គណបក្ស​នយោបាយ​​មួយ​ចំនួន​​បារម្ភថា ការ​បង្កើត​​ច្រកទ្វារ​​អ៊ីនធឹណិតជាតិ អាចប៉ះពាល់​ដល់​​សេរីភាព​​បញ្ចេញ​មតិ​​នៅ​មុន​​ការ​បោះឆ្នោត​

0:00 / 0:00

គណបក្ស​នយោបាយ​មួយចំនួន​ដែល​ចូលរួម​ការបោះឆ្នោត​ឃុំ-សង្កាត់​នាពេល​ខាងមុខនេះ បារម្ភថា ការបង្កើត​ច្រកទ្វារ​អ៊ីនធឹណិត​ជាតិ អាចប៉ះពាល់​ដល់​សេរីភាព​នៃ​​ការបញ្ចេញមតិ​ទាក់ទងនឹង​រឿងនយោបាយ​នៅលើ​អនឡាញ ស្របពេល​ដែល​​ការបោះឆ្នោត​ជិតចូលមកដល់។ ពួកគេថា គណបក្ស​របស់​ពួកគេ​នឹង​បន្តតាមដាន​យ៉ាងយក​ចិត្តទុកដាក់​ចំពោះ​បញ្ហានេះ ដើម្បី​តស៊ូ​មតិ​ធ្វើយ៉ាងណា​ឱ្យ​រដ្ឋាភិបាល​ធានាថា ការអនុវត្ត​បច្ចេកវិទ្យា​នេះ​នឹងមិន​ប៉ះពាល់​ជាអវិជ្ជមាន​ដល់​បរិយាកាស​​នៃ​ការបោះឆ្នោត​ដែល​កំពុង​តែ​រងនូវ​ការរឹតត្បិត​ស្រាប់នោះ។

ខុសប្លែក​ពី​ការបោះឆ្នោត​លើកមុនៗ ការបោះឆ្នោត​ឃុំ-សង្កាត់​អាណត្តិទី៥ ឆ្នាំ២០២២ ​នេះ ធ្វើឡើង​ស្របពេល​ដែល​ការវិវត្ត​ផ្នែកបច្ចេកវិទ្យា​កំពុងតែ​ជឿនលឿនខ្លាំង។ ទន្ទឹមនឹង​ការបោះឆ្នោត​ឈាន​ចូលមក​ដល់​នៅមិនដល់​ជាង ៣ខែផងនោះ រដ្ឋាភិបាល​ចាប់ផ្តើម​អនុវត្ត​​អនុក្រឹត្យ​ដែល​នឹង​ដាក់ចេញ​ឱ្យប្រើ​ជាលើក​ដំបូង​នៅ​កម្ពុជា​នូវ​ច្រកទ្វារ​អ៊ីនធឹណិត​ជាតិ ដើម្បី​ងាយស្រួល​គ្រប់គ្រង​ចរាចរណ៍​អ៊ីនធឹណិត​ចេញ និង​ចូល​ប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃទី១៦ ខែកុម្ភៈ​ត​ទៅ។

ការ​បង្កើត​ច្រកទ្វារ​អ៊ីនធឹណិត​ជាតិ​នេះ រងនូវ​ការរិះគន់​ថា រដ្ឋាភិបាល​កំពុង​យកគំរូ​តាម​ប្រទេសកុម្មុយនិស្ត​ចិន ​ដែល​ពូកែ​ខាង​គ្រប់គ្រង​រាល់​ព័ត៌មាន​នៅលើ​អ៊ីនធឹណិត​​នៅក្នុង​​ប្រទេស​របស់​ខ្លួន។

គណបក្យ​នយោបាយ​មួយ​ចំនួន​ដែល​ប្រកាស​ចូលរួម​ការបោះឆ្នោត​នាពេល​ខាងមុខនេះ ប្រាប់វិទ្យុអាស៊ីសេរី​ថា ពួកគេ​កំពុង​តាមដាន​យ៉ាងយក​ចិត្ត​ទុកដាក់​ចំពោះ​បញ្ហានេះ។

ប្រធាន​ស្តីទី​គណបក្ស​ភ្លើងទៀនលោក ថាច់ សេដ្ឋា យល់ថា ការចូលជា​ធរមាន​នៃ​អនុក្រឹត្យ​បង្កើត​ច្រកទ្វារ​អ៊ីនធឹណិត​ជាតិ​នេះ នឹង​​ប៉ះពាល់​ដល់​សេរីភាព​នៃ​ការបញ្ចេញ​មតិ​នៅលើ​អ៊ីនធឹណិត​នៅមុន​ការបោះឆ្នោត​ឃុំសង្កាត់​នេះ៖ « វា​ពិតជា​ការប៉ះពាល់​ពីព្រោះ​វាធ្វើឱ្យ​រអាក់រអួល​ក្នុងការ​ទំនាក់ទំនង​ផង ហើយ​ការឃោសនា ឬការទំនាក់ទំនង​ផ្សេងៗ ​ត្រូវបាន​លបស្តាប់ ឬលួចស្តាប់​ជាបន្តបន្ទាប់​ដូចកន្លងមក ​ដែល​មាន​ការតាមដាន​ក្នុង​ចំណោម​សកម្មជន​របស់​យើង ឬក៏​ថ្នាក់ដឹកនាំ​ប្រើប្រាស់​ប្រព័ន្ធ​ទូរស័ព្ទ​ជាដើម។ ឥឡូវ​ឈានដល់​អ៊ីនធឹណិត​ទៀត គឺ​វា​កាន់តែ​ធ្ងន់ធ្ងរ​មែនទែន​ហើយ »

ដោយឡែក សម្រាប់​គណបក្ស​ឆន្ទៈខ្មែរ​វិញ ប្រធានគណបក្សនេះ គឺលោក គង់ មុនីកា ប្រាប់​វិទ្យុអាស៊ីសេរី​ថា គណបក្ស​លោក​ក៏​កំពុង​តាមដាន​យ៉ាងយក​ចិត្តទុក​ដាក់​​ចំពោះ​បញ្ហា​អនុវត្ត​អនុក្រឹត្យ​ថា តើ​ការបង្កើត​ច្រកទ្វារ​អ៊ីនធឹណិត​នេះ នឹង​អាច​ប៉ះពាល់​ដល់​សេរីភាព​នៃ​ការបញ្ចេញ​មតិ​កម្រិតណា។ ក៏ប៉ុន្តែ លោកថា អ្វីដែល​ជាការបារម្ភ​ខ្លាំងនោះ ​គឺការអនុវត្ត​សេរីភាព​បញ្ចេញមតិ​នៅក្នុង​សង្គម​ជាក់ស្តែង ​ដែល​កំពុង​តែមាន​ការរឹតត្បិត​ខ្លាំង​ បើទោះបីជា​ក្រសួងមហាផ្ទៃ​បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ធានា​នូវ​បរិយាកាស​ល្អ​នៅ​មុន​ការបោះឆ្នោត​នេះ​សម្រាប់​គ្រប់​គណបក្ស​នយោបាយ​ទាំងអស់​ក៏ដោយ។

លោក គង់ មុនីកា ថា​លោក​ពុំមាន​ទំនុកចិត្ត​នៅឡើយ​ទេ​ថា រដ្ឋាភិបាល​អាច​ធានា​នូវ​សិទ្ធិឯកជនភាព និង​សេរីភាព​នៃ​ការបញ្ចេញមតិ​នៅលើ​អនឡាញ​ក្រោយ​ការបង្កើត​ច្រកទ្វារ​អ៊ីនធឹណិត​ជាតិនេះ៖ « កន្លងមក​ថ្មីៗ នេះ យើងឃើញ​មាន​ការចាប់ចង​សកម្មជន​នយោបាយ​នៃ​អតីត​គណបក្ស​ប្រឆាំង ​ដែល​គាត់បាន​ធ្វើ​ការសន្ទនា​គ្នា​ពាក់ព័ន្ធនឹង​ការងារ​មួយ​ចំនួន​ជាដើម។ កន្លងមក លោកនាយករដ្ឋមន្ត្រី​តែងតែ​លើកឡើងថា អាច​ចំណាយពេល​ត្រឹមតែ ៨នាទី​ទេ​ក្នុងការ​ឈានទៅ​ចាប់ខ្លួន​អ្នកណា​មួយ​តាមរយៈ​ការទទួលបាន​នូវ​កិច្ចសន្ទនា ឬភស្តុតាង​ជាក់ស្តែង​ណាមួយ ​តាមរយៈ​ការជជែកគ្នា​តាមទូរស័ព្ទ ឬក៏​អនឡាញ។ ដូច្នេះហើយ ខ្ញុំ​គិតថា​ វាមិនមាន​អ្វីដែល​គួរឱ្យ​ទុកចិត្តឡើយ​ក្នុងការធានាថា មិនមាន​ការជ្រៀតជ្រែក​ផ្នែក​ឯកជនភាព​របស់​អ្នកនយោបាយ ឬក៏​សកម្មជន​នយោបាយ​នោះ »

រីឯសហស្ថាបនិក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ មាន​ប្រសាសន៍​ថា គណបក្ស​របស់លោក​កំពុង​តាមដាន និង​សិក្សា​ពី​ករណីដែល​រដ្ឋាភិបាល​ចាប់ផ្តើម​អនុវត្ត​បង្កើតឱ្យ​មាន​ច្រកទ្វារ​អ៊ីនធឺណិត​ជាតិនេះ។ លោកថា គណបក្ស​របស់​លោក​នឹង​តស៊ូមតិ​ជុំវិញ​ករណីនេះ ប្រសិន​បើ​រកឃើញថា​ ពិតជា​មានការរឹតត្បិត​សេរីភាព​នៃ​ការបញ្ចេញ​មតិ​ពាក់ព័ន្ធនឹង​រឿងនយោបាយ ឬបញ្ហា​សង្គម​នៅលើ​អ៊ីនធឹណិត​មែននោះ៖ « ជារួម ការព្រួយបារម្ភ​យើង​ចេះតែមាន​ហើយ ប៉ុន្តែ​ឥឡូវ​យើង​នឹង​តាមដាន​តាមមើល​សិក្សាបញ្ហានេះ​បន្តទៅទៀត​នៅពេល​ចាប់ផ្តើម​អនុវត្ត។ ប្រសិនបើ​មាន​ផលប៉ះពាល់​ច្រើន​ដល់​សេរីភាព​នយោបាយ និង​សេរីភាព​នៃ​ការបញ្ចេញ​មតិ ក៏យើង​អត់នៅ​ស្ងៀមដែរ យើងត្រូវ​ធ្វើការ​តស៊ូមតិ​រឿងហ្នុង »

អ្នកសម្របសម្រួល​ផ្នែកអង្កេត និង​តស៊ូ​មតិ​នៃ​អង្គការ​ខុមហ្វ្រែល លោក កន សាវាង្ស ចង់ឃើញ​រដ្ឋាភិបាល​ធានា​ថា ការបង្កើត​ច្រកទ្វារ​អ៊ីនធឹណិត​នេះ​នឹង​មិនប៉ះពាល់​ដល់​សេរីភាព​នៃ​ការបញ្ចេញមតិ​របស់​ពលរដ្ឋ​ទូទៅ​ទាក់ទងនឹង​រឿងនយោបាយ ឬបញ្ហា​សង្គម​នោះទេ៖ « យ៉ាងណាក៏ដោយ កុំឱ្យ​មាន​ការរឹតត្បិត​នៅក្នុង​ដំណើរការ​នៃ​ការបញ្ចេញមតិ ពីព្រោះ​ដំណើរការ​នៃ​ការបញ្ចេញ​មតិ​ គឺជា​ចំណុច​មួយ​នៃ​គោលការណ៍​នៅក្នុងការបោះឆ្នោត។ អ៊ីចឹង បើសិនជា​ការបញ្ចេញមតិ​ត្រូវបាន​រឹតត្បិត ត្រូវបាន​បំបាត់​មិនឱ្យ​មាន​ការលើកឡើង មានន័យថា ដំណើរការ​ហ្នុង​ក៏វា​មិនល្អ​សម្រាប់​ភាគីពាក់ព័ន្ធ​ក្នុងការ​ប្រកួតប្រជែងដែរ ព្រោះគេ​ត្រូវការមាន​មតិ ត្រូវការ​មានយោបល់ គេត្រូវការ​ជជែក​ ឬ​បញ្ចេញ​ទស្សនៈ​ណាមួយ​នៅលើ​គោលការណ៍ ឬក៏​គោលនយោបាយ​អី​ផ្សេងៗ »

អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត លោក ហង្ស ពុទ្ធា បដិសេធ​អត្ថាធិប្បាយ​លម្អិត​ជុំវិញ​កង្វល់​ ដែល​គណបក្ស​នយោបាយ​មួយ​ចំនួន​បាន​លើកឡើង​ពាក់ព័ន្ធ​នឹង​ការដាក់ចេញ​នូវ​ច្រកទ្វារ​អ៊ីនធឹណិត​ជាតិនេះ។ លោកអះអាងថា គ.ជ.ប នឹង​បញ្ជាក់​ជូន​នាពេល​ក្រោយ​ពីវិធានការ​ជាក់លាក់​ ដើម្បី​ធានា​សេរីភាព​នៃ​ការបញ្ចេញ​មតិ​នៅលើ​អនឡាញ​នៅអំឡុង​ពេល​យុទ្ធនាការ​ឃោសានា​បោះឆ្នោត​ខាងមុខ៖ « ខ្ញុំ​នៅតែ​ចង់ជម្រាបជូន​ថា នៅក្នុង​កំឡុងពេល​នេះ​ គឺជា​សមត្ថកិច្ច​របស់​អាជ្ញាធរ​ដែនដី សមត្ថកិច្ច​របស់​ស្ថាប័ន​ផ្សេង។ គ . . ប កំពុង​បំពេញ​តួនាទី​ស្របទៅតាម​ការទទួលខុសត្រូវ​របស់​ខ្លួន​គឺ​ ចាត់ចែង​រៀបចំ​ការបោះឆ្នោត ។ គ . . ប អនុវត្ត​ទៅតាម​ប្រក្រតិទិន​ដែលបាន​គ្រោងទុក​ មានន័យ​ថា កំឡុងពេល​នៃ​ការឃោសនា​មាន​រយៈពេល​ ១៤ថ្ងៃ​មុនថ្ងៃ​បោះឆ្នោត។ អ៊ីចឹង នោះគឺជា​សមត្ថកិច្ច​និង​ការទទួលខុសត្រូវ​ដែល គ . . ប ត្រូវ​ធ្វើឱ្យបាន »

កាលពី​ដើម​ខែកុម្ភៈ ក្រុមអ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​បាន​ស្នើឱ្យ​រដ្ឋាភិបាល​ផ្អាក​ការអនុវត្ត​អនុក្រឹត្យ​ ស្តីពី​ការបង្កើត​ច្រកទ្វារ​អ៊ីនធឺណិត​ជាតិ​ ដែល​ពួកគេថា ធ្វើឡើង ​ដើម្បី​គ្រប់គ្រង​ការតាមដាន​ទិន្នន័យ​របស់​អ្នកប្រើប្រាស់​អ៊ីនធឹណិត។ ពួកគេថា ការបង្កើត​ច្រកទ្វារអ៊ីនធឹណិតជាតិ​​នេះ គឺជា​ជា​ការឹតត្បិត ធ្វើឱ្យ​ប៉ះពាល់​ដល់​សិទ្ធិឯកជន និង​សេរីភាព​បែប​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ក្រុមអ្នកជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ដដែលព្រមាន​ថា ការអនុវត្ត​អនុក្រឹត្យ​នេះ គឺជា​គ្រោះថ្នាក់ ព្រោះ​រដ្ឋាភិបាល​អាច​តាមដាន​សកម្មភាព​លើប្រព័ន្ធអ៊ីនធឹណិត ស្កាត់​ចាប់យក និង​ត្រួតពិនិត្យ​​ការប្រាស្រ័យ​ទាក់ទង​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។