ពលរដ្ឋ​មួយ​ចំនួន​កាន់តែ​ផ្ទុះ​កំហឹង​រឿង​អាជ្ញាធរ​ចាប់​សកម្មជន​នយោបាយ និង​​សង្គម​ដាក់គុកបន្តបន្ទាប់

ប្រជាពលរដ្ឋ​មួយ​ចំនួន​ផ្ទុះ​កំហឹង​កាន់តែ​ខ្លាំង​ដោយសារ​មិន​ពេញចិត្ត​រឿង​អាជ្ញាធរ​ចាប់​សកម្មជន​នយោបាយ និង​សកម្មជន​សង្គម​ដាក់​ពន្ធនាគារ​ជា​បន្តបន្ទាប់។ ពួកគាត់ ចាត់​ទុក​ការ​ចាប់ខ្លួន​នេះ ថា ជា​រឿង​អយុត្តិធម៌ ធ្វើ​បាប​ប្រជាពលរដ្ឋ​ស្លូតត្រង់ ដើម្បី​បំបិទមាត់ កុំ​ឱ្យ​ពួកគាត់​រិះគន់​រដ្ឋាភិបាល។

សកម្មជន​ការពារ​ព្រៃឈើ​ម្នាក់​នៅ​ខេត្ត​ក្រចេះ លោក ហេង ស្រស់ ថ្លែង​នៅ​ថ្ងៃ​ទី​៩ សីហា ថា លោក​ឈឺចាប់​យ៉ាង​ខ្លាំង​នៅ​ពេល​ឃើញ​អាជ្ញាធរ​ចាប់​លោក រ៉ុង ឈុន និង ក្រុម​អ្នក​តវ៉ា​គាំទ្រ​គាត់​ដាក់គុក​ដោយ​អយុត្តិធម៌​ប្រមាណ ២​សប្ដាហ៍ កន្លង​មក​នេះ។ លោក​បន្ថែម​ថា ការ​ចាប់ខ្លួន​នេះ​មិនបាន​ផល​ចំណេញ​អ្វី​ដល់​ជាតិ​ឡើយ ផ្ទុយទៅវិញ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​កាន់តែ​ឈឺចាប់ ព្រោះ​បាត់បង់​សិទ្ធិ​សេរីភាព​សម្ដែង​មតិ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដោះស្រាយ​ពី​ទុក្ខ​កង្វល់​របស់​ពួកគាត់៖ «នេះ​ជា​ការ​គំរាមកំហែង​ដល់​សកម្មជន​ដទៃ​ទៀត ដែល​គាត់​ធ្វើការ​ពាក់ព័ន្ធ​រឿង​ព្រំដែន​រឿង​បរិស្ថាន​សកម្មជន​ធ្វើការ​ផ្នែក​ដីធ្លី និង​អ្នកធ្វើការ​ជាមួយ​កម្មករ វា​ជា​ការ​គំរាមកំហែង​ដល់​សកម្មជន​ទាំងនោះ»។

ចំណែក​ក្រុម​ប្រជាពលរដ្ឋ​នៅ​ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​ព្រៃវែង​វិញ ប្រាប់​អាស៊ីសេរី​ថា លោក រ៉ុង ឈុន និង​មនុស្ស​មួយ​ចំនួន​ទៀត ដែល​អាជ្ញាធរ​ចាប់ខ្លួន​ថ្មីៗ​នេះ ជា​មនុស្ស​ស្លូតត្រង់ មិន​បាន​ប្រព្រឹត្ត​អ្វី​ខុស​ច្បាប់​ទេ ដូច្នេះ​តុលាការ​ត្រូវតែ​ដោះលែង​ពួកគាត់​ជាបន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ។ ក្រុម​ពលរដ្ឋ​ទាំងនេះ បញ្ជាក់​ទៀត​ថា អ្នក​តាមដាន​ស្ថានការណ៍​នៅ​ក្នុង​ប្រទេស តែងតែ​ប្រជុំ​គ្នា​រិះគន់​រដ្ឋាភិបាល​ចំពោះ​ការ​ចាប់ខ្លួន​ពលរដ្ឋ​នេះ​នៅ​តាម​តុ​កាហ្វេ។ ពួកគាត់​ព្រួយបារម្ភ​ថា ប្រសិនបើ​អាជ្ញាធរ​នៅតែ​បន្ត​ចាប់​មនុស្ស​ដោយ​អយុត្តធម៌​បែបនេះ​ទៀត នោះ​ពលរដ្ឋ​អាច​នឹង​តវ៉ា​បណ្ដេញ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ចុះ​ចេញពី​តំណែង​នៅ​ពេល​ខាងមុខ៖ «ព្រោះ​វា​ជួប​បញ្ហា​ច្រើន​រាល់ថ្ងៃ​គាត់​អត់​អាច​ផ្ទុះ​ដូច​បូស ប៉ុន្តែ​រាល់​ថ្ងៃ​នេះ ឃើញ​ហេតុការណ៍​ចំឡែកៗ​ដូចជា​អត់​ការងារ​ធ្វើ​និង​ជំពាក់​បំណុល​ធនាគារ​ក៏​ច្រើន​ដែរ។ អីចឹង​បញ្ហា​ហ្នឹង​ធ្វើ​ឱ្យ​គាត់​នៅ​មិន​បាន។ ខ្ញុំ​សង្ឃឹម​ថា ថ្ងៃ​ណាមួយ​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា​នឹង​ក្រោក​ឈរ​ឡើង​ដើម្បី​ទម្លាក់​លោក ហ៊ុន សែន ចេញពី​តំណាង។ ព្រោះថា​របប​ដឹកនាំ​សព្វថ្ងៃ​ផ្ដាច់ការ និង​តិរច្ឆាន​បំផុត​គឺ​គ្មាន​ភាព​យុត្តិធម៌​សម្រាប់​រាស្ត្រ​មានតែ​ការ​ធ្វើ​បាប​ជិះជាន់ ដូច​ជា​ការ​ប្លន់​ដីធ្លី និយាយ​រួម​សព្វបែបយ៉ាង។ ដូច្នេះ​ត្រូវតែ​ក្រោក​ឈរ​ឡើង​ដើម្បី​ការពារ​ប្រទេស​យើង កុំ​ឱ្យ​បាត់បង់​ដោយសារ​ស្នាដៃ​របស់​លោក ហ៊ុន សែន»។

ទាក់ទង​នឹង​បញ្ហា​នេះ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន មានប្រសាសន៍ថា ការ​ចាប់ខ្លួន​លោក រ៉ុង ឈុន គឺជា​រឿង​ត្រឹមត្រូវ ដោយសារតែ​លោក​និយាយ​ផ្ដេសផ្ដាស​ខុស​ពី​ការពិត​ដែល​អាច​ធ្វើ​ឱ្យ​រដ្ឋាភិបាល​មាន​ជម្លោះ​ជាមួយ​ប្រទេស​ជិតខាង៖ «គាត់​ចង់​ថា មហា​វីរបុរស​ក៏បាន​គាត់​ចង់​ថា​មហាជាតិ​អី ព្រះឥន្ទ​របស់​គាត់​ក៏បាន វា​ស៊ីសង​តែ​គាត់​យល់​ទេ។ ក៏ប៉ុន្តែ​វា​មិន​ស្ថិត​លើ​គាត់​យល់​មួយ​ក្ដាប់​តូច​ហ្នឹង វា​លើ​ប្រជាជន​កម្ពុជា​ទូទាំង​ប្រទេស»។

ផ្ទុយ​ពី​ការ​លើកឡើង​របស់​អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច​នេះ ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក នី សុខា កត់សំគាល់​ថា ការ​ចាប់​លោក រ៉ុង ឈុន សកម្មជន​នយោបាយ និង​សកម្មជន​សង្គម​បន្តបន្ទាប់​មកនេះ គឺជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​សម្ដែង​មតិ​របស់​ប្រជាពលរដ្ឋ​។​លោក​នៅតែ​មើល​ឃើញ​ថា សកម្មភាព​របស់​ពល​រដ្ឋ​ទាំងនោះ​មិន​បាន​ប្រព្រឹត្ត​ខុសច្បាប់​អ្វី​ឡើយ៖ «ដូច្នេះ​យើង​មើល​ឃើញ​ថា សកម្មភាព​ដែល​ពួកគាត់​បាន​ចូល​ទៅ​តាមដាន​សកម្មភាព​អំពី​បញ្ហា​ព្រះសង្ឃ បញ្ហា​អី​នៅ​យប់​មុន​នេះ គឺថា​មិន​មាន​អ្វី​ដែល​ជា​អំពើ​ល្មើសច្បាប់​ទេ។ ដូច្នេះ​មិន​ដឹង​ថា តើ​អាជ្ញាធរ​លោក​យក​គោលការណ៍ ឬក៏​ច្បាប់​ណា​ដើម្បី​ឃាត់​ខ្លួន​អ្នក​ដែល​ចូល​តាមដាន​រឿង​អីចឹង​ទេ​ខ្ញុំ​អត់​យល់​ដែរ»។

ចាប់​តាំង​ពី​ដើមខែ​សីហា​មក​យ៉ាងហោចណាស់​មាន​មនុស្ស​ចំនួន ៤​នាក់​ហើយ ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន ដាក់​ពន្ធនាគារ​ព្រៃស ដោយសារ​ពួកគាត់​ចូលរួម​តវ៉ា​ឱ្យ​តុលាការ​ដោះលែង​ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា លោក រ៉ុង ឈុន ប៉ុន្តែ​ក្នុង​នោះ​ស្ត្រី​មាន​ផ្ទៃពោះ ៣​ខែ​ម្នាក់ គឺ​លោកស្រី សុវណ្ណា ត្រូវ​បាន​អាជ្ញាធរ​ដោះលែង​វិញ កាលពី​ថ្ងៃ​ទី​៦ សីហា បន្ទាប់​ឃុំខ្លួន​លោកស្រី​សួរចម្លើយ​អស់ ២​យប់ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ចំការមន និង​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ។ ពួកគេ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ញុះញង់​បង្ក​អសន្តិសុខ​នៅ​ក្នុង​សង្គម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។