គណបក្ស​នយោបាយ​មួយ​ចំនួន​ត្រៀម​​បេក្ខជន​​រួច​រាល់ ដើម្បី​​ចុះ​បញ្ជី​ឈរ​ឈ្មោះ​​បោះឆ្នោតជ្រើស​តាំង​​តំណាងរាស្ត្រ

គណបក្ស​នយោបាយដែលទទួល​បាន​ប្រជាប្រិយភាព​ក្នុងការ​បោះឆ្នោត​ឃុំសង្កាត់​អាណត្តិទី៥បាន​ត្រៀម​ខ្លួន​រួចជា​ស្រេច​ក្នុងការ​ចុះបញ្ជី​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះឆ្នោតនិង​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោតសម្រាប់ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី៧ ឆ្នាំ២០២៣។

អ្នកនាំពាក្យ​គណបក្ស​ភ្លើងទៀន​លោក គឹមសួរ ភីរិទ្ធ ថ្លែងថា គណបក្ស​ភ្លើងទៀន​គ្រោង​នឹង​ធ្វើ​សមាជ​នៅថ្ងៃទី១១ ខែកុម្ភៈនេះដើម្បីអនុម័ត​គោលនយោបាយ​របស់ខ្លួន​ដើម្បី​ទទួលបាន​សម្លេង​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ក្នុងការ​បោះឆ្នោត​តំណាងរាស្ត្រ​នីតិកាលទី៧។ លោកបន្តថា គណបក្ស​ភ្លើងទៀន​នឹង​ទៅចុះបញ្ជី​នៅពេល​ដែល​ គ.ជ.បកំណត់​នៅក្នុង​ខែមេសា​ខាងមុខនេះ។

ដោយឡែកអ្នកនាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជា​លោក សុខ ឥសាន ប្រាប់វិទ្យុអាស៊ីសេរី​នៅថ្ងៃទី៥ ខែកុម្ភៈថា គណបក្ស​លោកបានធ្វើមហាសន្និបាត​បក្ស​កាលពីថ្ងៃ២៨ និង២៩ ខែមករា ដើម្បីត្រួត​ពិនិត្យ​លទ្ធផល​ការងារ​ឆ្នាំ២០១៨-២០២៣ និងការពិនិត្យ​កម្មវិធី​អភិវឌ្ឍ​ប្រទេស​ពី​ឆ្នាំ២០២៤-២០២៨។

មហាសន្និបាត​វិសាមញ្ញ​តំណាងទូទាំង​ប្រទេស​បាន​គាំទ្រ​ឲ្យ​លោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និង​លោក ហ៊ុន ម៉ាណែត ជាបេក្ខភាព​នាយករដ្ឋមន្ត្រី​បន្តវេន​ក្នុងការ​បោះឆ្នោត​តំណាងរាស្ត្រ​នីតិកាល​ទី៧ ឆ្នាំ២០២៣នេះ។ លោក សុខ ឥសាន បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា​នឹងទៅ​ចុះបញ្ជី​ឈរ​ឈ្មោះ​បោះឆ្នោត​នៅថ្ងៃទី១នៃការ​បើកការ​ចុះបញ្ជី​នៅថ្ងៃទី២៤ ខែមេសាខាងមុខ​នេះ។

ការលើកឡើង​ទាំងនេះ បន្ទាប់ពី​គណកម្មាធិការជាតិ​រៀបចំការ​បោះឆ្នោត​ហៅកាត់ថា គ.ជ.ប បានចេញ​សេចក្ដីជូនដំណឹង​នៅថ្ងៃទី៣ខែកុម្ភៈ ​ស្ដីពី​ការ​ចុះបញ្ជី​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះឆ្នោតនិង​បញ្ជីបេក្ខជន​ឈរឈ្មោះ​បោះឆ្នោតសម្រាប់ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី៧។

គ.ជ.ប បញ្ជាក់ថាការដាក់ពាក្យ​សុំចុះបញ្ជី​ឈរ​ឈ្មោះ​បោះឆ្នោតបាន​កំណត់​រយៈពេល​១៥​ថ្ងៃ​គឺចាប់​ពី​ថ្ងៃទី២៤ ខែមេសា ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣។

មួយវិញទៀត​ការរៀបចំ​ចុះបញ្ជី​ឈរ​ឈ្មោះ​បោះឆ្នោតសម្រាប់ភ្ជាប់​មកជាមួយ​ពាក្យ​សុំចុះបញ្ជី​គឺ​មាន​២​របៀប គឺបញ្ជី​ឈរ​ឈ្មោះ​បោះឆ្នោត​ដោយ​ដៃនិងដោយ​គណនី​ប្រើប្រាស់​សម្រាប់​កម្មវិធី​គ្រប់គ្រង​ការចុះ​បញ្ជី​ឈរ​ឈ្មោះ​បោះឆ្នោត។ចំណែកឯការ​ទទួលពាក្យ​សុំបង្កើត​គណនី​ប្រើប្រាស់​កម្មវិធី​គ្រប់គ្រង​ការចុះ​បញ្ជី​ឈរ​ឈ្មោះ​បោះឆ្នោត គឺចាប់​ពី​ថ្ងៃទី២១ខែមីនា ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។

ដោយឡែក គ.ជ.ប ក៏បានប្រកាស​ទទួលពាក្យ​សុំចុះឈ្មោះ​ធ្វើជា​អ្នក​សង្កេតការណ៍​ជាតិ​ក្នុង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណារាស្ត្រ​អាណត្តិទី៧ ចាប់ពីថ្ងៃទី១ ខែមេសា រហូតដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣។ សម្រាប់ការ​ទទួលពាក្យ​សុំចុះឈ្មោះ​ធ្វើជា​អ្នក​សង្កេតការណ៍​អន្តរជាតិ វិញ គឺ​ចាប់​ទទួល​ពីថ្ងៃទី១ខែមេសា រហូតដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។