លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្រ្គោះជាតិ អះអាងថា ការចាកចេញ របស់បុគ្គលមួយចំនួន នឹងមិនប៉ះពាល់ដល់ប្រជាប្រិយភាពគណបក្ស សង្រ្គោះជាតិនោះទេ ត្បិតអីពលរដ្ឋអ្នកគាំទ្រនៅតែផ្ដល់តម្លៃលើក្បាលម៉ាស៊ីន គណបក្សនេះគឺលោក សម រង្ស៊ី និងលោក កឹម សុខា។ អនុប្រធានបក្សប្រឆាំងរូបនេះ ស្នើទៅបុគ្គលដែលទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញថាពួកគេត្រូវមានចិត្តក្លាហានធ្វើសកម្មភាពជួយជនរងគ្រោះដែលត្រូវរបបលោក ហ៊ុន សែន ធ្វើទុក្ខបុកម្នេញ និងអ្នកកំពុងជាប់ឃុំដោយអយុត្តិធម៌ក្នុងពន្ធនាគារ។
«គណបក្សសង្គ្រោះជាតិគឺប្រជាពលរដ្ឋខ្មែរគាត់វិនិច្ឆ័យច្បាស់លាស់លោកជឿជាក់លើមេដឹកនាំកំពូល ឯអ្នកក្រោមៗធាតុផ្សំប៉ុណ្ណោះទេ ប៉ុន្តែធាតុសំខាន់គណបក្សសង្រ្គោះជាតិ សម រង្ស៊ី និង កឹម សុខា។»
លោក អេង ឆៃអ៊ាង លើកឡើងបែបនេះក្រោយមនុស្សជំនិតរបស់លោក កឹម សុខា គឺលោក យ៉ែម បុញ្ញាឬទ្ធិ និងលោក មុត ចន្ថា រួមមន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ៥នាក់ផ្សេងទៀត បានដាក់លិខិតសុំសិទ្ធិធ្វើនយោបាយឡើងវិញ។មហាក្សត្រ សម្ដេច នរោត្តម សីហមុនី ចេញព្រះរាជក្រឹត្យផ្ដល់នីតិសម្បទាធ្វើនយោបាយឲ្យពួកគេឡើងវិញនៅថ្ងៃទី១៧ ខែមេសា។
អាស៊ីសេររីបានព្យាយាមសុំការពន្យល់បន្ថែមពីការសុំសិទ្ធិធ្វើនយោបាយឡើងវិញនេះពី លោក យ៉ែម បុញ្ញឬទ្ធិ និងលោក មុត ចន្ថា ប៉ុន្តែមិនអាចទាក់ទងពួកគេបាន។ អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ស្វាគមន៍ការសុំសិទ្ធិធ្វើនយោបាយរបស់មន្រ្តីបក្សប្រឆាំងទាំងនេះ។ លោកបន្តថា រដ្ឋាភិបាលឬបក្សកាន់អំណាចមិនបានប្រើលុយទិញទឹកចិត្តអ្នកនយោបាយទាំងនោះ ឱ្យសុំសិទ្ធិធ្វើនយោបាយឡើងវិញនោះទេ។
«មិនត្រូវម៉ាកងាយគេនោះទេពីព្រោះគេ(អ្នកសុំសិទ្ធិ) បើសិនមានគំនិតម៉ាកងាយអ្នកនោះមិនមែនជាអ្នកប្រជាធិបតេយ្យត្រឹមស្ថិតក្នុងភាពថា មានឯងអត់អញ់មានអញ់អត់ឯងប៉ុណ្ណោះ។»
ពាក់ព័ន្ធនឹងការសុំសិទ្ធិធ្វើនយោបាយឡើងវិញនេះដែរ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា យល់ថា មន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិអាចរងសម្ពាធអ្វីមួយទើបសុំសិទ្ធិធ្វើនយោបាយឡើងវិញ។ លោកសង្កេតឃើញថា ក្នុងចំណោមអ្នកនយោបាយដែលសុំសិទ្ធិធ្វើនយោបាយកន្លងមកមានតិចតួចណាស់ដែលបានធ្វើសកម្មភាពនយោបាយ ឬបើកបក្សថ្មី ប៉ុន្តែភាគច្រើនពួកគេរក្សាភាពស្ងៀមស្ងាតដដែល។ ទោះយ៉ាងណាលោកយល់ថា ការសុំសិទ្ធិនេះនឹងជះផលមិនល្អដល់គណបក្សសង្គ្រោះជាតិ និងបុគ្គលដែលសុំសិទ្ធិនោះផង។
«គាត់(អ្នកសុំសិទ្ធិ) រងសម្ពាធអញ្ចឹងទៅគាត់សុំសិទ្ធិធ្វើនយោបាយវិញដើម្បីរួចពីការគៀបសង្កត់ឬក៏សម្ពាធផ្សេងៗ។ គាត់អត់មានសុឆន្ទៈក្នុងការសុំសិទ្ធិធ្វើនយោបាយទេ បើគាត់មានចង់សុំសិទ្ធិគាត់សុំតាំងឆ្នាំ២០១៧មក។»
គិតត្រឹមថ្ងៃទី១៧ ខែមេសា អ្នកនយោបាយបក្សប្រឆាំងចំនួន២២នាក់បានសុំសិទ្ធិធ្វើនយោបាយឡើងវិញក្នុងចំណោមមន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិចំនួន១១៨នាក់(ស្លាប់ម្នាក់)ដែលជាប់បម្រាមមិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។
អ្នកជំនាញវិទ្យាសាស្ត្រនយោបាយលោក ឯម សុវណ្ណារ៉ា យល់ថា បើស្ថានភាពនយោបាយបក្សប្រឆាំងគ្មានការវិវឌ្ឍថ្មីទេ នឹងមានមន្រ្តីបក្សនេះបន្ថែមទៀតសុំសិទ្ធិធ្វើនយោបាយ ឬទៅរួមជីវភាពនយោបាយជាមួយបក្សកាន់អំណាច។ អ្នកឃ្លាំមើលរូបនេះយល់ថា មេដឹកនាំបក្សទាំងពីរគឺលោក សម រង្ស៊ី និងលោក កឹម សុខា គួរបង្ហាញជំហរដល់សាធារណជនថា អ្នកទាំងពីរនៅតែឈរលើគោលការណ៍រួមដដែល ជាពិសេសលោក កឹម សុខា គួរបញ្ជាក់ពីជំហរនៃការរួបរួមគ្នាតាមរយៈ ការផ្ញើលិខិតសួរសុខទុក្ខលោក សម រង្ស៊ី ដោយកុំនិយាយរឿងនយោបាយដើម្បីកុំឲ្យបំពានបំរាមតុលាការ៕