គណបក្សនយោបាយមួយចំនួន នឹងមិនមានលទ្ធភាពរកបេក្ខជនដើម្បីធ្វើជាតំណាងក្នុងការឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២ ខាងមុខនេះទេ។ អ្នកឃ្លាំមើលថា គណបក្សខ្លះគ្មានសកម្មភាពច្បាស់លាស់ដែលអាចទាក់ទាញពលរដ្ឋឲ្យឈរជាតំណាងបាន ឯពលរដ្ឋខ្លះខ្លាចការគំរាមកំហែងរបស់អាជ្ញាធរទើបមិនហ៊ានឈរឈ្មោះ។
ត្បិតតែកម្ពុជាមានគណបក្សនយោបាយស្របច្បាប់ច្រើនមែន តែគណបក្សមួយចំនួនគ្មានកម្លាំងគ្រប់គ្រាន់ដើម្បីប្រកួតប្រជែងជាមួយគណបក្សកាន់អំណាចឡើយ។ ជាក់ស្តែងគណបក្សខ្លះ បានប្រកាសជាមុនថា នឹងមិនអាចចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០២២ បានឡើយ ដោយសារតែគ្មានលទ្ធភាពរកបេក្ខជនឈរឈ្មោះតាមឃុំសង្កាត់បាន ខណៈគណបក្សនយោបាយខ្លះទៀត មិនអាចរកបេក្ខជនដើម្បីឈរឈ្មោះឲ្យបានគ្រប់ឃុំ-សង្កាត់ឡើយ។
ប្រធានគណបក្សធម្មាធិបតេយ្យ អ្នកស្រី ពោធិតី សាវត្ថី ប្រាប់អាស៊ីសេរីថា ការដែលគណបក្សនេះ មិនដាក់បេក្ខភាពឈរឈ្មោះជាតំណាងតាមឃុំសង្កាត់ ដោយសារគណបក្សមិនមានផែនការចូលរួមការបោះឆ្នោតថ្នាក់ក្រោមជាតិឡើយ។ ទោះយ៉ាងណា លោកស្រីថា គណបក្សធម្មាធិបតេយ្យ នឹងចូលរួមការបោះឆ្នោតថ្នាក់ជាតិនៅពេលខាងមុខ៖ «គណបក្សធម្មាធិបតេយ្យបានប្រជុំជាឯកច្ឆ័ន្ទមិនឈរទេ ដោយសារតែយើងរៀបប្រព័ន្ធថ្នាក់ក្រោមជាតិហ្នឹងអត់ទាន់ស្រួល»។
ចំណែកគណបក្សដែលទើបបង្កើតថ្មី ដោយអតីតមន្ត្រីបក្សប្រឆាំងលោក យ៉ែម បុញ្ញឫទ្ធិ គឺគណបក្សកម្ពុជានិយម នឹងចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ តែមិនដាក់បេក្ខជនឈរឈ្មោះច្រើនទេ។ មន្ត្រីផ្នែកកិច្ចការបោះឆ្នោតនៃគណបក្សកម្ពុជានិយមលោក យី សីហា ឲ្យដឹងថា តាមគម្រោងគណបក្សនឹងដាក់បេក្ខជនឈរឈ្មោះឲ្យបាន មួយភាគបី (១/៣) នៃចំនួនឃុំសង្កាត់ទូទាំងប្រទេសជាងមួយពាន់ប្រាំមួយរយ (១.៦៥២) ឃុំ-សង្កាត់។
លោកបញ្ជាក់ថា មូលហេតុដែលគណបក្សមិនអាចដាក់បេក្ខជនគ្រប់ឃុំ-សង្កាត់ គឺបណ្ដាលមកពីគណបក្សនេះទើបតែបង្កើតថ្មី ដូច្នេះភ្លាមៗគណបក្សកម្ពុជានិយម មិនអាចរកបេក្ខជនមកឈរឈ្មោះគ្រប់ឃុំសង្កាត់នោះទេ។ តែយ៉ាងណាលោកថា ថ្នាក់ដឹកនាំគណបក្សនេះ កំពុងបង្កើនការចុះធ្វើសកម្មភាពតាមមូលដ្ឋាន ដើម្បីកៀរគររកបេក្ខជនមកឈរឈ្មោះតំណាងគណបក្ស៖ «និយាយដោយស្មោះទៅគណបក្សកម្ពុជានិយមយើងទើបតែទទួលបានសុពលភាពមកដល់ថ្ងៃនេះ ទើបតែមួយខែបន្តិចទេបង។ ដល់ពេលអ៊ីចឹងទេ យើងមមាញឹកក្នុងការទៅចុះតាមបណ្ដាខេត្តមួយចំនួនថ្នាក់ដឹកនាំដើម្បីហៅថារៀបចំបេក្ខជនដាក់តាមឃុំសង្កាត់នីមួយៗ»។
រីឯគណបក្សខ្លះទៀត ដែលបានបង្កើតយូរឆ្នាំហើយក៏ដោយ ក៏មិនអាចដាក់បេក្ខជនឈរឈ្មោះប្រកួតប្រជែងយកតំណែងក្រុមប្រឹក្សានៅគ្រប់ឃុំសង្កាត់បានដែរ។ អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋានលោក ឡឹក សុធារ ប្រាប់ថា គណបក្សនេះ មានយុទ្ធសាស្ត្រមួយ គឺដាក់បេក្ខជនឈរឈ្មោះយ៉ាងច្រើនបំផុតត្រឹមតែជាងមួយរយ (១២៥) ឃុំសង្កាត់ប៉ុណ្ណោះ ព្រោះគណបក្សមិនមានថវិកាចំណាយច្រើន ហើយគណបក្សមូលដ្ឋានចង់ពង្រឹងឃុំសង្កាត់ដែលបានឈរឈ្មោះនោះ ឲ្យមានគុណភាពខ្ពស់៖ «ហើយម្យ៉ាងទៀត យុទ្ធសាស្ត្ររបស់យើង១២៥ហ្នឹង ជាយុទ្ធសាស្ត្រកសាងឃុំគម្រូ។ យើងចង់មានឃុំគម្រូក្នុងការដឹកនាំលទ្ធិប្រជាធិបតេយ្យនៅតាមមូលដ្ឋាន។ ទី១ក្នុងការដឹកនាំ លុបបំបាត់ការរើសអើង។ ថ្វីត្បិតតែ ( យុទ្ធសាស្ត្រ ) តូច ប៉ុន្តែយើងកំណត់យកគុណភាពតែម្ដង»។
សង្គមស៊ីវិលឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា សម្ដែងការសោកស្ដាយចំពោះគណបក្សនយោបាយ ដែលគ្មានលទ្ធភាពដាក់បេក្ខជនឈរឈ្មោះតាមឃុំសង្កាត់បាន។
អ្នកសម្របសម្រួល និងតស៊ូមតិនៃអង្គការខុមហ្វ្រ៊ែលលោក កន សាវាង្ស ពន្យល់ថា បេក្ខជនឈរឈ្មោះប្រជែងយកតំណែងក្រុមប្រឹក្សាឃុំសង្កាត់ មានសារសំខាន់ណាស់ សម្រាប់បម្រើពលរដ្ឋនៅក្នុងមូលដ្ឋាន និងការផ្សព្វផ្សាយឲ្យពលរដ្ឋក្នុងមូលដ្ឋានបន្តគាំទ្រគណបក្សខ្លួន ក្នុងការបោះឆ្នោតនៅថ្នាក់ជាតិ។
លោក កន សាវាង្ស សង្កេតឃើញថា បញ្ហានៃដាក់បេក្ខជនឈរឈ្មោះតាមឃុំសង្កាត់កន្លងមក បណ្ដាលមកពីកត្តាគោលនយោបាយ និងសកម្មភាពគណបក្សនយោបាយមួយចំនួន មិនច្បាស់លាស់ដែលធ្វើឲ្យពលរដ្ឋមិនជឿទុកចិត្ត និងកត្តាអាជ្ញាធរឃុំសង្កាត់ខ្លះ បំភិតបំភ័យ ឬគំរាមកំហែងពលរដ្ឋរួមមានតាមដានសកម្មភាពការនិយាយបំភ័យសមាជិកគ្រួសារក្នុងការចូលរួមជាមួយគណបក្សផ្សេងដែលនាំឱ្យពួកគេមិនហ៊ានឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់៖ «កាលណាមានការចូលរួមពីអ្នកនៅមូលដ្ឋាន វារឹតតែជាការប្រសើរមួយទៀតដើម្បីបង្ហាញអំពីគោលនយោបាយ ការបង្ហាញអំពីសកម្មភាព ហើយនិងស្នាដៃរបស់គណបក្សខ្លួននៅក្នុងមូលដ្ឋានដើម្បីប្រជាពលរដ្ឋមានការគាំទ្រ»។
ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នឹងធ្វើឡើងនៅថ្ងៃអាទិត្យ សប្ដាហ៍ទី១ នៃខែមិថុនា ឆ្នាំ២០២២។ គណបក្សនយោបាយទាំងអស់ ក៏នឹងត្រូវបញ្ជូនឈ្មោះបេក្ខជនឈរឈ្មោះនៅតាមឃុំសង្កាត់ ឲ្យទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) នៅត្រឹមខែមីនានេះដែរ។
កន្លងមកមានគណបក្សនយោបាយ ៣ ប៉ុណ្ណោះ ដែលធ្លាប់មានលទ្ធភាពដាក់បេក្ខភាពឈរឈ្មោះគ្រប់ឃុំសង្កាត់ទូទាំងប្រទេស គឺគណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សសង្គ្រោះជាតិ។ ប៉ុន្តែគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូល រំលាយចោលតាមការចង់បានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ទាប់ពីគណបក្សប្រឆាំងដ៏មានឥទ្ធិពលមួយនេះ បានដណ្តើមអាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់ជាង ៥ ពាន់អាសនៈកាលពីឆ្នាំ២០១៧ និងមានលទ្ធភាពក្នុងការឈ្នះឆ្នោតជាតិដើម្បីដឹកនាំរដ្ឋាភិបាល។
ប្រធានគណបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា ធ្លាប់បញ្ជាក់ថា ប្រសិនបើបរិយាកាសដំណើរការបោះឆ្នោតមានភាពល្អប្រសើរ ហើយមិនមានការគំរាមកំហែង ឬការគាបសង្កត់ការសម្ដែងមតិទេ គណបក្សប្រឆាំងមួយនេះ មានគម្រោងដាក់បេក្ខភាពឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឆ្នាំ២០២២ នៅគ្រប់ឃុំសង្កាត់ទូទាំងប្រទេស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។