មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​លោក ជា ជីវ ទាំង​ប្រពន្ធ​កូន​ទ្រាំ​រស់នៅ​ជា​ជនភៀសខ្លួន​នៅ​ប្រទេស​ថៃ មិន​ក្បត់​ឆន្ទៈ​ពលរដ្ឋ

ដោយ សេក បណ្ឌិត
2022.09.11
Share on WhatsApp
Share on WhatsApp
មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​លោក ជា ជីវ ទាំង​ប្រពន្ធ​កូន​ទ្រាំ​រស់នៅ​ជា​ជនភៀសខ្លួន​នៅ​ប្រទេស​ថៃ មិន​ក្បត់​ឆន្ទៈ​ពលរដ្ឋ ក្រុម​គ្រួសារមន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ​លោកលោក ជា ជីវ ដែលកំពុងភៀសខ្លួនៅប្រទេសថៃ។
រូប៖ ផ្ដល់ឱ្យ

មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ​លោក ជា ជីវ ទាំង​ប្រពន្ធ និង​កូនៗ​៥​នាក់ បាន​ភៀសខ្លួន​នៅ​ប្រទេស​ថៃ ដើម្បី​គេច​ពី​ការប៉ុនប៉ង​ចាប់ខ្លួន​ដោយ សមត្ថកិច្ច​រដ្ឋាភិបាល លោក ហ៊ុន សែន។ ជីវិត​ជា​ជនភៀសខ្លួន​នយោបាយ​ដូច្នេះ គ្រួសារ​លោក លោក ជា ជីវ ប្រឈម​ការ​លំបាក​ស្ទើរ​សព្វបែបយ៉ាង ដូចជា ការ​ចំណាយ​ប្រចាំថ្ងៃ​ទាំង​គ្មាន​ការងារ​ធ្វើ និង​ការ​បារម្ភ​ពី​សុវត្ថិភាព​ជាដើម​។ ទោះ​យ៉ាងណា មន្ត្រី​បក្ស​កាន់អំណាច ចោទ​ប្រកាន់​ថា ការ​រត់​គេចខ្លួន​របស់​មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ ព្រោះ​ដឹង​ថា ខ្លួន​បាន​ប្រព្រឹត្តិ​បទល្មើស​ច្បាប់ ទើប​មិន​ហ៊ាន​បន្ត​រស់នៅ​ស្រុក​ខ្មែរ។

បន្ទប់​តូច​ចង្អៀត​បណ្ដោយ​៤​ម៉ែត្រ ទទឹង​៤​ម៉ែត្រ ដែល​កន្លែង​គេង កន្លែង​ធ្វើ​ម្ហូប និង​បន្ទប់ទឹក​នៅ​ជាប់​គ្នា សឹង​រក​កន្លែង​ដើរ​គ្មាន​។ ទីនេះ​ជា​កន្លែង​រស់នៅ​ថ្មី​របស់ ក្រុម​គ្រួសារ​មន្ត្រី​បក្ស​ប្រឆាំង​លោក ជា ជីវ។ ទោះ​យ៉ាងណា សម្រាប់​គ្រួសារ​ជនភៀសខ្លួន​ដែល​ទើប​មកដល់​ទឹកដី​ថៃ​ថ្មីថ្មោង​នេះ គឺ​ជម្រក​ដែល​មាន​សុវត្ថិភាព ព្រោះ​មន្ត្រីជាន់ខ្ពស់​បក្ស​ប្រឆាំង​រូប​នេះ មិន​អាច​ស៊ូទ្រាំ​រស់​នៅ​ប្រទេស​កំណើត​របស់​ខ្លួន​ទៀត​ទេ។

លោក ជា ជីវ រត់​ចេញពី​ប្រទេស​សឹង​មិនទាន់​ព្រោះ​សមត្ថកិច្ច​នៃ​រដ្ឋាភិបាល ជិត​២០​នាក់​បាន​ទៅ​ព័ទ្ធ​ផ្ទះ​របស់​លោក​នៅ​ខេត្ត​បាត់ដំបង កាល​ខែ​សីហា៖ «សមត្ថកិច្ច​មួយ​ហ្វូង​ដែល​មាន​ចំនួន​ប្រមាណ​ជិត​២០​នាក់ បាន​ទៅ​ឡោមព័ទ្ធ​ផ្ទះ​របស់ខ្ញុំ​ឆែកឆេរ​រក​ចាប់ខ្លួន​ខ្ញុំ​នៅ​ឯ​ផ្ទះ​ដែល​ក្នុង​នោះ គឺ​គាត់​រុករក​ក្នុងផ្ទះ​ផង ឡើង​ទៅ​លើ​ផង ទៅ​ដីចម្ការ​ខ្ញុំ​ផង ទៅផ្ទះ​អ៊ុំ​ស្រី​ខាង​មុខ​ផ្ទះ​ខ្ញុំ ហើយ​ទៅផ្ទះ​សាច់ញាតិ​ខាងឆ្វេង​ដៃ​ផ្ទះ​ខ្ញុំ​ផង ដើម្បី​រុករក​តាម​ចាប់ខ្លួន​ឲ្យ​ទាល់តែ​បាន»

សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ផ្ដន្ទាទោស​ឲ្យ​លោក ជា ជីវ ជាប់​ពន្ធនាគារ​៦​ឆ្នាំ ទាក់ទង​បទ​ចោទ​រួមគំនិត​ក្បត់​។ សំណុំ​រឿង​នេះ​តុលាការ​ក៏​ចាប់ខ្លួន​អ្នកតស៊ូ​មតិ និង​ជា​មេធាវី​អន្តរជាតិ កញ្ញា សេង ធារី ដាក់​ពន្ធនាគារ ភ្លាមៗ​នៅ​នឹង​កន្លែង ខណៈ​កញ្ញា​កំពុង​តស៊ូ​មតិ នៅមុខ​តុលាការ។

លោក ជា ជីវ អាច​រួច​ផុត​ពី​ការប៉ុនប៉ង​នៃ​ការ​តាម​ចាប់ពី​អាជ្ញាធរ នៃ​រដ្ឋាភិបាល លោក ហ៊ុន សែន នេះ​ព្រោះ​លោក​ទទួល​បាន​ដំណឹង​ពី​ក្រុម​​ការងារ​ថា លោក​នឹង​ត្រូវ​គេ​ចាប់​ដាក់​ពន្ធនាគារ ទើប​បាន

ធ្វើ​ដំណើរ​មក​ព្រំដែន​រួចស្រេច កាលពី​ថ្ងៃទី​១៤ ខែ​មិថុនា ហើយ​នៅ​ពេល​នោះ​លោក​ក៏​ទទួល​ដំណឹង​ពី​ក្រុម​គ្រួសារ​ថា សមត្ថកិច្ច​ទៅ​ព័ទ្ធ​ផ្ទះ ទើប​លោក​សម្រេច​ចិត្ត​រត់​ឆ្លងដែន​ទាំង​ខុសច្បាប់​ចូល​ប្រទេស​ថៃ៖ «ដល់​លឺ​ព័ត៌មាន​មួយ​លើក​ហើយ​មួយ​លើក​ទៀត ធ្វើ​ឲ្យ​ខ្ញុំ​សម្រេចចិត្ត​ភៀសខ្លួន​ទៅ​ជាយដែន អំឡុង​ពេល​ហ្នឹង​រង់ចាំ​ទៀត ខ្ញុំ​មិន​ហ៊ាន​សម្រេច​ចិត្ត​ថា ចេញពី​ទឹកដី​បាត់ដំបង​ខ្ញុំ​ទេ ខ្ញុំ​រង់ចាំ​មើល​ថា តើ​មាន​ព្រឹត្តិការណ៍​អី​ទៀត ដល់​ពេល​លឺ​ព័ត៌មាន​នៃ​ការ​តាម​ចាប់ខ្លួន​ខ្ញុំ​នៅ​ឯ​ផ្ទះ​ទើប​ខ្ញុំ​សម្រេច​ចេញ​ភៀសខ្លួន​នៅ​ច្រក​របៀង»

មកដល់​ទឹកដី​ថ្មី ត្បិត​លោក ជា ជីវ និង​ប្រពន្ធ​កូន​មាន​សុវត្ថិភាព​ជាង​មុន ប៉ុន្តែ ទីនេះ​លោក​ត្រូវ​ឆ្លងកាត់​ដំណើរ​ជីវិត​ថ្មី ព្រោះ​ទីនេះ​លោក​មិន​ចេះ​ភាសា​ថៃ និង​គ្មាន​មុខរបរ​ចិញ្ចឹមជីវិត គឺ​រំពឹង​លើ​លុយ​ដែល​សាច់ញាតិ​ផ្ញើ​ពី​ខ្មែរ​មក​ឲ្យ​លោក​ចាយវាយ​ប្រចាំថ្ងៃ និង​លុយ​ដែល​សល់​ពី​ស្រុក​ខ្មែរ​ខ្លះ។

ចំណែក​កូនៗ របស់​លោក​ក៏​មិន​ទាន់​អាច​ចូលរៀន​នៅឡើយ​ដែរ​។ ពួកគេ​ទាំង​៥​នាក់​ត្រឹម​អង្គុយ​ជុំគ្នា​នៅក្នុង​បន្ទប់ ហើយ​ពេលខ្លះ​ពួកគេ​ដណ្ដើម​របស់​គ្នា​លេង​យំ​ពេញ​បន្ទប់។ «»

លោក ជា ជីវ ក្រៅពី​ជា​អ្នកនយោបាយ​ជាន់ខ្ពស់​នៅ​ខេត្តបាត់ដំបង លោក​ក៏​ធ្វើការងារ​នៅ​ក្រុមហ៊ុន​ឯកជន​មួយ​កន្លែង ដែល​អាច​ផ្ដល់​ប្រាក់ខែ​ល្អ​បង្គួរ ដែល​អាច​ឲ្យ​លោក​ចិញ្ចឹម​ប្រពន្ធ កូន​អាច​រស់​នៅ​បាន​សមរម្យ​។ បុរស​មាន​ធំ​ក្រអាញ វ័យ​៤១ ឆ្នាំ​រូប​នេះ មានកូន​ប្រាំ​នាក់ ញឹក​ដូច​ម្រាមដៃ កូនប្រុស​ច្បង​អាយុ ១៥​ឆ្នាំ ចំណែក​កូនពៅ ទើប​អាយុ​១​ខួប​នៅ​ស្លៀកខោ​ទឹកនោម​នៅឡើយ។

កំពុង​រៀបចំ​បន្លែ​ធ្វើ​ម្ហូប​សម្រាប់​អាហារ​ពេល​ល្ងាច ប្រពន្ធ​លោក ជា ជីវ គឺ​លោកស្រី លឿត ផាន់ណា បេះ​ត្រកួន ចិត​ត្រប់ ហាន់ស្លឹកគ្រៃ លាង​សាច់គោ ព្រោះ​ថ្ងៃនេះ​លោកស្រី​ស្លម្ជូរ​សាច់គោ។ លោកស្រី​មិន​ទាន់​អាច​សម្រប​ខ្លួន​នឹង​ការរស់នៅ​លើទឹក​ដី​ថ្មី​នេះ​នៅឡើយ​ទេ ។ លោកស្រី​រៀបរាប់​ថា នៅ​ទីនេះ ត្រូវ​ចំណាយ​លុយ​ច្រើន​ព្រោះ​អ្វីៗ​ត្រូវ​ទិញ​គេ​ទាំងអស់ ហើយ​ទំនិញ​នៅ​នេះ​ក៏​ថ្លៃៗ​ទៀត៖ «ពិបាក​ច្រើន​យើង​ត្រូវការ​លុយ​ច្រើន កូន​យើង​ច្រើន ហើយ​ពេលនេះ​យើង​មក​អញ្ចេះ​កូន​អត់​បាន​រៀន ហើយ​ខ្ញុំ​ភ័យ​ពី​អនាគត​កូន​ទៅមុខ ខ្ញុំ​មក​ភៀសខ្លួន​ស្រុក​គេ កូន​ខ្ញុំ​អត់​បាន​រៀន ខ្ញុំ​ខ្លាច​កូន​ខ្ញុំ​អត់​មាន​ភាព​ចេះដឹង»

លោកស្រី លឿត ផាន់ណា ថា ខ្លួន​លោកស្រី​ផ្ទាល់ មិនដឹង​នឹង​ត្រូវ​រស់នៅ​ទីនោះ​ដល់​ពេលណា​ទៀត​ទេ ខណៈ​ប្ដី​លោកស្រី​ត្រូវ​បាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​៦​ឆ្នាំ​ឯណោះ​។ ទោះ​ពេលខ្លះ​លោកស្រី​យំ​ទាំង​មិនដឹង​ខ្លួន ពេល​ស្ថិត​ក្នុង​សភាព​បែបនេះ ប៉ុន្តែ លោកស្រី​នៅតែ​គាំទ្រ​ប្ដី​លោកស្រី ក្នុង​ការ​ចូលរួម​នយោបាយ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ៖ «គាំទ្រ គាត់​(​លោក ជា ជីវ​) ឃើញ​ប្រជា​ពលរដ្ឋ​ពិបាក ដូច​ថា គេ​ធ្វើបាប ហើយ​ក្រ​អីចឹង​ទៅ ហើយ​របៀប​ថា អត់​យុត្តិធម៌ ហ្មង»

ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ខេត្ត​បាត់ដំបង លោក ជា ជីវ ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស ១១៩​នាក់​ផ្សេងទៀត​ដែល​ត្រូវ​បាន​តុលាការ​កំពូល​បិទ​សិទ្ធិ​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ ក្នុង​សំណុំ​រឿង​ក្បត់​ជាតិ ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា កាល​ពី​ឆ្នាំ​២០១៧។

លោក ជា ជីវ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​ម្ដង​រួចហើយ កាល​ពី​ថ្ងៃទី​០៦ ខែ​វិច្ឆិកា ក្នុង​ព្រឹត្តិការណ៍​វិល​ចូល​ស្រុក​របស់​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី កា​លពី​ឆ្នាំ​២០១៩ ប៉ុន្តែ កាលនោះ​ខណៈ​រដ្ឋាភិបាល រារាំង​មិន​ឲ្យ​លោក សម រង្ស៊ី ចូល​ស្រុក​តាម​ផែនការ​នោះ សមត្ថកិច្ច​ក៏បាន​ដោះលែង​លោក​វិញ​ថ្ងៃទី​១៥ ខែ​វិច្ឆិកា ដដែល។

ទោះ​យ៉ាងណា តុលាការ​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃទី​១៤ ខែ​មិថុនា ឆ្នាំ​២០២២ បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​លោក​រយៈពេល ៦​ឆ្នាំ ពី​បទ​រួមគំនិត​ក្បត់ ក្នុង​សំណុំរឿង​វិល​ចូល​ស្រុក​របស់​លោក សម រង្ស៊ី ដដែល​នេះ។

ទាក់ទង​រឿង​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ចោទ​ប្រកាន់​ថា លោក ជា ជីវ រត់​ចេញពី​កម្ពុជា ព្រោះ​បាន​ដឹង​ថា ខ្លួន​ប្រព្រឹត្តិ​ទង្វើ​ខុសច្បាប់​។ អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច​រូប​នេះ ក៏​បន្ទរ​តាម​តុលាការ​ដែរ​ថា លោក ជា ជីវ ត្រូវ​បាន​តុលាការ​ចោទប្រកាន់ ព្រោះ​បាន​ចូលរួម​សកម្មភាព​ជាមួយ​ក្រុម​លោក សម រង្ស៊ី ដែល​លោក​ចោទ​ប្រកាន់​ថា ជា​ក្រុម​ឧទ្ទាម​ខុសច្បាប់៖ «ត្រូវ​ហើយ​គេ​ព័ទ្ធ​អ៊ីចឹង​ត្រូវ ពីព្រោះ​គេ​មាន​ដីកា​របស់​តុលាការ​ពីព្រោះ​អ្នកឯង​ដើរ​តាម​នូវ​ឧបាយកល​ក្រុម​ឧទ្ទាម​ក្រៅច្បាប់ និង​ធ្វើ​បម្រើ​សកម្មភាព​ឧបាយកល​របស់​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​ហ្នឹង»

ទោះ​មន្ត្រីជាន់ខ្ពស់​បក្ស​កាន់អំណាច​លើកឡើង​បែបនេះ​ក្ដី ប៉ុន្តែ អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា លោក វិទិត មុនតាប៊ន(Vitit Muntarbhorn) ក្រោយ​បញ្ចប់​ដំណើរ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​កាលពី​ចុងខែ​សីហា លោក​បាន​រិះគន់​ការ​ចោទ​ប្រកាន់ និង​ការ​ផ្ដន្ទាទោស​របស់​តុលាការ​លើ​សកម្មជន​នយោបាយ​បក្ស​ប្រឆាំង និង​ស្នើ​ឲ្យ​ទៅ​តុលាការ​ទម្លាក់​ការ​ចោទ​លើ​អ្នកនយោបាយ​ទាំងនោះ​ចោល​វិញ។

ទាក់ទង​រឿង​នេះ​ដែរ នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​នៅ​កម្ពុជា ហៅ​កាត់​ថា និចហ្វិច (Nicfec) លោក សំ គន្ធាមី ជំរុញ​ឲ្យ​មានការ​ចរចា​នយោបាយ ដើម្បី​បញ្ចប់​ជម្លោះ​ដ៏​រ៉ាំរ៉ៃ​មួយ​នេះ​។ លោក​យល់​ថា ទោះ​ពេល​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ឈប់​ចរចា​ជាមួយ​លោក​សម រង្ស៊ី ក្ដី លោក​យល់ថា នៅពេល​ខាងមុខ​នឹង​មាន​តួអង្គ​ថ្មី គឺ​គណបក្ស​ភ្លើងទៀន ដែល​អាច​មាន​លទ្ធភាព​ស្នើ​ទៅ​បក្ស​កាន់​អំណាច ដោះស្រាយ​ជម្លោះ​នយោបាយ​នេះ​បាន៖ «សង្គ្រោះ​ជាតិ​មាន​ឯណា​តុលាការ​កំពូល​រំលាយ​ហើយ មាន​សុពលភាព​អី​ទៀត មានតែ​ភ្លើងទៀន​ទេ ដែល​នៅ​មាន​សុពលភាព អ៊ីចឹង​បាន​ខ្ញុំ​ថា ឲ្យ​ស្នើសុំ​ទៅ ដើម្បី​ឲ្យ​ទម្លាក់​បទ​ចោទ​ដូច្នេះ​លែង​មាន​សង្គ្រោះ​ជាតិ អី​ទៀត គាត់​បាន​មក​ចូលរួម ជាមួយ​ភ្លើងទៀន អី​វិញ​បាន​ណា»

ចាប់តាំងពី​របប​ក្រុងភ្នំពេញ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ឆ្នាំ​២០១៧ សកម្មជន​គណបក្ស​នេះ​ជាង​៧០​នាក់​បាន​ភៀសខ្លួន​នៅ​ប្រទេស​ថៃ​ដើម្បី​គេច​ពី​ការ​ធ្វើទុក្ខបុកម្នេញ​។ កាល​ពី​ដើម​ឆ្នាំ​២០២២ រដ្ឋាភិបាល លោក ហ៊ុន សែន បាន​សហការ​ជាមួយ​សមត្ថកិច្ច​ថៃ ចាប់​បញ្ជូន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ និង​ពលរដ្ឋ​ដែល​គាំទ្រ​គណបក្ស​នេះ​ចំនួន​៥​នាក់​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ប្រទេស​កម្ពុជា ។​សហគមន៍​ជាតិ​និង​អន្តរជាតិ ថ្កោលទោស​រដ្ឋាភិបាល លោក ហ៊ុន សែន ជា​បន្តបន្ទាប់​ថា កំពុង​រំលោភ​សិទ្ធិមនុស្ស និង​បំពាន​ច្បាប់​ដោយសារតែ​ចង់​រក្សា​អំណាច​ត​វង្ស​ត្រកូល។

ងាក​ទៅ​លោក ជា ជីវ និង​គ្រួសារ​របស់​លោក​វិញ បើ​ទោះ​បី​ជា​ប្រឈម​ការ​លំបាក​បែប​ណា​ក្តី ក៏​ពួកគាត់ ប្ដេជ្ញា​តស៊ូ​ធ្វើ​សកម្មភាព​នយោបាយ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ស្រោចស្រង់​លទ្ធិ​ប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​ឡើង​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
ប្ដី​ស្ត្រី​រងគ្រោះ​ដោយ​គ្រូ​ពេទ្យវះកាត់​ដាច់​ពោះវៀន​សម្រេច​ប្ដឹង​មន្ទីរ​សំរាក​ព្យាបាល​បង្ក​បញ្ហា​នោះ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។