ប្រជាពលរដ្ឋមួយចំនួនរិះគន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានបង្ហោះសារដៀមដាម និងគំរាមចាប់ខ្លួនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកដែលចូលបញ្ចេញមតិរិះគន់លោកនោះថា ជាការគំរាមកំហែងបិទសិទ្ធិសេរីភាពរបស់ពលរដ្ឋ។ ប្រតិកម្មរបស់ពលរដ្ឋនេះ ធ្វើឡើងក្រោយពេលមេដឹកនាំរបបក្រុងភ្នំពេញ បានគំរាមចាត់វិធានការលើក្រុមអ្នកលែងហ្វេសប៊ុកមួយចំនួនដែលរិះគន់លោកជាបន្តបន្ទាប់។ មន្ត្រីសង្គមស៊ីវិលយល់ថា រដ្ឋាភិបាលធ្វើបែបនេះជាការដើរចាកកាន់តែឆ្ងាយពីគន្លងប្រជាធិបតេយ្យ។
ពលករខ្មែរធ្វើការនៅប្រទេសថៃ ចាត់ទុកសកម្មភាពរបស់លោក ហ៊ុន សែន ដែលបានបង្ហោះសារបំភិតបំភ័យនិងគំរាមចាប់ខ្លួនចំពោះអ្នកប្រើប្រាស់បណ្ដាលសង្គមហ្វេសប៊ុកនេះថា ជាការប្រើអំណាចផ្ដាច់ការ ដើម្បីកម្ទេចក្រុមអ្នកដែលមាននិន្នាការផ្ទុយពីរដ្ឋាភិបាល។
ពលករមានស្រុកកំណើតនៅខេត្តបាត់ដំបងលោក លឹម សុខា ប្រាប់វិទ្យុអាស៊ីសេរីនៅព្រឹកថ្ងៃទី១០ ខែតុលាថា លោកសោកស្ដាយដែលមានលោក ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីដឹកនាំប្រទេសកម្ពុជា ហើយបែរខឹងសម្បារពលរដ្ឋដែលបញ្ចេញមតិរិះគន់លោកទៅវិញ។ ពលករធ្វើការក្នុងផ្សារទំនើបនៅទីក្រុងបាងកករូបនេះ បន្តថា ឋានៈជានាយករដ្ឋមន្ត្រីគួរតែបើកចិត្តទូលាយហ៊ានទទួលយកការរិះគន់របស់ពលរដ្ឋគ្រប់មជ្ឈដ្ឋាន។ លោកចាត់ទុកសកម្មភាពរបស់មេដឹកនាំរបបឯកបក្សរូបនេះថា ជាការភ័យខ្លាចសំឡេងរិះគន់របស់ប្រជាពលរដ្ឋដែលមានមតិផ្ទុយពីរដ្ឋាភិបាល៖ «ទូទាំងពិភពលោកនេះអ្នកណាក៏អត់ចង់បានដែរ មេដឹកនាំរបៀបនេះ។ ដោយសារគាត់ខ្វះទំនួលខុសត្រូវ ហើយគាត់យកប្រជាពលរដ្ឋខ្លួនឯងធ្វើជាសត្រូវ មិនគិតថា គណបក្សប្រឆាំងឬជាប្រជាពលរដ្ឋធម្មតាដូចអ្នកមានទំនាស់ដីធ្លីអីចឹងគេនៅសុខៗយើងទៅរើរុះផ្ទះគាត់អីចឹង។ របបផ្ដាច់ការកូនចៅឬអ្នកនៅក្រោមឱវាទរបស់គាត់ហ្នឹងធ្វើដោយបង្ខំ ដូចយើងឃើញស្រាប់ហើយ ដីកាចេញបន្តបន្ទាប់ទាំងអយុត្តិធម៌»។
ដូចគ្នានេះដែរ ពលករមានស្រុកកំណើតនៅខេត្តព្រៃវែងលោក ឆន សុខឿន ថ្លែងថា ការដែលលោក ហ៊ុន សែន គំរាមអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកនេះជាទង្វើមិនល្អដល់សង្គមជាតិឡើយ ព្រោះមិនទទួលយកគំនិតរិះគន់ពីអ្នកដទៃ។ ពលករសំណង់ធ្វើការនៅទីក្រុងបាងកករូបនេះ យល់ថា សកម្មភាពរបស់មេដឹកនាំរបបឯកបក្សនេះជាការធ្វើដើម្បីរក្សាអំណាចរបស់លោកឱ្យបានយូរអង្វែង ដោយមិនគិតពីសេចក្ដីសុខរបស់ពលរដ្ឋនោះទេ៖ «បាទខ្ញុំខ្មាសគេណាស់ ហើយគួរសោកស្ដាយខ្លាំងនោះខ្លួនគាត់ ជានាយករដ្ឋមន្ត្រីហើយ គាត់មិនគិតគូរពីផលប្រយោជន៍ប្រជាពលរដ្ឋផលប្រយោជន៍ប្រទេសជាតិហើយ បែរទៅជាតាមគំរាមកំហែង តាមចាប់ពលរដ្ឋ បញ្ចេញមតិយោបល់តាមហ្វេសប៊ុកទៀតផង។ អានេះគឺខ្មាសណាស់ បើគេដឹងទៅគេនិយាយទៅខ្ញុំខ្មាសគេមែនទែន ក្នុងនាមគាត់ជានាយករដ្ឋមន្ត្រីហើយ គាត់ធ្វើបែបហ្នឹង គឺមិនសមថាជានាយករដ្ឋមន្ត្រីប្រទេសដែលគេហៅថា ប្រទេសអច្ឆរិយទេ»។
ប្រតិកម្មរបស់ប្រជាពលរដ្ឋទាំងនេះធ្វើឡើង បន្ទាប់ពីមួយរយៈនេះលោក ហ៊ុន សែន បានបង្ហោះសារតាមបណ្ដាញសង្គមគំរាមចាប់អ្នកលេងហ្វេសប៊ុកជាបន្តបន្ទាប់។ ឧទាហរណ៍កាលពីថ្មីៗនេះ លោក ហ៊ុន សែន បានគំរាមទៅម្ចាស់ហ្វេសប៊ុកឈ្មោះ ប៊ុន ឆាយសាន (Bunchhay san)ថា តាមចាប់ពួកក្បត់ជាតិត្រូវចូលកន្លែងទើបចាប់បាន។ ការគំរាមបែបនេះ ដោយសារតែម្ចាស់ហ្វេសប៊ុករូបនេះបានរិះគន់និងឌឺដងថា លោក ហ៊ុន សែន ចូលប្រជុំតាមបណ្ដាញសង្គមស៊ូម(Zoom)ជាមួយក្រុមក្បត់ជាតិមិនខ្លាចគេចោទថា ក្បត់ជាតិ ឬជាប់គុកទេឬ?។ ក្រោយមក កាលពីថ្ងៃទី៨ ខែតុលា លោក ហ៊ុន សែន ក៏បានសរសេរខំមិនត៍គំរាមចាប់ខ្លួនអ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ទៀតឈ្មោះក្រញូងព្រៃឡង់ ដោយថា ខិតខំរត់ចេញពីប្រទេសឱ្យលឿនបន្តិចក្មួយ។ សារគំរាមនេះ ក្រោយពេលម្ចាស់ហ្វេសប៊ុករូបនេះ បានសរសេរកំណាព្យមួយមានចំណងជើងថា ហ៊ុន សែន ក្បត់ជាតិ ដែលនៅក្នុងកំណាព្យនោះរិះគន់អំពីការបង្កើតច្បាប់ធ្វើមេដឹកនាំប្រទេសត្រូវមានសញ្ជាតិតែមួយ និងធ្វើទុក្ខបុកម្នេញពលរដ្ឋជាដើម។ មេដឹកនាំរបបក្រុងភ្នំពេញ ចាត់ទុកកំណាព្យនេះថា ពោពេញដោយហិង្សា។ បន្ថែមពីលើនេះ លោកហ៊ុន សែន បាន គំរាមហ្វេសប៊ុករូបនេះថា ខ្ញុំត្រូវតែប្ដូរផ្ដាច់បំបាត់ចោលទ្រឹស្ដីនឹងសកម្មភាពក្រុមជ្រុលនិយមឱ្យខាងតែបាន ទោះក្នុងតម្លៃណាក៏ដោយ។ កន្លងមក លោក ហ៊ុន សែន ក៏តែងតែ ព្រមានចាប់ខ្លួនអ្នកដែលហ៊ានចូលទៅបញ្ចេញមតិរិះគន់លោកនៅលើទំព័រហ្វេសប៊ុករបស់លោកជាច្រើននាក់ដែរ និងតែងបញ្ជាឲ្យមន្ត្រីរបស់លោក ស្រាវជ្រាវម្ចាស់គណនីហ្វេសប៊ុកទាំងនោះ មកបង្ហោះជាសាធារណៈ ទោះបីជាការបញ្ចេញមតិរិះគន់ទាំងនោះ ក្នុងន័យសាមញ្ញធម្មតាក៏ដោយ។
ទាក់ទងនឹងបញ្ហានេះ អ្នកនាំពាក្យគណបក្សកាន់អំណាចលោក សុខ ឥសាន ប្រាប់វិទ្យុអាស៊ីសេរីថា សារហ្វេសប៊ុកទាំងនោះ គឺពុំមែនជាការរិះគន់នោះទេ ប៉ុន្តែជាការចោទប្រកាន់លោកនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន ដោយគ្មានមូលហេតុ ដូច្នេះពួកគេត្រូវទទួលទោសតាមច្បាប់៖ «ហើយសម្ដេចលោកជាប្រមុខរដ្ឋាភិបាលមែន ក៏ប៉ុន្តែលោកជាមនុស្សដែរតើ ចេះឈឺចាប់ចេះខឹងដែរតើ។ ព្រះពុទ្ធលោកជាព្រះពុទ្ធក៏ប៉ុន្តែលោកក៏ជានៅមិនទាន់បានត្រាស់ដឹងអាហ្នឹងជាប្រថុជ្ជនដែរតើ ចេះខឹងដែរតើ។ តាជូរជក់យកកូនទៅវាយនឹងមុខអាហ្នឹង អត់ម៉េចបាន អត់បានទេ អាហ្នឹងត្រូវយល់»។
ទោះជាយ៉ាងណា ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក(Adhoc) លោក នី សុខា មានប្រសាសន៍ថា ប្រទេសប្រជាធិបតេយ្យ ការរិះគន់រដ្ឋាភិបាល ជាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋដោយស្របតាមរដ្ឋធម្មនុញ្ញ។ មន្ត្រីសង្គមស៊ីវិលរូបនេះ ចាត់ទុកការដែលលោក ហ៊ុន សែន បង្ហោះសារគំរាមអ្នកលេងហ្វេសបុកនេះ ថា ជាការដើរចាកឆ្ងាយពីគន្លងប្រជាធិបតេយ្យ៖ «នៅស្រុកគេដូចគ្នាអីចឹងដែរ ចំពោះរិះគន់ថ្នាក់ដឹកនាំប្រទេសគេនីមួយៗហ្នឹង។ ទី២ទៀតខ្ញុំគិតថា រឿងដែលបង្ហាញអំពីស្មារតីឬក៏បង្ហាញអំពីទស្សនៈនៃការចោទប្រកាន់គ្នាទៅវិញទៅមករវាងអ្នកណាក្បត់ជាតិអ្នកណាអីហ្នឹង គឺថាវាផ្ដើមចេញពីជម្លោះនយោបាយហ្នឹងឯង។ យើងដឹងហើយថា រយៈកាលកន្លងមកនេះមេដឹកនាំបក្សប្រឆាំងហ្នឹងក៏មិនរងការចោទប្រកាន់តិចដែរ រហូតទៅដល់មានការចោទប្រកាន់ទាំងផ្លូវតុលាការទៀតផង ដែលគេយល់ថា តុលាការមិនមានឯករាជ្យភាព តុលាការស្ថិតនៅក្រោមឥទ្ធិពលនៃអ្នកនយោបាយ »។
មកទល់ពេលនេះ អាជ្ញាធររបបក្រុងភ្នំពេញ បានចាប់ខ្លួនសកម្មជននយោបាយ សកម្មជនសង្គម និងសកម្មជនបរិស្ថានជិត៩០នាក់ហើយដាក់ក្នុងពន្ធនាគារ ដោយភាគច្រើនចោទប្រកាន់ពីបទញុះញង់ និងរួមគំនិតក្បត់។ ក្រៅពីនេះ មានសកម្មជនរាប់សិបនាក់ទៀត កំពុងភៀសខ្លួននៅក្រៅប្រទេសដើម្បីគេចចេញពីការចាប់ខ្លួនក្នុងសំណុំរឿងដូចគ្នានេះដែរ។
អ្នកឃ្លាំមើលបញ្ហាសង្គមចាត់ទុកការចាប់ខ្លួនសកម្មជនទាំងនេះថា ជាការបោសសំអាតអ្នកមាននិន្នាការផ្ទុយពីរដ្ឋាភិបាល ដែលជាឆ្អឹងទទឹងកដល់ការដឹកនាំរបស់របបឯកបក្ស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។