សាច់ញាតិ​កញ្ញា សេង ធារី ស្នើ​ប្រមុខ​ការទូត​អាមេរិក​លើក​រឿង​ឃុំ​ខ្លួន​កញ្ញា ជជែក​ទល់​មុខ​លោក ហ៊ុន សែន

0:00 / 0:00

សាច់​ញាតិ​កញ្ញា សេង ធារី ស្នើ​ឱ្យ​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋអាមេរិក លើក​រឿង​ឃុំ​ខ្លួន​កញ្ញា ទៅ​ជជែក​ទល់​មុខ​លោក ហ៊ុន សែន និង​ចង់​ឱ្យ​ដាក់​បញ្ចូល​ករណី​ឃុំ​ខ្លួន​សកម្មជន​សិទ្ធិ​មនុស្ស​រូប​នេះ ស្ថិត​នៅ​ក្រោម​ច្បាប់​ពិសេស​មួយ​របស់​សហរដ្ឋ​អាមេរិក ដែល​អាច​ឈាន​ទៅ​ដាក់​ទណ្ឌកម្ម​លើ​បុគ្គល​ណា ដែល​ឃុំ​ខ្លួន​ពលរដ្ឋ​អាមេរិកាំង​នៅ​ក្រៅ​ប្រទេស​ដោយ​ខុស​ច្បាប់​។ អ្នក​វិភាគ​គាំទ្រ​ចំពោះ​ការ​ស្នើ​របស់​សាច់ញាតិ​កញ្ញា សេង ធារី ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​លោក ហ៊ុន សែន និង​មន្ត្រី​របស់​លោក​។

បង​ប្រុស​កញ្ញា សេង ធារី អ្នក​ជំនាញ​ច្បាប់ និង​ជា​សកម្មជន​សិទ្ធិ​មនុស្ស ចង់​ឱ្យ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ចាត់​វិធានការ​បន្ថែម​ក្នុង​ការ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដោះលែង​ប្អូន​ស្រី​របស់​លោក​ឱ្យ​មាន​សេរីភាព​វិញ។

បង​ប្រុស​កញ្ញា សេង ធារី គឺ​លោក សេង ម៉ារឌី លើកឡើង​តាម​រយៈ​សេចក្ដី​ថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​ទី​១៣​កក្កដា ដោយ​ស្នើ​ឱ្យ​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក​លោក អេនថូនី ប៊្លីនខេន (Antony Blinken) លើក​យក​ករណី​ឃុំ​ខ្លួន​ប្អូន​ស្រី​របស់​លោក ទៅ​ជជែក​ទល់​មុខ​លោក ហ៊ុន សែន នៅ​ឯ​កិច្ច​ប្រជុំ​អាស៊ាន​ខាង​មុខ​នេះ ដែល​រៀបចំ​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​ហ្សាកាតា ប្រទេស​ឥណ្ឌូណេស៊ី​។ លើស​ពី​នេះ លោក​ស្នើ​ឱ្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ឈប់​ពន្យារ​ពេល ក្នុង​ការ​បញ្ជូន​សំណុំ​រឿង​កញ្ញា សេង ធារី ឱ្យ​ស្ថិត​នៅ​ក្រោម​ច្បាប់​ស្ដី​ពី​ការ​ចាប់​ឃុំ​ខ្លួន​ពលរដ្ឋ​អាមេរិកាំង​ខុស​ច្បាប់​នៅ​ក្រៅ​ប្រទេស ឬ​ហៅ​ថា ច្បាប់ ឡឺវីនសុន (Levinson Act) ដែល​ត្រូវ​ផ្ទេរ​សំណុំ​រឿង​ឃុំ​ខ្លួន​កញ្ញា សេង ធារី ទៅ​ឱ្យ​បេសកជន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ស្ដីពី​កិច្ចការ​ចំណាប់​ខ្មាំង ជា​អ្នក​ទទួល​ខុស​ត្រូវ។

ច្បាប់ ឡឺវីនសុន ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​ជួយ​ពលរដ្ឋ​អាមេរិកាំង ដែល​ត្រូវ​បាន​គេ​ចាប់​ធ្វើ​ជា​ចំណាប់​ខ្មាំង ឬ​ឃុំ​ខ្លួន​ដោយ​ខុស​ច្បាប់​នៅ​ក្រៅ​ប្រទេស។ សហរដ្ឋ​អាមេរិក​អាច​ប្រើ​ច្បាប់​នេះ ដើម្បី​ដាក់​ទណ្ឌកម្ម​ដោយ​ហាម​ឃាត់​ចូល​ទឹក​ដី​សហរដ្ឋ​អាមេរិក ឬ​បង្កក​ទ្រព្យ​សម្បត្តិ​បុគ្គល ដែល​ទទួល​ខុស​ត្រូវ​លើ​ការ​ឃុំ​ខ្លួន​ពលរដ្ឋ​របស់​ខ្លួន​ដោយ​ខុស​ច្បាប់។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ដដែល លោក សេង ម៉ារឌី បង្ហាញ​ការ​ខក​ចិត្ត​ចំពោះ​ការ​លើកឡើង​របស់​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោក ម៉ាត់ហ្ស៊ូ មីលើ (Matthew Miller) ដោយសារ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក បន្ត​ពន្យារ​ពេល ក្នុង​ការ​ចាត់​ទុក​ករណី​ឃុំ​ខ្លួន​កញ្ញា សេង ធារី អ្នក​ទោស​នយោបាយ​ខ្មែរ​អាមេរិកាំង ជា​ការ​ឃុំ​ខ្លួន​ខុស​ច្បាប់ ឱ្យ​ស្ថិត​នៅ​ក្រោម​ច្បាប់ ឡឺវីនសុន​។ លោក​បន្ត​ថា ការ​ពន្យារ​ពេល​នេះ ជា​ការ​មិន​យល់​ពី​អារម្មណ៍​ឈឺ​ចាប់​ដ៏​ធំធេង​របស់​ក្រុម​គ្រួសារ​កញ្ញា សេង ធារី។

ជុំវិញ​ការ​លើកឡើង​នេះ វិទ្យុ​អាស៊ីសេរី មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយតប​ពី​អ្នកនាំពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ក្រុង​ភ្នំពេញ អ្នកស្រី ស្តេហ្វានី អាហ្សាត (Stephanie Arzate​) តាម​សារ​អេឡិចត្រូនិក​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​១៥ កក្កដា នេះ។

កញ្ញា សេង ធារី ជា​មេធាវី​ខាង​សិទ្ធិ​មនុស្ស​ដ៏​ឆ្នើម​ម្នាក់ ដែល​ត្រូវ​បាន​សាច់ញាតិ រួម​ទាំង​សកម្មជន​សិទ្ធិ​មនុស្ស និង​អង្គការ​សហប្រជាជាតិ ចាត់ទុកជា​អ្នក​តស៊ូ​ដោយ​មិន​ខ្លាច​ញញើត​អស់​ជាច្រើន​ឆ្នាំ ក្នុង​ការ​លើក​កម្ពស់​សិទ្ធិ​សេរីភាព ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​។

សមត្ថកិច្ច​ក្រុង​ភ្នំពេញ បាន​ចាប់​ខ្លួន​កញ្ញា សេង ធារី កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ២០២២ នៅ​ខាង​មុខ​តុលាការ​ក្រុង​ភ្នំពេញ ក្រោយ​មក​តុលាការ​ប្រកាស​សាលក្រម​កាត់ទោស​ឲ្យ​កញ្ញា​ជាប់​គុក​៦​ឆ្នាំ ពី​បទ​ចោទ​រួម​គំនិត​ក្បត់​ក្នុង​សំណុំ​រឿង​វិល​ចូល​ស្រុក​របស់​លោក សម រង្ស៊ី កាល​ពី​ឆ្នាំ​២០១៩។ មួយ​ថ្ងៃ​បន្ទាប់​មក តុលាការ​បាន​បញ្ជូន​កញ្ញា​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ដាច់​ស្រយាល​ក្នុង​ខេត្ត​ព្រះវិហារ រហូត​មក​ទល់​នឹង​បច្ចុប្បន្ន​នេះ។

ជុំវិញ​បញ្ហា​នេះ វិទ្យុ​អាស៊ីសេរី ក៏​មិន​អាច​សុំ​ការ​ឆ្លើយតប​ពី​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន និង​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន បាន​ទេ​នៅ​ថ្ងៃ​ទី​១៥ កក្កដា នេះ។ ប៉ុន្តែ កន្លង​មក លោក ហ៊ុន សែន ធ្លាប់​បាន​ប្រកាស​ជា​បន្តបន្ទាប់​ថា លោក​នឹង​មិន​ដោះលែង​អ្នក​ទោស​នយោបាយ​ណា​ម្នាក់ ដែល​ត្រូវ​បាន​ស្នើសុំ​ឱ្យ​ដោះលែង ឬ​លើកលែង​ពី​បរទេស​ឡើយ​។ លោក ហ៊ុន សែន ថ្លែង​បែប​នេះ ជា​ការ​ឌឺដង​ទៅ​ក្រុម​អង្គ​ទូត​ប្រទេស​អំណាច​នានា ដែល​តែង​បញ្ចេញ​ប្រតិកម្ម និង​ស្នើ​ឱ្យ​លោក ហ៊ុន សែន ដោះលែង​អ្នក​ទោស​នយោបាយ។

ទោះជាយ៉ាងណាក៏ដោយ ក្រុម​ការងារ​អង្គការ​សហប្រជាជាតិ​ប្រឆាំង​នឹង​ការ​ឃុំ​ខ្លួន​តាម​ទំនើង​ចិត្ត(The UN Working Group on Arbitrary Detention) កាល​ពី​ថ្ងៃ​ទី​១២​កក្កដា ទាមទារ​រដ្ឋាភិបាល​លោក ហ៊ុន សែន ឱ្យ​ដោះលែង​កញ្ញា សេង ធារី ជា​បន្ទាន់ និង​គ្មាន​លក្ខខ័ណ្ឌ។ ស្ថាប័ន​អន្តរជាតិ​កំពូល​មួយ​នេះ ចាត់​ទុក ការ​ឃុំ​ខ្លួន​កញ្ញា សេង ធារី ជា​ការ​បំពាន​ច្បាប់​អន្តរជាតិ និង​ជា​ការ​រើសអើង​និន្នាការ​នយោបាយ​។ ចំណែក​អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក លោក ម៉ាត់ហ្ស៊ូ មីលើ (Matthew Miller)វិញ លោក​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​នោះ​ដែរ​ថា សហរដ្ឋ​អាមេរិក​នៅ​តែ​បន្ត​តាមដាន​ការ​ឃុំ​ខ្លួន​កញ្ញា សេង ធារី យ៉ាង​យក​ចិត្ត​ទុក​ដាក់។ លោក​បន្ត​ថា រដ្ឋាភិបាល​អាមេរិក​ក៏​ធ្លាប់​ស្នើ​ឱ្យ​ដោះលែង​កញ្ញា សេង ធារី និង​អ្នក​ទោស​នយោបាយ​ផ្សេង​ទៀត​ជា​បន្ទាន់ នៅ​ពេល​ជួប​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា រួម​ទាំង​ក្នុង​កិច្ច​ពិភាក្សា​ជា​លក្ខណៈ​បុគ្គល។

ជុំវិញ​រឿង​នេះ អ្នក​វិភាគ​នយោបាយ​លោក គឹម សុខ គាំទ្រ​ឱ្យ​សហរដ្ឋ​អាមេរិក​ប្រើប្រាស់​ច្បាប់​ពិសេស ក្នុង​ការ​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដោយ​លោក​ចាត់​ទុក ការ​ឃុំ​ខ្លួន​កញ្ញា សេង ធារី ជា​រឿង​ធ្ងន់ធ្ងរ​ពេក ពីព្រោះ វា​កំពុង​បង្ហាញ​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន កំពុង​ធ្វើ​ទារុណកម្ម​លើ​សេរីភាព​និង​សិទ្ធិ​មនុស្ស​ជា​សកល​តែ​ម្ដង មិន​មែន​គ្រាន់​តែ​ធ្វើ​ទារុណកម្ម​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត​កញ្ញា សេង ធារី ដែល​ជា​អ្នក​តស៊ូ​ដើម្បី​សេរីភាព និង​យុត្តិធម៌​សង្គម​ឡើយ។

លោក គឹម សុខ៖«ហើយ​ករណី​របស់​គាត់​(កញ្ញា សេង ធារី)រហូត​ទៅ​ដល់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន ជួប​ផ្ទាល់​លោក ហ៊ុន សែន ធ្វើ​អន្តរាគមន៍​ទៅ​ទៀត នៅ​តែ​លោក ហ៊ុន សែន ព្រហើន ផ្ដល់​ចម្លើយ​អវិជ្ជមាន​ម្ដង​ហើយ​ម្ដង​ទៀត ហើយ​ថែម​ទាំង​ឌឺដង​ទៅ​ទៀត​រហូត​មក​ដល់​ពេល​នេះ​។ ឥរិយាបថ​បែប​នេះ​របស់​លោក ហ៊ុន សែន គឺ​ជា​ការ​ប្រមាថ​លើ​សហរដ្ឋ​អាមេរិក​ច្បាស់​ពេក ដែល​ខ្ញុំ​គិត​ថា សហរដ្ឋ​អាមេរិក មិន​ព្រលែង​នោះ​ទេ»។

ករណី​ផ្ដន្ទាទោស និង​ចាប់​ឃុំ​ខ្លួន​កញ្ញា សេង ធារី នេះ ត្រូវ​បាន​សមាជិក​សភា​សហរដ្ឋ​អាមេរិក​ចាត់​ទុក​ថា ជា​ឧទាហរណ៍​មួយ​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ប្រព្រឹត្ត​ដោយ​របប​ដឹកនាំ​របស់​លោក ហ៊ុន សែន​។ សមាជិក​សភា​សហរដ្ឋ​អាមេរិក​ទាំង​ពីរ​គណបក្ស​ទាំង​នៅ​ក្នុង​សភា​ជាន់​ទាប និង​ជាន់​ខ្ពស់ កាល​ពី​ថ្ងៃ​ទី១៤ កក្កដា បាន​នាំ​គ្នា​ដាក់​ស្នើ​ឡើង​វិញ​នូវ​ច្បាប់​ស្ដីពី​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​កម្ពុជា (Cambodia Democracy and Human Rights Act) ដើម្បី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ទទួល​ខុស​ត្រូវ​រាល់​ទង្វើ​រំលោភបំពាន និង​អំពើ​ពុករលួយ ដែល​នាំ​ឱ្យ​អន្តរាយ​ដល់​លទ្ធិ​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស ខណៈ​លោក ហ៊ុន សែន និង​បក្ខ​ពួក នៅ​តែ​បន្ត​វាយ​បង្ក្រាប​ឥត​ស្រាកស្រាន្ត​លើ​សិទ្ធិ​មនុស្ស ស្ថាប័ន​ប្រជាធិបតេយ្យ និង​គណបក្ស​ប្រឆាំង​។

សមាជិក​ព្រឹទ្ធសភា​អាមេរិក​មក​ពី​រដ្ឋ​អ៊ីលីណយ (Illinois) លោក ឌីក ឌើបិន (Dick Durbin)មាន​ប្រសាសន៍​ក្នុង​សេចក្ដី​ថ្លែងការណ៍​ថា ការ​ដាក់​ស្នើ​ច្បាប់​ស្ដីពី​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​កម្ពុជា​ជាមួយ​នឹង​ទណ្ឌកម្ម​ជាក់លាក់​នេះ ជា​ការ​បញ្ជូន​សារ​យ៉ាង​ច្បាស់​ថា ព្រឹទ្ធសភា​អាមេរិក​មាន​ជំហរ​ប្រឆាំង​នឹង​ទង្វើ​រំលោភ​សិទ្ធិ​មនុស្ស​របស់​លោក ហ៊ុន សែន និង​ឈរ​នៅ​ខាង​ប្រជាពលរដ្ឋ​កម្ពុជា​ជានិច្ច៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។