដែល​សហគមន៍​អន្តរជាតិ ថ្កោលទោស​ជុំ​ទិស​ទៅលើ​របប​លោក ហ៊ុន សែន ដោយសារតែ​ការរំលោភ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ។ រដ្ឋាភិបាល​ជប៉ុន សុខចិត្ត​មិន​ចូលរួម​ចុះហត្ថលេខា​ជាមួយ​ប្រទេស ៤៥​ផ្សេងទៀត នៃ​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ដែល​នាំគ្នា​ចេញ​សេចក្ដីថ្លែងការណ៍ ថ្កោលទោស​របប​លោក ហ៊ុន សែន ដែល​កំពុងតែ​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ កាលពី​ថ្ងៃ​ទី​២១ ខែ​មីនា។

លោក សម រង្ស៊ី នៅតែ​អះអាង​ថា សម្រាប់​ប្រទេស​កម្ពុជា វប្បធម៌​សន្ទនា​ដ៏​ពិតប្រាកដ​មួយ ត្រូវតែ​មក​ជំនួស​វប្បធម៌​ហិង្សា និង​និទ្ទណ្ឌភាព ឬ​ភាព​គ្មាន​ទោស​ពៃ ដែល​គ្រប​ដណ្ដប់​សង្គម​សព្វថ្ងៃ ដែល​ជា​សំណល់​ដ៏​អាក្រក់​បំផុត ពី​របប​ខ្មែរក្រហម។ លោក សម រង្ស៊ី បញ្ជាក់​ថា ដើម្បី​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្ដូរ​ផ្នត់គំនិត​បែបនេះ កាន់តែ​ឆាប់​នោះ គឺ​ភាគី​ទាំងអស់​ត្រូវតែ​ខិតខំ​ទាំងអស់​គ្នា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។