ក្រុម​​មន្ត្រី​ចាស់ៗ ​ក្នុង​បក្ស​ហ្វ៊ុនស៊ិនប៉ិច ស្នើសុំ​យាង​​ព្រះ​អនុជ​ អរុណ​រស្មី ធ្វើ​ជា​បេក្ខភាព​ប្រធាន​បក្ស​​បន្ត​ពី​សម្ដេច​ក្រុម​ព្រះ

0:00 / 0:00

ក្រុម​មន្ត្រី​ចាស់ៗ ​ក្នុង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច សម្រេច​ស្នើសុំ​យាង​អតីត​ប្រធាន​​បក្ស គឺ​​​ព្រះ​អនុជ​ នរោត្តម​ អរុណ​រស្មី មក​ធ្វើ​ជា​បេក្ខភាព​ប្រធាន​បក្ស​​បន្ត​ពី​សម្ដេច​​ក្រុម​​ព្រះ​ នរោត្តម រណឫទ្ធិ។ ប៉ុន្តែអ្នក​នាំ​ពាក្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិចអះអាងថា ​គណបក្ស​​រក្សា​ជំហរ​ធ្វើ​សមាជ​នៅដើម​ខែ​ក្រោយនេះ ដើម្បី​​​​ជ្រើសតាំង​បុត្រា​ច្បង​របស់​សម្ដេច​ក្រុម​ព្រះ គឺ​​ព្រះ​អង្គ​ម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ជា​ប្រធាន​ដដែល។

ក្រុម​មន្ត្រី​ចាស់ៗ​ក្នុង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច សម្រេច​ស្នើសុំ​យាង​អតីត​ប្រធាន​​បក្ស គឺ​​​ព្រះ​អនុជ​ នរោត្តម​ អរុណ​រស្មី មក​ធ្វើ​ជា​បេក្ខភាព​ប្រធាន​បក្ស​​បន្ត​ពី​សម្ដេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ។ គណៈកម្មការ​នាយក​​បាន​បើក​កិច្ច​ប្រជុំ​វិសាមញ្ញ​កាល​ពី​ថ្ងៃ​ទី​១៣ ខែធ្នូ ​​សម្រេច​បាន​លទ្ធផល​ ​៩​ចំណុច ​​​​ក្នុង​នោះ គណបក្ស​​នឹង​រៀបចំ​បេក្ខភាព​ថ្នាក់​ដឹក​នាំ​មួយ​រូបដែល​មាន​លេខ​រៀង​បន្ទាប់​ពី​​សម្ដេច​ក្រុម​ព្រះឬ​ព្រះ​ញាតិវង្ស​របស់​ព្រះអង្គ​ដើម្បី​ជ្រើស​តាំងជា​ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច។

អ្នក​នាំ​ពាក្យ​គណៈកម្មការ​នាយក​​នៃ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិចលោក ផាន់ សិទ្ធី ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី​១៤ ខែធ្នូ​​ថា ​​ក្នុង​ឋានានុក្រម​បក្ស​ សម្ដេច​ក្រុម​ព្រះ​ នៅ​លេខ​រៀង​លើ​គេ បន្ទាប់​មក​​ គឺ​​​​​សព​អ្នក​ម្នាង​ អ៊ុក ផល្លា សមាជិក​ក្រុម​ប្រឹក្សា​​ធម្មនុញ្ញ លោក កែវ ពុទ្ធិ​រស្មី និង​សម្ដេច​ព្រះ​អនុជ​ នរោត្តម អរុណ​រស្មី។ ​ដោយសារ​ លោក កែវ ពុទ្ធិ​រស្មី ជាប់​តួនាទី​ក្នុង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ដូច្នេះ​ក្រុម​មន្ត្រី​ចាស់ៗ សម្រេច​ថា​ នឹង​យាង​ព្រះ​អនុជ​ អរុណ​រស្មី ពី​សហរដ្ឋ​អាមេរិក មក​​ឈរ​ជា​បេក្ខភាព​ និង​បោះ​ឆ្នោត​គាំទ្រ​ជា​ប្រធាន​​​គណបក្សបន្ត​ពី​សម្ដេច​ក្រុម​ព្រះ។

ប៉ុន្តែ​​​ប្រធាន​ស្ដីទី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ​ប្រកាស​ជំទាស់​ដាច់​ខាត​។ អ្នក​នាំ​ពាក្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិចលោក ញឿន រ៉ាដែន អះអាងថា ​គណបក្ស​​រក្សា​ជំហរ​ធ្វើ​សមាជ​នៅដើម​ខែ​ក្រោយ​​​​នេះ ដើម្បីជ្រើសតាំង​បុត្រា​ច្បង​របស់​សម្ដេច​ក្រុម​ព្រះ គឺ​​ព្រះ​អង្គ​ម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ជា​ប្រធាន​ដដែល​ គឺ​តាម​បណ្ដាំ​របស់​សម្ដេច​ក្រុម​ព្រះ។ លោកបន្ត​ថា សម្ដេច​ព្រះ​អនុជ អរុណ​រស្មី ក៏​ធ្លាប់​បញ្ជាក់​ជំហរ​ថា ទ្រង់​​លែង​ចូលរួម​ជីវភាព​នយោបាយ​ហើយ​ដែរ ដោយ​ទ្រង់​សព្វ​ព្រះទ័យ​ចំពោះ​សកម្មភាព​មនុស្ស​ធម៌​​​វិញ។

លោក ញឿន រ៉ាដែន បញ្ជាក់​ថា ក្រុម​មន្ត្រី​ចាស់ៗ ​មួយ​ចំនួនត្រូវ​បាន​គណបក្ស​បញ្ចប់​​សមាជិក​ភាព​តាំង​ពី​ខែ​កញ្ញា​មក​ម្ល៉េះ​ ដូច្នេះ​ពួកគាត់​គ្មាន​សិទ្ធិ​ក្នុង​ការ​សម្រេច​​កិច្ចការ​ផ្ទៃ​ក្នុង​របស់​បក្ស​ឡើយ។ តែ​យ៉ាង​ណា លោក​បញ្ជាក់​ថា ​ព្រះ​អង្គ​ម្ចាស់​ ចក្រាវុឌ្ឍ មាន​ព្រះ​ទ័យ​ទូលាយ យល់​​ព្រម​ទទួល​យក​​មន្ត្រី​ចាស់ៗ​ ទាំង​នោះ​មក​បម្រើ​​ការងារ​វិញ ឲ្យ​តែ​ពួក​គាត់​សុខ​ចិត្ត​ត្រឡប់​​មក​​ជ្រោមជ្រែង​​​​ព្រះ​អង្គ​ម្ចាស់​វិញ។

ជម្លោះ​ផ្ទៃ​ក្នុង​របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​កើត​ឡើង​ជា​ថ្មី​​​​ទៀត ​ក្រោយ​ពេល​ប្រធាន​ស្ដីទី គឺ​ព្រះ​អង្គ​ម្ចាស់​នរោត្តម ចក្រា​វុឌ្ឍ បាន​​បណ្ដេញ​ក្រុម​មន្ត្រី​ចាស់ៗ​​​ចេញ​ពី​បក្ស​ជា​បន្ត​បន្ទាប់។ ប៉ុន្តែ​ក្រុម​មន្ត្រី​​បក្ស​ទាំង​នោះ​ ហៅ​ការ​បណ្ដេញ​ចេញ​នេះ​ថា ខុស​​លក្ខន្តិក​ផ្ទៃ​ក្នុង​របស់​បក្ស​៕​​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។