លោក សម រង្ស៊ី ផ្ញើ​លិខិត​ស្នើសុំ​សមាជិកសភា​អាមេរិក​ជួយ​ប្រជាជន​កម្ពុជា​ក្នុង​គ្រា​វិបត្តិ​កូវីដ

ដោយ ជាតិ ចំណាន
2021-05-10
Share
លោក សម រង្ស៊ី ផ្ញើ​លិខិត​ស្នើសុំ​សមាជិកសភា​អាមេរិក​ជួយ​ប្រជាជន​កម្ពុជា​ក្នុង​គ្រា​វិបត្តិ​កូវីដ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ
រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី

មេដឹកនាំ​បក្សប្រឆាំង លោក សម រង្ស៊ី ផ្ញើ​លិខិត​មួយ​ច្បាប់​ជូន​សមាជិកសភា​សហរដ្ឋ​អាមេរិក​ដោយ ស្នើសុំ​ឲ្យ​ជួយ​អន្តរាគមន៍​ដល់​ប្រជាជន​កម្ពុជា​ដែល​កំពុង​រងគ្រោះ​ក្នុង​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​។ ការ​ស្នើសុំ​នេះ គឺ​ដោយសារ​លោក​យល់​ថា របប​ក្រុងភ្នំពេញ​អសមត្ថភាព​ដោះស្រាយ​វិបត្តិ​កូវីដ និង​ថែមទាំង​ធ្វើទុក្ខបុកម្នេញ​ឥត​ស្រាកស្រាន្ត​ទៅ​លើ​ប្រជាពលរដ្ឋ​ថែម​ទៀត​។ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ឆ្លើយតប​ថា សារ​របស់លោក សម រង្ស៊ី គ្មាន​តម្លៃ​អ្វី​ទាំងអស់ ខណៈ​អ្នកឃ្លាំមើល​ចាត់ទុកថា អ្វី​ដែល​មេ​បក្ស​ប្រឆាំង​រូប​នេះ​កំពុង​ធ្វើ គឺជា​រឿង​ត្រឹមត្រូវ​ទៅតាម​តួនាទី​របស់​លោក។

ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី លើកឡើង​ថា ក្នុងនាម​ជា​ជនជាតិ​ខ្មែរ​ ដែល​ត្រូវ​បាន​ប្រជាពលរដ្ឋ​បោះឆ្នោត​ឱ្យ​ធ្វើ​ជា​តំណាង​របស់​ពួកគាត់ រយៈពេល ​២៥​ឆ្នាំ​មកនេះ លោក​អំពាវនាវ​ដល់​សមាជិក​សភា​សហរដ្ឋអាមេរិក ឱ្យ​ជួយ​គិតគូរ​ដល់​កង្វល់​ទាំងឡាយ​ជុំវិញ​ស្ថានភាព​អាសន្ន​ដែល​ពលរដ្ឋ ២​លាន​៣ សែន​នាក់ នៅក្នុង​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​នៃ​ខេត្តកណ្តាល កំពុង​ទទួលរង​គ្រោះ ចាប់តាំង​ពី​មានការ​បិទ​ខ្ទងប់​ទាំងស្រុង កាលពី​ថ្ងៃទី​១៥ មេសា បន្ទាប់ពី​ផ្ទុះ​រាលដាល​ជំងឺ​កូ​វីដ​-១៩ ​ក្នុង​សហគមន៍​ជា​លើក​ទី៣ មក។

លោក សម រង្ស៊ី​នេះ បាន​ផ្ញើ​លិខិត​អំពាវនាវ​នេះ​ជូន​ប្រធាន​គណៈកម្មការ​ទំនាក់ទំនង​អន្តរជាតិ​នៃ​ព្រឹទ្ធសភា​អាមេរិក លោក បប មេណេនដេហ្ស (Bob MenendeZ) រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក លោក អេនថូនី ប្ល៊ីងឃិន (Antony J. Blinken) និង​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy)

លោក សម រង្ស៊ី លើក​ឡើង​ក្នុង​លិខិត​នោះ​ថា របប​លោក ហ៊ុន សែន មិន​មាន​វិធានការ​ជាក់លាក់​ណាមួយ ដើម្បី​ដោះស្រាយ​ផល​ប៉ះពាល់​សេដ្ឋកិច្ច​សង្គម​ទៅលើ​ប្រជាជន​ងាយ​រងគ្រោះ​ឡើយ​ក្នុង​គ្រា​មាន​វិបត្តិ​កូវីដ​នេះ​ឡើយ​។ លោក​សង្កេត​ឃើញ​ថា ដំបូង​ឡើយ​រដ្ឋាភិបាល​បាន​ចែក​អង្ករ មី និង​ត្រីខកំប៉ុង​ជាដើម ប៉ុន្តែ​ភ្លាមៗ ​នោះ បែរជា​ប្តូរ​ទៅជា​លក់​ផលិតផល​ទាំងនោះ​វិញ​។ លោក​ចាត់​ទុក​ថា ជា​រឿង​គួរ​ឲ្យ​សោកស្តាយ និង​ជា​ឧក្រិដ្ឋកម្ម​គួរ​ឲ្យ​ស្អប់ខ្ពើម​បំផុត​ដែល​ទុក្ខវេទនា​របស់​មនុស្ស ត្រូវ​បាន​គេ​ឆ្លៀត​រំលោភបំពាន និង​ឆ្លៀត​ប្រព្រឹត្ត​អំពើពុករលួយ ដោយ​ក្នុង​នោះ​ក្រុមហ៊ុន​អាជីវកម្ម​លក់​ទឹក និង​ស្បៀងអាហារ​ចាំបាច់​នានា សុទ្ធតែ​ជា​របស់​គ្រួសារ និង​មិត្តភក្ដិ​លោក ហ៊ុន សែន។

អតីតរដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​រូប​នេះ​យល់​​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន គ្មាន​សមត្ថភាព​គ្រប់គ្រង​វិបត្តិ​សេដ្ឋកិច្ច​សង្គម​បានទេ ព្រោះ​ការ​បិទ​ខ្ទប់​នេះ​បាន​កាត់​ផ្តាច់​ការ​ផ្គត់ផ្គង់​ស្បៀងអាហារ​ដល់​កម្មករ​រោងចក្រ​កាត់ដេរ អ្នក​លក់​ដូរ​តាម​ផ្សារ និង​ពលរដ្ឋ​ដែល​រក​ចំណូល​សម្រាប់​មួយថ្ងៃ​រស់​មួយថ្ងៃ​។ លោក​បន្ត​ថា មក​ទល់​ពេល​នេះ ស្ថានភាព​នៃ​វិបត្តិ​ជំងឺ​​កូ​វីដ​-១៩ ​នៅ​​កម្ពុជា នៅតែ​បន្ត​យ៉ាប់យ៉ឺន​ដោយ​គ្មាន​រំពឹង​ថា នឹង​មាន​ភាព​ល្អ​ប្រសើរ​ឡើង​វិញ ក្នុង​រយៈពេល​ពាក់កណ្តាល ឬ​រយៈពេល​វែង​នោះ​ទេ​។ លោក​ចោទ​ថា រដ្ឋាភិបាល​ដែល​ពុករលួយ និង​អសមត្ថភាព​ប្រមូល​ដែល​ប្រមូល​ផ្តុំ​ក្នុង​កណ្តាប់​ដៃ​របស់​មនុស្ស​តែ​ម្នាក់ គឺ​លោក ហ៊ុន សែន កំពុង​នាំ​ប្រទេស​ទៅ​រក​គ្រោះមហន្តរាយ។

លោក សម រង្ស៊ី ជំរុញ​ឲ្យ​សភា​អាមេរិក ជួយទទូច​ដល់​រដ្ឋាភិបាល​អាមេរិក​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​ធានា​ថា រដ្ឋាភិបាល​ក្រុងភ្នំពេញ បង្ហាញ​នូវ​ជំហាន​ក្នុង​ការ​ផ្លាស់ ប្តូរ​វិធី​សាស្ត្រ​របស់​ខ្លួន ដើម្បី​ភាព​ល្អ​ប្រសើរ​របស់​ប្រជាជន​កម្ពុជា​។ ក្នុង​នោះ ដូច​ជា​ការ​ផ្តល់​ជំនួយ​សង្គ្រោះបន្ទាន់​ដោយ​ផ្ទាល់​ដល់​ប្រជាជន​កម្ពុជា ដោះលែង​អ្នក​ជាប់ឃុំ​ពី​ក្នុង ពន្ធនាគារ​ដោយសារ​ការ​ចែករំលែក​ទស្សនៈ​ជុំវិញ​បញ្ហា​ជំងឺ​កូ​វីដ ដក​កងកម្លាំង​ចេញពី​តាម​ដងផ្លូវ និង​ដកហូត​វិក្កយបត្រ​ពិន័យ​ប្រាក់​ដែល​គ្មាន​ប្រសិទ្ធភាព និង​អមនុស្សធម៌ ព្រមទាំង​ពិគ្រោះ​យោបល់​ជាមួយ​អ្នកជំនាញ​ឯករាជ្យ អង្គការសិទ្ធិមនុស្ស​ក្នុងស្រុក ភ្នាក់ងារ​អង្គការសហប្រជាជាតិ និង​អន្តរជាតិ​ដើម។

ឆ្លើយតប​ចំពោះ​បញ្ហា​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ចោទ​ប្រកាន់​ទាំង​គ្មាន​មូលដ្ឋាន​ថា លោក សម រង្ស៊ី ជា​មនុស្ស​មាន​បញ្ហា​ស្មារតី ហើយ​និយាយ​ដើម្បី​គ្រាន់តែ​ចង់​ឲ្យ​គេ​ចំណាំ​ឈ្មោះ​ប៉ុណ្ណោះ​។ លោក​បន្ត​ថា នៅ​​កម្ពុជា​គ្មាន​ពលរដ្ឋ​ណា​ម្នាក់​ដាច់​បាយ​ស្លាប់​នោះ​ទេ ហើយ​អាមេរិក ក៏​មិន​អាច​ជួយ​អន្តរាគមន៍​អ្វី​មក​កម្ពុជា​បាន​ដែរ ព្រោះ​នៅ​អាមេរិក​កំពុងតែ​បិទ​ខ្ទប់​រដ្ឋ​មួយចំនួន​ ដើម្បី​ទប់ស្កាត់​ជំងឺ​កូវីដ​-១៩ ​ដូចគ្នា៖ «សួរ​ទៅ​នៅ​ប្រទេស​បារាំង លោក ម៉ាក្រុង បិទ​ទីក្រុង​ប៉ារីស បិទ​ស្រុក​បារាំង​នោះ សួរ​ថា​ មានការ​តវ៉ា​ដែរ រហូតដល់​មានការ​ប្រទូស​ប្រទាំង​ជាមួយ​ប៉ូលិស​ផង ហើយ​ប្អូន​ឯង​ម៉េច​មិន​និយាយ ហើយ​តវ៉ា​ម្នាក់​ពីរ​នាក់​នេះ និយាយ​ពី​យក​អាហ្នឹង​មក​ធ្វើ​មូលដ្ឋាន​យ៉ាង​ម៉េច​បើ​ប្រជាជន​គេ​រាប់ពាន់​រាប់ម៉ឺន​នាក់ គេ​សប្បាយ​រីក រាយ​ទទួល​បាន​ផល​មាន​អង្ក​ហូប មាន​ទឹកត្រី មាន​ទឹកស៊ីអ៊ីវ មាន​ប្រហុក​ផ្អក​អី ហើយ​វា​គ្រាន់តែ​អត់​មាន​ប៊ើ ​អត់​មាន​ហែមប៊ើរហ្គើរ​ (Hamburger) ​ទេ ​នៅ​ស្រុក​ខ្មែរ​នោះ វា​មានតែ ងៀត វា​មានតែ​ត្រីខ វា​មានតែ​អង្ករ ត្រី​ងៀត ប្រហុក​ផ្អក គឺ​អាហ្នឹង​មាន ហើយ​ខ្ញុំ​យល់​ថា បើ​យក​ហាំប៊ឺហ្គឺ​ទៅ​ចែក​បងប្អូន នៅក្នុង​តំបន់​ក្រហម ក៏​គេ​អត់​ហូប​ទេ​មើល​ទៅ»

ទោះជា​យ៉ាងណា អ្នកឃ្លាំមើល​បញ្ហា​សង្គម​យល់ថា ការ​លើកឡើង​របស់​លោក សម រង្ស៊ី គឺ​ត្រឹមត្រូវ ហើយ​រដ្ឋាភិបាល​មិនអាច​មើលស្រាល​បាន​ឡើយ។

អ្នកឯកទេស​ខាង​វិទ្យាសាស្ត្រ​នយោបាយ និង​ទំនាក់ទំនង​អន្តរជាតិ សាស្ត្រាចារ្យ ឯម សុវណ្ណ​រ៉ា មាន​ប្រសាសន៍​ថា លោក សម រង្ស៊ី ជា​មេ​បក្ស​ប្រឆាំង​និង​ជា​តំណាងរាស្ត្រ មួយរូប ព្រមទាំង​ជា​អ្នកនយោបាយ​ដែល​មាន​ពលរដ្ឋ​គាំទ្រ​ច្រើន​ផង ដូច្នេះ​លោក​មាន​ភារកិច្ច​និង​តួនាទី​ក្នុង​ការ​ទាមទារ​ឬ​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​ជួយ​អន្តរាគមន៍​មក​លើ​កម្ពុជា​ផ្ដោត​សំខាន់​លើ​បញ្ហា​លទ្ធិ​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស។ លោក​បន្តថា ការ​លើកឡើង​របស់​លោក សម រង្ស៊ី ក្នុង​ឱកាស​នេះ ក៏​សមស្រប​ផង​ដែរ ព្រោះ​ក្រុម​អង្គការ​ជាតិ និង​អន្តរជាតិ សុទ្ធតែ​ព្រួយបារម្ភ​ពាក់​ព័ទ្ធ​នឹង​ការប្រើ​យន្តការ​ហួសហេតុ​មួយចំនួន​របស់​រដ្ឋាភិបាល ដែល​គំរាមកំហែង​ដល់​សិទ្ធិមនុស្ស​ក្នុង​ពេល​មាន​វិបត្តិ​ជំងឺ កូ​វីដ​-១៩ ​នេះ៖ «ការ​លើក​ឡើង​របស់​គាត់​អាច​មាន​​អត្ថប្រយោជន៍​សម្រាប់​បក្ស​របស់​គាត់ សម្រាប់​ការ​គាំទ្រ​របស់​សំគម​ន៍​អន្តរជាតិ ទៅលើ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​សិទ្ធិមនុស្ស ហើយនឹង​វា​ផ្ដោត​សំខាន់​​ទៅលើ​បក្ស​ប្រឆាំង​ផង​ដែរ។ អ៊ីចឹង​ជា​ឱកាស​គាត់​មួយ​ជា​អ្នកនយោបាយ ដូច្នេះ​ការ​លើក​ឡើង​ថា យន្តការ​របស់​គាត់​ពុំ​មាន​ឥទ្ធិពល ពុំ​មាន​អត្ថប្រយោជន៍​គឺជា​កិច្ចការ​មួយ​ដែល​មើលស្រាល​ហើយ​ខ្ញុំ​ថា វា​មិន​គួរ​មើលស្រាល​ទេ​។ កិច្ចការ​នេះ​អាច​ជំរុញ​ឲ្យ​សហគមន៍​អន្តរជាតិ​លើក​បញ្ហា​នេះ​កាន់តែ​ច្រើន ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ដែរ ដូច្នេះ​ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា មិន​ឆ្លើយ​ប​ទៅលើ​បញ្ហា​ណាមួយ​ដែល​សហគមន៍ អន្តរជាតិ អំពាវនាវ​លើកឡើង​ទេ ខ្ញុំ​គិតថា កម្ពុជា​អាច​ជួប​បញ្ហា​ប្រឈម​ពីរ គឺ​ទី​១​ ពាក់ព័ន្ធ​នឹង​បញ្ហា​នយោបាយ​ការបរទេស និង​ទី​២ ​ទាក់ទង​នឹង​នយោបាយ​ទំនាក់ទំនង​​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា»

កន្លងមក នាយករង​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែនរ៉ៃត៍ វ៉ច្ឆ លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) លើកឡើង​ថា ការ​រាតត្បាត​ជំងឺ​កូវីដ​នេះ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា មាន​សោកនាដកម្ម​សុខភាព​សាធារណៈ និង​សេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ ថែមទាំង​ធ្វើ​ឲ្យ​មហន្តរាយ​ដល់​សិទ្ធិមនុស្ស​ដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ប្តេជ្ញា​ចិត្ត​ផ្លាស់ប្ដូរ​ប្រទេស​ជា​ជំហ៊ានៗ​ ឆ្ពោះ​រក​របប​ផ្ដាច់ការ​។ លើស​ពី​នេះ អង្គការ​សុខភាព​ពិភពលោក (WHO) ព្រមាន​ថា ប្រទេស​កម្ពុជា​កំពុង​ស្ថិត​នៅក្នុង​ស្ថានភាព​សោកសៅ​នៃ​សោកនាដកម្ម​ជាតិ​។ ទន្ទឹមគ្នា​នេះ អ្នក​ជំនាញ​អង្គការសហប្រជាជាតិ ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​វិធានការ​ច្បាប់ និង​រដ្ឋបាល​ថ្មីៗ ​នៃ​របប​លោក ហ៊ុន សែន​ក្នុង​ការ​ឆ្លើយតប​ចំពោះ​វិបត្តិ​ជំងឺ​កូ​វី​ដ ដែល​នាំ​ឲ្យ​អន្តរាយ​ដល់​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន​រួមមាន​សេរីភាព​ដើរ​ហើរ សេរីភាព​ជួបជុំ​ដោយ​សន្តិវិធី និង​សិទ្ធិ​ទៅធ្វើ​ការងារ​ជាដើម​។​

លោក សម រង្ស៊ី អះអាង​ថា ការទប់ស្កាត់​សិទ្ធិ​ទាំងនេះ បាន​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ត្រូវ​ទុកចោល​ជាច្រើន​ថ្ងៃ​ដោយ​គ្មាន​ទទួល​បាន​អាហារ​គ្រប់គ្រាន់ និង​ធ្វើ​ឲ្យ​ពួកគេ​គ្មាន​លក្ខខណ្ឌ​មូលដ្ឋាន​សម្រាប់​រស់រាន​មានជីវិត​។ លោក​លើកឡើង​ទាំង​ហួសចិត្ត​ទៀត​ថា រដ្ឋាភិបាល​បាន​បង្កើត​ច្បាប់​ទប់ស្កាត់​ជំងឺ​កូ​វីដ ដែល​ផ្តោត​លើ​ការ​ដាក់​ទណ្ឌកម្ម​មិន​ចាំ​បាច់​ច្រើន ដូចជា​ការ​ផ្ដន្ទាទោស​មនុស្ស​ឲ្យ​ជាប់ពន្ធនាគារ​ពី​ ៣​ឆ្នាំ រហូតដល់ ​២០​ឆ្នាំ និង​ការ​ដកហូត​សិទ្ធិ​ពលរដ្ឋ​ក្នុង​ការ​ទទួល​បាន​ស្បៀងអាហារ បំពាន​គោលការណ៍​សិទ្ធិមនុស្ស​​ជា​មូលដ្ឋាន ព្រមទាំង​ប្រើ​ប៉ូលិស​ប្រដាប់​ដោយ​កាំភ្លើង និង​រំពាត់ ក្នុង​ការ​ដើរ​ល្បាត និង​ដេញ​វាយ​ប្រជាពលរដ្ឋ​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល