អ្នកឃ្លាំមើលសង្គមថា ភាគីថៃនឹងមិនចាត់ការ ឬធ្វើទុក្ខបុកម្នេញលើសកម្មជននយោបាយនៅលើទឹកដីថៃ តាមសំណើរបស់កម្ពុជានោះទេ។ ផ្ទុយទៅវិញ ការណ៍ដែលមន្ត្រីថៃសន្យាជាមួយភាគីកម្ពុជា គឺធ្វើគ្រាន់តែដើម្បីស្អំចិត្តកម្ពុជា ដែលម្ដងហើយម្ដងទៀត រត់ទៅពឹងថៃឲ្យចាត់ការពលរដ្ឋខ្មែរ។
អ្នកសិក្សា និងឃ្លាំមើលសង្គមមិនភ្ញាក់ផ្អើលនឹងមន្ត្រីរដ្ឋាភិបាលលោក ហ៊ុន សែន ដែលនៅចិញ្ចឹមចិត្តតាមធ្វើទុក្ខបុកម្នេញសកម្មជនបក្សប្រឆាំងរហូតដល់ទឹកដីថៃនោះទេ ព្រោះនេះជាអាចជាយុទ្ធសាស្ត្រ បន្លាច និងបង្អើលបែបវាយបណ្ដើរចរចាបណ្ដើរ។
អ្នកឃ្លាំមើលការអភិវឌ្ឍសង្គមបណ្ឌិត សេង សារី ថា សកម្មជននយោបាយខ្មែរ ដែលរត់ភៀសខ្លួនទៅប្រទេសថៃ តាមធម្មតាទទួលបានកិច្ចគាំពារពីស្ថាប័នសិទ្ធិមនុស្ស និងអង្គការសហប្រជាជាតិក្នុងឋានៈជាជនភៀសខ្លួនដោយសារការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ។ លោកបន្តថា បើភាគីថៃចង់ចាត់ការសកម្មជននយោបាយទាំងនេះ ក៏មិនងាយស្រួលនោះដែរ ព្រោះនីតិវិធីស្មុគស្មាញ ហើយភាគីថៃក៏មិនចង់រងសម្ពាធ ឬការរិះគន់ពីសហគមន៍អន្តរជាតិ រឿងសិទ្ធិជនភៀសខ្លួនផ្នែកនយោបាយនេះដែរ៖ «បើយើងមើលនីតិវិធីគឺវាពិបាក ដោយសារពួកយុវជនដែលសកម្ម នៅក្នុងការរិះគន់រដ្ឋាភិបាលបច្ចុប្បន្ន ដែលជាយុវជនគណបក្សសង្គ្រោះជាតិហ្នឹង គឺគាត់ជាពលរដ្ឋរបស់យូអិនទៅហើយ គាត់ជាជនភៀសខ្លួននយោបាយ។ ដូច្នេះរដ្ឋាភិបាលថៃ មុននឹងចាត់ការទៅលើពួកគាត់ហ្នឹង ក៏ត្រូវតែពិភាក្សាជាមួយយូអិនដែរ។ ពួកគាត់មានឋានៈជាពលរដ្ឋរបស់អង្គការសហប្រជាជាតិមិនមែនតែជាពលរដ្ឋកម្ពុជាតែមួយមុខទេ។ ខ្ញុំមើលទៅរបៀបក្នុងការឆ្លើយរបស់រដ្ឋាភិបាលថៃ ទៅរដ្ឋាភិបាលកម្ពុជានេះ គ្រាន់តែជាតិចនិកការទូតមួយ ដើម្បីធ្វើម៉េចឲ្យភាគីខាងកម្ពុជាហ្នឹងសប្បាយចិត្ត ស្អំចិត្តភាគីកម្ពុជាតែប៉ុណ្ណោះ។ ប៉ុន្តែជានីតិវិធីពិតប្រាកដ ខ្ញុំមើលទៅរដ្ឋាភិបាលថៃនឹងមិនចាត់ការរឿងហ្នឹងទេ»។
ប្រតិកម្មរបស់អ្នកឃ្លាំមើលសង្គមរូបនេះ ធ្វើឡើងក្រោយប្រព័ន្ធឃោសនារបស់លោក ហ៊ុន សែន បានចុះផ្សាយថា ក្រោយការសុំពឹងថៃជារឿយៗ ឲ្យចាត់ការពលរដ្ឋខ្មែរនៅលើទឹកដីថៃ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថៃ លោក សុមស័ក្តិ ទេពសុធិន (Somsak Tepsuthin) សន្យាថា រដ្ឋាភិបាលថៃនឹងពិនិត្យលទ្ធភាព និងចាត់វិធានការផ្លូវច្បាប់ឲ្យបានតឹងរ៉ឹងបំផុតលើក្រុមប្រឆាំងណាមួយ ដែលយកទឹកដីថៃ ដើម្បីធ្វើសកម្មភាពប្រឆាំង ឬជេរប្រមាថថ្នាក់ដឹកនាំខ្មែរ។
ដូចគ្នានេះដែរ យុវជនដែលជាសកម្មជនគណបក្សប្រឆាំង និងកំពុងភៀសខ្លួននៅប្រទេសថៃ និងសកម្មក្នុងការធ្វើនយោបាយ តាមបណ្ដាញសង្គម ថាសាររបស់ប្រព័ន្ធឃោសនាលោក ហ៊ុន សែន ដែលអះអាងអំពីការសន្យាការរបស់អាជ្ញាធរថៃលើសកម្មជនខ្មែរនេះ មិនមានឥទ្ធិពលអ្វី ឲ្យថៃចាត់ការនោះឡើយ ព្រោះពួកលោកគ្មានធ្វើអ្វីខុសច្បាប់ ដូចការចោទប្រកាន់របស់របបលោក ហ៊ុន សែន នោះដែរ។
យុវជនគណបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅនិរទេសខ្លួននៅប្រទេសថៃ លោក សេង ម៉េងប៊ុនរ៉ុង ថា សកម្មជននយោបាយបក្សប្រឆាំងអនុវត្តសិទ្ធិស្របច្បាប់របស់ខ្លួនក្នុងសកម្មភាពនយោបាយ ដែលការពារដោយរដ្ឋធម្មនុញ្ញកម្ពុជា និងច្បាប់អន្តរជាតិ។ លោកថា ការនិយាយការពិតអំពីបញ្ហាអសកម្មនៃរបបលោក ហ៊ុន សែន គឺជាការរិះគន់ក្នុងន័យឲ្យរបបនេះកែលម្អ ដើម្បីបានប្រយោជន៍ដល់សង្គមជាតិខ្មែរទាំងមូលគ្មានអ្វីដែលខុសច្បាប់ ឬត្រូវព្រួយបារម្ភនោះទេ។ លោកបន្ថែមថា ខាងភាគីថៃ ក៏គ្មានមូលដ្ឋានច្បាប់ណា មកធ្វើទុក្ខបុកម្នេញពលរដ្ឋ ដែលសម្ដែងមតិ និងនិយាយការពិតអំពីបញ្ហាសង្គមខ្មែរនោះដែរ៖ « ថៃកំពុងតែមានរឿងពាក់ព័ន្ធនឹងសិទ្ធិមនុស្សច្រើនណាស់។ បើគេយកពេលវេលាមកចង់ចាត់ការយើងទៀត ដែលយើងជាជនភៀសខ្លួននយោបាយនៅក្នុងប្រទេសថៃ ច្បាស់ណាស់គេនឹងធ្វើការស៊ើបអង្កេតសិន។ គេមិនមែនចេះតែធ្វើដោយចិត្តឯង ឬគេជឿរបបលោក ហ៊ុន សែន នោះទេ។ ដូច្នេះ គេមិនអាចធ្វើអ្វីភ្លាមៗ។ យ៉ាងណាក៏គេត្រូវតែធ្វើការស៊ើបអង្កេតជាមុនដែរ។ គេនឹងដឹងថា ពួកយើងធ្វើអ្វី។ ពួកយើងធ្វើការតស៊ូមតិ។ ពួកយើងធ្វើការដើម្បីលទ្ធិប្រជាធិបតេយ្យ»។
វិទ្យុអាស៊ីសេរីមិនទាន់អាចសុំការបញ្ជាក់ពីស្ថានទូតថៃ និងក្រសួងយុត្តិធម៌ថៃ ជុំវិញខ្លឹមសារដែលប្រព័ន្ធឃោសនារបស់លោក ហ៊ុន សែន អះអាងថា ជាសម្ដីរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថៃនេះ បាននៅឡើយទេ។
ទាំងរដ្ឋធម្មនុញ្ញកម្ពុជា និងច្បាប់អន្តរជាតិ ដែលកម្ពុជាបានចុះហត្ថលេខា សុទ្ធតែមានចែងអំពីសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋក្នុងការបញ្ចេញមតិ និងសេរីភាពក្នុងការធ្វើនយោបាយ ដោយគ្មានការរើសអើង និងធ្វើទុក្ខបុកម្នេញ។ រដ្ឋបរទេសមានកាតព្វកិច្ចផ្តល់កិច្ចការពារ និងសិទ្ធិជ្រកកោនផ្នែកនយោបាយដល់ជនភៀសខ្លួននយោបាយ ដែលគេចចេញពីការធ្វើទុក្ខបុកម្នេញរបស់រដ្ឋាភិបាលនៃប្រទេសសាមី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។