មន្ត្រី​ជាន់ខ្ពស់​បក្ស​កាន់អំណាច​ថ្លែង​ការពារ​​មុខមាត់​ពិត​របស់​លោក ហ៊ុន សែន

0:00 / 0:00

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​កាន់អំណាច បាន​ថ្លែង​ការពារ​មេដឹកនាំ​របប​ក្រុងភ្នំពេញ​ថា មេដឹកនាំ​របស់​ខ្លួន​មិន​មែនមាន​ចិត្តជា​ទេវទត្ត មាត់​ជា​ទេវតា ចំពោះ​ករណី​វិទ្យុ​អាស៊ីសេរី។ ក៏ប៉ុន្តែ​អ្នកវិភាគ​បាន​ចាត់ទុកថា របប​ក្រុងភ្នំពេញ​មិនបាន​គោរព​សេរីភាព​សារព័ត៌មាន​នៅឡើយ​ទេ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ថា ករណី​លោក ហ៊ុន សែន​បដិសេធ​មិន​ឆ្លើយតប​នឹង​សំនួរ​របស់​អាស៊ីសេរី ដោយសារ​លោក​ចោទ​ថា មកពី​ចរិត​អ្នកសារព័ត៌មាន​ខ្លះ​មិន​គួរ​អោយ​និយាយ​ចូល​ទេ។

នៅក្នុង​បទសម្ភាសន៍​អាស៊ីសេរី​តាម​ទូរស័ព្ទ​ជាមួយ​លោក ហ៊ុន សែន កាលពី​សប្ដាហ៍​មុន លោក ហ៊ុន សែន បាន​ចោទ​ប្រកាន់​ថា វិទ្យុ​អាស៊ីសេរី អាក្រក់​ពេក​រហូតដល់​លោក​មិន​និយាយ​រក៖ «ថា​ខ្ញុំ​មិន​ចង់​និយាយ​ទេ កុំ​សួរ​សំនួរ​ទាក់ទង​នឹង​នេះ​ពីព្រោះ​វា​អាក្រក់​ពេក​វិទ្យុ​លោក។ ប្រាប់​ហើយ​បើ​ថា លោក​ចង់​យក​ទៅ​ផ្សាយ យក​សំឡេង​ខ្ញុំ​ទៅ​ផ្សាយ​ទៅ ថា​វិទ្យុ​ហ្នឹង​អាក្រក់​ពេក​ដែល​ខ្ញុំ មិន​អាច​និយាយ​ជាមួយ។ គេ​និយាយ​ពី​លិច ឯង​និយាយ​ពី​កើត គេ​និយាយ​ពី​ស ឯង​និយាយ​ពី​ខ្មៅ​គិត​និយាយ​តែ​ពី​រឿង​នេះ។ មិន​ចាំបាច់​សួរ​ទេ ខ្ញុំ​មិន​ឆ្លើយ​ព័ត៌មាន​ឲ្យ​អស់លោក​ទេ ចាំ​ស្ដាប់​ពី​អ្នក​ដ៏​ទៃ​ទៅ»។

អាស៊ីសេរី​បាន​ព្យាយាម​សុំ​ការ​ពន្យល់​ពី​លោក ហ៊ុន សែន តាម​ទូរស័ព្ទ​ទាក់ទិន​នឹង​ការ​អនុញ្ញាត​អោយ​វិទ្យុ​នេះ​បើក​ការិយាល័យ​របស់​ខ្លួន​ឡើងវិញ ក៏ប៉ុន្តែ​លោក​បែរជា​ស្ដីបន្ទោស​ដល់​អ្នក​យកព័ត៌មាន​អាស៊ីសេរី​ដោយ​ប្រើ​ពាក្យ​ធ្ងន់ៗ​ទៅវិញ៖ «ឆ្កួត​ទេ បើ​គេ​ថា​មិន​ឆ្លើយ​ហើយ​ចាំ​និយាយ​អ្វី​ទៀត​ឥឡូវ​យក​ទៅ​ផ្សាយ​ទៅ​អា​សំឡេង​ហ្នឹង បើ​លោក​ឯង​ពូកែ យក​ទៅ​ផ្សាយ​ទៅ។ ដោយសារតែ​វា​ភ្លើ​អញ្ចឹង​ហើយ បាន​វា​ភ្លើ​ចុះ»។

លោក សុខ ឥសាន បាន​បញ្ជាក់​នៅ​ក្នុង​បណ្ដាញ​សង្គម​តេឡេក្រាម ថា​ការ​ដែល​លោក​ហ៊ុន សែន មិន​ឆ្លើយ​សំនួរ​វែងឆ្ងាយ​របស់​អ្នកសារព័ត៌មាន​វិទ្យុ​អាស៊ីសេរី មិនមែន​មានន័យថា មិន​ឲ្យ​វិទ្យុ​អាស៊ីសេរី​បើក​ឡើង​វិញ​ទេ បើ​ចង់​បើក​ឡើងវិញ​អោយ​គោរព​ច្បាប់​កម្ពុជា​ឲ្យ​បាន​ត្រឹមត្រូវ។

កាលពី​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៧ វិទ្យុ​អាស៊ីសេរី បាន​បង្ខំចិត្ត​បិទ​ការិយាល័យ​របស់​ខ្លួន​ក្នុង​ទីក្រុង ភ្នំពេញ ដោយសារតែ​ការ​ធ្វើទុក្ខបុកម្នេញ​ពី​របប​ក្រុងភ្នំពេញ។

អ្នកវិភាគ​ឯករាជ្យ លោក គឹម សុខ បាន​លើក​ឡើង​ថា ការ​បដិសេធ​មិន​ឆ្លើយ​នឹង​សំនួរ​ពី​ថ្នាក់ដឹកនាំ​របប​ក្រុងភ្នំពេញ ដោយសារតែ​របប​នេះ​មិន​គោរព​សិទ្ធិ​ទូលំទូលាយ​របស់​អ្នកសារព័ត៌មាន​ទេ។

លោក​បាន​បញ្ជាក់​ថា អ្នកសារព័ត៌មាន​ឯករាជ្យ​គឺជា​សត្រូវ​ដ៏​ធំ​បំផុត​នៃ​អ្នកដឹកនាំ​ផ្ដាច់ការ៖ «ពីព្រោះ​មេដឹកនាំ​ផ្ដាច់ការ​គេ​កាន់អំណាច​ដោយ​ការ​បិទ​ព័ត៌មាន ការ​បំភ័ន្ត​រាស្ត្រ​បន្លំ​ប្រជាជាតិ​ឯង។ អ្វី​ដែល​គេ​រក្សា​បាន​គឺ​អំណាច​នឹង​ប្រយោជន៍​នៃ​បុគ្គល របស់​គេ រឿង​ជាតិ​ទៅ​បែប​ណា ពលរដ្ឋ​វេទនា​ទៅ​បែប​ណា​គេ​អត់​អារម្មណ៍​ទេ»។

កាលពី​ថ្ងៃ​ទី​៣ ខែ​ធ្នូ ក្រសួងការបរទេស​កម្ពុជា នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ស្ដីពី​វិធានការ​នានា​ដើម្បី​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ និង​លំហ​នយោបាយ​បាន​អោយ​ដឹង​ថា វិទ្យុ​អាស៊ីសេរី បាន​ផ្ដួចផ្ដើម​បិទ​ការិយាល័យ​តំណាង​ដោយ​ខ្លួនឯង។ ដូច្នេះ​ស្ថានីយ​ទាំងពីរ​ក៏​មាន​សេរីភាព​បើក​ការិយាល័យ​របស់​ខ្លួន​ឡើងវិញ​នៅ​កម្ពុជា។

បើ​ទោះបី​ជា​មាន​សញ្ញា​វិជ្ជមាន​ពី​រដ្ឋាភិបាល​ក៏​ដោយ​ចុះ​ក៏​វិទ្យុ​អាស៊ីសេរី រួម​ទាំង​អតីត​បុគ្គលិក​អាស៊ីសេរី​នៅ​មិនទាន់​មាន​ស្ថានភាព​ល្អ ប្រសើរ​នៅឡើយ​ទេ។

អតីត​អ្នក​យក​ព័ត​មាន​វិទ្យុ​អាស៊ីសេរី​ពីរ​នាក់​គឺ​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ត្រូវ​បាន​របប​ក្រុងភ្នំពេញ​ចាប់​ឃុំ​អស់​រយៈពេល ២៨០​ថ្ងៃ។ ក្រោយ​មក​អ្នក​ទាំងពីរ​ត្រូវ​បាន​ដោះលែង​អោយ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន​តែ​ដាក់​អោយ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​របស់​តុលាការ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។