លោក សម រង្ស៊ី ជំរុញឲ្យលោក ហ៊ុន សែន បង្កើតច្បាប់ពីរទៀត គឺកំណត់នាយករដ្ឋមន្ត្រីចូលនិវត្តន៍ត្រឹមអាយុ ៧០ឆ្នាំ និងច្បាប់កំណត់អាណត្តិនាយករដ្ឋមន្ត្រី។
លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានបញ្ជាក់នៅក្នុងលិខិតមួយចេញផ្សាយនៅថ្ងៃទី៨ តុលាថា លោកនឹងលាសញ្ជាតិបារាំងរបស់លោក មុនពេលចូលកាន់តំណែង ប្រសិនបើវិសោធនកម្មរដ្ឋធម្មនុញ្ញកំណត់នាយករដ្ឋមន្ត្រី ប្រធានសភា ព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានសញ្ជាតិតែមួយ ក្លាយជាច្បាប់មែននោះ។
ទោះជាយ៉ាងណាលោក សម រង្ស៊ី ចាត់ទុករបបលោក ហ៊ុន សែន ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញកំណត់នាយករដ្ឋមន្ត្រី ប្រធានសភា ព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានសញ្ជាតិតែមួយនេះ ជាច្បាប់អត់ប្រយោជន៍។
នៅទន្ទឹមនឹងលោក ហ៊ុន សែន អះអាងថា លោកបានខិតខំមិនបានដេកពួនក្នុងការធ្វើសេចក្ដីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញកំណត់នាយករដ្ឋមន្ត្រីឲ្យមានសញ្ជាតិតែមួយនេះ លោក សម រង្ស៊ី សំណូមពរឲ្យរបបឯកបក្ស ត្រូវតែបង្កើតច្បាប់ថ្មីពីរទៀត ដែលជាច្បាប់មានសារៈប្រយោជន៍ខ្ពង់ខ្ពស់ជាទីបំផុតនោះ គឺច្បាប់ដែលតម្រូវឲ្យនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងអ្នកកាន់តំណែងមុខងារសាធារណៈទាំងអស់ ចូលនិវត្តន៍ចាប់ពីអាយុ ៧០ឆ្នាំឡើងទៅ និងច្បាប់កំណត់អាណត្តិនាយករដ្ឋមន្ត្រី ត្រឹមពីរអាណត្តិ។
លោក សម រង្ស៊ី បន្ថែមថា តំណែងនាយករដ្ឋមន្ត្រី ត្រូវតែកំណត់អាណត្តិដឹកនាំតែពីរអាណត្តិគឺ ១០ឆ្នាំយ៉ាងយូរ។ លោកលើកឡើងថា ការធ្វើច្បាប់ពីរនេះទៀត ក្នុងគោលបំណងលើកតម្កើងលទ្ធិប្រជាធិបតេយ្យពិតប្រាកដ និងទប់ស្កាត់ជនផ្ដាច់ការ ដែលចង់ក្រាញអំណាចមួយជីវិត។ ម្យ៉ាងវិញទៀត ក៏ជាច្បាប់ ដែលចាំបាច់ ដើម្បីលើកតម្កើងតួនាទី និងលើកទឹកចិត្តយុវជន ឲ្យមានឱកាសបង្ហាញសមត្ថភាព និងស្នាដៃរបស់ខ្លួន ក្នុងការបម្រើប្រទេសជាតិគ្រប់ជាន់ថ្នាក់។
លិខិតរបស់លោក សម រង្ស៊ី ដដែលនោះ ឲ្យដឹងថា លោកនឹងបកស្រាយបន្ថែមអំពីការបង្កើតច្បាប់កំណត់អាណត្តិនាយករដ្ឋមន្ត្រី និងច្បាប់អ្នកកាន់មុខតំណែងសាធារណជនទាំងអស់ ត្រូវចូលនិវត្តន៍ចាប់ពីអាយុ ៧០ឆ្នាំឡើងទៅ នៅក្នុងវេទិកាសំឡេងសង្គ្រោះជាតិ ដែលនឹងផ្សាយនៅលើទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃសៅរ៍ទី៩ តុលា វេលាម៉ោង១០ព្រឹក ម៉ោងនៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។