ពលរដ្ឋ​មួយ​ចំនួន​ស្នើ​លោក​ ហ៊ុន សែន ឱ្យ​ចុះ​ចេញ​ពី​តំណែង​​ដោយសារ​គ្មាន​សមត្ថភាព​ជួយ​ពលរដ្ឋ​ក្នុង​គ្រាអាសន្ន

ដោយ ទីន ហ្សាការីយ៉ា
2021.05.05
ពលរដ្ឋ​មួយ​ចំនួន​ស្នើ​លោក​ ហ៊ុន សែន ឱ្យ​ចុះ​ចេញ​ពី​តំណែង​​ដោយសារ​គ្មាន​សមត្ថភាព​ជួយ​ពលរដ្ឋ​ក្នុង​គ្រាអាសន្ន (ខាងឆ្វេង) ពលររដ្ឋ​នៅ​ក្នុង​សង្កាត់​ស្ទឹង​មានជ័យ នាំ​គ្នា​ចេញ​មក​ដង្ហោយ​រក​ជំនួយ​ស្បៀង​អាហារ នៅ​ថ្ងៃ​ទី៣០ ខែមេសា ឆ្នាំ២០២១ បន្ទាប់​ពី​អាជ្ញាធរ​បិទ​ខ្ទប់​ពួក​គាត់ ដើម្បី​បង្ការការ​ឆ្លង​ជំងឺ​កូវីដ១៩ ហើយ​ដាច់​ស្បៀង និង​ (ស្ដាំ) លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន
រូប៖ ពលរដ្ឋផ្ដល់ឱ្យ និង​ហ្វេសប៊ុកលោក ហ៊ុន សែន

ប្រជាពលរដ្ឋ​មួយ​ចំនួន​ស្នើ​ឱ្យ​មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ​ ចុះ​ចេញ​ពី​តំណែង​ឱ្យ​បាន​ឆាប់ ដើម្បី​កុំ​ឱ្យ​អន្តរាយ​ដល់​ប្រទេស​ជាតិ​កាន់​តែ​ធ្ងន់ធ្ងរ នៅ​ពេល​ខាង​មុខ។ ការ​លើក​របស់​ពលរដ្ឋ​នេះ គឺ​បន្ទាប់​ពី​ពួក​គាត់​មាន​ជីវភាព​លំបាក​ខ្លាំង និង​អត់​ឃ្លាន​ដោយ​សារ​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ ហើយ​លោក​ហ៊ុន​ សែន មិន​បាន​ជួយ​ដោះ​ស្រាយ​ទុក្ខ​លំបាក​របស់​ពួក​គាត់​ក្នុង​គ្រា​មាន​អាសន្ន​នេះ​នៅ​ឡើយ​ទេ។

ក្រុម​ប្រជាពលរដ្ឋ ដែល​កំពុង​មាន​ជីវភាព​តោកយ៉ាក​ទាំង​នោះ​លើក​ឡើង​ថា ទុក្ខ​លំបាក​របស់​ពួកគាត់​សព្វ​ថ្ងៃ​នេះ​កើត​ឡើង​ដោយសារ​​តែ​មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ​ខ្វះ​ការ​យក​ចិត្ត​ទុក​ដាក់​​និង​គ្មាន​សមត្ថភាព​ដឹក​នាំ​ប្រទេស ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​ពលរដ្ឋ​ក្នុង​គ្រា​មាន​អាសន្ន។

ពលរដ្ឋ​ម្នាក់​នៅ​តំបន់​បិទ​ខ្ទប់​ក្នុង​រាជធានី​ភ្នំពេញ​ ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ព្រឹក​ថ្ងៃ​ទី​៥​ ឧសភា​ថា ​មូលហេតុ​ដែល​គាត់​ទាមទារ​ឱ្យ​លោក​ ហ៊ុន សែន​ ចុះ​ចេញ​ពី​តំណែង​​ដោយ​សារ​​មិន​ពេញ​ចិត្ត​​មេ​ដឹក​នាំ​ឯក​បក្ស​ដែល​និយាយ​បាន​តែ​មាត់​ឱ្យ​ល្អ​ស្ដាប់ ប៉ុន្តែ​មិន​បាន​ដោះស្រាយ​ទុក្ខ​លំបាក​របស់​ពលរដ្ឋ​ ជា​ពិសេស មិន​បាន​ផ្ដល់​ស្បៀង​អាហារ​គ្រប់គ្រាន់​ជូន​ពួក​គាត់ ដែល​កំពុង​អត់​ឃ្លាន​នោះ​ឡើយ៖ «បន្ទប់​ជួល​គេ​មិន​ចុះ​ឱ្យ​យើង​ទេ​ ថ្លៃ​ទឹក​ថ្លៃ​ភ្លើង​ ហើយ​ក្រដាស​ភ្លើង​ចេញ​មក​សុទ្ធតែ​គុណ​នឹង២។ អីចឹង​វា​អយុត្តិធម៌​បំផុត​ហើយ​សម្រាប់​ប្រជាពលរដ្ឋ​ទាំង​អស់​នៅ​តំបន់​បិទ​ខ្ទប់​ហ្នឹង ឈឺ​ចាប់​មែនទែន។ ស្រែក​ដង្ហោយ​ហៅ​សុំ​ជំនួយ ខ្លះ ៣សប្ដាហ៍ ហើយ​នៅ​ជិត​ខ្ញុំ​ហ្នឹង គ្នា​មិន​ទាន់​មាន​អី​បន្តិច​ទេ។ បញ្ហា​ហ្នឹង គឺ​បង្ហាញ​ចេញ​ច្បាស់​ហ្មង មិន​ចាប់​គាត់​លាក់បាំង​អី​ទេ​ គ្មាន​ពលរដ្ឋ​ណា ដែល​មាន​ហូប​ចុក ហើយ​ទៅ​ស្រែក​តវ៉ា​ទេ មនុស្ស​បើ​មាន​ហូប​គ្រប់​គ្រាន់ ចង់​បិទ​ប៉ុន្មាន​ថ្ងៃ ក៏​មិន​ខ្វល់​ដែរ ដល់​អ៊ីចឹង​ខ្ញុំ​ទទួល​យក​មិន​បាន​ទេ»

ដូច​គ្នា​នេះ​ដែរ ក្រុម​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​កំពង់ចាម​វិញ អះអាង​ថា ពួកគាត់​កំពុង​ខ្វះខាត​ស្បៀងអាហារ​ដោយសារ​អត់​ការ​ងារ​ធ្វើ​បណ្ដាល​មក​ពី​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ ហើយ​ពុំ​មាន​អាជ្ញាធរ​ណា​ជួយ​ដល់​ពួកគាត់​នៅ​ឡើយ​ទេ។ ម្ចាស់​សំឡេង​ឆ្នោត​ទាំង​នេះ​​ទាមទារ​ឱ្យ​​លោក​ ហ៊ុន សែន ​ចុះ​ចេញ​ពី​តំណែង​ ដើម្បី​បើក​ផ្លូវ​ឱ្យ​មេ​ដឹក​នាំ​ថ្មី​​ដែល​សមត្ថភាព​​មក​ដឹក​នាំ​ជំនួស​លោក​វិញ​។ ​ពួកគាត់​យល់​ថា ការ​ធ្វើ​បែប​នេះ​ នឹង​អាច​ជួយ​សង្គ្រោះ​ដល់​អាយុជីវិត​របស់​ពលរដ្ឋ​​​ និង​សង្គម​ជាតិ​​ឱ្យ​រួច​ផុត​ពី​​គ្រោះ​អាសន្ន៖ «ធម្មតា​យើង​ជា​ម៉ែ​ជា​ឪ យើង​មិន​បាច់​ប្រៀបធៀប​អី​ទេ មេ​គ្រួសារ​មួយ ក៏​ត្រូវ​ការ​ទទួល​ខុស​ត្រូវ​មើល​កូន​ចៅ​ដែរ​ ការ​ហូប​ចុក​រស់​សុខាភិបាល​ឱ្យ​សមរម្យ​មក​ កូន​ចៅ​ឈឺ​យក​ទៅ​ពេទ្យ។ អ៊ីចឹង​ហើយ​ពេល​វេលា​នេះ​គាត់​ល្មម​លាលែង​ទៅ។ គាត់​បិទ​ខ្ទប់​ឱ្យ​នៅ​តែ​ក្នុង​ផ្ទះ​ ហើយ​គ្មាន​ចំណូល​ ហើយ​ក៏​គ្មាន​ជំនួយ​ទៀត។ ដល់​ពេល​អ៊ីចឹង គឺ​​ទៅ​មិន​រួច​ទេ ហើយ​បើ​សិន​ជា​នៅ​តែ​បិទ​ខ្ទប់​ទៀត​ ខ្ញុំ​គិត​ថា ដាក់​គ្រាប់​បេ​មួយ​ភូមិ​មួយ​គ្រាប់​តែ​ម្ដង​ទៅ​ ចង់​និយាយ​ថា​ រស់​នៅ​វា​ពិបាក​ជាង​ស្លាប់​ទៅ​ទៀត​»

កាល​ពី​ពេល​ថ្មីៗ នេះ ពលរដ្ឋ​នៅ​ខណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេញ​ជាង ១០០នាក់ បាន​នាំ​គ្នា​​តវ៉ា​ទាមទារ​ឱ្យ​អាជ្ញាធរ​ដោះ​ស្រាយ​ស្បៀង​អាហារ​ជូន​ដល់​ពួក​គាត់។ ក្រៅ​ពី​នោះ​មាន​ពលរដ្ឋ​​ជា​ច្រើន​នាក់​នៅ​តំបន់​ផ្សេង​ទៀត មាន​ជា​អាទិ៍​នៅ​ខេត្ត​ព្រះសីហនុ​ និង​ក្រុង​ប៉ោយប៉ែត​ជា​ដើម បាន​ត្អូញត្អែរ​ដាច់​ស្បៀង​អាហារ​​ដោយសារ​អាជ្ញាធរ​បិទ​ខ្ទប់​បណ្ដាល​មក​ពី​ការ​រាលដាល​ជំងឺ​កូវីដ១៩។ ទាក់ទង​នឹង​បញ្ហា​នេះ​ អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​ លោក​ សុខ ឥសាន ប្រាប់​អាស៊ី​សេរី​ថា ក្នុង​ពេល​វិបត្តិ​ជំងឺ​កូវីដ១៩ នេះ រដ្ឋាភិបាល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា បាន​យក​ចិត្ត​ទុក​ដាក់​ពី​ទុក្ខ​លំបាក​របស់​ពលរដ្ឋ។ លោក​បញ្ជាក់​ថា អាជ្ញាធរ​ចាប់​ពី​ថ្នាក់​ជាតិ​រហូត​ដល់​មូលដ្ឋាន​បាន​ចុះ​ចែក​ស្បៀង​អាហារ ​ដើម្បី​ជួយ​សង្គ្រោះ​ដល់​ពលរដ្ឋ​រង​គ្រោះ​ដោយសារ​វិបត្តិ​ជំងឺ​កូវីដ។ លោក​ចាត់​ទុក​ថា ក្រុម​អ្នក​តវ៉ា និង​ពលរដ្ឋ​ដែល​ទាមទារ​ឱ្យ​លោក​ហ៊ុន សែន ចុះ​ចេញ​ពី​តំណែង​នេះ​ថា ជា​ក្រុម​​បក្ស​ប្រឆាំង៖ «អ៊ីចឹង​វា​ផ្ទុយ​ពី​ការ​ពិត​ជាក់​ស្ដែង ការ​ដោះ​ស្រាយ​ការ​លំបាក​របស់​ពលរដ្ឋ​ក្នុង​ពេល​កូវីដ១៩ ហ្នឹង គឺ​វា​មិន​ល្អ​ឥត​ខ្ចោះ​ទេ ក៏​ប៉ុន្តែ​ប្រជាជន​កម្ពុជា​លោក​មើល​ឃើញ​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល ហើយ​លោក​ទទួល​បាន​ផល​នៃ​ការ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ហ្នឹង​ហើយ។ ដូច្នេះ​ហើយ​គ្មាន​អ្នក​ណា​អ្នក​សម្រេច​ជំនួស​ប្រជាជន​កម្ពុជា​ដែល​ទទួល​ផល​នេះ​ទេ»

ការ​លើក​ឡើង​របស់​មន្ត្រី​ជាន់​ខ្ពស់​របប​ក្រុង​ភ្នំពេញ​នេះ ត្រូវ​បាន​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​អ្នក​វិភាគ​នយោបាយ ចាត់​ទុក​ថា ជា​លេស​ខ្វះ​ការ​ទទួល​ខុស​ត្រូវ ចំពោះ​ពលរដ្ឋ​ក្នុង​គ្រា​មាន​អាសន្ន។

ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ លោក អាឡិចហាន់ដ្រូ ហ្កាន់សាឡេស ដេវីដសុន (Alejandro Gonzales Davidson) យល់​ថា ការ​ដែល​របប​ឯក​បក្ស​មិន​បាន​ដោះ​ស្រាយ​បញ្ហា​អត់​ឃ្លាន និង​ទុក្ខ​លំបាក​របស់​ពលរដ្ឋ ស​បញ្ជាក់​ថា លោក ហ៊ុន សែន គ្មាន​សមត្ថភាព​ដឹក​នាំ​ប្រទេស​យ៉ាង​ពិត​ប្រាកដ។ លោក​ជឿ​ថា ប្រជាពលរដ្ឋ​ខ្មែរ​ជាង​កន្លះ​នគរ​​​​​​មិន​ពេញ​ចិត្ត​នឹង​ភាព​អសកម្ម​របស់​រដ្ឋាភិបាល​នោះ​ទេ ប៉ុន្តែ​ពួកគាត់​ភាគ​ច្រើន​មិន​ហ៊ាន​បញ្ចេញ​មតិ​ដោយសារ​ខ្លាច គ្មាន​សុវត្ថិភាព៖ «ខ្ញុំ​ថា វា​ជា​រឿង​ត្រឹម​ត្រូវ​ហើយ​ក៏​ជា​ការ​សមស្រប​នឹង​កាល​ទេស​ដែរ​ ហើយ​ក៏​ជា​រឿង​ធម្មតា​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ។ បើ​អ្នក​កាន់​អំណាច​មិន​អាច​ដោះ​ស្រាយ​បញ្ហា​ធ្ងន់ធ្ងរ​ណា​មួយ​កើត​ឡើង គឺ​ប្រជាជន​បញ្ចេញ​មតិ​តវ៉ា​តាម​ផ្លូវ ដើម្បី​ជំរុញ​ឱ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ថ្នាក់​ដឹក​នាំ។ ខ្ញុំ​សង្កេត​ឃើញ​ថា ប៉ុន្មាន​ខែ​ទៅ​មុខ​ទៀត នឹង​មាន​សម្ពាធ​ពី​ប្រជាជន​ទាមទារ​ឱ្យ​គាត់​ចុះ​ចេញ​ពី​តំណែង​កាន់​តែ​ច្រើន​ទៅ»

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights watch ធ្លាប់​បាន​ចេញ​របាយការណ៍​ថា លោក ហ៊ុន សែន ជា​មេ​ដឹក​នាំ​ផ្ដាច់ការ ដែល​បាន​ឡើង​កាន់​អំណាច តាម​រយៈ​វៀតណាម​លើក​បន្តុប​ក្នុង​ទស្សវត្សរ៍១៩៨០ មក។ លោក​បាន​ជាប់​ការ​បោះ​ឆ្នោត ធ្វើ​ជា​នាយក​រដ្ឋមន្រ្តី​តាម​រយៈ​ការ​កេង​បន្លំ​សន្លឹក​ឆ្នោត និង​សម្លុត​គំរាម​កំហែង ហើយ​គ្មាន​នរណា​អាច​ឈ្នះ​ការ​បោះ​ឆ្នោត​ដែល​មាន​លក្ខណៈ​មិន​សេរី និង​មិន​យុត្តិធម៌។ នាយក​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ លោក ប៊្រែដ អាដាមស៍ (Brad Adam) មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​ឆ្អែតឆ្អន់​នៅ​ពេល​ឮ​សំឡេង​លោក ហ៊ុន សែន ហើយ​ពួក​គេ​ក៏​ឆ្អែតឆ្អន់​នៅ​ពេល​ឃើញ​មុខ លោក ហ៊ុន សែន ដែរ។

លោក ហ៊ុន សែន ជា​អ្នក​នយោបាយ​ម្នាក់​ដែល​មាន​ឥទ្ធិពល​ខ្លាំងក្លា គ្រប​ដណ្ដប់​ពេញ​ទី​លើ​ឆាក​នយោបាយ​អស់​រយៈ​ពេល​ជិត ៤០ឆ្នាំ​មក​នេះ។ ស្ទើរ​គ្រប់​រឿងរ៉ាវ​តែ​ទាំង​អស់ លោក ហ៊ុន សែន ជា​អ្នក​សម្រេច​លើ​ជោគ​វាសនា​ប្រទេស​កម្ពុជា តែ​ម្នាក់​ឯង។ លោក​ជា​អ្នក​សម្រេច​លើ​កិច្ចការ​សំខាន់ៗ ទាំង​អស់។ មនុស្ស​ជាច្រើន​មើល​ឃើញ​យ៉ាង​នេះ។ លោក ហ៊ុន សែន ត្រួតត្រា​គ្រប​សង្កត់​លើ​គណបក្ស​ប្រជាជន​កម្ពុជា រហូត​ដល់​ចំណុច​មួយ​ដែល​គ្មាន​នរណា​ហ៊ាន​ហើប​មាត់​ប្រកែក នូវ​អ្វី​ដែល​លោក​និយាយ​ចេញ​មក​ទេ។ លោក​ត្រួតត្រា​លើ​តុលាការ លើ​យោធា និង​ប៉ូលិស។ ដូច្នេះ លោក​ជា​មនុស្ស​សំខាន់ មាន​ឥទ្ធិពល​ប៉ះពាល់ ដល់​ជីវិត​របស់​ពលរដ្ឋ​ទាំង​មូល​ក្នុង​ប្រទេស។

ចំណែក​អ្នក​វិភាគ​នយោបាយ​ដែល​កំពុង​ភៀស​ខ្លួន​នៅ​ប្រទេស​ហ្វាំងឡង់ (Finland) លោក​ គឹម សុខ​ វិញ លោក​មាន​ប្រសាសន៍​ថា ការ​ឧបត្ថម្ភ​ស្បៀង​បន្តិចបន្តួច​របស់​រដ្ឋាភិបាល​អំឡុង​ពេល​នេះ គឺ​ជា​ការ​ធ្វើ​ប្រជាភិថុតិ ដើម្បី​កេង​ចំណេញ​នយោបាយ​ពី​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ។ លោក​បញ្ជាក់​ថា កាតព្វកិច្ច​របស់​រដ្ឋាភិបាល​ត្រូវ​ដោះ​ស្រាយ​បញ្ហា​ថ្លៃ​ទឹក​ភ្លើង ថ្លៃ​ផ្ទះ​ជួល ពន្យារ​ពេល​បង់​ប្រាក់​ធនាគារ និង​ផ្ដល់​ស្បៀង​អាហារ​ដល់​ជូន​ដល់​ពលរដ្ឋ​គ្រប់​គ្នា។ បន្ថែម​ពី​នេះ​រដ្ឋាភិបាល ត្រូវ​មាន​ផែនការ​ស្ដារ​សេដ្ឋកិច្ច​ឡើង​វិញ ក្រោយ​ពេល​បញ្ចប់​វិបត្តិ​ជំងឺ​កូវីដ១៩។ លោក​ជឿ​ថា ប្រសិន​បើ​របប​ឯក​បក្ស​នៅ​តែ​ធ្វើ​សកម្មជន​ដូច​បច្ចុប្បន្ន នោះ​នឹង​ពលរដ្ឋ​មាន​ជីវភាព​កាន់​តែ​ដុនដាប ហើយ​ពួក​គាត់​អាច​នឹង​នាំ​គ្នា​តវ៉ា​បណ្ដេញ​លោក ហ៊ុន សែន ចុះ​ចេញ​ពី​តំណែង​ជា​មិន​ខាន។

ទោះ​ជា​យ៉ាង​ណា លោក ហ៊ុន សែន ដែល​កាន់​អំណាច​ជិត ៤០ឆ្នាំ​មក​ហើយ​នោះ ធ្លាប់​បាន​ប្រកាស​រួច​ហើយ​ថា លោក​នឹង​មិន​ចុះ​ចេញ​ពី​តំណែង​ឡើយ។ លោក​ថា លោក​នឹង​កាន់​អំណាច​រហូត​ដល់​ពេល​លោក​មាន​អារម្មណ៍​ថា ធុញ​ទ្រាន់ ទើប​គិតគូរ​ផ្ទេរ​អំណាច​ទៅ​ឱ្យ​អ្នក​ផ្សេង៕



កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។