តើ​វៀតណាម​គួរ​រំឭក​គុណ​កម្ពុជា​ទេ ចំពោះ​ការ​រួបរួម​ជាតិ ថ្ងៃទី​៣០ ខែ​មេសា?

0:00 / 0:00

វៀតណាម​ឆ្លងកាត់​សង្គ្រាម​ផ្ទៃក្នុង​រយៈពេល​២០​ឆ្នាំ គឺ​ពី​ឆ្នាំ​១៩៥៥ ដល់​១៩៧៥។ សង្គ្រាម​នេះ​បាន​បញ្ចប់​ជា​ផ្លូវការ​នៅ​ថ្ងៃទី​៣០ ខែ​មេសា ឆ្នាំ​១៩៧៥ ដោយមាន​ការ​លះបង់​ជាច្រើន​ពី​ភាគី​កម្ពុជា​តាមរយៈ​ការ​ផ្តល់​ដី​ធ្វើជា​ផ្លូវ​ដឹក​ជញ្ជូន​កងទ័ព ស្បៀង និង​សព្វាវុធ​ផ្សេង​ផ្សេងៗ​។ ករណី​នេះ​បាន​បណ្តាល​ឱ្យ​កម្ពុជា​បាត់បង់​ទឹកដី ពលរដ្ឋ​ស្លាប់​រាប់​សែន​នាក់ ហើយ​ធ្លាក់​ចូល​ក្នុង​វិបត្តិ​នយោបាយ​ឈាន​ដល់​សង្គ្រាម​ផ្ទៃក្នុង។

តើ​វៀតណាម​គួរ​សង់​ស្តូប និង​ធ្វើ​ពិធី​រំឭក​គុណ​កម្ពុជា​ឬទេ?

វៀតណាម​ខាងជើង​ជា​រដ្ឋនិយម​កុម្មុយនិស្ត​បាន​ធ្វើ​សង្គ្រាម​ឈ្នះ​វៀតណាម​ខាងត្បូង​ជា​រដ្ឋនិយម​លោក​សេរី កាល​ពី​ថ្ងៃទី​៣០ ខែ​មេសា ឆ្នាំ​១៩៧៥ ហើយ​បាន​បង្កើត​ជា​វៀតណាម​តែមួយ ឬ​ហៅថា​ជា​ថ្ងៃ​បង្រួបបង្រួម​ជាតិ។

រយៈពេល ២០​ឆ្នាំ​នៃ​សង្គ្រាម​នេះ វៀតណាម​ខាង​ជើង​បាន​សុំ​ជំនួយ​ពី​កម្ពុជា​ជាច្រើន​ដូចជា​សុំ​ទឹកដី​កម្ពុជា​ចំនួន ៦​ខេត្ត​បង្កើត​ជា​ផ្លូវ​យុត្តិសាស្ត្រ​សង្គ្រាម​គឺ​ផ្លូវលំ​ហូជីមិញ។ ខេត្ត​ទាំង​៦​នោះ​រួមមាន ខេត្ត​មណ្ឌលគិរី ស្ទឹងត្រែង ក្រចេះ កំពង់ចាម ព្រៃវែង និង​ខេត្ត​ស្វាយរៀង។

ក្រៅ​ពី​ផ្លូវលំ​ហូជីមិញ វៀតណាម​ខាងជើង​ស្នើសុំ​ប្រើ​កំពង់ផែ​ខេត្ត​ព្រះសីហនុ ដើម្បី​ដឹកជញ្ជូន​ជំនួយ ហើយ​បាន​ប្រើប្រាស់​ដី​កម្ពុជា​ជាច្រើន​កន្លែង​សម្រាប់ ធ្វើជា​មូលដ្ឋានទ័ព​ផង។

កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​អតីត​ព្រះមហាក្សត្រ​សម្តេច នរោត្តម សីហនុ កាលនោះ​បាន​ប្រកាស​ជា​រដ្ឋ​ឯករាជ្យ អព្យាក្រឹត្យ និង​មិន​ចូល​បក្ស​សម្ព័ន្ធ​។ ក៏ប៉ុន្តែ ការ​ពិត​ជាក់ស្តែង រដ្ឋាភិបាល​របស់​សម្តេច នរោត្តម សីហនុ ពេលនោះ បាន​លួច​អនុញ្ញាត​ឱ្យ​កងទ័ព​វៀតណាម​ខាងជើង​ប្រើប្រាស់​ទឹកដី​ខ្លួន​ដើម្បី​ធ្វើជា​ឈ្នាន់​អាច​វាយប្រហារ​លើ​កងទ័ព​វៀតណាម​ខាងត្បូង។

សៀវភៅ​ប្រវត្តិសាស្ត្រ​កម្ពុជា​ក្នុង​សង្គ្រាម​វៀតណាម​កត់ត្រា​ថា ផល​ប៉ះពាល់​ពី​ការ​ផ្តល់​ទឹកដី​ឱ្យ​វៀតណាម​បាន​ធ្វើឱ្យ​កម្ពុជា​រងគ្រោះ ដោយ​អាមេរិក​ជួយ​វៀតណាម​ខាងត្បូង​ទម្លាក់​គ្រាប់​លើ​កងទ័ព​វៀតណាម​ខាងជើង លើ​ទឹកដី​កម្ពុជា​សរុប​ចំនួន​៥០​ម៉ឺន​តោន បណ្តាល​ឲ្យ​ពលរដ្ឋ​កម្ពុជា​ស្លាប់​ចន្លោះ​ពី ១០​ម៉ឺន ទៅ ១៥​ម៉ឺន​នាក់។

លើស​ពី​នេះ ការណ៍​នេះ​ធ្វើ​ឱ្យ​អ្នកនយោបាយ​ខ្មែរ​ដែល​ប្រឆាំង​ការ​ឱ្យ​ទឹកដី​សម្រាប់​វៀតណាម​ធ្វើ​សង្គ្រាម​នេះ ធ្វើ​សកម្មភាព​ប្រឆាំង​រដ្ឋាភិបាល​ដឹកនាំ​ដោយ​សម្តេច នរោត្តម សីហនុ រហូត​បែកបាក់​ផ្ទៃ​ក្នុង​ប្រទេស ជាតិ​ចុះ​ខ្សោយ ឈាន​ដល់​ការ​ធ្វើ​រដ្ឋប្រហារ​នៅ​ឆ្នាំ​១៩៧០ ហើយ​កម្ពុជា​ធ្លាក់ខ្លួន​ក្នុង សង្គ្រាមស៊ីវិល​អស់ ៣​ទសវត្សរ៍។

សម្តេច នរោត្តម សីហនុ ជា​អ្នកនយោបាយ​ជួយ​វៀតណាម ឱ្យ​មាន​ការ​បង្រួបបង្រួម​នេះ បាន​ហៅ​វៀតណាម​ថា ជា​ក្រពើ​ដែល​មិន​ដឹងគុណ ឬ​ក៏​បំភ្លេច​កិច្ចសន្យា​នានា​ពេល​ស្នើ​ឱ្យ​កម្ពុជា​ជួយ។ «»

សម្រាប់​ប្រទេសជិតខាង​គ្នា​នេះ រដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅតែ​ថ្លែង​សារ​ដឹងគុណ​វៀតណាម ក្នុង​ការ​ជួយ​ផ្តួល​រំលំ​របប​ខ្មែរក្រហម បើ​ទោះ​ជា​អ្នកប្រវត្តិសាស្ត្រ​ចោទ​ថា វៀតណាម​ចូល​កម្ពុជា​មិនមែន​មក​ជួយ​ទេ គឺ​មក​ឈ្លានពាន និង​ត្រួតត្រា​កម្ពុជា​ក៏ដោយ​។ ហេតុផល​នៃ​ការ​ចោទ​នោះ គឺ​ដោយសារតែ វៀតណាម​លើកទ័ព​ប្រមាណ ២​សែន​នាក់​ផ្តួល​រំលំ​របប​ខ្មែរក្រហម ហើយ​មិន​ព្រម​ទៅវិញ គឺ​នៅ​រៀបចំ​រចនាសម្ព័ន្ធ​គ្រប់គ្រង​នៅ​កម្ពុជា​រយៈពេល​ពេញ​មួយ​ទសវត្ស រហូត​ដល់​មាន​សម្ពាធ​ពី​អន្តរជាតិ នៅ​ឆ្នាំ​១៩៨៩ ទើប​វៀតណាម​ព្រម​ដកទ័ព​ទៅវិញ។

អ្នក​សិក្សា​កិច្ចការ​សង្គម និង​នយោបាយ​លោក ប៉ោ មករា លើក​ឡើង​ថា រដ្ឋាភិបាល​កម្ពុជា​ជួយ​វៀតណាម​ដោយ​ស្មោះ ។ លោក ប៉ោ មករា លើកឡើង​ថា វៀតណាម​គួរតែ​សាង​សំណង់​ជា​និមិត្ត រូប​អ្វីមួយ​បង្ហាញ ពី​ការ​ដឹងគុណ​កម្ពុជា​វិញ។ «»

សម្រាប់​អ្នក​ផ្សព្វផ្សាយ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លោក ស្រ៊ុន ស្រ៊ន ចាត់ទុក​ថា ក្រុម​មេដឹកនាំ​ដែល​ជួយ​ឱ្យ​វៀតណាម ខាងជើង​វាយ​ឈ្នះ​វៀតណាម​ខាងត្បូង​នោះ​គួរ​យក​ទៅ​កាត់ទោស​ព្រោះ​ថា អ្នក​ទាំង​នោះ​បាន​ជួយ​វៀតណាម​មួយ​ដំណាក់កាល​ទៀត​ក្នុង​ការ​គ្រប់គ្រង​ទឹកដី​កម្ពុជា​ក្រោម។

លោក ស្រ៊ុន ស្រ៊ន លើកឡើង​ថា ក្នុងអំឡុងពេល​វៀតណាម ទាំង​២​ច្បាំង​គ្នា​នោះ គឺ​ពួកគេ​ក៏បាន​អនុវត្តន៍​យុទ្ធសាស្ត្រ​បន្ត​យក​ទឹកដី​កម្ពុជា​បច្ចុប្បន្ន និង​ឡាវ។ សម្រាប់​លោក ស្រ៊ន់ ស្រ៊ន នយោបាយ​របស់​វៀតណាម​បច្ចុប្បន្ន មិន​ដូរ​ទិសដៅ​ក្នុង​ការ​យក​ទឹកដី​កម្ពុជា និង​ឡាវ​នោះ​ទេ។ «»

ទោះ​យ៉ាង​ណា​រហូត​ដល់​ឆ្នាំ​២០២៣​នេះ វៀតណាម​ធ្វើ​ពិធី​រំឭក​ពី​ការ​បង្រួបបង្រួម​ជាតិ មិនដែល​រំឭក​ពី​គុណសម្បត្តិ​កម្ពុជា​ទេ ផ្ទុយ​ទៅវិញ​រដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ក្រៅពី​ការ​សង់​ស្តូប​គ្រប់​រាជធានី​ខេត្ត​ហើយ​នោះ ក៏បាន​កំណត់​ថ្ងៃទី​៧ ខែ​មករា ជា​បុណ្យជាតិ ហើយ​បាន​ថ្លែង​សារ​អរគុណ​វៀតណាម​រាល់​ឆ្នាំ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។