មន្ត្រីពន្ធគារនៃក្រសួងមហាផ្ទៃ បានបញ្ជូនអ្នកជំនាញផ្នែកច្បាប់ និងវិទ្យាសាស្ត្រនយោបាយ កញ្ញា សេង ធារី ទៅឃុំខ្លួននៅពន្ធនាគារខេត្តព្រះវិហារកាលពីថ្ងៃទី១៥ ខែមិថុនា ដោយអះអាងថា ដើម្បីការពារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ។ ប៉ុន្តែមន្ត្រីសង្គមស៊ីវិលចាត់ទុកចំណាត់ការរបស់អាជ្ញាធរនេះ គឺហាក់ដាក់បន្ទុក និងប៉ះពាល់សិទ្ធិរបស់ជនជាប់ឃុំ។
អាជ្ញាធរពន្ធនាគារបានបញ្ជូនកញ្ញា សេង ធារី ចេញពីពន្ធនាគាររាជធានីភ្នំពេញដោយយកទៅឃុំខ្លួននៅពន្ធនាគារខេត្តព្រះវិហារវិញ ដោយអះអាងថា ដើម្បីធានាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ។
អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃលោក នុត សវនា ប្រាប់វិទ្យុអាស៊ីសេរីនៅល្ងាចថ្ងៃទី១៧ ខែមិថុនាថា ការបញ្ជូនកញ្ញា សេង ធារី ទៅពន្ធនាគារខេត្តព្រះវិហារនោះ គឺមិនជាប់ពាក់ព័ន្ធរឿងនយោបាយនោះទេ ពីព្រោះមន្ត្រីរស់លោកពិនិត្យឃើញថា ការឃុំខ្លួនកញ្ញានៅពន្ធនាគាររាជធានីភ្នំពេញ គឺមានហានិភ័យខ្ពស់ និងគំរាមកំហែងផ្នែកសន្តិសុខនៅពន្ធនាគារ ជាពិសេសលោកបារម្ភពីការចេញតវ៉ាពីសំណាក់អ្នកគាំទ្រជាដើម៖ «កន្លងមកយើងពិនិត្យឃើញថាមានហានិភ័យក្នុងការទុកគាត់នៅរាជធានីភ្នំពេញ ដើម្បីធានាសន្តិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ក៏ដូចជាភាពងាយស្រួលក្នុងការគ្រប់គ្រង តាមបច្ចេកទេសយើងធ្វើចំណាក់ថ្នាក់ទៅតម្រូវឱ្យយើងផ្ទេរគាត់ទៅកន្លែងសុវត្ថិភាពជាង»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងមេធាវីការក្តីឱ្យកញ្ញា សេង ធារី គឺលោក ជូង ជូងី ដើម្បីសុំប្រតិកម្មជុំវិញរឿងនេះបាននៅឡើយទេ នៅល្ងាចថ្ងៃទី១៧ ខែមិថុនា។ ប៉ុន្តែលោក ជូង ជូងី ប្រាប់សារព័ត៌មានក្នុងស្រុកថា លោកបានដឹងត្រឹមអាជ្ញាធរបញ្ជូនកូនក្តីទៅឃុំខ្លួននៅពន្ធនាគារខេត្តព្រះវិហារ ប៉ុន្តែលោកមិនដឹងមូលហេតុនោះទេ។
សមត្ថកិច្ចចាប់ខ្លួនអ្នកជំនាញផ្នែកច្បាប់ និងកិច្ចការអន្តរជាតិកញ្ញា សេង ធារី នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ក្រោយពេលសាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រមផ្ដន្ទាទោសកញ្ញាឱ្យជាប់ពន្ធនាគារ ៦ឆ្នាំ ពីបទ «ញុះញង់ និងរួមគំនិតក្បត់» ពាក់ព័ន្ធនឹងរឿងផែនការវិលចូលស្រុករបស់ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី កាលពីឆ្នាំ២០១៩។ ក្រៅពីនេះតុលាការបានចោទប្រកាន់ថ្នាក់ដឹកនាំ និងសកម្មជនគណបក្សសង្គ្រោះជាតិប្រមាណ ៥០នាក់ផ្សេងទៀតឱ្យជាប់ពន្ធគារចន្លោះពី៥ ទៅ ៨ឆ្នាំ។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត មានប្រសាសន៍ថា ករណីបែបនេះកន្លងទៅតែងតែលើកឡើងចំពោះអ្នកការពារសិទ្ធិមនុស្ស មេដឹកនាំសហជីព និងអ្នកនយោបាយដែលធ្វើពួកគាត់រងនូវភាពឯកោ ហើយគ្រួសារ និងមិត្តភ័ក្ដិពិបាកទៅជួបសួរសុខទុក្ខជាដើម។ លោកថាកញ្ញា សេង ធារី គឺជាសកម្មជនសិទ្ធិមនុស្សដែលចេញហ៊ានមុខតស៊ូមតិក្រោមរូបភាពផ្សេងៗ ដើម្បីលើកកម្ពស់សេរីភាពជាមូលដ្ឋាន និងយុត្តិធម៌សង្គម។ ម្យ៉ាងទៀតលោកមើលឃើញថា សកម្មភាពកន្លងមកមិនប៉ះពាល់សន្តិសុខសង្គមនោះទេ។ លោក អំ សំអាត ចាត់ទុកការបញ្ជូនកញ្ញា សេង ធារី ទៅឃុំខ្លួននៅពន្ធនាគារខេត្តព្រះវិហារ គឺប៉ះពាល់ដល់សិទ្ធិទទួលបានការជួបជាមួយគ្រួសារ និងហាក់ដាក់សម្ពាធបន្ថែមទៀតលើអ្នកការពារសិទ្ធិមនុស្សរូបនោះ៖ «ខ្ញុំយល់ថាវាជារឿងមួយហាក់បីដូចជាការដាក់បន្ទុកគាត់បន្ថែមទៀតសម្រាប់អ្នកការពារសិទ្ធិមនុស្ស ដូច្នេះបើទៅឆ្ងាយពីគ្រួសារកម្រទៅសួរសុខទុក្ខ ឬក៏មិត្តភ័ក្ដិផ្សេងៗ ទីពីរបង្កើតភាពឯកោដែលប៉ះពាល់ដល់អារម្មណ៍របស់គាត់បន្តទៀត»។
ក្រុមអង្គការជាតិ-អន្តរជាតិជាច្រើនស្ថាប័ន រួមទាំងទីភ្នាក់ងារអង្គការសហប្រជាជាតិនិងក្រុមប្រទេសប្រជាធិបតេយ្យធំៗ ថ្កោលទោសជាបន្តបន្ទាប់ចំពោះរដ្ឋាភិបាល លោក ហ៊ុន សែន ដោយចាត់ទុកថា ការចាប់ខ្លួនទាំងនេះ គឺជារឿងនយោបាយ គ្មានមូលដ្ឋានច្បាប់ និងបន្តទាមទារឲ្យដោះលែងកញ្ញា សេង ធារី សមាជិកបក្សប្រឆាំង និងអ្នកជាប់ឃុំដោយសារមូលហេតុនយោបាយឱ្យមានសេរីភាពឡើងវិញ ដោយឥតលក្ខខណ្ឌ៕
សម្រាប់លោកអ្នកដែលចង់អានព័ត៌មានទាក់ទងនឹងរឿងកញ្ញា សេង ធារី នេះជាភាសាអង់គ្លេស សូមចុចតំណភ្ជាប់នេះ៖ Cambodian American activist Theary Seng transferred to remote prison
Authorities in Cambodia have transferred Cambodian American democracy activist Theary Seng to a remote prison, a move that her lawyer said will isolate her from her family and legal counsel...
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។