ប្រទេសអាស៊ានខ្លះដែលមានឥទ្ធិពលដូចជាឥណ្ឌូណេស៊ី (Indonesia) សិង្ហបុរី (Singapore) និងហ្វីលីពីន (Philippines) ជាដើមកំពុងព្រួយបារម្ភចំពោះការវាតទីនៃភូមិសាស្ត្រនយោបាយចិន ដែលចង់គ្របដណ្ដប់ឥទ្ធិពល និងក្រសោបយកសេដ្ឋកិច្ចនៅក្នុងតំបន់។
ទន្ទឹមនឹងការព្រួយបារម្ភនេះប្រទេសឥណ្ឌូណេស៊ីបានបង្កើនថវិកា ២០ភាគរយថែមទៀតលើវិស័យការពារជាតិសម្រាប់ឆ្នាំ២០២៤ ចំពេលដែលកំពុងមានបញ្ហាប្រឈមសន្តិសុខក្នុងតំបន់។
តើអាស៊ានសម្លឹងមើលកម្ពុជាដែលកំពុងមានទំនាក់ទំនងដ៏ស្អិតល្មួតជាមួយចិនឃើញយ៉ាងដូចម្ដេចនៅពេលដែលចិនកំពុងវាតទីភូមិសាស្ត្រនយោបាយនេះ។
អ្នកតាមដានភូមិសាស្ត្រនយោបាយយល់ឃើញថា កម្ពុជាកំពុងធ្វើឱ្យប្រទេសសមាជិកអាស៊ានខ្លះ ព្រួយបារម្ភដោយសារតែបង្កើនកិច្ចសហការយ៉ាងជិតស្និទ្ធស្ទើរគ្រប់វិស័យព្រមទាំងផ្នែកយោធាជាមួយប្រទេសចិនក្នុងពេលដែលប្រទេសអាស៊ានខ្លះទៀតត្រៀមខ្លួនទប់ទល់ និងការវាតទីភូមិសាស្ត្រនយោបាយរបស់ចិននេះ។
អ្នកតាមដានភូមិសាស្ត្រនយោបាយតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីប៉ាស៊ីហ្វិកលោក សេង វណ្ណលី មានប្រសាសន៍ថា ប្រទេសសមាជិកអាស៊ានខ្លះអាចនឹងមានការអាក់អន់ចិត្តផ្នែកទំនាក់ទំនងជាមួយកម្ពុជា ដោយមិនចំហនៅស្របពេលដែលចិនកំពុងតែមានបំណងវាតទីភូមិសាស្ត្រនយោបាយនៅក្នុងតំបន់ហើយកម្ពុជាបានបង្កើនទំនាក់ទំនងស្អិតល្មួតស្ទើរគ្រប់វិស័យរួមទាំងផ្នែកយោធាជាមួយប្រទេសចិននោះ។
លោក សេង វណ្ណលី៖ «នៅពេលដែលមានកិច្ចប្រជុំថ្នាក់តំបន់ជាពិសេសនៅក្នុងក្របខណ្ឌរបស់អាស៊ានយើងឃើញថា ប្រទេសធំៗនៅក្នុងអាស៊ានដូចជាសិង្ហបូរី ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីនជាដើមព្យាយាមរិះគន់និងបង្ហាញការព្រួយបារម្ភចំពោះនិន្នាការរបស់ប្រទេសមួយចំនួនក្នុងនោះមានកម្ពុជាដែរ។ វាមានការរិះគន់នៅក្នុងតំបន់ត្រង់កំរិតទ្វេភាគី ខ្ញុំគិតថា ប្រទេសនីមួយៗមិនហ៊ានជ្រៀតជ្រែកទៅលើការសំរេចចិត្តរបស់ប្រទេសនីមួយៗដែលជាសមាជិកនោះទេ»។
ប្រទេសឥណ្ឌូណេស៊ីគឺជាប្រទេសមួយក្នុងចំណោមសមាជិកអាស៊ានមួយចំនួនទៀតបានបង្កើនថវិកាជាតិ ២០ភាគរយថែមទៀតទៅលើវិស័យការពារជាតិឆ្នាំ២០២៤ ចំពេលដែលកំពុងមានបញ្ហាប្រឈមសន្តិសុខក្នុងតំបន់នេះ។
អ្នកស្រាវជ្រាវរបស់វិទ្យាស្ថានសន្តិសុខ និងសិក្សាយុទ្ធសាស្ត្រនៃប្រទេសឥណ្ឌូណេស៊ីលោក កៃរូល ហ្វាមិ (Khairul Fahmi) បានថ្លែងថា ឥណ្ឌូណេស៊ីត្រូវការជំហរការពារជាតិដ៏រឹងមាំមួយដើម្បីប្រមើលមើលការកើនឡើងនៃការគំរាមកំហែងក្នុងភូមិសាស្ត្រនយោបាយរបស់ចិនដែលកំពុងតែប្រែប្រួលនិងមានឥទ្ធិពលខ្លាំង។
លោក សេង វណ្ណលី មានប្រសាសន៍ទៀតថា នៅក្នុងពេលដែលឥណ្ឌូណេស៊ីកំពុងតែប្រឹងប្រែងរក្សាតំបន់ឱ្យមានស្ថិរភាពឯកម្ពុជាវិញបែរជាបង្កើនទំនាក់ទំនងកាន់តែច្រើនឡើងៗជាមួយនឹងចិននេះចង់មិនចង់ក៏អាចធ្វើឱ្យឥណ្ឌូណេស៊ីខកចិត្តខ្លះៗក្នុងទំនាក់ទំនងទ្វេភាគី។
លោក សេង វណ្ណលី៖ «ការបង្កើនសកម្មភាពក្នុងវិស័យយោធាជាមួយនឹងចិនក៏ជាបញ្ហាមួយដែលបង្កការព្រួយបារម្ភនៅក្នុងទំនាក់ទំនងទ្វេភាគីដែរ។នៅពេលដែលមានកិច្ចប្រជុំកំពូលម្ដងៗគឺមេដឹកនាំអាស៊ានតែងតែជំរុញប្រទេសជាសមាជិកធ្វើយ៉ាងណាឱ្យរក្សាអាស៊ានជាស្នូលធ្វើម៉េចកុំឱ្យបាក់បែកគ្នា បើទោះបីជាសមាជិកអាស៊ាននីមួយៗកសាងទំនាក់ទំនងជាមួយមហាអំណាចណាក៏ដោយ ក៏ប៉ុន្តែត្រូវតែរក្សាអាស៊ានជាស្នូល។ យើងឃើញមានការព្រួយបារម្ភអីចឹង ប៉ុន្តែខ្ញុំយល់ថាវា មិនអាចធ្វើឱ្យអាស៊ានឈានទៅដល់ការបាក់បែកទេ ដោយសារតែអាស៊ានផ្ដោតសំខាន់ទៅលើភាពឯកច្ឆន្ទ និងកុងសង់ស៊ីស»។
អ្នកវិភាគបានមើលឃើញថា បញ្ហាភូមិសាស្ត្រនយោបាយចិនកំពុងធ្វើឱ្យប្រទេសជាសមាជិកអាស៊ានទាំង១០បែកខ្ញែកគ្នា ដោយប្រទេសខ្លះងាកទៅរកសហរដ្ឋអាមេរិកដែលជាប្រទេសមហាអំណាចសេរី ដើម្បីការពារអធិបតេយ្យភាព និងស្ថិរភាពតំបន់ដូចជាហ្វីលីពីន និងវៀតណាម(Vietnam) និងប្រទេសខ្លះទៀតបានងាកទៅរកចិនដើម្បីផលប្រយោជន៍សេដ្ឋកិច្ចការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងមួយផ្នែកទៀតគឺដើម្បីការពារអំណាចផ្ដាច់ការរបស់ខ្លួនដូចជាកម្ពុជាឡាវ (Laos) និងមីយ៉ាន់ម៉ា (Myanmar)ជាដើម។
ទោះជាយ៉ាងណាអ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការសិក្សាស្រាវជ្រាវលោក សេក សុជាតិ យល់ឃើញថា បញ្ហាភូមិសាស្ត្រនយោបាយចិនពាក់ព័ន្ធជាមួយដែនសមុទ្រចិនភាគខាងត្បូងមិនសុទ្ធតែធ្វើឱ្យបណ្ដាសមាជិកអាស៊ានខ្លះ ដែលមិនគាំទ្រចិននោះ មានការប៉ះពាល់ទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជាឡើយ។
លោក សេក សុជាតិ យល់ថា ឃើញទៀតថា ពាក់ព័ន្ធនិងបញ្ហាវាតទីនៃភូមិសាស្ត្រនយោបាយចិនគឺជាការពិបាកដែលប្រទេសអាស៊ានត្រូវប្រឈមមុខហើយគេមិនទាន់ដឹងច្បាស់ថា តើអាស៊ានអាចរួមគ្នាដើម្បីសហគមន៍តែមួយវាសនាតែមួយដូចអ្វីដែលមានចែងនៅក្នុងធម្មនុញ្ញអាស៊ានដែរ ឬក៏យ៉ាងណា?។
លោក សេក សុជាតិ៖ «អ្វីដែលយើងឃើញភាពបរាជ័យរបស់អាស៊ាននៅក្នុងការសហការគ្នាជាសំឡេងតែមួយសហគមន៍តែមួយវាសនាតែមួយ ដើម្បីទប់ទល់នឹងឥទ្ធិពលចិននៅលើដែនសមុទ្រចិនភាគខាងត្បូងតែងតែទទួលបរាជ័យជាបន្តបន្ទាប់។ ដូច្នេះខ្ញុំគិតថា អាស៊ាននឹងមិនទាន់មានមតិជាឯកច្ឆន្ទតែមួយទេ ពាក់ព័ន្ធជាមួយនឹងបញ្ហាសមុទ្រចិនភាគខាងត្បូងនេះ»។
ចំណែកអ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយលោកបណ្ឌិត រ៉ូ វណ្ណៈ មើលឃើញថា ជាយូរមកហើយប្រទេសសមាជិកអាស៊ាន មិនដែលស្រុះស្រួលគ្នាជាធ្លុងមួយទេ ដោយសារតែប្រទេសសមាជិកអាស៊ានទាំងអស់បានផ្ដោតសំខាន់គិតតែពីផលប្រយោជន៍រៀងៗខ្លួនហើយគេធ្វើនយោបាយការបរទេសតាមការឆ្លាតវៃរៀងៗខ្លួន ដោយប្រទេសខ្លះបានងាកទៅសហការជាមួយអាមេរិកដើម្បីផលប្រយោជន៍សន្តិសុខ ការវិនិយោគ និងប្រទេសខ្លះទៀតបានងាកទៅរកចិនដើម្បីសេដ្ឋកិច្ច។
បណ្ឌិត រ៉ូ វណ្ណៈ៖ «ប៉ុន្តែយ៉ាងណាក៏ដោយនៅពេលអាស៊ានត្រូវបានហែកហួរត្រូវបានបំបែកដោយមហាអំណាចទាំងពីរ(ចិន-អាមេរិក)ប្រកួតប្រជែងគ្នានៅក្នុងសង្វៀនថ្មីហ្នឹងធ្វើឱ្យការមើលមុខគ្នា មិនចំរបស់សមាជិកអាស៊ាននឹងមាននៅក្នុងរបៀបវារៈភូមិសាស្ត្រនយោបាយក្នុងពេលនៃកិច្ចប្រជុំកំពូលអាស៊ាននៅពេលខាងមុខតទៅទៀត។ សម្រាប់ផលប្រយោជន៍នៃប្រទេសនីមួយៗគឺគេចាប់គូរៀងៗខ្លួនអ៊ីចឹងហើយ ដូច្នេះប្រទេសខ្លះចាប់អាមេរិក និងប្រទេសខ្លះទៀតចាប់យកចិនដើម្បីផលប្រយោជន៍របស់ប្រទេសគេ»។
ជុំវិញការយល់ឃើញទាំងអស់នេះ វិទ្យុអាស៊ីសេរី មិនអាចសុំការអធិប្បាយពីប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា និងអ្នកនាំពាក្យក្រសួងការបរទេសលោក អាន សុខខឿន បាននៅឡើយនៅថ្ងៃទី៦ ខែធ្នូ។ ចំណែករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេសនិងសហប្រតិបត្តិការអន្តរជាតិលោក តាន់ ហ្សង់ហ្វ្រង់ស័រ ក៏វិទ្យុអាស៊ីសេរីមិនអាចទាក់ទងបានដែរនៅថ្ងៃដដែលនេះ ដោយទូរស័ព្ទចូលប៉ុន្តែគ្មានអ្នកទទួល
យ៉ាងណាក៏ដោយអ្នកវិភាគនៅតែមើលឃើញថា ក្នុងពេលដែលបណ្ដាប្រទេសសមាជិកអាស៊ានកំពុងបែកបាក់ ហើយប្រសិនបើកម្ពុជាបន្តមានទំនាក់ទំនងជិតស្និទ្ធជាមួយចិនគ្រប់វិស័យ រួមទាំងវិស័យយោធាថែមទៀត ប្រការនេះគឺវាកាន់តែបង្កើនឱ្យមានការព្រួយបារម្ភចំពោះអសន្តិសុខដល់បណ្ដាប្រទេសខ្លះដែលនៅជិតខាងកម្ពុជាមានប្រទេសថៃ និងវៀតណាមជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។