លោក ស ខេង បារម្ភ​ពលរដ្ឋ​ត្រចៀក​ស្រាល​​ចូលរួម​ជាមួយ​បក្ស​ប្រឆាំង​បាតុកម្ម​ប្រឆាំង​របប​ខ្លួន

ដោយ ជុន ច័ន្ទបុត្រ
2019.08.15
ស ខេង ២០១៩ ៦២២ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ (រូប​កណ្ដាល​) ចូលរួម​​ពិធី​សម្ពោធ​បើក​ឱ្យ​ប្រើ​ប្រាស់​ស្ពាន​ឆ្លង​ស្ទឹង​សង្កែ​នៅ​ភូមិ​រូង ឃុំ​ត្បែងមានជ័យ ស្រុក​បាណន់ ខេត្ត​បាត់ដំបង កាល​ពី​​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០១៩។
រូប​ពី​ហ្វេសប៊ុក លោក ស ខេង

ទោះជា​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី មិនទាន់​ឈាន​ជើង​ជាន់​ដី​កម្ពុជា​ក៏ដោយ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​របប​ក្រុងភ្នំពេញ ហាក់​ភ័យខ្លាច​ទុក​មុន​បាត់​ទៅ​ហើយ​។ ដោយ​បារម្ភ​ខ្លាច​ពលរដ្ឋ​នាំគ្នា​ទៅ​ចូលរួម​ធ្វើបាតុកម្ម​ជាមួយ​មេដឹកនាំ​គណបក្ស​ប្រឆាំង។ លោក ស ខេង អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ថា កុំ​ត្រចៀក​ស្រាល។ លោក​បន្ត​ថា ការ​ធ្វើ​បាតុកម្ម នាំ​ឱ្យ​ប៉ះពាល់​សន្តិសុខ​ជាតិ។ ទន្ទឹម​គ្នា​នេះ​ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ អះអាង​ថា ពួកគេ​ត្រៀម​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឱ្យ​បាន​ប្រសើរ​ឡើងវិញ​។​មន្ត្រី​សង្គម​ស៊ីវិល លើក​ឡើង​ថា ការចូលរួម​ផ្នែក​នយោបាយ​ជា​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ដោយ​ស្រប​ច្បាប់។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង មាន​ប្រសាសន៍​ថា របប​ក្រុងភ្នំពេញ​កើត​ចេញ​ពី​ការ​បោះឆ្នោត​ត្រឹមត្រូវ មាន​ប្រជាធិបតេយ្យ ហើយ​មានការ​ទទួលស្គាល់​ពី​បណ្ដាល​ប្រទេស​ច្រើន​នៅ​លើ​ពិភពលោក។ លោក​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កុំ​ត្រចៀក​ស្រាល​ឆាប់​ជឿ​តាម​ការឃោសនា​របស់​មេ​ដឹកនាំ​គណបក្សប្រឆាំង ចូលរួម​ធ្វើបាតុកម្ម​ប្រឆាំង​នឹង​របប​ដឹកនាំ​សព្វថ្ងៃ​អី ព្រោះ​លោក​ថា ជា​អំពើ​ខុសច្បាប់ និង​បង្ក​អសន្តិសុខ​នៅ​សង្គម​ទៅវិញ​ទេ៖ «អីចឹង​ហើយ​បាន​ខ្ញុំ​ថ្ងៃនេះ​ខិតខំ​ពង្រឹង​សុខ​សន្តិភាព​ឱ្យ​រឹងមាំ ហើយ​ការដែល​បបួល​ដើម្បី​ផ្ដួល​រដ្ឋាភិបាល​តាមរយៈ​បាតុកម្ម​ដូច​វា​អត់​ត្រូវ។កាលណា​យើង​ធ្វើ​បែបនេះ កម្ពុជា​ដូច​រុះរើ​សាជាថ្មី​ឡើងវិញ ហើយ​រុះរើ​ធ្វើ​សាជាថ្មី​ឡើងវិញ មិន​ដឹង​ថា ពេលណា​យើង​បាន​ដូចដើម​ឡើងវិញ​ទេ នេះ​ជា​ការ​ជាក់ស្ដែង ហើយ​របប​ប្រជាធិបតេយ្យ​មាន​របប​បោះឆ្នោត ៥​ឆ្នាំ​បោះឆ្នោត​ម្ដង ដូច្នេះ​ពេល​បោះឆ្នោត​នាំគ្នា​ធ្វើ​ឱ្យ​ត្រឹមត្រូវ​តាមច្បាប់​ទៅ»

លោក ស ខេង ថ្លែង​បែបនេះ​នៅ​ក្នុង​ពិធី​សម្ពោធ​បើក​ឱ្យ​ប្រើ​ប្រាស់​ស្ពាន​ឆ្លង​ស្ទឹង​សង្កែ​នៅ​ភូមិ​រូង ឃុំ​ត្បែងមានជ័យ ស្រុក​បាណន់ ខេត្ត​បាត់ដំបង នៅ​ព្រឹក​ថ្ងៃ​ទី​១៤ សីហា។

ផ្ទុយ​ពី​ការ​លើកឡើង​នេះ ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ​ឯណោះ​វិញ អះអាង​ថា ទឹក​ឡើង​ជិត​ដល់​ច្រមុះ​ហើយ​ទើប​លោក​រដ្ឋមន្ត្រី​រូប​នេះ ធ្វើជា​ចិត្តល្អ​ដាក់​ពលរដ្ឋ​បែបនេះ​។ លោក​បន្ត​ថា ការ​ធ្វើ​ជា និយាយ​ល្អ​នេះ គឺជា​ការ​ខំ​លួង​ចិត្ត​ពលរដ្ឋ​កុំ​ឱ្យ​តវ៉ា ដើម្បី​បក្ខពួក​របស់​ខ្លួន​បាន​បន្ត​អំណាច​ទៅ​មុខ​ទៀត​ប៉ុណ្ណោះ។

ពលករ​ខ្មែរ​ធ្វើការ​ផ្នែក​កាត់ដេរ​នៅ​ទីក្រុង​បាងកក លោក ចាន់ បូរី ប្រាប់​អាស៊ីសេរី​ថា បើ​ទោះ​បី​ជា​មន្ត្រី​រដ្ឋាភិបាល​ធ្វើជា​ចិត្តល្អ​យ៉ាងណាក៏ដោយ ក៏​មិន​អាច​បោក​បញ្ឆោត​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​មិន​ឱ្យ​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​បាន​ដែរ។ លោក​បញ្ជាក់​ថា ប្រជាធិបតេយ្យ​នៅ​កម្ពុជា​បាន​ស្លាប់​បាត់​ទៅ​ហើយ ដោយសារ​របប​លោក​ហ៊ុន សែន រំលាយ​គណបក្ស​សង្គ្រោះជាតិ ដែល​ជា​ដៃគូ​ប្រកួតប្រជែង​ដ៏​សំខាន់​ជាមួយ​គណបក្ស​កាន​អំណាច​នោះ​ចោល ដូច្នេះ​ប្រសិនបើ​ពួកគេ​មិន​ចូលរួម​ស្ដារ​ប្រជាធិបតេយ្យ​ឡើងវិញ​ទេ គឺ​កម្ពុជា​នៅតែ​ជា​របស់​គ្រួសារ​លោក​ហ៊ុន សែន និង​បក្ស​ពួកគាត់​លោក ជា​រៀង​រហូត​ដដែល៖ «បើ​ទោះ​បី​ជា​លោក ស ខេង គាត់​អំពាវនាវ​ក៏​ពិតមែន ប៉ុន្តែ​ខ្ញុំ​នៅតែ​ប្រកាន់​ជំហរ​ទៅជា​មួយ​លោក សម រង្ស៊ី ព្រោះ​ខ្ញុំ​មិន​ចង់​ឱ្យ​ប្រទេស​យើង​បាត់​ប្រជាធិបតេយ្យ​ទេ ព្រោះ​មើល​ទៅ​អនាគត​កូនចៅ​ខ្ញុំ​ប្រហែល​យ៉ាប់​ហើយ បើ​ស្ថានការណ៍​បច្ចុប្បន្ន​យ៉ាប់យ៉ឺន​យ៉ាង​នេះ។ គាត់​ថា​ស្រួល​តែ​គាត់​ទេ តែ​ចំពោះ​ពលករ​ខ្មែរ​ចេញ​មក​ថៃ​ស្ទើរតែ​អស់ពី​កម្ពុជា​ហើយ មាន​ដល់​រាប់​ម៉ឺន​រាប់​រាន​នាក់​ហើយ​មក​ថៃ»

ចំណែក​ពលករ​នៅ​ប្រទេស​ថៃ​ម្នាក់ទៀត លោក ជីម ផាត ថ្លែង​ថា លោក ស ខេង មិនបាច់​មក​ប្រដៅ​ដល់​ពលរដ្ឋ​ខ្មែរ​ឱ្យ​ចេះ​គោរព​ច្បាប់​នោះ​នេះ ព្រោះ​ពលរដ្ឋ​បាន​ត្រៀម​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​តាម​រដ្ឋធម្មនុញ្ញ​មិន​ឱ្យ​ខុសច្បាប់​ឡើយ​។ លោក​សូម​ឱ្យ​តែ​អាជ្ញាធរ​របប​លោក ហ៊ុន សែន កុំ​យក​ច្បាប់​ទៅ​ទ្រាប់​អង្គុយ​ហើយ​នាំគ្នា​វាយ​ធ្វើបាប​ដល់​ពលរដ្ឋ​របស់​ខ្លួន​ទៅ​បាន​ហើយ។ ពលករ​រូប​នេះ​បន្ថែម​ថា ពលករ​ខ្មែរ​នៅ​ថៃ​រាប់​ម៉ឺន​នាក់ ត្រៀមខ្លួន​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ ដើម្បី​ស្វែងរក​ដំណោះស្រាយ​នយោបាយ​នៅ​កម្ពុជា។ ម្យ៉ាង​ការ​រួម​ដំណើរ​នេះ បើ​ទោះ​បី​ជា​ស្ថិត​ក្នុង​ភាព​គ្រោះថ្នាក់​បែប​ណា​ក៏​ពួកគាត់​មិន​ស្ដាយក្រោយ​ដែរ៖ «បាទ​ខ្ញុំ​ក៏​សុខចិត្ត​លះបង់​ជីវិត​ដើម្បី​ជួយ​ជាតិ​របស់​ដែរ ហើយ​ខ្ញុំ​អត់​ស្ដាប់​ទេ ការ​អំពាវនាវ​របស់​មន្ត្រី​បក្ស​កាន់អំណាច​នេះ ហើយ​ខ្ញុំ​អត់​ខ្លាច​ទេ ខ្ញុំ​នៅតែ​ជំ​រុញ​ឱ្យ​ពលរដ្ឋ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស និង​ប្រទេស​ថៃ​ក៏ដោយ​បើ​សិន​មាន​គេ​បើ​ដៃ​ឱ្យ​ធ្វើ​បាតុកម្ម​នៅ​ប្រទេស​ថៃ​បាន ហើយ​ខ្ញុំ​ក៏​អំពាវនាវ​ឱ្យ​ពលករ​ធ្វើបាតុកម្ម​នៅ​ប្រទេស​ដែរ។ ប៉ុន្តែ​នៅ​ថៃ​ខាងមុខ​បើ​សិន​មានការ​តវ៉ា​ទាមទារ​ឱ្យ​មាន​ការ​ស្ដារ​ប្រជាធិបតេយ្យ ឱ្យ​មាន​ការ​ដោះលែង​លោក កឹម សុខា និង​ទាមទារ​ឱ្យ​លោក ហ៊ុន សែន ធ្វើ​យ៉ាងម៉េច​ឱ្យ​ប្រទេស​ជាតិ​រស់​ឡើងវិញ​ខ្ញុំ​នឹង​ចូលរួម»

អ្នក​សម្របសម្រួល និង​អង្កេត​អង្គការ​ ខុមហ្វ្រែល (comfrel) លោក កន សាវាង្ស លើកឡើង​ថា ការចូលរួម​កិច្ចការ​នយោបាយ និង​ការចូលរួម​ធ្វើបាតុកម្ម​ដោយ​សន្តិវិធី គឺជា​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រូប​នេះ បន្ត​ថា លោក ស ខេង អំពាវនាវ​ដល់​ពលរដ្ឋ​នេះ ដោយសារ​ព្រួយបារម្ភ​ខ្លាច​សហភាព​អឺរ៉ុប​ផ្ដាច់​ប្រពន្ធ​អនុគ្រោះ​ EBA ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​​ជាតិ ជាពិសេស​កម្មករ​រោងចក្រ​អត់​ការងារ​ធ្វើ ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​មួយ​ចំនួន​មិន​ពេញចិត្ត​រដ្ឋាភិបាល​សព្វថ្ងៃ ហើយ​នាំគ្នា​ចូលរួម​ធ្វើបាតុកម្ម​ជាមួយ​គណបក្ស​ប្រឆាំង ស្រប​ពេល​ដែល​លោក សម រង្ស៊ី ប្រកាស​វិល​ចូល​ស្រុក​វិញ​នៅ​ឆ្នាំ​២០១៩ និង​បាន​អំពាវនាវ​ពលរដ្ឋ​ចូលរួម​បាតុកម្ម​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នោះ៖ «អ៊ីចឹង​រឿង​សំខាន់​ថា តើ​ការបោះឆ្នោត​កន្លងមក​នឹង​វា​មាន​ការ​សុខចិត្ត​ពី​ភាគី​ពាក់ព័ន្ធ​ហើយ​ឬ​នៅ ហើយ​ហេតុ​អី​បាន​វា​អាច​កើតឡើង​នូវ​បញ្ហា​រឿង​នេះ​។​យើង​ត្រូវ​សម្របសម្រួល​រឿង​នឹង​ឡើងវិញ បើសិនជា​វា​មាន​បញ្ហា​កើត​ឡើងលើ​រឿង​នេះ​មិន​សុខចិត្ត​លើ​រឿង​នឹង ដោយ​ពី​ណា​គេ​ត្រូវ​ដោះស្រាយ ថា​តើ​យើង​ដោះស្រាយ​របៀប​ម៉េច គឺ​មានតែ​អ្នក​នយោបាយ​នឹង​ទេ​ដែល​លោក​អាច​ជជែក ជាពិសេស​យើង​មើល​ឃើញ​ហើយ​សហគមន៍​ជាតិ​និង​អន្តរជាតិ​ទាក់ទង​រឿង​សិទ្ធិមនុស្ស​រឿង​សេរីភាព​នយោបាយ​ជាដើម​នឹង ដែល​ជា​ចំណុច​ត្រូវ​គិត និង​ស្ដារ​ស្ថានការណ៍​ឡើងវិញ»

ថ្មីៗ​នេះ​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សហជីព​ពិនិត្យ​ឃើញ​ថា ស្ថានការណ៍​សិទ្ធិមនុស្ស សិទ្ធិ​ការងារ និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា មាន​ការ​វិវឌ្ឍ​តិចតួច​បំផុត។ ការ​វិវឌ្ឍ​នោះ គឺ​របប​ក្រុងភ្នំពេញ​បាន​ទម្លាក់​ចោល​បណ្ដឹង​មួយ​ចំនួន​ប្រឆាំង​ថ្នាក់ដឹកនាំ​សហជីព និង​បាន​កែប្រែ​ច្បាប់​គណបក្ស​នយោបាយ ដើម្បី​បើកផ្លូវ​ឱ្យ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ។ ក៏ប៉ុន្តែ លក្ខខណ្ឌ​ស្ដារ​ប្រជាធិបតេយ្យ ដូចជា ការ​ដោះលែង​លោក កឹម សុខា ការ​អនុញ្ញាត​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​បើក​ដំណើរការ ការ​ផ្ដល់​អាសនៈ​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ដល់​មន្ត្រី​បក្ស​ប្រឆាំង និង​រៀបចំ​ការបោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​ឡើងវិញ​នោះ របប​លោក ហ៊ុន សែន មិនបាន​បង្ហាញ​ចេតនា​ណាមួយ​ក្នុង​ការ​ដោះស្រាយ​ឡើយ​។ ចំណែក​ឯ​ភាព​ស្របច្បាប់​នៃ​របប​ក្រុងភ្នំពេញ​វិញ ប្រទេស​ប្រជាធិបតេយ្យ​ដូចជា​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​ជាដើម មិន​ទទួលស្គាល់​កម្ពុជា​ជា​ប្រទេស​ប្រជាធិបតេយ្យ​ស្របច្បាប់​នោះ​ទេ ដោយសារ​របប​លោក ហ៊ុន សែន រំលាយ​គណបក្ស​សង្គ្រោះជាតិ រួច​បង្កើត​ឱ្យ​មាន​ការ​បោះឆ្នោត​ក្លែងក្លាយ កាលពី​ខែ​កក្កដា ឆ្នាំ​២០១៨ ​កន្លងទៅ ដើម្បី​បន្ត​ដឹកនាំ​ប្រទេស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។