លោក​ សម រង្ស៊ី សន្យា​លើក​កម្ពស់​ជីវភាព​កង​កម្លាំង​ប្រដាប់​អាវុធ ក្រោយ​ពី​មាន​ការ​ផ្លាស់ប្ដូរ​​របប​លោក ហ៊ុន សែន

0:00 / 0:00

មេដឹកនាំ​បក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស ថា​នឹង​លើក​កម្ពស់​ជីវភាព​របស់​កងកម្លាំង​ប្រដាប់​អាវុធ​ទាំងអស់​ ឲ្យ​រស់​នៅ​ក្នុង​ភាព​ថ្លៃថ្នូរ និង​ផ្ដល់​មុខ​តំណែង​ពួកគេ​ទៅ​តាម​សមត្ថភាព​ ក្រោយ​កង​កម្លាំង​ស្នេហាជាតិ​រួម​គ្នា​ជាមួយ​កម្លាំង​ប្រជាពលរដ្ឋ​ ដើម្បី​បញ្ចប់​​របបផ្ដាច់ការ​សព្វថ្ងៃ នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។ មន្ត្រី​បក្ស​កាន់​អំណាច ហៅ ​ការ​លើក​ឡើង​នេះ ថា​គ្រាន់​តែ​ក្ដី​ស្រមើស្រមៃ​​តែ​ប៉ុណ្ណោះ ព្រោះ​ថា​បក្ស​ប្រឆាំង​គ្មាន​កម្លាំង​កងទ័ព​ពី​ណា អាច​មក​ប្រឆាំង​នឹង​រដ្ឋាភិបាល​សព្វថ្ងៃ​បាន​ឡើយ​។

ប្រធាន​ស្ដី​ទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្សី ដែល​ទន្ទឹង​រង់ចាំ​វិល​ចូល​ស្រុក​ខ្មែរ​តាម​កាល​កំណត់ បញ្ចេញសារ​អំពាវនាវ​ជា​ថ្មី ដល់​កម្លាំង​ប្រដាប់​អាវុធ​ទាំង​អស់ កុំ​ធ្វើ​តាម​ការ​​​បញ្ជា​លោក ហ៊ុន សែន ឲ្យ​ធ្វើ​បាប ឬ​បាញ់​ប្រហារ​មក​លើ​ប្រជាពលរដ្ឋ​ដែល​មាន​ឈាម​ជ័រ​ជា​ខ្មែរ​ដូច​គ្នា​។ លោក ថា​ កម្លាំង​ស្នេហា​ជាតិ​ទាំង​អស់ ត្រូវ​ការពារ​ប្រជា​ពលរដ្ឋ ​នៅ​ពេល​មាន​កម្លាំង​មហាជន​ ងើបឡើង​តវ៉ា​ដោយ​បាត​ដៃ​ទទេ ប្រឆាំង​នឹង​របប​ក្រុងភ្នំពេញ ដើម្បី​ទាមទារ​សិទ្ធិ​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា​ ខាង​មុខ​នេះ។

លោក សម រង្ស៊ី​បញ្ជាក់​ថា ក្រោយ​ពី​ប្ដូរ​របប​ក្រុង​ភ្នំពេញ រដ្ឋាភិបាល​ថ្មី​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​​ នឹង​គិតគូរ​ដល់​កម្លាំង​ប្រដាប់​អាវុធ​ទាំង​អស់​ឲ្យ​មាន​ជីវភាព​ល្អ​ប្រសើរ​ជាង​សព្វ​ថ្ងៃ ដោយ​លុប​បំបាត់​អំពើ​ពុក​រលួយ​ បក្ស​ពួក​និយម និង​ក្រុម​គ្រួសារ​និយម។

សារ​អំពាវនាវ​របស់​លោក សម រង្ស៊ី​ ដែល​បង្ហោះ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នៅ​ថ្ងៃទី៤ វិច្ឆិកា គឺ​ស្រប​ពេល​ដែល​របប​ក្រុង​ភ្នំពេញ ​ដាក់​ពង្រាយ​កង​កម្លាំង​សមត្ថកិច្ច​ចម្រុះ​រាប់ពាន់នាក់ ប្រដាប់​ដោយ​កាំភ្លើងធ្វើសង្រ្គាម​គ្រប់​ដៃ តាម​បណ្ដោយ​ព្រំដែន​ខ្មែរ-ថៃ ដើម្បី​ត្រៀម​ទប់ទល់​នឹង​កម្លាំង​គាំទ្រ​មេ​បក្ស​ប្រឆាំង​រូប​នេះ៖ «ដើម្បី​សម្ដែង​ការ​ដឹងគុណ​កង​កម្លាំង​ប្រដាប់​អាវុធ​ស្នេហា​ជាតិ​ ខ្ញុំ​សូម​ធានា​ដល់​បង​ប្អូន​កូន​ក្មួយ​ ដែល​បាន​ការពារ​ប្រជារាស្ត្រ​ ហើយ​បាន​ចូល​រួម​តស៊ូ​ជាមួយ​ប្រជារាស្ត្រ​ ហើយ​ដណ្ដើម​បាន​លទ្ធិ​ប្រជាធិបតេយ្យ​ជូន​ប្រជារាស្ត្រ​នោះ។ យើង​មិន​ត្រឹមតែ​រក្សា​តំណែង​បង​ប្អូន​កូន​ក្មួយ​ មិន​ត្រឹម​តែ​រក្សា​ឋានន្តរសក្ដិ​នោះ​ទេ គឺ​ត្រូវ​តែ​លើក​កម្ពស់​ផ្ដល់​តម្លៃ ចំពោះ​បង​ប្អូន​កូន​ក្មួយ​ក្នុង​ជួរ​កង​កម្លាំង​ប្រដាប់​អាវុធ​ កំពុង​តែ​បំពេញ​សព្វ​ថ្ងៃ។ យើង​ត្រូវ​តែ​ដំឡើង​ឋានន្តរសក្ដិ​ដល់​ប្អូន​កូន​ក្មួយ​ទាំង​នោះ។ ត្រូវ​តែ​ដំឡើង​ប្រាក់​ខែ ប្រាក់​បៀវត្ស​ ប្រាក់ឧបត្ថម្ភ​ផ្សេងៗ ដើម្បី​ឲ្យ​បង​ប្អូន​កូន​ក្មួយ​មាន​ជីវភាព​រស់​នៅ​យ៉ង​សមរម្យ ខ្ពង់​ខ្ពស់ ថ្លៃថ្នូរ»។

អ្នកនាំពាក្យ​បក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ​ថា​ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី​ នៅ​ពេល​នេះ គឺ​ស្ថិត​នៅ​ក្នុង​ក្ដី​ស្រមើស្រមៃ​ប៉ុណ្ណោះ នឹង​មិន​អាច​ក្លាយ​ជា​ការពិត​បាន​ទេ ព្រោះថា​មេ​បក្ស​ប្រឆាំង​រូប​នេះ មិន​ហ៊ាន​វិល​ចូល​ស្រុក​ហើយ​គ្មាន​អ្វី​ក្រៅ​ពីការ​អំពាវនាវ​ឲ្យ​កម្លាំង​ពលរដ្ឋ និង​កង​ទ័ព​បះបោរ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ដែល​កើត​ចេញ​ពី​ការ​បោះឆ្នោត​ស្របច្បាប់៖ «សួរ​ថា​កងទ័ព​ពី​ណា​ទៅ​ស្ដាប់​គាត់ គាត់​មេទ័ព​ឯណា។ កងទ័ព​គេ​ស្ដាប់​បញ្ជា​មេទ័ព។ គាត់​មេទ័ព​ឯណា​មក​បញ្ជា​កងទ័ព គាត់​អត់​មាន​ទេ។ កងទ័ព​មាន​ប្រាក់​បៀវត្ស​សព្វ​ថ្ងៃ​នេះ ត្រូវ​បាន​ដំឡើង​ជា​ប្រចាំ​ឆ្នាំ កន្លង​មក​ហើយ មាន​ការ​យកចិត្ត​ទុកដាក់​ពី​រាជរដ្ឋាភិបាល​ត្រឹមត្រូវ។ ខ្ញុំ​ជឿជាក់​ថា​កង​ទ័ព​អត់​មាន​ជឿ​ការ​ឃោសនា​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់​ទេ។ កុំ​សង្ឃឹម។ ហើយ​បើ​គាត់​មាន​ក្ដី​ជឿ​ជាក់​លើ​ការ​អំពាវនាវ​របស់​គាត់ សូម​អញ្ជើញ​ចូល​មក ម៉ោង​ណា​ក៏​បាន​ពេល​ណា​ក៏​បាន ថ្ងៃ​ណា​ក៏​បាន។ មិន​បាច់​ចាំ​ដល់​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា។ ហើយ​ចូល​មក​តើ​មាន​កងទ័ព​ប៉ុន្មាន​ស្វាគមន៍​គាត់ ហ្នឹង​គាត់​ដឹង​ហើយ»។

ជុំវិញ​រឿង​នេះ អ្នកវិភាគ​បញ្ហា​សង្គម និង​នយោបាយ​ លោក គឹម សុខ ដែល​រិះគន់​របប​ក្រុង​ភ្នំពេញ​មិន​សំចៃ​មាត់ និង​បច្ចុប្បន្ន​កំពុង​រស់​នៅ​ក្រៅ​បប្រទេស សង្កេត​យល់​ថា កងទ័ព​ភាគ​ច្រើន​លើស​លប់ មាន​សមាន​ចិត្ត​គាំទ្រ​ដំណើរ​វិល​ចូល​ស្រុក​វិញ​របស់​លោក សម រង្ស៊ី រួច​ទៅ​ហើយ។ លោកបន្ត​ថា អ្វី​ដែល​អាច​ជំរុញ​ទឹក​ចិត្ត​កង​កម្លាំង​ប្រដាប់​អាវុធ ឲ្យ​លេច​ចេញ​ជា​សកម្មភាព​ជាក់​ស្ដែង​នោះ គឺ​អាស្រ័យ​លើ​ក្រុម​មេដឹកនាំ​បក្ស​ប្រឆាំង ​ថា​តើ​មាន​បណ្ដាញ​ទាក់ទង​នឹង​ក្រុម​កងទ័ពនៅ​ក្នុង​ប្រទេសជិត​ស្និទជាមួយ​គ្នាកម្រិត​ណា ដើម្បី​ការពារ​ដល់​បុព្វហេតុ​សង្គ្រោះ​ជាតិ​របស់​ពួកគេ​។ អ្នក​វិភាគ​រូប​នេះ​ថា ការ​អំពាវនាវ​របស់​លោក សម រង្ស៊ី នៅ​ពេល​នេះ គ្រាន់​តែ​ជា​សារ​នយោបាយ​មួយ ដែល​មិន​អាច​នាំ​ទៅ​រក​ការ​ផ្ទុះ​ប្រដាប់​ណាមួយ​បាន​ឡើយ៖ «ដូច្នេះ​ហើយ​ អ្នក​ដែល​ចូល​រួម​ជាមួយ​ក្រុម​លោក​ សម រង្ស៊ី គឺ​ជា​ប្រជារាស្ត្រ​ស៊ីវិល ដែល​អត់​មាន​ប្រដាប់​អាវុធ។ ម្ល៉ោះ​ហើយ អ្វី​ដែល​កើត​មាន​ឡើង​នៅ​ពេល​ដែល​លោក សម រង្ស៊ី ចូល​ស្រុក ស្ថានភាព​វា​គឺ​ជា​ការ​ប៉ះ​ទង្គិច​គ្នា​នៃ​កងកម្លាំង​ដែល​រៀប​ចំ​ដោយ​លោក ហ៊ុន សែន និង​ប្រជារាស្ត្រ​ស៊ីវិល​ដែល​គាំទ្រ​លោក សម រង្ស៊ី។ អ្នកណា​មានប្រៀប​ជាង វា​ស្ថិត​នៅ​ត្រង់ថា​ភាគី​ណា ប្ដូ​ផ្ដាច់​ ក្នុង​ការ​អនុវត្ត​គោលដៅ​នយោបាយ​របស់​ខ្លួន​ជាង។ ប្រសិន​បើ​ប្រជារាស្ត្រ​ ព្យាយាម​អនុវត្ត​ទៅ​តាម​អ្វី​ដែល​ជា​ការ​អំពាវនាវ​របស់​លោក សម រង្ស៊ី ដែល​មាន​ក្រុម​លោក សម រង្ស៊ី ដឹក​មុខ​នោះ ខ្ញុំ​គិត​ថា​ការ​តស៊ូ​របស់​ប្រជារាស្ត្រ នឹង​មាន​សង្ឃឹម​ខ្ពស់​ដល់​ការ​ផ្លាស់ប្ដូរ​ដល់​ប្រទេស​កម្ពុជា» ។

គិត​មក​ដល់​ពេល​នេះ​ នៅ​សល់​តែ​៥​ថ្ងៃ​ទៀត ដល់​ពេល​កំណត់ ដែល​លោក សម រង្ស៊ី អះអាងថា នឹង​​វិល​ចូល​​កម្ពុជាវិតាម​ច្រក​ទ្វារ​ព្រំដែន​ថៃ ដោយ​មាន​​មន្ត្រី​​បក្ស​ប្រឆាំង​ សមាជិក​សភា​អឺរ៉ុប​មួយ​ចំនួន​ និង​ពលករ​ខ្មែរ​​ពី​​ក្រៅ​ស្រុក​​អម​ដំណើរ​ផង ​នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា ឆ្នាំ២០១៩ ត្រូវ​នឹង​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ។

លោក គឹម សុខ ថា​ ដំណោះស្រាយ​នយោបាយ​នៅ​កម្ពុជា នៅ​តែ​តម្រូវ​ឲ្យ​មេដឹកនាំ​បក្ស​នយោបាយ​ទាំង​ពីរ បន្ទន់​ឥរិយា​បទ​ដាក់គ្នា ហើយ​ងាក​មក​រក​ការ​ចរចា​គ្នា​វិញ ដោយ​សន្តិវិធី​ និង​ឈរ​លើ​គោល​ការណ៍​នីតិរដ្ឋ ​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។