មេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី ផ្ញើលិខិតមួយច្បាប់ជូនសមាជិកសភាសហរដ្ឋអាមេរិកដោយ ស្នើសុំឲ្យជួយអន្តរាគមន៍ដល់ប្រជាជនកម្ពុជាដែលកំពុងរងគ្រោះក្នុងវិបត្តិជំងឺកូវីដ-១៩។ ការស្នើសុំនេះ គឺដោយសារលោកយល់ថា របបក្រុងភ្នំពេញអសមត្ថភាពដោះស្រាយវិបត្តិកូវីដ និងថែមទាំងធ្វើទុក្ខបុកម្នេញឥតស្រាកស្រាន្តទៅលើប្រជាពលរដ្ឋថែមទៀត។ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឆ្លើយតបថា សាររបស់លោក សម រង្ស៊ី គ្មានតម្លៃអ្វីទាំងអស់ ខណៈអ្នកឃ្លាំមើលចាត់ទុកថា អ្វីដែលមេបក្សប្រឆាំងរូបនេះកំពុងធ្វើ គឺជារឿងត្រឹមត្រូវទៅតាមតួនាទីរបស់លោក។
ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី លើកឡើងថា ក្នុងនាមជាជនជាតិខ្មែរ ដែលត្រូវបានប្រជាពលរដ្ឋបោះឆ្នោតឱ្យធ្វើជាតំណាងរបស់ពួកគាត់ រយៈពេល ២៥ឆ្នាំមកនេះ លោកអំពាវនាវដល់សមាជិកសភាសហរដ្ឋអាមេរិក ឱ្យជួយគិតគូរដល់កង្វល់ទាំងឡាយជុំវិញស្ថានភាពអាសន្នដែលពលរដ្ឋ ២លាន៣ សែននាក់ នៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល កំពុងទទួលរងគ្រោះ ចាប់តាំងពីមានការបិទខ្ទងប់ទាំងស្រុង កាលពីថ្ងៃទី១៥ មេសា បន្ទាប់ពីផ្ទុះរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ជាលើកទី៣ មក។
លោក សម រង្ស៊ីនេះ បានផ្ញើលិខិតអំពាវនាវនេះជូនប្រធានគណៈកម្មការទំនាក់ទំនងអន្តរជាតិនៃព្រឹទ្ធសភាអាមេរិក លោក បប មេណេនដេហ្ស (Bob MenendeZ) រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អេនថូនី ប្ល៊ីងឃិន (Antony J. Blinken) និងឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy)។
លោក សម រង្ស៊ី លើកឡើងក្នុងលិខិតនោះថា របបលោក ហ៊ុន សែន មិនមានវិធានការជាក់លាក់ណាមួយ ដើម្បីដោះស្រាយផលប៉ះពាល់សេដ្ឋកិច្ចសង្គមទៅលើប្រជាជនងាយរងគ្រោះឡើយក្នុងគ្រាមានវិបត្តិកូវីដនេះឡើយ។ លោកសង្កេតឃើញថា ដំបូងឡើយរដ្ឋាភិបាលបានចែកអង្ករ មី និងត្រីខកំប៉ុងជាដើម ប៉ុន្តែភ្លាមៗ នោះ បែរជាប្តូរទៅជាលក់ផលិតផលទាំងនោះវិញ។ លោកចាត់ទុកថា ជារឿងគួរឲ្យសោកស្តាយ និងជាឧក្រិដ្ឋកម្មគួរឲ្យស្អប់ខ្ពើមបំផុតដែលទុក្ខវេទនារបស់មនុស្ស ត្រូវបានគេឆ្លៀតរំលោភបំពាន និងឆ្លៀតប្រព្រឹត្តអំពើពុករលួយ ដោយក្នុងនោះក្រុមហ៊ុនអាជីវកម្មលក់ទឹក និងស្បៀងអាហារចាំបាច់នានា សុទ្ធតែជារបស់គ្រួសារ និងមិត្តភក្ដិលោក ហ៊ុន សែន។
អតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចរូបនេះយល់ថា រដ្ឋាភិបាលលោក ហ៊ុន សែន គ្មានសមត្ថភាពគ្រប់គ្រងវិបត្តិសេដ្ឋកិច្ចសង្គមបានទេ ព្រោះការបិទខ្ទប់នេះបានកាត់ផ្តាច់ការផ្គត់ផ្គង់ស្បៀងអាហារដល់កម្មកររោងចក្រកាត់ដេរ អ្នកលក់ដូរតាមផ្សារ និងពលរដ្ឋដែលរកចំណូលសម្រាប់មួយថ្ងៃរស់មួយថ្ងៃ។ លោកបន្តថា មកទល់ពេលនេះ ស្ថានភាពនៃវិបត្តិជំងឺកូវីដ-១៩ នៅកម្ពុជា នៅតែបន្តយ៉ាប់យ៉ឺនដោយគ្មានរំពឹងថា នឹងមានភាពល្អប្រសើរឡើងវិញ ក្នុងរយៈពេលពាក់កណ្តាល ឬរយៈពេលវែងនោះទេ។ លោកចោទថា រដ្ឋាភិបាលដែលពុករលួយ និងអសមត្ថភាពប្រមូលដែលប្រមូលផ្តុំក្នុងកណ្តាប់ដៃរបស់មនុស្សតែម្នាក់ គឺលោក ហ៊ុន សែន កំពុងនាំប្រទេសទៅរកគ្រោះមហន្តរាយ។
លោក សម រង្ស៊ី ជំរុញឲ្យសភាអាមេរិក ជួយទទូចដល់រដ្ឋាភិបាលអាមេរិកឲ្យអស់ពីសមត្ថភាព ដើម្បីធានាថា រដ្ឋាភិបាលក្រុងភ្នំពេញ បង្ហាញនូវជំហានក្នុងការផ្លាស់ ប្តូរវិធីសាស្ត្ររបស់ខ្លួន ដើម្បីភាពល្អប្រសើររបស់ប្រជាជនកម្ពុជា។ ក្នុងនោះ ដូចជាការផ្តល់ជំនួយសង្គ្រោះបន្ទាន់ដោយផ្ទាល់ដល់ប្រជាជនកម្ពុជា ដោះលែងអ្នកជាប់ឃុំពីក្នុង ពន្ធនាគារដោយសារការចែករំលែកទស្សនៈជុំវិញបញ្ហាជំងឺកូវីដ ដកកងកម្លាំងចេញពីតាមដងផ្លូវ និងដកហូតវិក្កយបត្រពិន័យប្រាក់ដែលគ្មានប្រសិទ្ធភាព និងអមនុស្សធម៌ ព្រមទាំងពិគ្រោះយោបល់ជាមួយអ្នកជំនាញឯករាជ្យ អង្គការសិទ្ធិមនុស្សក្នុងស្រុក ភ្នាក់ងារអង្គការសហប្រជាជាតិ និងអន្តរជាតិដើម។
ឆ្លើយតបចំពោះបញ្ហានេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ចោទប្រកាន់ទាំងគ្មានមូលដ្ឋានថា លោក សម រង្ស៊ី ជាមនុស្សមានបញ្ហាស្មារតី ហើយនិយាយដើម្បីគ្រាន់តែចង់ឲ្យគេចំណាំឈ្មោះប៉ុណ្ណោះ។ លោកបន្តថា នៅកម្ពុជាគ្មានពលរដ្ឋណាម្នាក់ដាច់បាយស្លាប់នោះទេ ហើយអាមេរិក ក៏មិនអាចជួយអន្តរាគមន៍អ្វីមកកម្ពុជាបានដែរ ព្រោះនៅអាមេរិកកំពុងតែបិទខ្ទប់រដ្ឋមួយចំនួន ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ដូចគ្នា៖ «សួរទៅនៅប្រទេសបារាំង លោក ម៉ាក្រុង បិទទីក្រុងប៉ារីស បិទស្រុកបារាំងនោះ សួរថា មានការតវ៉ាដែរ រហូតដល់មានការប្រទូសប្រទាំងជាមួយប៉ូលិសផង ហើយប្អូនឯងម៉េចមិននិយាយ ហើយតវ៉ាម្នាក់ពីរនាក់នេះ និយាយពីយកអាហ្នឹងមកធ្វើមូលដ្ឋានយ៉ាងម៉េចបើប្រជាជនគេរាប់ពាន់រាប់ម៉ឺននាក់ គេសប្បាយរីក រាយទទួលបានផលមានអង្កហូប មានទឹកត្រី មានទឹកស៊ីអ៊ីវ មានប្រហុកផ្អកអី ហើយវាគ្រាន់តែអត់មានប៊ើ អត់មានហែមប៊ើរហ្គើរ (Hamburger) ទេ នៅស្រុកខ្មែរនោះ វាមានតែ ងៀត វាមានតែត្រីខ វាមានតែអង្ករ ត្រីងៀត ប្រហុកផ្អក គឺអាហ្នឹងមាន ហើយខ្ញុំយល់ថា បើយកហាំប៊ឺហ្គឺទៅចែកបងប្អូន នៅក្នុងតំបន់ក្រហម ក៏គេអត់ហូបទេមើលទៅ»។
ទោះជាយ៉ាងណា អ្នកឃ្លាំមើលបញ្ហាសង្គមយល់ថា ការលើកឡើងរបស់លោក សម រង្ស៊ី គឺត្រឹមត្រូវ ហើយរដ្ឋាភិបាលមិនអាចមើលស្រាលបានឡើយ។
អ្នកឯកទេសខាងវិទ្យាសាស្ត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិ សាស្ត្រាចារ្យ ឯម សុវណ្ណរ៉ា មានប្រសាសន៍ថា លោក សម រង្ស៊ី ជាមេបក្សប្រឆាំងនិងជាតំណាងរាស្ត្រ មួយរូប ព្រមទាំងជាអ្នកនយោបាយដែលមានពលរដ្ឋគាំទ្រច្រើនផង ដូច្នេះលោកមានភារកិច្ចនិងតួនាទីក្នុងការទាមទារឬអំពាវនាវឲ្យសហគមន៍អន្តរជាតិជួយអន្តរាគមន៍មកលើកម្ពុជាផ្ដោតសំខាន់លើបញ្ហាលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស។ លោកបន្តថា ការលើកឡើងរបស់លោក សម រង្ស៊ី ក្នុងឱកាសនេះ ក៏សមស្របផងដែរ ព្រោះក្រុមអង្គការជាតិ និងអន្តរជាតិ សុទ្ធតែព្រួយបារម្ភពាក់ព័ទ្ធនឹងការប្រើយន្តការហួសហេតុមួយចំនួនរបស់រដ្ឋាភិបាល ដែលគំរាមកំហែងដល់សិទ្ធិមនុស្សក្នុងពេលមានវិបត្តិជំងឺ កូវីដ-១៩ នេះ៖ « ការលើកឡើងរបស់គាត់អាចមានអត្ថប្រយោជន៍សម្រាប់បក្សរបស់គាត់ សម្រាប់ការគាំទ្ររបស់សំគមន៍អន្តរជាតិ ទៅលើប្រជាធិបតេយ្យនៅកម្ពុជា និងសិទ្ធិមនុស្ស ហើយនឹងវាផ្ដោតសំខាន់ទៅលើបក្សប្រឆាំងផងដែរ។ អ៊ីចឹងជាឱកាសគាត់មួយជាអ្នកនយោបាយ ដូច្នេះការលើកឡើងថា យន្តការរបស់គាត់ពុំមានឥទ្ធិពល ពុំមានអត្ថប្រយោជន៍គឺជាកិច្ចការមួយដែលមើលស្រាលហើយខ្ញុំថា វាមិនគួរមើលស្រាលទេ។ កិច្ចការនេះអាចជំរុញឲ្យសហគមន៍អន្តរជាតិលើកបញ្ហានេះកាន់តែច្រើន ជាមួយរដ្ឋាភិបាលកម្ពុជាដែរ ដូច្នេះប្រសិនបើរដ្ឋាភិបាលកម្ពុជា មិនឆ្លើយបទៅលើបញ្ហាណាមួយដែលសហគមន៍ អន្តរជាតិ អំពាវនាវលើកឡើងទេ ខ្ញុំគិតថា កម្ពុជាអាចជួបបញ្ហាប្រឈមពីរ គឺទី១ ពាក់ព័ន្ធនឹងបញ្ហានយោបាយការបរទេស និងទី២ ទាក់ទងនឹងនយោបាយទំនាក់ទំនងពាណិជ្ជកម្មជាមួយកម្ពុជា»។
កន្លងមក នាយករងទទួលបន្ទុកកិច្ចការតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែនរ៉ៃត៍ វ៉ច្ឆ លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) លើកឡើងថា ការរាតត្បាតជំងឺកូវីដនេះ មិនត្រឹមតែធ្វើឲ្យប្រជាជនកម្ពុជា មានសោកនាដកម្មសុខភាពសាធារណៈ និងសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យមហន្តរាយដល់សិទ្ធិមនុស្សដែលរដ្ឋាភិបាលលោក ហ៊ុន សែន បានប្តេជ្ញាចិត្តផ្លាស់ប្ដូរប្រទេសជាជំហ៊ានៗ ឆ្ពោះរករបបផ្ដាច់ការ។ លើសពីនេះ អង្គការសុខភាពពិភពលោក (WHO) ព្រមានថា ប្រទេសកម្ពុជាកំពុងស្ថិតនៅក្នុងស្ថានភាពសោកសៅនៃសោកនាដកម្មជាតិ។ ទន្ទឹមគ្នានេះ អ្នកជំនាញអង្គការសហប្រជាជាតិ ព្រួយបារម្ភយ៉ាងខ្លាំងអំពីវិធានការច្បាប់ និងរដ្ឋបាលថ្មីៗ នៃរបបលោក ហ៊ុន សែនក្នុងការឆ្លើយតបចំពោះវិបត្តិជំងឺកូវីដ ដែលនាំឲ្យអន្តរាយដល់សិទ្ធិមនុស្សជាមូលដ្ឋានរួមមានសេរីភាពដើរហើរ សេរីភាពជួបជុំដោយសន្តិវិធី និងសិទ្ធិទៅធ្វើការងារជាដើម។
លោក សម រង្ស៊ី អះអាងថា ការទប់ស្កាត់សិទ្ធិទាំងនេះ បានធ្វើឲ្យមនុស្សជាច្រើនត្រូវទុកចោលជាច្រើនថ្ងៃដោយគ្មានទទួលបានអាហារគ្រប់គ្រាន់ និងធ្វើឲ្យពួកគេគ្មានលក្ខខណ្ឌមូលដ្ឋានសម្រាប់រស់រានមានជីវិត។ លោកលើកឡើងទាំងហួសចិត្តទៀតថា រដ្ឋាភិបាលបានបង្កើតច្បាប់ទប់ស្កាត់ជំងឺកូវីដ ដែលផ្តោតលើការដាក់ទណ្ឌកម្មមិនចាំបាច់ច្រើន ដូចជាការផ្ដន្ទាទោសមនុស្សឲ្យជាប់ពន្ធនាគារពី ៣ឆ្នាំ រហូតដល់ ២០ឆ្នាំ និងការដកហូតសិទ្ធិពលរដ្ឋក្នុងការទទួលបានស្បៀងអាហារ បំពានគោលការណ៍សិទ្ធិមនុស្សជាមូលដ្ឋាន ព្រមទាំងប្រើប៉ូលិសប្រដាប់ដោយកាំភ្លើង និងរំពាត់ ក្នុងការដើរល្បាត និងដេញវាយប្រជាពលរដ្ឋជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។