មន្ត្រីគណបក្សនយោបាយ និងមន្ត្រីសង្គមស៊ីវិលចាត់ទុក សារណែនាំរបស់លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថា នឹងគ្មានប្រសិទ្ធភាពដល់អាជ្ញាធរថ្នាក់ក្រោមឡើយ ។ការបញ្ចេញប្រតិកម្មនេះធ្វើឡើងក្រោយពេល លោក ស ខេង បានណែនាំដល់អាជ្ញាធរឱ្យអនុវត្តតួនាទីរបស់ខ្លួនទៅលើបក្សនយោបាយទាំងអស់ដែលនឹងជាប់ឆ្នោតដឹកនាំឃុំសង្កាត់ដោយស្មើភាពគ្នា។
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងមន្ត្រីគណបក្សភ្លើងទៀន លើកឡើងថា សារនយោបាយរបស់លោក ស ខេង នេះថា គ្រាន់តែការនិយាយឱ្យតែល្អមើល និងគ្មានប្រសិទ្ធភាពដល់អាជ្ញាធរមូលដ្ឋាននោះឡើយ ។ ប្រធានគណៈកម្មការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោកបណ្ឌិត យង់ សាំងកុមារ យល់ឃើញថា ការថ្លែងរបស់លោក ស ខេង មិនបានឆ្លុះបញ្ចាំង នៃតួនាទីគណបក្សនយោបាយក្នុងសង្គមនោះទេ។ លោកបន្តថា តួនាទីគណបក្សនយោបាយក្នុងសង្គម គឺគណបក្សនយោបាយណាឈ្នះឆ្នោតដឹកនាំប្រទេស គឺជាអ្នកទទួលខុសត្រូវក្នុងការធ្វើ ចំណែកគណបក្សមិនទាន់ឈ្នះឆ្នោត គឺមានតួនាទីជាអ្នកឃ្លាំមើល និងរិះគន់ការអនុវត្តរបស់អ្នកដឹកនាំនោះ។ លោកលើកឡើងថា អ្នកដឹកនាំគួរលើកទឹកចិត្តអោយការបោះឆ្នោតខាងមុខនេះប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌ ហើយមានតម្លាភាព ៖ «ជាអ្នកដឹកនាំនយោបាយចាស់ទុំយើងគួរកុំប្រើអាពាក្យហ្នឹងណា៎ គាត់ក្នុងនាមគណបក្សដែលដឹកនាំ ត្រូវបំពេញតួនាទី និងកាតព្វកិច្ចខ្លួនអោយល្អតិចទៅ ហើយគណបក្សដែលជាគណបក្សប្រឆាំងធម្មតាគេតាមឃ្លាំមើល រិះគន់ហើយ ព្រោះយើងធ្វើមិនបានល្អ ខ្វះខាតអី គេត្រូវរិះគន់ចំណុចហ្នឹងហើយ ដើម្បីអោយប្រជាពលរដ្ឋហ្នឹង មើលឃើញតើគណបក្សកាន់អំណាចហ្នឹងខ្វះខាតអី ហើយការប្រកួតប្រជែងរបៀបហ្នឹងហើយ បានអោយប្រទេសជាតិរីកចម្រើន បើគណបក្សកាន់អំណាចគាត់ចង់កាន់អំណាចទៀតខំធ្វើល្អទៅ ហើយគណបក្សដែលប្រឆាំងបើចង់អោយប្រជាពលរដ្ឋឃើញថាខ្លួនឯងគ្រាន់បើជាងអីចឹងខំរិះគុណអោយច្រើនទៅ ហើយបង្ហាញគោលនយោបាយ ដែលល្អប្រសើរជាងគណបក្សកាន់អំណាច អីចឹង »។
លោកបណ្ឌិត យង់ សាំងកុមារ បន្ថែមថា សាររបស់លោក ស ខេង ដែលបានណែនាំឱ្យអាជ្ញាធរនៅតាមមូលដ្ឋានអនុវត្តតួរនាទីឱ្យត្រឹមត្រូវនោះ នឹងគ្មានប្រសិទ្ធភាពដល់អាជ្ញាធរថ្នាក់ក្រោមឡើយ ប្រតិកម្មមន្ត្រីគណបក្សប្រជាធិបតេយ្យមូលដ្ឋាននេះ ធ្វើឡើងក្រោយពេលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ក្នុងពិធីចុះពង្រឹងសកម្មជនបក្សកាន់អំណាច នៅស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ថ្ងៃទី២៨ឧសភា ដោយណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តតួនាទីឱ្យបានស្មើភាពគ្នាគ្រប់គណបក្សនយោបាយ ដែលឈ្នះការបោះឆ្នោតធ្វើជាមេឃុំចៅសង្កាត់នៅពេលខាងមុខ។
លោក ស ខេង ថ្លែងថាប្រជាពលរដ្ឋជាអ្នកបញ្ចេញមតិតាមរយៈសន្លឹកឆ្នោតដូច្នេះអ្នកណាឈ្នះឆ្នោត បើទោះមកពីគណបក្សប្រឆាំង ក៏ត្រូវតែគោរពពួកគាត់ដែរ ។ លោកបន្តថា នេះគោលការណ៍ប្រជាធិបតេយ្យ មិនមែនថា ខ្ញុំមិនបានបោះឆ្នោតឱ្យអ្នក ដូច្នេះខ្ញុំនឹងមិនស្ដាប់បញ្ជា និងមិនគោរពតួនាទីរបស់អ្នកឡើយ គឺជារឿងមិនត្រឹមត្រូវនោះទេ ៖« យើងជាអ្នកធ្វើច្រើន ពួកគាត់អត់ធ្វើទេ តែគាត់ចាំយកកំហុសរបស់យើងនេះ ដើម្បីចាំធ្វើចំនុចខ្លាំងរបស់គាត់ អត់មានអីក្រៅពីហ្នឹងទេ អត់មានក្រៅពីហ្នឹង បើគ្រាន់គោលនយោបាយ គោលការណ៍អីនេះ គ្រាន់តែសន្យាទេ សន្យាៗទៅ អោយតែពីរោះស្តាប់អីចឹងទៅ ប៉ុន្តែអត់ទាន់បានធ្វើអីទេ តែគណបក្សប្រជាជនទេ ដែលបានធ្វើតាំងពីអើយមក យើងនិយាយតាំងពី៧៩មក យើងថាម៉េចយើងធ្វើអីចឹង យើងធ្វើច្រើនហើយ ធម្មតាអ្នកធ្វើច្រើន តែងតែមានកំហុសតិច ឬច្រើនអាហ្នឹងបញ្ហាអីចឹង អ្នកមិនធ្វើមានកំហុសមួយទេដែលអត់ធ្វើ ប៉ុន្តែក្រៅពីហ្នឹង គេអត់ទាន់បានធ្វើមានអីកំហុស » ។
ទោះជាយ៉ាងណា អនុប្រធានគណបក្សភ្លើងទៀនលោក ថាច់ ស៊ីថា ប្រាប់វិទ្យុអាស៊ីសេរីថា សង្គមប្រជាធិបតេយ្យការរិះគន់ភាពចន្លោះប្រហោងរបស់រដ្ឋាភិបាល គឺជាតួនាទីរបស់គណបក្សក្រៅរដ្ឋាភិបាល ។ លោកបន្តថា លោកហាក់គ្មានជំនឿលើកាណែនាំរបស់លោក ស ខេង នេះទេ ព្រោះលោកធ្លាប់ណែនាំទៅអាជ្ញាធរជាច្រើនលើកច្រើនសារមក ប៉ុន្តែការអនុវត្តជាក់ស្តែងរបស់អាជ្ញាធរនៅតែធ្វើទុក្ខបុកម្នេញមកលើសកម្មជនគណបក្សភ្លើងទៀនដដែល ៖«ក្នុងសង្គមប្រជាធិបតេយ្យធម្មតាទេ បើសិនណា វាមានភាពចាស់ទុំបែបដូចលោក ស ខេង លើកឡើង ខ្ញុំជឿថាក្នុងសង្គមខ្មែរយើងវាចាប់ផ្តើមមានពន្លកប្រជាធិបតេយ្យល្អហើយ ប៉ុន្តែពេលខ្លះ ប្រើបានតែទ្រឹស្ដី ប៉ុន្តែមើលឃើញនៅស្រុកខ្មែរ អាការបន្តចាប់ចោទចាប់ចងវានៅតែវាមានទៀត ដោយសារតែរឿងនយោបាយ ដូច្នេះទន្ទឹមនិងវោហារសាស្ត្រហ្នឹង ការអនុវត្តជាក់ស្តែងអោយវាបានអនុវត្តដូចអ្វីដែលទ្រឹស្ដីដែលបាននិយាយផង អាហ្នឹងទើបវាអាចបង្ហាញពីអឺ ការអនុវត្តពិតចំពោះលទ្ធិប្រជាធិបតេយ្យបាទ»។
ជុំវិញរឿងនេះ អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិ នៃអង្គការខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស យល់ឃើញថា ប្រទេសកាន់គោលការប្រជាធិបតេយ្យសេរីពហុបក្ស ហើយការប្រកួតប្រជែង ដោយផ្អែកទៅលើគោលនយោបាយផ្សេងៗតាមការយល់ឃើញរៀងៗខ្លួន ។លោកបន្តថា ការសន្យានៅពេលឃោសនាបោះឆ្នោត គឺជាផ្នែកមួយដែលគណបក្សនៅក្រៅរដ្ឋាភិបាល មើលឃើញពីចំនុចខ្វះខាតរបស់រដ្ឋាភិបាល ៖ « នៅក្នុងដំណើរការ នៃការដឹកនាំប្រទេស គឺគេបានផ្តល់អតិភាពទៅអោយ ជាការទទួលខុសត្រូវទៅអោយគណបក្សនយោបាយដែលគាត់ជាប់ឆ្នោត ពីព្រោះគណបក្សនយោបាយដែលជាប់ឆ្នោតនេះ គឺមានភារៈកិច្ចក្នុងការដឹកនាំ នៅក្នុងការអនុវត្តរបស់ខ្លួនដែលមាន ក្នុងរយះពេល៥ឆ្នាំ ហើយទើបមកបោះឆ្នោតទៀត អញ្ចឹងការអនុវត្ត ការដឹកនាំ ការធ្វើ ការដោះស្រាយពីបញ្ហាផ្សេងៗមិនអាចមានគណបក្សនយោបាយណាទៅធ្វើការងារបានទេ ក្រៅពីគណបក្សដែលជាប់ឆ្នោតហ្នឹង គណបក្សដែលកាន់អំណាចហ្នឹង » ។
លោក កន សាវាង្ស បន្ថែមថា ភាពចាស់ទុំនយោបាយមានរឿងច្រើនណាស់ គឺភាពត្រឹមត្រូវ នៃការធ្វើនយោបាយ និងការចូលរួមឃោសនា នីតិវិធីឃោសនា ដោយចេះគោរពសិទ្ធិគណបក្សដទៃ និងគ្មានកលល្បិច ហើយអនុវត្តដោយស្មើភាពគ្នា ។
គិតត្រឹមថ្ងៃទី២៨ ខែឧសភា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ទទួលបានពាក្យបណ្ដឹងជុំវិញដំណើរការឃោសនាបោះឆ្នោតចំនួន៣៥ ។ អ្នកនាំពាក្យ គ.ជ.ប អះអាងថា បណ្ដឹងភាគច្រើន គឺជាបណ្ដឹងរបស់គណបក្សប្រជាជនកម្ពុជា(CPP) ប្ដឹងទៅបក្សភ្លើងទៀន ។ បណ្ដឹងចំនួន៣៥នេះ ត្រូវបានគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត បានដោះស្រាយជាង ១០បណ្ដឹងហើយ ។ ចំណែកជាង១០បណ្ដឹងទៀត កំពុងដោះស្រាយ ហើយ៥បណ្ដឹងបានបញ្ជូនទៅដោះស្រាយនៅគណៈកម្មការរៀបចំការបោះឆ្នោតថ្នាក់ខេត្ត ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដៃ