តុលាការឃុំខ្លួនមន្ត្រីបក្សកែទម្រង់កម្ពុជាម្នាក់ទាំងមានជំងឺ ខណៈមន្ត្រីបក្សឆន្ទៈខ្មែរខេត្តប៉ៃលិន អាជ្ញាធរអនុញ្ញាតឱ្យទៅផ្ទះវិញក្រោយការសាកសួរ
2024.07.25
មេដឹកនាំគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន អំពាវនាវដល់តុលាការក្រុងភ្នំពេញ និងមន្ត្រីពន្ធនាគារឱ្យអនុញ្ញាតឱ្យពួកលោកចូលចួបសួរសុខទុក្ខមន្ត្រីគណបក្សកែទម្រង់កម្ពុជា លោក ប៉ែន វុទ្ធី ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារព្រៃស ទាំងមានជំងឺប្រចាំកាយ។
ស្ថាបនិកគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៥ កក្កដាថា មន្ត្រីគណបក្សកែទម្រង់កម្ពុជាលោក ប៉ែន វុទ្ធី ត្រូវសមត្ថកិច្ចពន្ធនាគារ តម្រូវឱ្យធ្វើចត្តាឡីស័ក ក្នុងពន្ធនាគារព្រៃស ម១ (មណ្ឌលអប់រំកែប្រែទី១ "ម១”) រយៈពេល ១៤ថ្ងៃ ដោយមិនអនុញ្ញាតឱ្យពួកលោក ចូលជួបសួរសុខទុក្ខនោះឡើយ។
លោកបន្ថែមថា មូលហេតុដែលសមត្ថកិច្ចចាប់ខ្លួនគាត់ ដោយសារគាត់បង្ហោះសារតាមបណ្ដាញសង្គមហ្វេសប៊ុក ប៉ះពាល់ដល់រដ្ឋាភិបាល ហើយមកទល់ពេលនេះពួកលោកនៅមិនទាន់ទទួលព័ត៌មានថា តើលោក ប៉ែន វុទ្ធី នឹងត្រូវឡើងសវនាការនៅពេលណា ហើយត្រូវឃុំខ្លួនដល់ពេលណានោះទេ។
លោកបារម្ភពីស្ថានភាពលោក ប៉ែន វុទ្ធី កំពុងមានជំងឺលើសឈាម និងទឹកនោមផ្អែម។
លោក អ៊ូ ច័ន្ទរ័ត្ន៖ «លោក វុទ្ធី មិនដែលមានថា អីប៉ះពាល់ដល់រដ្ឋាភិបាល ឬក៏ទស្សនៈ ដែលធ្វើឱ្យប៉ះពាល់ដល់ភាពវឹកវរអីជាដើមហ្នឹង ហាក់មិនមានទេ ហើយខ្ញុំក៏ព្យាយាមស្រាវជ្រាវមើលដែរ សារទាក់ទងនឹងប៉ះពាល់បញ្ហាបង្កឱ្យមានភាពវឹកវរអីជាដើមហ្នឹង ការចោទប្រកាន់ហ្នឹង ខ្ញុំហាក់ដូចមិនទាន់មានឃើញអី»។
សមត្ថកិច្ចខេត្តសៀមរាបបានចាប់ខ្លួនប្រធានក្រុមការងារគណបក្សកែទម្រង់កម្ពុជាប្រចាំខេត្តសៀមរាប លោក ប៉ែន វុទ្ធី កាលពីថ្ងៃទី ១៩ ខែកក្កដា នៅក្បែរផ្សាររាត្រី (Pub Street) ក្រុងសៀមរាប ដោយចោទពីបទ ញុះញង់បង្កផលប៉ះពាល់ និងបង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
ក្រោយពីការចាប់ខ្លួន គណបក្សកែទម្រង់កម្ពុជា បានចេញសេចក្ដីថ្លែងការណ៍មួយបង្ហាញពីការសោកស្ដាយ និងអំពាវនាវឱ្យតុលាការដោះលែង លោក ប៉ែន វុទ្ធី ឱ្យមានសេរីភាពវិញ។
គណបក្សជំទាស់មួយនេះបន្ថែមថា គណបក្សកែទម្រង់កម្ពុជា «តែងតែប្រកាន់ខ្ជាប់នូវគោលការណ៍អហិង្សា និងសន្តិវិធីក្នុងសកម្មភាពធ្វើនយោបាយស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ស្ដីពីគណបក្សនយោបាយ។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងសុំការបំភ្លឺរឿងនេះ ពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ និងអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លោក នុត សវនា បាននៅឡើយទេ នៅថ្ងៃទី ២៥ កក្កដា ដោយទូរស័ព្ទហៅចូល តែគ្មានអ្នកលើក។
ជុំវិញរឿងនេះ នាយកប្រតិបត្តិអង្គការលីកាដូ លោក អំ សំអាត ពន្យល់ថា ជនជាប់ចោទ ឬជនត្រូវចោទ មានសិទ្ធិទទួលបានសេវាសុខភាព នៅពេលមានជំងឺ និងមានសិទ្ធិជួបក្រុមគ្រួសារញាតិមិត្ត ឬមិត្ភភ័ក្ដិ ក្នុងពន្ធនាគារ។
លោក អំ សំអាត៖ «កន្លងមកយើងឃើញកម្ពុជាបានបកស្រាយថា ការចាប់ខ្លួនមនុស្សទាំងអស់ហ្នឹង គឺស្របទៅតាមច្បាប់ ប៉ុន្តែអ្នកជំនាញរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សហៅថា ការចាប់ខ្លួនទៅលើសកម្មជនទាំងនោះ សកម្មជនបរិស្ថាន សកម្មជនគណបក្សនយោបាយ និងសកម្មជនសង្គមមួយចំនួន ជាការប៉ះពាល់ដល់សេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ នេះគឺជាការបកស្រាយចម្រូងចម្រាស់គ្នា»។
ចំណែកនៅឯខេត្តប៉ៃលិនឯណោះវិញ មន្ត្រីគណបក្សឆន្ទៈខ្មែរ លោក ឡោ ធន ត្រូវបានសមត្ថកិច្ចអនុញ្ញាតឱ្យត្រឡប់មកផ្ទះវិញ បន្ទាប់ពីគាត់បង្ហាញខ្លួនទៅបំភ្លឺ នៅអធិការដ្ឋានក្រុងប៉ៃលិនពេញមួយព្រឹក នៅថ្ងៃទី២៥ ខែកក្កដា តាមការកោះហៅរបស់សមត្ថកិច្ច ពាក់ព័ន្ធករណីសង្ស័យក្លែងបន្លំឯកសារសាធារណៈ។
លោក ឡោ ធន ប្រាប់វិទ្យុអាស៊ីសេរីថា លោកមិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់ឡើយ ហើយសំណុំរឿងនេះ អាចជាប់ទាក់ទងរឿងនយោបាយនៅពីក្រោយខ្នង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។