តើ​អ្វី​ទៅ​ដែល​ហៅ​ថា​ការ​បោះឆ្នោត​ជា​សកល​ដោយ​សេរី​ស្មើ​ភាព​និង​សម្ងាត់?

រដ្ឋធម្មនុញ្ញ​កម្ពុជា បាន​ចែង​ដែរ​ថា តំណាង​រាស្ត្រ​ត្រូវ​ជ្រើស​តាំង​ដោយ​ការ​បោះ​ឆ្នោត​ជា​សកល ដោយ​សេរី ដោយ​ស្មើភាព ដោយ​ចំពោះ និង​តាម​វិធី​ជ្រើស​រើស​ឆ្នោត​ជា​សម្ងាត់។ តើ​អ្វី​ទៅ​ដែល​ហៅ​ថា ការ​បោះ​ឆ្នោត​ជា​សកល ដោយ​សេរី ដោយ​ស្មើភាព ដោយ​ចំពោះ និង​តាម​វិធី​ជ្រើស​រើស​ឆ្នោត​ជា​សម្ងាត់​នោះ?

0:00 / 0:00

នៅ​រាល់​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ និង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ម្តងៗ តែង​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​សម្ដែង​ក្តី​ព្រួយ​បារម្ភ​អំពី​អាថ៌កំបាំង​នៃ​សន្លឹក​ឆ្នោត​របស់​ពួក​គាត់។ ពួក​គាត់​សង្ស័យ​ថា អាជ្ញាធរ​មូលដ្ឋាន​មាន​មធ្យោបាយ​ដើម្បី​ដឹង​ថា អ្នក​បោះ​ឆ្នោត​ណា​បោះ​ឆ្នោត​អោយ​គណបក្ស​នយោបាយ​ណា​មួយ។ ទស្សនៈ​បែប​នេះ បណ្ដាល​អោយ​មាន​ការ​បោះ​ឆ្នោត​ផ្ទុយ​ពី​ឆន្ទៈ​របស់​ខ្លួន ពីព្រោះ​តែ​បារម្ភ​អំពី​សន្តិសុខ​ផ្ទាល់​ខ្លួន។

លោក យន់ ថុល ពលរដ្ឋ​រស់​នៅ​ខេត្ត​កំពង់ចាម មាន​ប្រសាសន៍​ថា ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣ មក លោក​តែង​ទៅ​បោះ​ឆ្នោត។ លោក​ថា លោក​គ្មាន​ការ​ភ័យ​ព្រួយ​ទេ​ពេល​ចូល​ទៅ​បោះ​ឆ្នោត​នៅ​ក្នុង​ការិយាល័យ​បោះ​ឆ្នោត ដោយសារ​លោក​មាន​ជំនឿ​ថា គ្មាន​នរណា​អាច​មើល​ឃើញ​លោក​បោះ​ឆ្នោត​អោយ​គណបក្ស​ណា​នោះ​ទេ ពីព្រោះ​បន្ទប់​បាំង​ជិត។ ប៉ុន្តែ អ្វី​ដែល​លោក​បារម្ភ​នោះ គឺ​សន្លឹក​ឆ្នោត​ត្រូវ​បាន​គេ​គូស​ដៅ​ទុក ដែល​អាច​សម្គាល់​បាន​ថា អ្នក​ណា​បោះ​ឆ្នោត​អោយ​គណបក្ស​ណា៖ «ខ្លាច​គេ​ចំណាំ​តាម​សន្លឹក ចេះ​តែ​បារម្ភ​ដែរ បារម្ភ​ខ្លាច​គេ​យក​ទៅ​រាប់​ដូច​ថា​តាម​សន្លឹក​ប័ណ្ណ​ហ្នឹង ដូច​ថា​គេ​គូស​ចំណាំ​នៅ​លើ​អី​មួយ​ចឹង ខ្លាច​ចំ​ឈ្មោះ​យើង​អ៊ីចឹង​ណា គ្រាន់​តែ​ប៉ុណ្ណឹង ប៉ុន្តែ​បើ​គេ​នៅ​ក្បែរ​មិន​អាច​ធ្វើ​អី​យើង​ទេ»

នៅ​កម្ពុជា ស្ថាប័ន​កំពូល​ដែល​ធានា​អោយ​មាន​ការ​បោះ​ឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​ត្រឹមត្រូវ ស្រប​តាម​ច្បាប់​បោះ​ឆ្នោត​នោះ គឺ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប)។

អគ្គលេខាធិការ​នៃ គ.ជ.ប លោក ទេព នីថា មាន​ប្រសាសន៍​ធានា​អះអាង​ថា ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ពិត​ជា​អាច​ធានា​បាន​នូវ​ភាព​សម្ងាត់​របស់​អ្នក​បោះ​ឆ្នោត៖ «ការ​សម្ងាត់​នៃ​ការ​បោះ​ឆ្នោត​នេះ គឺ​មិន​មែន​គ្រាន់​តែ​កំណត់​ក្នុង​ច្បាប់​ទេ ប៉ុន្តែ​យើង​ត្រូវ​តែ​ចាត់​ចែង​ឲ្យ​មាន​នីតិវិធី​ក្នុង​ការ​អនុវត្ត​ហ្នឹង​ឲ្យ​បាន​ធានា​នូវ​ការ​សម្ងាត់​នេះ។ ក្នុង​នោះ យើង​ការពារ​ការ​សម្ងាត់​នៃ​ការ​បោះ​ឆ្នោត​នោះ គឺ​ទី​១ គឺ​យើង​មិន​ឲ្យ​អ្នក​ណា​សួរ​អ្នក​បោះ​ឆ្នោត​ណា​ម្នាក់​ថា​គាត់​បោះ​ឆ្នោត​ឲ្យ​អ្នក​ណា​នោះ​ទេ។ ហើយ​ទី​២ ក៏​យើង​សុំ​ឲ្យ​អ្នក​បោះ​ឆ្នោត​ហ្នឹង​មិន​និយាយ​ពី​អ្វី​ដែល​ថា​គាត់​សម្រេច​ចិត្ត​បោះ​ឆ្នោត​ឲ្យ​អ្នក​ណា​ទេ ទោះ​បី​មុន​ការ​បោះ​ឆ្នោត​ក្ដី ក្រោយ​ពេល​បោះ​ឆ្នោត​ក្ដី។ ទី​៣ ក្នុង​ការ​អនុវត្ត​ជាក់ស្ដែង​នេះ គឺ​ការ​គូស​សន្លឹក​ឆ្នោត។ ទី​១ គឺ​យើង​មាន​បន្ទប់​សម្ងាត់​ក្នុង​ការ​គូស​សន្លឹក​ឆ្នោត​នេះ​ដែល​មិន​អាច​អ្នក​មើល​ឃើញ​ទេ ហើយ​ការ​រៀប​ចំ​បន្ទប់​សម្ងាត់​នេះ គឺ​យើង​មាន​របាំង​អី ហើយ​ការ​ចូល​ទៅ​បន្ទប់​សម្ងាត់​នេះ គឺ​មាន​ខណ្ឌ​ចែកៗ​ពី​គ្នា ដែល​មិន​អាច​អ្នក​ណា​ម្នាក់​មើល​អ្នក​ណា​បាន ហើយ​ពេល​ចេញ​ពី​បោះ​ឆ្នោត​វិញ គឺ​យើង​ឲ្យ​គាត់​បត់​សន្លឹក​ឆ្នោត​ហ្នឹង​ដោយ​ដាក់​កន្លែង​គាត់​គូស​ហ្នឹង​នៅ​ខាង​ក្នុង ហើយ​មើល​ពី​ក្រៅ​បាន​តែ​ត្រា​សម្ងាត់​ដែល​បោះ​លើ​សន្លឹក​ឆ្នោត​ទេ បន្ទាប់​មក​គាត់​យក​ទៅ​ដាក់​ក្នុង​ហិប​ឆ្នោត»

ប្រទេស​កម្ពុជា ប្រកាន់​យក​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស ដែល​មាន​ន័យ​ថា កម្ពុជា ជ្រើស​រើស​យក​របប​នយោបាយ​មួយ​យក​ប្រជាពលរដ្ឋ​ជា​ធំ ដែល​មាន​គណបក្ស​នយោបាយ​ច្រើន​ជាង​មួយ។ តំណាង​រាស្ត្រ​ជា​អ្នក​តំណាង​អោយ​សំឡេង​ពលរដ្ឋ​នៅ​ក្នុង​រដ្ឋសភា។ រដ្ឋធម្មនុញ្ញ​ចែង​ថា តំណាង​រាស្ត្រ​ត្រូវ​មាន​យ៉ាង​តិច​ចំនួន ១២០​រូប ដែល​ជា​អ្នក​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ជំនួស​អោយ​ប្រជាពលរដ្ឋ។ លក្ខណៈ​ពិសេស​មួយ​ទៀត គឺ​ថា អ្នក​តំណាង​រាស្ត្រ​ម្នាក់ៗ​មិន​មែន​ត្រឹម​តែ​តំណាង​អោយ​ពលរដ្ឋ​នៅ​ក្នុង​មណ្ឌល​បោះ​ឆ្នោត​របស់​ខ្លួន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​តំណាង​អោយ​ប្រជាពលរដ្ឋ​កម្ពុជា ទូទាំង​ប្រទេស​ទាំង​មូល។ រីឯ​ការ​មាន​គណបក្ស​នយោបាយ​ច្រើន​ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត ប្រៀប​បាន​នឹង​សួន​ផ្កា​មួយ​ដែល​មាន​បុប្ផា​ចម្រុះ​ពណ៌​ជាច្រើន​ប្រភេទ ផ្តល់​ជា​ជម្រើស​ដល់​អ្នក​បេះ។

រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​ប្រទេស តម្រូវ​អោយ​កម្ពុជា រៀប​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ជា​រៀង​រាល់ ៥​ឆ្នាំ​ម្តង។ រដ្ឋធម្មនុញ្ញ​ក៏​បាន​កំណត់​ទៀត​ថា ការ​បោះ​ឆ្នោត​រៀង​រាល់ ៥​ឆ្នាំ​ម្តង​នេះ ត្រូវ​ធ្វើ​ឡើង​ជា​សកល ដោយ​សេរី ដោយ​ស្មើភាព ដោយ​ចំពោះ និង​តាម​វិធី​ជ្រើស​រើស​ឆ្នោត​ជា​សម្ងាត់។

តើ​លក្ខខណ្ឌ​ជា​គន្លឹះ​ទាំង​នេះ ដែល​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ផង និង​ច្បាប់​បោះ​ឆ្នោត​ផង​នោះ មាន​អត្ថន័យ​យ៉ាង​ណា​ដែរ?

ការ​បោះ​ឆ្នោត​ជា​សកល មាន​ន័យ​ថា ការ​បោះ​ឆ្នោត​ត្រូវ​ធ្វើ​ឡើង​ទូទាំង​ប្រទេស មិន​មែន​ធ្វើ​ឡើង​តែ​នៅ​ក្នុង​ខេត្ត​ណា​មួយ ឬ​តែ​នៅ​ក្នុង​ខេត្ត​មួយ​ចំនួន​ប៉ុណ្ណោះ​ទេ។ ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ជា​អ្នក​បោះ​ឆ្នោត​ជ្រើស​រើស​គណបក្ស​ដែល​ខ្លួន​ស្រឡាញ់។ ខុស​គ្នា​ពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​ព្រឹទ្ធសភា។ ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា គឺ​ជា​ការ​បោះ​ឆ្នោត​អសកល មាន​ន័យ​ថា មិន​មែន​ប្រជាពលរដ្ឋ​ទេ​ជា​អ្នក​បោះ​ឆ្នោត ប៉ុន្តែ​មាន​តែ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ និង​សមាជិក​រដ្ឋសភា​ប៉ុណ្ណោះ ដែល​ជា​អ្នក​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា។

ការ​បោះ​ឆ្នោត​ដោយ​សេរី មាន​ន័យ​ថា គឺ​ជា​ការ​បោះ​ឆ្នោត​ដោយ​គ្មាន​ការ​បង្ខិតបង្ខំ គ្មាន​ការ​គំរាម​កំហែង​តាម​រូបភាព​បែប​ណា​មួយ​ឡើយ មាន​ន័យ​ថា ពលរដ្ឋ​កម្ពុជា មាន​សិទ្ធិ​បោះ​ឆ្នោត​ជ្រើស​រើស​គណបក្ស​នយោបាយ​ណា​ដែល​ខ្លួន​ពេញ​ចិត្ត។

ការ​បោះ​ឆ្នោត​ដោយ​ត្រឹមត្រូវ និង​យុត្តិធម៌ មាន​ន័យ​ថា គឺ​ជា​ការ​បោះ​ឆ្នោត​ដោយ​គ្មាន​ការ​លួច​បន្លំ ឬ​បោក​បញ្ឆោត ឬ​សន្លឹក​ឆ្នោត​មិន​បាត់​បង់​ជាដើម។ គណបក្ស​នយោបាយ​ចូល​រួម​ទាំងអស់​មាន​សេរីភាព​ពេញ​លេញ​ដូចៗ​គ្នា ក្នុង​ការ​ឃោសនា ដោយ​គ្មាន​ការ​យាយី​រំខាន ឬ​កម្ទេច​ផ្លាក​សញ្ញា និង​គ្មាន​ការ​ប្រើប្រាស់​ធនធាន​រដ្ឋ ដើម្បី​ប្រយោជន៍​គណបក្ស​ណា​មួយ​ជាដើម។

លោក សុក សំអឿន មេធាវី​ការពារ​សិទ្ធិ​មនុស្ស​មាន​ប្រសាសន៍​ថា ការ​បោះ​ឆ្នោត​ប្រកប​ដោយ​សេរី និង​យុត្តិធម៌ គឺ​ជា​ការ​បោះ​ឆ្នោត​មួយ​ដែល​គ្មាន​ការ​ភ័យ​ខ្លាច និង​អ្នក​មាន​សិទ្ធិ​បោះ​ឆ្នោត មិន​ត្រូវ​បាត់​សិទ្ធិ​បោះ​ឆ្នោត៖ «អ្នក​ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត ត្រូវ​តែ​បាន​ទៅ​បោះ​ឆ្នោត អ្នក​ដែល​គ្មាន​សិទ្ធិ​បោះ​ឆ្នោត មិន​ត្រូវ​បាន​ទៅ​បោះ​ឆ្នោត​ទេ។ គ្មាន​សិទ្ធិ​បោះ​ឆ្នោត​យ៉ាង​ម៉េច? ឧទាហរណ៍​ថា អ្នក​ហ្នឹង​អនីតិជន​សោះ អត់​សម​មាន​សញ្ជាតិ​ជា​ខ្មែរ​សោះ បែរ​ជា​បាន​ទៅ​បោះ​ឆ្នោត​បាន បើ​សិន​ជា​ក្នុង​ករណី​បែប​ហ្នឹង គឺ​មាន​ន័យ​ថា អ្នក​ដែល​អត់​មាន​សិទ្ធិ​បោះ​ឆ្នោត បែរ​ទៅ​ជា​បាន​បោះ​ឆ្នោត ដូច្នេះ​ម៉េច​គេ​ហៅ​ថា​យុត្តិធម៌​កើត»

ការ​បោះ​ឆ្នោត​ដោយ​ស្មើភាព មាន​ន័យ​ថា អ្នក​មាន​សិទ្ធិ​បោះ​ឆ្នោត​ម្នាក់ៗ មាន​សិទ្ធិ​បោះ​ឆ្នោត​អោយ​គណបក្ស​តែ​មួយ​គត់ គ្មាន​នរណា​ម្នាក់ ទោះ​ជា​នាយក​រដ្ឋមន្ត្រី តំណាង​រាស្ត្រ អ្នក​មាន​អ្នក​ក្រ ឬ​អ្នក​ក្រុង អ្នក​ជនបទ​ក្តី មាន​សិទ្ធិ​បោះ​ឆ្នោត​លើស​ពី​ម្តង​បាន​ឡើយ។ លើស​ពី​នេះ​ទៀត ការ​បោះ​ឆ្នោត​ដោយ​ស្មើភាព ក៏​អាច​មាន​ន័យ​ថា គណបក្ស​នយោបាយ​ទាំងអស់​មាន​មធ្យោបាយ​ស្មើ​គ្នា​ក្នុង​ការ​ប្រើប្រាស់​ប្រព័ន្ធ​ឃោសនា​របស់​រដ្ឋ ក្នុង​ពេល​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត។ ប្រភព​ថវិកា​សម្រាប់​ចំណាយ​លើ​ការ​ឃោសនា​ទៀតសោត ត្រូវ​តែ​ស្ថិត​ក្រោម​ការ​កំណត់​នៃ​ច្បាប់​សមស្រប​មួយ មិន​អោយ​គណបក្ស​ណា​មួយ​ទទួល​បាន​ប្រាក់​ជំនួយ​ពី​ប្រភព​នានា តាម​តែ​អំពើ​ចិត្ត​នោះ​ទេ។

អំពី​ការ​បោះ​ឆ្នោត​ដោយ​ចំពោះ​វិញ មាន​ន័យ​ថា អ្នក​មាន​សិទ្ធិ​បោះ​ឆ្នោត​ទាំងអស់​ទូទាំង​ប្រទេស ត្រូវ​តែ​ទៅ​បោះ​ឆ្នោត​ដោយ​ខ្លួន​ឯង​នៅ​ការិយាល័យ​បោះ​ឆ្នោត នៅ​ថ្ងៃ​តែ​មួយ​តាម​ការ​កំណត់​នៃ​ច្បាប់។ លោក​អ្នក​មិន​អាច​ប្រគល់ ឬ​ផ្ទេរ​សិទ្ធិ​អោយ​ជន​ណា​ម្នាក់​ទៅ​បោះ​ឆ្នោត​ជំនួស​ខ្លួន​នោះ​ទេ។ ប្រសិន​បើ​អ្នក​មាន​សិទ្ធិ​បោះ​ឆ្នោត​ម្នាក់ មិន​អាច​ទៅ​បោះ​ឆ្នោត​បាន មាន​ន័យ​ថា គាត់​បោះ​បង់​សិទ្ធិ​បោះ​ឆ្នោត​របស់​គាត់​ក្នុង​អាណត្តិ​នេះ ហើយ​ប្រាំ​ឆ្នាំ​ក្រោយ​ទើប​មាន​សិទ្ធិ​ពិសេស​នេះ​ម្តង​ទៀត។

លក្ខខណ្ឌ​ពិសេស​ចុង​ក្រោយ​គេ​ដែល​រដ្ឋធម្មនុញ្ញ និង​ច្បាប់​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​តម្រូវ​អោយ​មាន​នោះ គឺ​ការ​បោះ​ឆ្នោត​ត្រូវ​តែ​ធ្វើ​ឡើង​តាម​វិធី​ជ្រើស​រើស​ឆ្នោត​ដោយ​សម្ងាត់។

តាម​វិធី​ជ្រើស​រើស​ឆ្នោត​ដោយ​សម្ងាត់ មាន​ន័យ​ថា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ត្រូវ​តែ​បង្ក​លក្ខណៈ និង​ធានា​អោយ​មាន​ការ​បោះ​ឆ្នោត​ដោយ​សម្ងាត់។ វា​ជា​ការ​ទទួល​ខុស​ត្រូវ​របស់ គ.ជ.ប ក្នុង​ការ​រៀប​ចំ​ការិយាល័យ​បោះ​ឆ្នោត​អោយ​មាន​បន្ទប់​សម្ងាត់ ក្នុង​លក្ខណៈ​មួយ​ដែល​ធ្វើ​អោយ​ពលរដ្ឋ​អ្នក​បោះ​ឆ្នោត​ជឿ​ជាក់​បាន​ថា ការ​ចូល​ទៅ​បោះ​ឆ្នោត​របស់​ពួក​គេ​គ្មាន​អ្នក​ណា​អាច​ដឹង​ថា បោះ​អោយ​គណបក្ស​ណា​ឡើយ។

លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប គូស​បញ្ជាក់​ថា ជា​ការ​ពិត​ណាស់ គ្មាន​អ្នក​ណា​អាច​ដឹង​បាន​ថា អ្នក​បោះ​ឆ្នោត​ណា​ម្នាក់​បោះ​ឆ្នោត​អោយ​គណបក្ស​ណា​នោះ​ទេ៖ «គ្មាន​អ្នក​ណា​ដឹង​ថា​គាត់​បោះ​ឆ្នោត​ឲ្យ​អ្នក​ណា​ទេ។ ការ​បារម្ភ​របស់​គាត់​ហ្នឹង​តែង​តែ​មាន​ហើយ តែ​បើ​យើង​ពិនិត្យ​មើល​នីតិវិធី​ទាំងអស់​ហ្នឹង មិន​អាច​អ្នក​ណា​ដឹង​ថា​គាត់​បោះ​ឆ្នោត​អ្នក​ណា​ទេ។ ហើយ​តាម​ពិសោធ​នៅ​ក្នុង​ប្រទេស​យើង​កន្លង​មក​នេះ ក៏​ពុំ​ដែល​មាន​បញ្ហា​អី​ថា​អ្នក​ណា​បោះ​ឆ្នោត​ឲ្យ​អ្នក​ណា​ត្រូវ​បាន​ទទួល​ការ​សង​សឹក​អី គឺ​គ្មាន​ទេ។ អ៊ីចឹង​ទេ គឺ​អាច​ថា​ពលរដ្ឋ​យើង គឺ​មាន​សិទ្ធិ​ក្នុង​ការ​សម្រេច​ចិត្ត​បោះ​ឆ្នោត ហើយ​រក្សា​បាន​ការ​សម្ងាត់​របស់​ខ្លួន​ហ្នឹង​ល្អ​ណាស់ តាំង​ពី​ការ​បោះ​ឆ្នោត»

ទាក់ទង​នឹង​សិទ្ធិ​របស់​ពលរដ្ឋ​ក្នុង​ការ​ទទួល​បាន​នូវ​ការ​បោះ​ឆ្នោត​ដោយ​សម្ងាត់​វិញ លោកស្រី​វេជ្ជបណ្ឌិត ពុង ឈីវកេក ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) បាន​បញ្ជាក់​អះអាង​ថា នៅ​ក្នុង​បន្ទប់​បោះ​ឆ្នោត ភាព​អាថ៌កំបាំង​នៃ​ការ​គូស​លើ​សន្លឹក​ឆ្នោត​ជ្រើស​រើស​យក​គណបក្ស​ណា​មួយ​នោះ ប្រាកដ​ជា​គ្មាន​ជន​ណា​អាច​មើល​ឃើញ​ឡើយ។

លោកស្រី​វេជ្ជបណ្ឌិត ពុង ឈីវកេក៖ «បោះ​ឆ្នោត​ជា​ការ​សម្ងាត់។ សម្ងាត់​មាន​ន័យ​ថា បង​ប្អូន​ទៅ​គូស​ហ្នឹង​អត់​មាន​នរណា​ឃើញ​ទេ​បង​ប្អូន អត់​មាន​ប្រដាប់​ថត​រូប​ពី​ណា​មក អត់​មាន​ពី​លើ​មេឃ ឬ​ក៏​ប្រដាប់​ថត​រូប​នៅ​កន្លែង​ណា​ដែល​ធ្វើ​ឲ្យ​បង​ប្អូន​គួរ​ភិតភ័យ​អី​ទេ បង​ប្អូន​យក​សន្លឹក​ឆ្នោត​ហ្នឹង​ទៅ គិត​ម៉ា​ភ្លែត​ទៅ ឬ​ក៏​គិត​មុន​ទៅ​ហើយ ហើយ​គូស​ទៅ​ធ្វើ​ម៉េច​គូស​ឲ្យ​ចំ​ប្រអប់​ហ្នឹង​ទៅ កុំ​គូស​ក្រៅ​ប្រអប់។ ស្រឡាញ់​គណបក្ស​ណា​បង​ប្អូន​គូស​ទៅ គូស​ដោយ​សេរី។ ខ្ញុំ​ហ៊ាន​ជម្រាប​ជូន​ថា អត់​មាន​អ្នក​ណា​អាច​មើល​ពី​ណា​មក​ឃើញ អត់​មាន​ភ្នែក​ណា​ដែល​អាច​ឆ្លុះ​មើល​ប្រអប់​ដែល​គេ​បិទ​ពី​មុខ​ហ្នឹង​អត់​បាន​ទេ​បង​ប្អូន អ៊ីចឹង​បង​ប្អូន​កុំ​ភិតភ័យ​អី។ ហើយ​នីតិវិធី មិន​ឲ្យ​មេ​ភូមិ ឬ​មេ​ឃុំ​ទៅ​ឈរ​ជិត ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ភិតភ័យ​ទេ មិន​ត្រូវ​ទេ គឺ​ខុស​នីតិវិធី»

ច្បាប់​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ មាត្រា​១២៤​ថ្មី ចែង​ថា ត្រូវ​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​បោះ​ឆ្នោត លុប​បេក្ខភាព​របស់​សាមី​ខ្លួន ឬ​លុប​បេក្ខភាព​ឈរ​ឈ្មោះ​បោះ​ឆ្នោត​របស់​គណបក្ស​នយោបាយ ដោយ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ឬ​ត្រូវ​ផ្ដន្ទាទោស​ពិន័យ​ជា​ប្រាក់​ពី ប្រាំ​លាន​រៀល (៥.០០០.០០០​រៀល) ទៅ ម្ភៃ​ប្រាំ​លាន​រៀល (២៥.០០០.០០០​រៀល) ឬ​ទទួល​ទោស​ពិន័យ​ទាំង​ពីរ ដោយ​ពុំ​ទាន់​គិត​ដល់​ទោស​ព្រហ្មទណ្ឌ​ផ្សេង​ទៀត ចំពោះ​ជន​ណា និង​គណបក្ស​នយោបាយ​ណា​ដែល​ប្រើ​កម្លាំង ឬ​ហិង្សា ឬ​បំភិត​បំភ័យ​ប្រើ​ពាក្យ​សម្ដី​ប្រមាថ​មើល​ងាយ ធ្វើ​អោយ​មាន​ការ​ភ័យ​ខ្លាច ការ​ភាន់​ច្រឡំ ធ្វើ​អោយ​ច្របូកច្របល់​បាត់​ទំនុក​ចិត្ត​លើ​ការ​សម្ងាត់​នៃ​ការ​បោះ​ឆ្នោត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។