ថ្នាក់​ដឹកនាំ​បក្ស​ដែល​ជួប​ជាមួយ​លោក ហ៊ុន សែន នឹង​បាន​តំណែង​ជាទី​ប្រឹក្សា​រដ្ឋាភិបាល

នៅ​ថ្ងៃ​អង្គារ ទី២១ សីហា នេះ មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន បើក​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ជាមួយ​គណបក្ស​នយោបាយ​ដែល​បាន​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ដែល​គេ​ចាត់ទុកថា ក្លែងក្លាយ​កាលពី​ថ្ងៃទី២៩ កក្កដា។ លោក ហ៊ុន សែន បាន​ប្រាប់​ទៅ​គណបក្ស​ទាំងនោះ​ថា ការ​បោះឆ្នោត​បាន​កន្លង​ផុត​ទៅ​ហើយ ដូច្នេះ​បញ្ហា​នេះ​ត្រូវ​ទុក​មួយអន្លើ ដោយ​គណបក្ស​ទាំងអស់​ត្រូវ​ចូលរួម​កសាង​ជាតិ​ជាមួយគ្នា។ ថ្នាក់ដឹកនាំ​នៃ​គណបក្ស​ទាំងនោះ​ក៏​នឹង​ទទួល​បាន​ងារ​ជា​ឯកឧត្ដម និង​ទទួល​បាន​តួនាទី​ផង​ដែរ។ អ្នកវិភាគ​យល់ថា ឧត្ដមក្រុមប្រឹក្សា​នេះ​គ្មាន​ភាព​ចាំបាច់​ឡើយ ព្រោះ​របប​លោក ហ៊ុន សែន មាន​ក្រសួង និង​ស្ថាប័ន​សេនាធិការ​ជាច្រើន​រួចទៅ​ហើយ គ្រាន់តែ​ត្រូវ​ពង្រឹង​ប្រសិទ្ធភាព​ការងារ​ស្ថាប័ន​ទាំងនោះ​ប៉ុណ្ណោះ។

មន្ត្រី​នាំ​ពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន អះអាង​ថា លោក ហ៊ុន សែន បាន​លើក​ជា​គំនិត​បង្កើត "ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់" ដែល​មាន​សមាសភាព​ពី​គណបក្ស​នយោបាយ​ដែល​បាន​ចូលរួម​ក្នុង​ការ​បោះឆ្នោត ដោយ​ឈរ​លើ​គោលការណ៍​ស្ម័គ្រចិត្ត។ លោក​ថា គណបក្ស​ទាំងអស់​ដែល​បាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​បាន​ឆ្លើយតប​ភ្លាមៗ​ថា ពួកគេ​គាំទ្រ និង​ស្ម័គ្រចិត្ត​ចូលរួម​ក្នុង​ឧត្ដមក្រុមប្រឹក្សា​នេះ លើកលែងតែ​ប្រធាន​គណបក្ស​សាធារណរដ្ឋ លោក លន់ ឫទ្ធិ កូនប្រុស​លោក​សេនាប្រមុខ លន់ នល់ ប៉ុណ្ណោះ ដែល​សុំ​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​សមាជិក​របស់​លោក​ជា​មុន​សិន។ លោក​ថា ថ្នាក់ដឹកនាំ​នៃ​គណបក្ស​ទាំងនោះ​នឹង​ត្រូវ​ទទួល​បាន​តំណែង​បន្ថែម​ជា​ទី​ប្រឹក្សា​រដ្ឋាភិបាល ដើម្បី​ងាយស្រួល​ចុះ​ធ្វើ​សកម្មភាព​នយោបាយ​សម្រាប់​គណបក្ស​របស់​ពួកគេ​នៅ​ថ្នាក់​មូលដ្ឋាន៖ «សម្ដេច​លើកឡើង​បន្ថែម​ទៀត​ថា ប្រធាន​គណបក្ស​ទាំងនោះ​ទទួល​បាន​ងារ​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល ដោយមាន​លទ្ធភាព​ចុះទៅ​មូលដ្ឋាន​ជួប​អ្នកគាំទ្រ​ដោយ​គ្មាន​ឧបសគ្គ»។

គណបក្ស​ដែល​បាន​ចូលរួម​ប្រជុំ​ជាមួយ​លោក ហ៊ុន សែន មាន​ចំនួន ១៦​គណបក្ស ដោយឡែក​គណបក្ស ៤​ផ្សេងទៀត មិន​ចូលរួម​ឡើយ រួមមាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គណបក្ស​សម្ពន្ធ​ដើម្បី​ប្រជាធិបតេយ្យ គណបក្ស​ខ្មែរ​ឈប់​ក្រ និង​គណបក្ស​មាតុភូមិ​យើង។

លោក ផៃ ស៊ីផាន អះអាង​ថា គណបក្ស​ដែល​មិនបាន​ចូលរួម​ក្នុង​វេទិកា​ជាមួយ​លោក ហ៊ុន សែន នេះ នៅតែ​អាច​ចូលរួម​ក្នុង​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​បាន​ដដែល ព្រោះ​ការ​ចូលរួម​ឈរ​លើ​គោលការណ៍​ស្ម័គ្រចិត្ត និង​ការ​យល់ព្រម​ពី​លោក ហ៊ុន សែន។

អ្នកវិភាគ​នយោបាយ លោក ហង្ស វិទូ យល់ថា របប​លោក ហ៊ុន សែន មាន​ក្រសួង ស្ថាប័ន និង​សេនាធិការ​ចំណុះ​ជាច្រើន​រួច​ទៅ​ហើយ ដូច្នេះ​ការ​បង្កើត​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​នេះ មិនមែន​ជា​ការចាំបាច់​ឡើយ រឿង​សំខាន់​គឺ​ត្រូវ​ពង្រឹង​ការអនុវត្ត​ការងារ និង​ភារកិច្ច​របស់​ស្ថាប័ន​ទាំងនោះ​ទៅវិញ​ទេ។ លោក​ថា ការ​បង្កើត​ស្ថាប័ន​នេះ គ្រាន់តែ​ជា​ការ​លួងលោម​ចិត្ត និង​ជា​ការ​បង្វែរ​ដាន​ពី​ការបោះឆ្នោត​បែប​បង្គ្រប់​កិច្ច​កាលពី​ចុងខែ​មុន​ប៉ុណ្ណោះ៖ «ខ្ញុំ​មើល​ទៅ​ហាក់បីដូចជា​រូបភាព​មួយ​ដែល​លួងលោម​វិញ វាយ​ក្មេង​ឱ្យ​យំ​ហើយ លួង​ឱ្យ​ស្ករ​គ្រាប់ ២ - ៣ គ្រាប់​ទៅ។ បើ​គាត់​ជា​ក្មេង​មែន គាត់​ប្រាកដជា​សុខចិត្ត​ហើយ តែ​បើ​គាត់​មាន​ភាព​ចាស់ទុំ​មែន គាត់​នឹង​យល់​ថា នេះ​គ្រាន់តែ​ស្ករ​គ្រាប់​លួង​គាត់​ប៉ុណ្ណោះ។ បើ​គាត់​មាន​ឧត្ដមគតិ ឬ​មនសិការ​ច្បាស់លាស់ គឺ​គាត់​មិន​ទទួល​យក​ស្ករ​គ្រាប់ ២ - ៣ គ្រាប់​នោះ​ទេ»។

អ្នកវិភាគ​វ័យក្មេង​រូប​នេះ បន្ត​ថា គណបក្ស​ទាំងនោះ​គួរតែ​ចូលរួម​ជាមួយ​គណបក្ស​កាន់អំណាច​តែម្តង​ទៅ ប្រសិនបើ​ពួកគេ​ទទួលយក​តួនាទី​ជា​ទីប្រឹក្សា​របប​ថ្មី​លោក ហ៊ុន សែន នោះ ព្រោះ​លោក​ជឿ​ថា តួនាទី​នោះ​នឹង​មិន​អាច​ធ្វើ​អ្វី​បាន​ច្រើន​សម្រាប់​ប្រយោជន៍​ជាតិ​ឡើយ៖ «ខ្ញុំ​គិត​ថា នេះ​ជា​ការ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​រួច​ទៅ​ហើយ អ៊ីចឹង​បក្ស​ដែល​យើង​បង្កើត​មក​មានន័យ​អ្វី​ ? បើ​ធ្វើ​បែប​នេះ មាន​ន័យ​ដូចជា​យើង ដើរ​តាម​មាគ៌ា​របស់​គណបក្ស​ប្រជាជន​រួច​ទៅ​ហើយ អញ្ចឹង​បក្ស​របស់​យើង​បង្កើត​មក​ដើម្បី​អ្វី ? ជាង ១០ គណបក្ស​នោះ ទៅ​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​តែម្តង​ទៅ វា​ស្រួល​ជាង មិនបាច់​បង្កើត​គណបក្ស​នាំ​តែ​អស់​លុយ​ច្រើន ហើយ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​វិលមុខ​ឈឺក្បាល​ធ្វើ​អ្វី​ទេ»។

លោក​សង្កត់ធ្ងន់​ថា ឯកភាព​ជាតិ និង​ការ​រួបរួម​ជាតិ​ពិតប្រាកដ គឺ​ការ​ជជែក​គ្នា​ជាមួយ​គណបក្ស​សង្គ្រោះជាតិ​ឯណោះ​ទៅវិញ​ទេ ព្រោះ​គណបក្ស​នេះ តំណាង​ឆន្ទៈ​ពលរដ្ឋ​ប្រមាណ​កន្លះ​ប្រទេស តាមរយៈ​អាសនៈ​សភា​ចំនួន​៥៥ ដែល​កើត​ចេញ​ពី​ការបោះឆ្នោត​ឆ្នាំ២០១៣ និង​អាសនៈ​ឃុំ​សង្កាត់​ជាង ៥​ពាន់​អាសនៈ ដែល​កើត​ចេញ​ពី​ការ​បោះឆ្នោត ឆ្នាំ២០១៧៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។