នគរបាល​ខេត្ត​ព្រះ​សី​ហនុ​ ​ឃាត់​មនុស្ស​៦​នាក់​ពាក់​ព័ន្ធ​ការលាក់​ទុក​គ្រឿង​ញៀន

0:00 / 0:00

នគរបាល​ខេត្ត​ព្រះ​សី​ហនុ​បាន​ឃាត់​មនុស្ស​៦​នាក់​នៅ​​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកានេះ​​​​ក្នុង​នោះ​មាន​ជន​ជាតិ​ចិន​ម្នាក់​ ​បន្ទាប់​ពី​​សង្ស័យ​ថា​អ្នក​ទាំង​នេះ​បាន​លាក់​ទុក​គ្រឿង​ញៀន​ជាង​ ២០​គីឡូ​ក្រាម​នៅ​ផ្ទះ​ជួល​មួយ​កន្លែង​ ​ក្រុង​ព្រះ​សី​ហនុ​។​ សង្គម​ស៊ី​វិល​ចោទថា​ជន​ជាតិ​ចិនភាគ​​ច្រើន​​​រក​ស៊ី​​ចែក​ចាយ​ និង​ជួញ​ដូរ​គ្រឿង​ញៀន​នៅ​តាម​ការ៉ា​អូ​ខេ​ ​និង​ហាង​ម៉ាស្សា ក្រៅ​ពី​ការ​ចាប់​ជំ​រិត​។

​ស្នង​ការ​នគរ​បាល​ខេត្ត​ព្រះ​សី​ហនុ​លោក​ ជួន​ ណា​រិន​ ​បាន​ប្រាប់​អា​ស៊ី​សេរី​នៅ​ថ្ងៃ​ច័ន្ទ​ទី​៤ ​ខែ​វិច្ឆិកា​ថា ​សមត្ថ​កិច្ច​​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ទាំង​៦​នាក់នេះ​ ​បន្ទាប់​ពី​បាន​រក​ឃើញ​គ្រឿង​ញាណ​ជាង​២០​គីឡូ​ក្រាម​​នៅ​ផ្ទះ​ជួល​មួយ​កន្លែង​ស្ថិត​នៅ​ភូមិ​៣​ សង្កាត់​លេខ​២​​ ក្រុ​ង​ព្រះ​សី​ហនុ។

លោក​ថា​​នគរបាល​មួយក្រុម​បាន​ចូល​ទៅ​ពន្លត់​អគ្គី​ភ័យ​ដែល​បាន​ឆាប​ឆេះ​​ផ្ទះ​របស់​ប្រជា​ពល​រដ្ឋ​មួយខ្នងកាលពី​ថ្ងៃ​ទី​៣​ ខែវិច្ឆិកា​​​ ហើយ​ក៍​បាន​ប្រទះ​​ឃើញ​គ្រឿង​ញៀន​ជា​ច្រើន​កញ្ចប់​នៅ​ក្នុង​ផ្ទះ​ដែល​បាន​ជួល​ឲ្យ​ជន​ជាតិ​ចិន​មួយ​ក្រុម​ស្នាក់​នៅ​ ប៉ុន្តែ​ជន​សង្ស័យ​ទាំង​នោះ​បាន​រត់​គេច៖ «យើង​អញ្ជើញ​អ្នកនៅ​ជិត​ៗ​ហ្នឹង​ចំនួន​៦​នាក់​ដើម្បី​មក​ធ្វើ​ការ​សាក​សួរ​ ​មាន​ខ្មែរ​ ​មាន​ចិន​ម្នាក់​ នៅ​ក្នុង​ហ្នឹង​បាទ ដើម្បី​សាក​សួរ​រក​សាវតា​​ ​និង​ឬស​គុល​បន្ទប់​ហ្នឹង​ អ្នក​ណា​ជួល»

លោក​បន្ត​ថា​ក្រុម​សមត្ថ​កិច្ច​កំពុង​សាក​សួរ​ជន​សង្ស័យ​ទាំ​ង​៦​នាក់​នេះ​ ដើម្បីស្វែង​​រកអ្នក​ដែល​គ្រប់​គ្រង​បន្ទប់​ ព្រម​ទាំ​ង​រក​ប្រភព​ម្ចាស់​ទំ​និញ។

អ្នក​សម្រប​សម្រួល​សមាគមអា​ដ​ហុកនៅ​ខេត្ត​ព្រះ​សី​ហនុ ​អ្នក​ស្រី ​​ជាប​ សុធា​រី ​បញ្ជាក់​ថា​ តាម​រយះ​កា​រ​បង្ហាញ​​លទ្ធផល​នៃ​ការ​បង្រ្កាប​របស់​សមត្ថកិច្ចកន្លង​មក​ឲ្យ​ដឹង​ថា​ ជន​ជាតិ​ចិនមួយ​ចំនួន​​ដែល​មក​ស្នាក់​នៅ​ក្នុង​ខេត្ត​នេះ​​ក៍រក​ស៊ី​ចែក​ចាយ​ និង​ជួញ​ដូរ​គ្រឿង​ញៀន​នៅ​តាម​ក្លឹប​ការ៉ា​អូ​ខេ ​និង​ហាង​ម៉ាស្សាផង​ដែរ។

អ្នក​ស្រី​ថា​ ពី​មុន​មាន​តែ​ខ្មែរ​ទេ​ដែល​រក​ស៊ី​ចែក​ចាយ​គ្រឿង​ញៀននៅ​ក្នុង​ខេត្តជាប់សមុទ្រមួយនេះ ប៉ុន្តែ​ឥឡូវ​នេះ​ក៍​មាន​ជន​ជាតិ​ចិន​ច្រើន​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​រក​ស៊ី​គ្រឿង​ញៀន​នេះ​​ដែរ​ ព្រោះ​មួយ​រយះ​ចុង​ក្រោយ​នេះ​សមត្ថ​កិច្ច​ បាន​បង្ហាញ​លទ្ធផល​នៃ​ការ​​បង្ក្រាប​​ ជន​ជាតិ​ចិន​មួយ​ចំនួន​ដែល​មាន​ការ​ពាក់​ព័ន្ធ​ទៅ​នឹង​បទ​ល្មើស​គ្រឿង​​ញៀន​នេះ៖ «យើង​ឃើញ​មាន​ការ​ចាប់​បាន​ជន​ជាតិ​ចិន​ហ្នឹង​ជា​មួយ​នឹង​គ្រឿង​ញៀន គ្រឿង​អី​ចឹង​ ​ក្រៅ​ពី​បទ​ល្មើស​ចាប់​ជំ​រិត​ ក៍​ឃើញ​មាន​ការ​ពាក់​ព័ន្ធ​ជា​មួយ​នឹង​គ្រឿង​ញៀនដែរ​ ​ប៉ុន្តែ​ខ្ញុំ​មិន​បាន​កត់​ត្រា​និង​បូក​សរុប​ថា​មាន​ប៉ុន្មាន​ដង​ក្នុង​១​ខែ​ មិន​បាន​បូក​ទេ​ តែ​គ្រាន់​តែ​ថា​ជន​ជាតិ​ចិន​ហ្នឹង​ក៍​មាន​ពាក់​ព័ន្ធ​នឹង​បញ្ហា​គ្រឿង​ញៀន​ក្នុង​ការ​ជួញ​ដូរ​ និង​ចែក​ចាយ​ឬ​ក៍​ប្រើ​ប្រាស់​ដែរ»

របាយការណ៍ក្រសួងមហាផ្ទៃដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ដើម​ឆ្នាំ ​២០១៩ ​បង្ហាញថា មានជន​អន្តោប្រវេសន៍​ចិន​ចំនួន​ជាង​​​​​ ១១​ ម៉ឺន​នាក់ ​នៅ​ខេត្ត​ព្រះ​សីហនុ​ ហើយ​ភាគច្រើន នៃជន​ជាតិ​ចិន​ទាំង​នោះ​តែង​តែប្រកប​របរ​ ​លេង​ល្បែងស៊ីសង​​តាម​កាស៊ីណូ ​និង​ ល្បែង​​តាម​ប្រព័ន្ធអ៊ីន​ធឺណិត​ខុស​ច្បាប់ ព្រម​ទាំង​ចាប់​ជំ​រិត​នៅ​ពេល​ពួក​គេ​ចាញ់​ល្បែង។

អតីតអភិបាល​ខេត្ត​ព្រះ​សីហនុ លោក​ យន់​ មីន​ ធ្លាប់​បានផ្ញើរ​របាយការណ៍​មួយ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​លោក​ ស ​ខេង ​សំដែងការ​ព្រួយ​បារម្ភ​ អំ​ពី​ទិដ្ឋ​ភាពអវិជ្ជមាន​នៃ​ការ​កើន​ឡើង ​នូវ​វត្ត​មាន​របស់​ជន​ជាតិ​ចិន​នៅ​ក្នុង​​ខេត្ត​នេះ។​

​លោក​ យន់​ មីន​ ​ថា​ ជន​ជាតិ​ចិន​មួយ​ចំនួន​ បាន​ប្រព្រឹត្តបទឧក្រិដ្ឋ​​ ហើយ​បានចាប់​​ជំ​រិត​ទាររ​ប្រាក់​ពី​វិនិយោគិន​ដទៃ​ទៀត​ ហើយថា​ពលករ​បរទេស​ដែល​ភាគ​ច្រើន​ជា​ជន​ជាតិ​ចិន​ កំពុង​បង្ក​ជម្លោះ​ជា​មួយ​អ្នក​ស្រុក។

​ថ្មីៗ​នេះ​រដ្ឋាភិបាល​កម្ពុជា​ ​និង​ចិន​ បាន​ចុះ​កិច្ច​ព្រម​ព្រៀង​មួយ​​ដើម្បី​បញ្ជូន​ប៉ូលីស​របស់​ចិន​ ឲ្យ​មក​ជួយ​បង្រ្កាប​​ឧក្រិដ្ឋ​កម្ម​នានា​ដែល​ប្រព្រឹត្ត​ដោយ​ជន​ជាតិ​ចិន​ បន្ទាប់ពី​​កំណើន​ជនជាតិ​ចិន​បាន​ចូល​មកកម្ពុជា​ច្រើន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណ។