ព្រះសង្ឃចំនួន៦អង្គដែលគង់នៅវត្តមួយចំនួនក្នុងរាជធានីភ្នំពេញ កំពុងភៀសព្រះកាយដោយព្រួយបារម្ភពីសុវត្ថិភាព បន្ទាប់ពីបានចូលរួមសកម្មភាពតវ៉ាទាមទារឱ្យដោះលែងលោក រ៉ុង ឈុន ប្រធានសហភាពសហជីពដែលកំពុងជាប់ពន្ធនាគារព្រៃស។ អ្នកឃ្លាំមើលសិទ្ធិមនុស្សបារម្ភពីស្ថានភាពនៃការភ័យខ្លាចនាំឱ្យភៀសព្រះកាយនេះ ក្នុងគ្រាដែលព្រះសង្ឃចូលរួមសកម្មភាពសង្គម ដែលធានាដោយរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា។
ព្រះសង្ឃដែលបានភៀសព្រះកាយបានឱ្យអាស៊ីសេរីដឹងថា ព្រះតេជព្រះគុណព្រួយបារម្ភពីសុវត្ថិភាព បន្ទាប់ពីបានឃើញអាជ្ញាធរនិងមន្ត្រីសង្ឃរាជធានីភ្នំពេញចាប់បញ្ជូនព្រះសង្ឃសមាជិកខ្មែរថាវរៈត្រឡប់ទៅខេត្តបាត់ដំបងវិញ ហើយព្រមានមិនឱ្យចូលរួមសកម្មភាពតស៊ូមតិទាមទារដោះលែងលោក រ៉ុង ឈុន។
ព្រះសង្ឃមួយអង្គដែលគង់នៅវត្តមួយក្នុងរាជធានីភ្នំពេញ ក្នុងចំណោមព្រះសង្ឃភៀសព្រះកាយ ៦អង្គ សុំលាក់ព្រះនាម ឱ្យដឹងនៅយប់ថ្ងៃទី៥ សីហា ថា ព្រះតេជព្រះគុណបានចូលរួមសកម្មភាពតវ៉ាទាមទារដោះលែងលោក រ៉ុង ឈុន ៣ថ្ងៃជាប់គ្នា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ សីហា ដោយព្រះអង្គជ្រាបពីតម្រុយនៃការធ្វើទុក្ខបុកម្នេញទៅលើព្រះសង្ឃ ទើបព្រះសង្ឃ៦អង្គ មិនហ៊ានចូលវត្ត និងគេចព្រះកាយផ្អាកចូលរួមការតវ៉ាមួយគ្រាសិន៖ «អាត្មានៅទីក្រុងភ្នំពេញគេតាមប្រមាញ់យើងវាពិបាក រឿងផ្លូវគេគូសឱ្យយើងដើរ វាពិបាកណាស់។ អាត្មាធ្វើសកម្មភាព ២ - ៣ថ្ងៃហ្នឹងវា ពិបាក អាជ្ញាធរគេមិនឱ្យយើងចូលរួម ហើយឃើញយុវជនគាត់តវ៉ាខ្លាំងក្លាណាស់។ យើងធ្វើមិនឈ្នះពួកអាជ្ញាធរគេ ឃាត់ឃាំងគេធ្វើទុក្ខបុកម្នេញតាមសកម្មភាពដែលមើលឃើញញោម ! ព្រះសង្ឃក៏មិនឱ្យយើងចូលរួមដល់យប់មិញទទួលគេចាប់គេអី ផ្ទុះសារាយទៅធ្វើឱ្យពួកអាត្មាភៀសព្រះកាយចេញពីវត្តនីមួយគ្រប់អង្គទៅ»។
ក្ដីបារម្ភនេះ បន្ទាប់ពីមន្ត្រីសង្ឃនិងអាជ្ញាធរបានបញ្ជូនព្រះសង្ឃឯករាជ្យ និងព្រះសង្ឃជាសមាជិកខ្មែរថាវរៈ៨អង្គ ត្រឡប់ទៅខេត្តបាត់ដំបងវិញ កាលពីរសៀលថ្ងៃទី៥ សីហា។ មន្ត្រីសង្ឃរាជធានីភ្នំពេញ បានឃាត់ព្រះកាយព្រះសង្ឃទាំង ៨អង្គនៅវត្តនួនមណីយរាម ហៅវត្តថាន់ ក្នុងខណ្ឌចំការមន នៅពេលព្រះអង្គកំពុងគង់នៅ ដើម្បីចូលរួមធ្វើបាតុកម្មជាមួយក្រុមយុវជនទាមទារឱ្យអាជ្ញាធរដោះលែងលោក រ៉ុង ឈុន នៅមុខសាលាដំបូងរាជធានីភ្នំពេញ។
ទាក់ទងនឹងដំណឹងពីការភៀសព្រះកាយនេះ ជំនួយការព្រះមេគុណរាជធានីភ្នំពេញព្រះតេជព្រះគុណ សំ អូន មានថេរដីកាថា ព្រះអង្គពុំបានដឹងថា ព្រះសង្ឃអង្គណាបាត់ព្រះកាយ ឬភៀសព្រះកាយនោះទេ។ ចំណែកព្រះសង្ឃទាំង៨អង្គ ត្រូវបានមន្ត្រីសង្ឃបញ្ជូនទៅខេត្តបាត់ដំបងវិញ ព្រោះតែព្រះសង្ឃទាំងនោះបានចាកចេញពីវត្តនៅក្នុងរដូវចូលព្រះវស្សា ប្រាសចាកធម៌វិន័យ។
ថ្វីបើអះអាងពីចំណាត់ការលើព្រះសង្ឃយ៉ាងនេះក្ដី ក្រុមយុវជនដែលទាមទារដោះលែងលោក រ៉ុង ឈុន ថ្កោលទោសចំពោះទង្វើរបស់អាជ្ញាធរនេះថា ជាការរឹតត្បិតសិទ្ធិសេរីភាពសម្ដែងមតិរបស់ព្រះសង្ឃដោយខុសច្បាប់។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការសិទ្ធិមនុស្ស លីកាដូ (Licadho) លោក អំ សំអាត មានប្រសាសន៍ថា លោកទទួលបានព័ត៌មានពីការភ័យព្រួយពីសុវត្ថិភាពរបស់ព្រះសង្ឃទាំងនោះដែរ។ លោកពន្យល់ថា សកម្មភាពណាមួយក្នុងរូបភាពរារាំងព្រះសង្ឃមិនឱ្យចូលរួមនេះ គឺជាការរំលោភសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ និងព្រះសង្ឃដែលបានធានាដោយរដ្ឋធម្មនុញ្ញនិងច្បាប់អន្តរជាតិ។ លោកបញ្ជាក់ថា រីឯការយកធម៌វិន័យមកដាក់គំនាបព្រះអង្គនេះទៀតសោត គ្រាន់តែជាហេតុផលមួយ ប៉ុន្តែមិនគួរឱ្យព្រះសង្ឃមានការភ័យខ្លាចបែបនេះឡើយ៖ «បញ្ហានេះគួរមានការសម្របសម្រួលណាមួយប្រកបដោយសន្តិវិធីទៅ ដើម្បីកុំឱ្យព្រះអង្គទាំងអស់មានអារម្មណ៍ភ័យខ្លាចឬក៏ភៀសព្រះកាយចេញព្រោះទាក់ទងផ្លូវច្បាប់មិនទាន់មានអីខុសនោះទេ។ ចង់ឱ្យមានការដោះស្រាយគ្នា ឬសម្របសម្រួលដើម្បីឱ្យដើរតាមពុទ្ធឱវាទទៅនិងគោរពព្រះសង្ឃក្នុងនាមសិទ្ធិពលរដ្ឋឱ្យរលូនទាំងផ្នែកពុទ្ធចក្រនោះ»។
ព្រះសង្ឃខ្មែរថាវរៈទាំង៨អង្គគង់នៅខេត្តបាត់ដំបង បាននិមន្តចូលធ្វើបាតុកម្មជាមួយក្រុមយុវជន និងពលរដ្ឋទាមទារឱ្យតុលាការដោះលែងប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន តាំងពីថ្ងៃទី១ ខែសីហា រហូតមក។ សមាជិកក្រុមខ្មែរថាវរៈ យុវតី ឈឿន ដារ៉ាវី ឱ្យដឹងថា ព្រះសង្ឃដែលបានភៀសព្រះកាយ និងមិនអាចទាក់ទងបានសរុប ៦អង្គ ក្នុងនោះមានព្រះនាម ស៊ឹម សុវណ្ណ ឌី និងព្រះតេជព្រះគុណ ប៊ូ បេត រួមទាំងព្រះសង្ឃ ៤អង្គផ្សេងទៀតដែលបាត់ព័ត៌មាន ភៀសព្រះកាយផ្អាកចូលរួមតវ៉ា ដើម្បីសុវត្ថិភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។