ប្រជាពលរដ្ឋមួយចំនួននាំគ្នាទៅធ្វើអត្តសញ្ញាណប័ណ្ណតាមឃុំសង្កាត់ ដើម្បីត្រៀមឯកសារយកទៅចុះឈ្មោះបោះឆ្នោតនៅពេលខាងមុខ ។ សង្គមស៊ីវិលយល់ឃើញថា ការធ្វើអត្តសញ្ញាណប័ណ្ណត្រៀមចុះឈ្មោះបោះឆ្នោត ជារឿងល្អ ព្រោះពលរដ្ឋគួរប្រើប្រាស់សិទ្ធិរបស់ពួកគាត់ក្នុងការជ្រើសរើសតំណាងតាមរយះបោះឆ្នោតនាពេលខាងមុខ ។
ប្រជាពលរដ្ឋនៅតាមមូលដ្ឋានភូមិឃុំ សប្បាយចិត្តចំពោះមន្ត្រីនគរបាលអត្តសញ្ញាណកម្ម ដែលបានចុះធ្វើអត្តសញ្ញាណប័ណ្ណពលរដ្ឋដល់ឃុំដោយគ្មានការបង់ប្រាក់ ដើម្បីពួកគាត់មានឯកសារគ្រប់គ្រាន់ត្រៀមទៅបោះឆ្នោតជាតិនៅឆ្នាំ២០២៣ខាងមុខ ។ ពួកគាត់លើកឡើងនេះ ក្រោយមន្ត្រីអត្តសញ្ញាណកម្មបើកយុទ្ធនាការចុះធ្វើអត្តសញ្ញាណប័ណ្ណដល់ប្រជាពលរដ្ឋដល់ឃុំសង្កាត់នៅទូទាំងប្រទេស ។
ប្រជាពលរដ្ឋរស់នៅស្រុកសំឡូត លោក ម៉ៅ រិទ្ធី ប្រាប់វិទ្យុអាស៊ីសេរីថ្ងៃ៩ សីហា ថា លោកសប្បាយចិត្តដែលក្រុមការងារអត្តសញ្ញាណកម្មចុះធ្វើអត្តសញ្ញាណប័ណ្ណដល់ឃុំ គឺផ្តល់ភាពងាយស្រួលក្នុងការមកធ្វើអត្តសញ្ញាណប័ណ្ណ ។ លោក ម៉ៅ រិទ្ធី បន្តថា លោកទើបគ្រប់អាយុ ១៨ ឆ្នាំ ហើយទើបបានធ្វើអត្តសញ្ញាណប័ណ្ណ ដើម្បីយកទៅចុះឈ្មោះ បោះឆ្នោតនៅពេលឆាប់ៗខាងមុខ ។ លោកបញ្ជាក់ថា អត្តសញ្ញាណប័ណ្ណមានអត្ថប្រយោជន៍ច្រើន ព្រោះអាចបញ្ជាក់ពីអត្តសញ្ញាណខ្លួន ពេលធ្វើដំណើរទៅណា ឬពេលជួបគ្រោះថ្នាក់ណាមួយកើតឡើង៖ «ត្រូវការធ្វើអ្វីមួយ ដូចប្លង់ផ្ទះ ប្លង់ដីអ៊ីចឹង ត្រូវការអាហ្នឹង ( អត្តសញ្ញាណប័ណ្ណ ) វាស្រូល ដូចយើងគ្រោះថ្នាក់ចរាចរអ៊ីចឹង គេអាចសម្គាល់យើងដឹងថា នៅណា កន្លែងណាអ៊ីចឹង ។ ជិតដល់បោះឆ្នោតហើយអ៊ីចឹងយើងធ្វើសម្រាប់បោះឆ្នោតអី ។ វាធ្វើជិតផ្ទះអ៊ីចឹងស្រួល មិនបាច់ហត់ទៅឆ្ងាយអ៊ីចឹង»។
ចំណែកប្រជាពលរដ្ឋម្នាក់ទៀតរស់ស្រុកសំឡូត លោកស្រី ជៀវ ស្រីមុំ ថ្លែងថា ផ្ទះលោកស្រី ឆ្ងាយពីសាលាស្រុក ដូច្នេះនៅពេលដែលសមត្ថកិច្ច ចុះមកធ្វើដល់ឃុំ គឺងាយស្រួលសម្រាប់លោកស្រី ។ លោកស្រី បន្តថា អត្តសញ្ញាណប័ណ្ណមានសារៈសំខាន់ណាស់ សម្រាប់ការរស់នៅប្រចាំថ្ងៃ និងអាចដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃ ។ លោកស្រីបន្ថែមថា អត្តសញ្ញាណប័ណ្ណរបស់លោកស្រី អស់សុពលភាព ទើបតម្រូវឱ្យធ្វើថ្មី ដើម្បីត្រៀមឯកសារទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅឆ្នាំ២០២៣៖ «វាមានផលប្រយោជន៍ដូចថា យើងចេញដំណើរដើរទៅណាអ៊ីចឹងវាស្រួល ។ ហៃយើងចង់យកអ្វី ដូចថាយើងខ្វះខាតជាមុខរបរចំការស្រែយើងអ៊ីចឹងៗ យើងយកដាក់ធនាគារ ។ យើងចេញដំណើរទៅណាអ៊ីចឹងយើងដាក់តាមខ្លួនវាស្រួល ។ យើងដាក់តាមហៅប៉ៅ តាមអីចឹង ទៅកន្លែងណាមួយអ៊ីចឹងគេសុំមើល យើងហុចឱ្យគេមើល វាស្រួលជាងអត្រានុកូលដ្ឋានយើងវាធំ»។
ពាក់ព័ន្ធយុទ្ធនាការចុះធ្វើអត្តសញ្ញាណប័ណ្ណដោយផ្ទាល់ជូនដល់ប្រជាពលរដ្ឋនេះ នាយរងផ្នែកទទួលបន្ទុកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ស្រុកសំឡូត លោក ព្រំ ណុប ប្រាប់វិទ្យុអាស៊ីសេរីថា ការផ្តល់អត្តសញ្ញាណនៅតាមឃុំក្នុងស្រុកសំឡូត គឺមានបញ្ហាប្រឈមមួយចំនួន ដោយប្រជាពលរដ្ឋនៅឆ្ងាយៗពុំសូវទទួលបានព័ត៌មានទាក់ទងយុទ្ធនាការចុះធ្វើអត្តសញ្ញាណប័ណ្ណ ។ លោកបន្តថា ពលរដ្ឋមួយចំនួនពុំមានឯកសារគ្រប់គ្រាន់ដើម្បីអត្តសញ្ញាណប័ណ្ណនោះទេ ដូចជាខ្វះ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងឯកសារបញ្ជាក់កំណើតជាដើម៖ «ប្រជាពលរដ្ឋខ្លួនឯងក៏គាត់ មានការយល់ដឹងចំពោះការធ្វើអត្តសញ្ញាណប័ណ្ណហ្នឹង នៅមានកម្រិត ទាល់តែចាំបាច់ប្រើប្រាស់ទើបគាត់មកធ្វើ ។ បើថាមិនទាន់ចាំបាច់ទាន់ប្រើប្រាស់ទេ ប្រជាពលរដ្ឋក៏គាត់អត់ធ្វើដែរ ។ អ៊ីចឹងអាហ្នឹងលំបាកដែរទោះក្រុមការងារចុះហ្នឹងចុះមកផ្តល់ដល់មូលដ្ឋានមុខផ្ទះគាត់ជាដើម ។ បាទសម្រាប់ប្រជាពលរដ្ឋដែលត្រូវផ្តល់អត្តសញ្ញាណប័ណ្ណជួនហ្នឹង ពលរដ្ឋគាត់គ្រប់អាយុ១៥ឆ្នាំ មានន័យថាគាត់គ្រប់១៥ឆ្នាំពេញ អ៊ីចឹងចាប់ផ្តើមផ្តល់ជូនបានហើយ ។ ហើយក៏ដូចជាប្រជាពលរដ្ឋគាត់គ្រប់យូរហើយ ចាត់ទុកថានៅសេសសល់ អ៊ីចឹងក៏ត្រូវផ្តល់ជូនគាត់ដែរ ។ មួយវិញទៀតផ្តល់ជូនអ្នកទុតិយតា មានន័យថា គាត់ធ្លាប់ប្រើអត្តសញ្ញាណប័ណ្ណគំរូថ្មីហ្នឹងហើយ ប៉ុន្តែគាត់ត្រូវផុតកំណត់ក្នុងឆ្នាំ ២០២២ ហ្នឹង មុនអស់សុពលភាព ៩០ថ្ងៃក៏ក្រុមការងារត្រូវផ្តល់ថ្មីជូនគាត់ដែរ»។
ជុំវិញរឿងនេះ អ្នកសម្របសម្រួលផ្នែកឃ្លាំមើលការរំលោភសិទ្ធិមនុស្សប្រចាំខេត្តបាត់ដំបង លោក អ៊ិន គង់ជិត លើកឡើងថា ឯកសារអត្តសញ្ញាណប័ណ្ណខ្មែរមានសារៈសំខាន់ និងពលរដ្ឋត្រូវធ្វើការដាក់តាមខ្លួន ដើម្បីសំគាល់ពីអត្តសញ្ញាណខ្លួន និងជាឯកសាររដ្ឋបាលក្នុងការចុះឈ្មោះបោះឆ្នោត និងបោះឆ្នោតរបស់ពលរដ្ឋគ្រប់រូប ។ លោកបន្តថា អាជ្ញាធរគួរតែផ្សព្វផ្សាយ និងបង្ខិតសេវាសាធារណៈឱ្យជិតប្រជាពលរដ្ឋ និងផ្តល់ភាពងាយស្រួលដល់ពលរដ្ឋ ។ លោក អ៊ិន គង់ជិត យល់ថា នាំគ្នាទៅ ធ្វើអត្តសញ្ញាណប័ណ្ណ ព្រោះកន្លងមកពលរដ្ឋចង់ប្រើប្រាស់សិទ្ធិក្នុងការជ្រើសរើសគណបក្សនយោបាយតាមរយះការបោះឆ្នោតមានការលំបាក ព្រោះត្រូវទៅធ្វើឯកសារឆ្ងាយ៖ «ការបង្ខិតសេវាសាធារណៈ ទៅដល់តំបន់ជនបទ ដែលឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ។ ព្រោះអីប្រជាពលរដ្ឋយើងទាំងអស់គ្នា ដែលអត់ទាន់មានអត្តសញ្ញាណប័ណ្ណប្រើប្រាស់ ឬក៏មានហើយផុតសុពលភាព ឬក៏បាត់អត្តសញ្ញាណប័ណ្ណ ត្រូវតែរួសរាន់មកធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មីហ្នឹង ឱ្យបានគ្រប់ៗគ្នា ព្រោះមានសារសំខាន់ក្នុងការប្រើប្រាស់ ជាឯកសារផ្សេងៗ ដូចជាធ្វើប៉ាស្ព័រ (passport) ឬក៏បង្ហាញអត្តសញ្ញាណរបស់ខ្លួនទៅកាន់អាជ្ញាធររដ្ឋបាល ឬក៏សម្រាប់ជាឯកសារក្នុងការចូលរួមបោះឆ្នោត»។
ប្រជាពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិល អំពាវនាវដល់អាជ្ញាធរ និងក្រសួងស្ថាប័នពាក់ព័ន្ធ ពន្លឿនការធ្វើ និងចែកអត្តសញ្ញាណប័ណ្ណដែលធ្វើរួចដល់ពលរដ្ឋឱ្យបានឆាប់ ដើម្បីងាយស្រួលដល់ពលរដ្ឋប្រើប្រាស់ការចុះឈ្មោះបោះឆ្នោត ។ គណៈកម្មការជាតិរៀបចំការបោះឆ្នោត កំណត់ការត្រៀមរៀបចំការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតចាប់ពីថ្ងៃទី១០ សីហា រហូតដល់ថ្ងៃ ៣ តុលា ឆ្នាំ ២០២២ ហើយការបោះឆ្នោតតំណាងរាស្ត្រ និងប្រព្រឹត្តទៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។