លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ជួបសមាជិករដ្ឋសភាសហរដ្ឋអាមេរិកដើម្បីជំរុញទៅសហរដ្ឋអាមេរិកជួយឱ្យកម្ពុជា មានលទ្ធិប្រជាធិបតេយ្យពិតប្រាកដឡើងវិញ។ ទោះយ៉ាងណា មន្ត្រីបក្សកាន់អំណាចថា មិនចាប់អារម្មណ៍នឹងសកម្មភាពរបស់លោក សម រង្ស៊ី នោះទេ។
លោក សម រង្ស៊ី អះអាងថា សមាជិកសភាអាមេរិក តែងតែងគាំទ្រការតស៊ូរបស់លោក ដើម្បីសេរីភាព និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា។ ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិរូបនេះ ឱ្យដឹងតាមរយៈទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី២៩ ខែកញ្ញា ថា លោកបានទៅជួបជាមួយសមាជិករដ្ឋសភាអាមេរិក អ្នកស្រី ឡូរី ត្រាហាន (Lori Trahan) សមាជិកអនុគណៈកម្មការផ្នែកសុខភាព ការពារអតិថិជន ពាណិជ្ជកម្ម ពិនិត្យនិងស៊ើបអង្កេត ដើម្បីបញ្ជាក់ជាថ្មី នូវការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះការទាមទារឱ្យមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា។
សំណើរបស់លោក សម រង្ស៊ី ពេលនេះ ក្រោយពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មិនបានរំលេចអំពីការលើកស្ទួយសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ក្នុងពេលលោកថ្លែងក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ (UN) ក្នុងបុរីញូវយ៉ក (New York) សហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះទេ។
ទោះបែបក្ដី អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន លើកឡើងថា ប្រសិនបើកម្ពុជា មិនគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនោះទេ មិនមែនសហរដ្ឋអាមេរិកផ្ដល់ជំនួយមកកម្ពុជា ១៨លានដុល្លារនោះឡើយ។ ទាក់ទងសកម្មភាពរបស់លោក សម រង្ស៊ី ពេលនេះ អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះ ថាលោកមិនចាប់អារម្មណ៍ទេ ត្បិតនេះជាសកម្មភាពដដែល និងបានផ្ដល់ផលចំណេញដល់កម្ពុជា។
លោក សុខ ឥសាន៖ «ពីព្រោះដោយសារប្រទេសកម្ពុជា កំពុងមានលទ្ធិប្រជាធិបតេយ្យយ៉ាងទូលំទូលាយមានសិទ្ធិសេរីភាពយ៉ាងទូលំទូលាយនេះហើយបានជារដ្ឋាភិបាលអាមេរិកផ្ដល់ជំនួយឡើងវិញពេលដែលកាត់កន្លងទៅនេះ ដោយសារថា អាចនឹងមានការយល់ថា រដ្ឋាភិបាលហ្នឹងមានការរំលោភសិទ្ធិមនុស្ស ធ្វើឱ្យលទ្ធិប្រជាធិបតេយ្យដើរថយក្រោយ»។
ទោះបីជាយ៉ាងណាមន្ត្រីកម្មវិធីជំនួយរបស់អាមេរិក (USAID)ប្រាប់វិទ្យុអាស៊ីសេរីថា ការផ្តល់ជំនួយ ១៨លានដុល្លារឡើងវិញនោះ ក្រោយមានការជជែកនឹងភាគីកម្ពុជា យ៉ាងល្អិតល្អន់ហើយជំនួយនោះទៀតសោតគឺដើម្បីធ្វើការប្រឆាំងនិងការប្រែប្រួលបរិស្ថាន និងសេវាសុខភាពសាធារណៈ។ (USAID)បន្ថែមទៀតថា អាមេរិកបញ្ជាក់ថា ការផ្តល់ជំនួយឡើងវិញនេះ ក៏ជាផ្នែកនៃការប្តេជ្ញាចិត្តរបស់អាមេរិក ក្នុងការជួយកម្ពុជាឱ្យមានលទ្ធិប្រជាធិបតេយ្យ ឯករាជ្យ ដែលរដ្ឋាភិបាលត្រូវស្តាប់រាល់មតិទូទៅរបស់ពលរដ្ឋ។
ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា យល់ថា សហរដ្ឋអាមេរិក មិនមែនចេះតែជឿអ្នកម្នាក់ដោយគ្មានភស្តុតាងនោះទេ។ មន្ត្រីសង្គមស៊ីវិលរូបនេះ បន្តទៀតថា សកម្មភាពរបស់លោក សម រង្ស៊ី នៅពេលនេះជាសារមួយបង្ហាញថា មេដឹកនាំគណបក្សប្រឆាំងរូបនេះ នៅតែគិតគូរពីវាសនារបស់កម្ពុជា។ លោកសង្កេតឃើញថា ទំនាក់ទំនងសហរដ្ឋអាមេរិក និងកម្ពុជា មិនសូវមានទំនាក់ទំនងល្អទេ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈរដ្ឋាភិបាលកម្ពុជា រងការចោទប្រកាន់ថា បានដើរឆ្ងាយពីគន្លងនៃការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។
លោក រស់ សុដ្ឋា៖ «អ៊ីចឹងគឺជាផ្នែកមួយនៃការពិចារណារបស់សហរដ្ឋអាមេរិកដែរ ហើយសហរដ្ឋអាមេរិកក៏មិនចេះតែជឿបុគ្គលណាទេ ជាព័ត៌មានដែលមានតម្លៃសម្រាប់អន្តរជាតិក្នុងការដោះស្រាយបញ្ហាប្រជាធិបតេយ្យប្រទេសកម្ពុជា»។
ចាប់តាំងពីរដ្ឋាភិបាលកម្ពុជា រំលាយគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ២០១៧ និងមិនគណបក្សភ្លើងទៀន ដែលជាគណបក្សប្រឆាំងចុងក្រោយចូលរួមការបោះឆ្នោតកាលពីថ្ងៃទី២៣ ខែកក្កដា សហគមន៍អន្តរជាតិ តែងតែរំលឹកទៅរដ្ឋាភិបាលជាញឹកញាប់ឱ្យវិលមកការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ ដើម្បីកម្ពុជាអាចទទួលបានប្រព័ន្ធគ្រោះពន្ធG.S.Pពីសហរដ្ឋអាមេរិក និងE.B.A ពីសហភាពអឺរ៉ុប និងរួចផុតពីទណ្ឌកម្មនានា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។