ការ​វិវត្ត​នៃ​អ្នកតំណាងរាស្ត្រ​បក្ស​ប្រឆាំង​ដែល​ជាប់​នៅ​ក្នុង​ពន្ធនាគារ​ព្រៃស

ដោយ មួង ណារ៉េត
2017.12.10
អ៊ុំ សំអាន ៦២២ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ លោក អ៊ុំ សំអាន (រូប​កណ្ដាល) ពេល​នាំ​ខ្លួន​មក​សវនាការ នៅ​តុលាការ​កំពូល នៅ​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១៦។
Photo: RFA

មេធាវី​ការពារ​ក្ដី​ឲ្យ​សមាជិកសភា​តំណាងរាស្ត្រ លោក អ៊ុំ សំអាន ត្អូញត្អែរ​ពី​ភាព​យឺតយ៉ាវ ដែល​តុលាការ​កំពូល​បន្ត​ពន្យារពេល មិន​លើក​យក​រឿងក្ដី​មួយ​នេះ​ទៅ​ជំនុំជម្រះ។ អង្គការ​ផ្នែក​សិទ្ធិមនុស្ស យល់​ឃើញ​ថា ការ​បន្ត​អូស​បន្លាយ​បែបនេះ នឹង​ធ្វើ​ឲ្យ​លោក អ៊ុំ សំអាន ត្រូវ​ប្រឈមមុខ​នឹង​ការបាត់បង់​ផលប្រយោជន៍ និង​ប៉ះពាល់​សិទ្ធិ​យ៉ាង​ខ្លាំង។

គិត​មក​ដល់​ពេល​នេះ លោក អ៊ុំ សំអាន ត្រូវ​ជាប់ពន្ធនាគារ​អស់​រយៈពេល​ជាង ១​ឆ្នាំ​ទៅ​ហើយ ក្រោយ​ពេល​តុលាការ​ក្រុងភ្នំពេញ សម្រេច​ចោទប្រកាន់ និង​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ពាក់ព័ន្ធ​បញ្ហា​ព្រំដែន​កម្ពុជា​-​វៀតណាម។

លោក ជូង ជូងី មេធាវី​ការពារ​ក្ដី​ឲ្យ​លោក អ៊ុំ សំអាន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី៨ ខែ​ធ្នូ ថា សំណុំរឿង​មួយ​នេះ​លោក​បាន​ដាក់​ទៅ​តុលាការ​កំពូល ដើម្បី​ស្នើសុំ​ឲ្យ​បើក​ការ​ជំនុំ​ជម្រះ​លើ​អង្គសេចក្ដី ប៉ុន្តែ​ត្រូវ​បាន​តុលាការ​ពន្យារពេល​រហូត​មក។ លោក​បន្ត​ថា ការ​រង់ចាំ​នេះ មិន​ដឹង​ត្រូវ​ប្រើ​ពេល​យូរ​ប៉ុន្មាន​ទៀត​នោះ​ទេ ព្រោះ​ខាង​តុលាការ​ពុំបាន​ជូនដំណឹង​ពី​ការកំណត់​ថ្ងៃ​បើកសវនាការ​ទេ។

ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ នៃ​តុលាការ​ក្រុងភ្នំពេញ​លោក ហេង សុខណា បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​លោក អ៊ុំ សំអាន ២ឆ្នាំ ៦​ខែ និង​ពិន័យ​លុយ​ចំនួន ៤​លាន​រៀល កាល​ពី​ខែ តុលា ឆ្នាំ២០១៦។ សមាជិក​សភា​មណ្ឌល​ខេត្ត​សៀមរាប លោក អ៊ុំ សំអាន ត្រូវ​បាន​អយ្យការ​អម​តុលាការ​ក្រុងភ្នំពេញ ចោទប្រកាន់​ពី​បទ​ញុះញង់​នាំ​ឲ្យ​មានការ​រើសអើង និង​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ទាក់ទង​នឹង​ផ្សព្វផ្សាយ​ឯកសារ​ផែនទី​ព្រំដែន​កម្ពុជា-វៀតណាម ក្លែងក្លាយ តាម​មាត្រា​៤៩៥ និង​មាត្រា​៤៩៦ នៃ​ក្រមព្រហ្មទណ្ឌ។

ការ​ចាប់ខ្លួន​ដោយ​សមត្ថកិច្ច ខេត្ត​សៀមរាប ទាំង​យប់​កាលពី​ថ្ងៃ​ទី១១ ខែ​មេសា ឆ្នាំ​២០១៦ ត្រូវ​រង​ការ​រិះគន់​ថា ទាំង​អាជ្ញាធរ​សមត្ថកិច្ច និង​រដ្ឋាភិបាល​អនុវត្ត​ដោយ​បំពាន ទៅលើ​សិទ្ធិ​អ្នក​តំណាងរាស្ត្រ។

មាត្រា ៨០​នៃ​រដ្ឋធម្មនុញ្ញ ចែង​ថា អ្នក​តំណាងរាស្ត្រ​មាន​អភ័យ​ឯកសិទ្ធិសភា។ តំណាងរាស្ត្រ​រូប​ណា​ក៏​ដោយ មិន​ត្រូវ​ចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន ឬ​ឃុំខ្លួន​ដោយ​គ្រាន់តែ​សំដែង​យោបល់ ឬ​បញ្ចេញមតិ ក្នុង​ការ​បំពេញ​មុខងារ​របស់​ខ្លួន​សោះឡើយ។ ការ​ចាប់ខ្លួន ការ​ចោទប្រកាន់ ការ​ឃាត់​ខ្លួន ឬ​ការ​ឃុំខ្លួន​សមាជិកសភា​ណាមួយ​នឹង​អាច​ធ្វើ​ទៅ​កើត លុះត្រាតែ​មានការ​យល់ព្រម​ពី​រដ្ឋសភា ឬ​ពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ក្នុង​ចន្លោះ​សម័យប្រជុំ​នៃ​រដ្ឋសភា​ជា​មុន​សិន។ ហើយ ការ​ចាប់ខ្លួន​នោះ​ទៀតសោត លើកលែងតែ​ករណី​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្ដែង។

អ្នកវិភាគ​នយោបាយ សង្កេត​ឃើញ​ថា ផ្ដើម​ចេញពី​ការ​ចាប់ខ្លួន សមាជិក​សភាព​លោក អ៊ុំ សំអាន និង​អតីត​សមាជិក​ព្រឹទ្ធសភា​ពី​ខាង​បក្ស​ប្រឆាំង​លោក ហុង សុខ​ហួរ នេះ​ជាដើម ទាំង​នៅ​មាន​អភ័យឯកសិទ្ធិសភា​នៅឡើយ រដ្ឋាភិបាល​បាន​បង្កើត​ទៅជា​ការរិះគន់​មិន​ចេះ​ចប់។ ប៉ុន្តែ​ទាំង​លោក ហ៊ុន សែន និង​មន្ត្រី​ក្នុង​រដ្ឋាភិបាល​របស់​លោក​តែង​ថ្លែង​ការពារ​ថា នេះ​ជា​ការ​អនុវត្ត​ច្បាប់​ដ៏​ត្រឹមត្រូវ​បំផុត។ ជា​ញឹកញាប់​លោកនាយក​រដ្ឋមន្ត្រី ថែមទាំង​បាន​អះអាង​ថា នៅ​កម្ពុជា​ពុំ​មាន​អ្នក​ទោស​នយោបាយ​ទេ គឺ​មានតែ​អ្នកនយោបាយ​មានទោស​ប៉ុណ្ណោះ។

ទាក់ទិន​រឿង​នេះ លោក​បណ្ឌិត មាស នី អ្នកស្រាវជ្រាវ​ការអភិវឌ្ឍន៍​សង្គម​យល់​ឃើញ​ថា ព្រោះតែ​ការគ្រប់គ្រង​មិន​ឯករាជ្យ ហើយ​ការ​បែក​ចែក​អំណាច នៅ​ក្នុង​ស្ថាប័នរដ្ឋ​មាន​ភាព​សាំញ៉ាំ​នេះ​ហើយ បាន​បង្កើត​ទៅជា​ប្រព័ន្ធ​ដឹកនាំ​រដ្ឋ​មួយ ដែល​សាធារណជន​កំណត់​ថា ហាក់​លែង​មាន​តម្លៃ។ អ្នកវិភាគ​រូប​នេះ​សង្កេត​ឃើញ​ថា សព្វថ្ងៃ​នេះ​គេ​ពិតជា​ពិបាក​កំណត់​ណាស់​ថា តើ​មួយ​ណា​ឲ្យ​ប្រាកដជា​សម្ដី​របស់​រដ្ឋាភិបាល ហើយ​មួយ​ណា​ជា​របស់​បក្ស។ «»

ការ​ចាប់ខ្លួន ការ​ឃាត់ខ្លួន និង​ការចោទប្រកាន់​ជា​ហូរហែ​កន្លង​មក​នេះ ទៅលើ​តំណាងរាស្ត្រ និង​សកម្មជន​នយោបាយ​បក្ស​ប្រឆាំង​មួយ​ចំនួន​ទៀត រដ្ឋាភិបាល​ត្រូវ​រង​ការ​រិះគន់​ថា បាន​ព្យាយាម​ប្រើប្រាស់​អំណាច​ដ៏​លើសលប់ ប្រយោជន៍​ដើម្បី​អាច​បាន​គ្រប់គ្រង​ប្រទេស​បន្ត​ទៅ​មុខ​ទៀត។

អ្នកវិភាគ​នយោបាយ ចាត់​ទុក​ថា រឿងរ៉ាវ​នៅ​កម្ពុជា និង​ការ​វិវត្ត​នយោបាយ​សព្វ​ថ្ងៃនេះ កាន់តែ​លែង​ទុកចិត្ត​ទៀត​នោះ គឺ​សមាជិកសភា​ដែល​លើក​បន្តុប​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ពលរដ្ឋ​ពុំបាន​បោះឆ្នោត​ឲ្យ​ផង​នោះ ដោយ​អំណាច​របស់​លោក ហ៊ុន សែន អ្នក​ទាំង​នោះ​បាន​ចូល​អង្គុយ​នៅ​លើ​កៅអី​រដ្ឋសភា ដោយ​ស្រួលខ្លួន។ ផ្ទុយទៅវិញ សមាជិកសភា​ពី​ខាង​បក្ស​ប្រឆាំង ដែល​កើត​ចេញពី​ការបោះឆ្នោត ត្រូវ​ជាក់​គុក ដក​តំណែង និង​ជាប់​បណ្ដឹង​តាម​ផ្លូវ​តុលាការ​ដូច​សម្ល​កំពឹស​ហូរហែ​ក៏​មាន មកទល់​សព្វថ្ងៃ​នេះ។

លោក​បណ្ឌិត មាស នី យល់​ឃើញ​ថា មនុស្ស​មួយ​ចំនួន ដែល​លោក ហ៊ុន សែន លើក​បន្តុប ឬ​អំណាច​ឡើង​តាម​ជើងខោ​នេះ ពិតជា​ពិបាក​កំណត់​បាន​ថា​ជា​តំណាង​ឲ្យ​ពលរដ្ឋ​បានទេ។ អ្នកវិភាគ​រូប​នេះ ឲ្យ​ដឹង​ថា អ្នក​ទាំងនោះ​ក៏​នឹង​ពិបាកធ្វើ​កិច្ចការ​ណា ដែល​ផ្ទុយ​ពី​គំនិត​ដើម​របស់​លោក ហ៊ុន សែន ណាស់​ដែរ ព្រោះ​ត្រូវ​ជាប់​គុណ​របស់​លោក​នាយករដ្ឋមន្ត្រី​ទៅ​ហើយ។ «»

នៅ​មុន​ចូលកាន់​តំណែង​ដែល​ហៅថា ជា​តំណាងរាស្ត្រ​នេះ ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ បាន​ប្រកាស​ជំហរ​ហើយ​ថា នឹង​មិន​ធ្វើ​សេចក្ដី​សម្រេច​ណា ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​គណបក្ស​របស់​ទ្រង់​នោះ​ឡើយ។ នៅក្នុង​រដ្ឋធម្មនុញ្ញ ដែល​ជា​ច្បាប់​កំពូល បាន​កំណត់​ថា រដ្ឋាភិបាល​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​រដ្ឋសភា។ ប៉ុន្តែ រាល់ពេល​សមាជិក​ពី​ខាង​បក្ស​ប្រឆាំង កោះហៅ​ឲ្យ​ឆ្លើយ​បំភ្លឺ​នៅ​ក្នុង​រដ្ឋសភា មិន​ត្រឹមតែ​ពុំបាន​អនុវត្ត​ទេ ថែមទាំង​ត្រូវ​លោក ហ៊ុន សែន គំរាម​ទៀត​ផង។

ការ​អនុវត្ត​ច្បាប់​ដែល​រង​ការ​រិះគន់​ថា រដ្ឋាភិបាល​កាន់តែ​ឈាន​ទៅ​រក​របប​ផ្ដាច់ការ​នេះ ក្រៅពី​ត្រូវ​ចាប់ខ្លួន​ប្រធាន​គណបក្សប្រឆាំង​លោក កឹម សុខា ញាត់​គុក និង​វៃ​អ្នកតំណាងរាស្ត្រ ២​រូប​នៅ​ក្បែរ​វិមាន​រដ្ឋសភា​ស្ទើរ​ស្លាប់​ស្ទើរ​រស់ កាលពី​ខែ​តុលា ឆ្នាំ​២០១៥ ហើយ អង្គរក្ស​របស់​លោក ហ៊ុន សែន គេ​ឃើញ​អនុវត្ត​ទោស​បាន​មួយ​ដង្ហើម​ចង្រិត ទីបំផុត​អ្នក​ទាំងនោះ ត្រូវ​ដំឡើង​ឋានៈ​ទៅជា​ថ្នាក់ឧត្ដម​សេនីយ៍ ព្រោង​ព្រាត។

ប្រធាន​គ្រប់គ្រង​ផ្នែក​អង្កេត នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត យល់​ឃើញ​ថា ដោយសារ​ការ​អនុវត្ត​ច្បាប់​មាន​ភាព​លម្អៀង​នេះ​ហើយ បាន​បង្កើត​ឲ្យ​អំពើ​និទ្ទណ្ឌភាព កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ នៅ​កម្ពុជា។ លោក​បន្ត​ថា ថ្វីបើ​ច្បាប់​បាន​កំណត់ ពី​ភាពស្មើគ្នា​ចំពោះ​មុខ​ច្បាប់ ជាក់ស្ដែង​ខ្លឹមសារ​នេះ ហាក់​មិនបាន​ឆ្លុះបញ្ចាំង​ទៅ​នឹង​អនុវត្ត​នោះ​ឡើយ។ «»

នៅ​ក្នុង​រឿងក្ដី​ទំនាស់​ព្រំដែន រវាង​កម្ពុជា និង​វៀតណាម​នេះ មេធាវី​ការពារ​ក្ដី​ឲ្យ​លោក អ៊ុំ សំអាន ព្យាយាម​ស្នើសុំ​នៅ​ក្រៅ​ឃុំ​ជា​ហូរហែ​មក​ហើយ ប៉ុន្តែ​ការ​ស្នើសុំ​នេះ​តែង​បរាជ័យ​ជានិច្ច។ ក្នុង​ពេល​តំណាងរាស្ត្រ​មណ្ឌល​សៀមរាប ត្រូវ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស ដែល​មេធាវី​អះអាង​ថា មាន​សុខភាព​ធម្មតា​នោះ លោក ជូង ជូងី ដែល​ជា​មេធាវី​ការពារ​ក្ដី មើល​ឃើញ​ថា លោក អ៊ុំ សំអាន ត្រូវ​ជាប់​ពន្ធនាគារ​ទាំង​អយុត្តិធម៌។

លោក អំ សំអាត ប្រធាន​គ្រប់គ្រង​ផ្នែក​អង្កេត នៃ​អង្គការ​លីកាដូ មាន​ប្រសាសន៍​ថា ការ​ដែល​តុលាការ​ចេះតែ​បន្ត​អូស​បន្លាយ​ពេលវេលា ក្នុង​ការ​ជំនុំជម្រះ​នេះ វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​សិទ្ធិ​ជន​ត្រូវ​ចោទ​យ៉ាង​ខ្លាំង។ អ្នក​ជំនាញ​ផ្នែក​សិទ្ធិមនុស្ស​រូប​នេះ យល់​ឃើញ​ថា ជា​គោលការណ៍​ច្បាប់ ជន​ត្រូវ​ចោទ​ក៏​ត្រូវ​បានការ​ការពារ ដោយ​ច្បាប់​ដែរ។

ក្នុង​ពេល​លោក ហ៊ុន សែន ព្យាយាម​កម្ទេច​សំឡេង​ប្រឆាំង បិទទ្វារ​អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​មួយ​ចំនួន សិទ្ធិ​សេរីភាព​នៃ​ការ​ជួបជុំ​ដោយ​សន្តិវិធី និង​សិទ្ធិ​នៃ​ការ​បញ្ចេញមតិ ក៏​ត្រូវ​បាន​រដ្ឋាភិបាល​រាំង​ខ្ទប់​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។